ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​សុន្ទរកថា​មួយ លោក​អូបាម៉ា​បាន​វាយប្រហារ​ទៅ​លើ​​សមាគម​ជាតិ​ការពារ​សិទ្ធិ​កាន់​កាំភ្លើង


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (រូប​ឆ្វេង) ថ្លែង​ក្នុង​កិច្ចប្រជុំ​ដែល​ផ្សាយ​តាម​ទូរទស្សន៍ CNN ហើយ​សម្របសម្រួល​ដោយ​លោក Anderson Cooper នៅ​សាកលវិទ្យាល័យ George Mason University នៅ​ក្នុង​ក្រុង Fairfax រដ្ឋ Virginia កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (រូប​ឆ្វេង) ថ្លែង​ក្នុង​កិច្ចប្រជុំ​ដែល​ផ្សាយ​តាម​ទូរទស្សន៍ CNN ហើយ​សម្របសម្រួល​ដោយ​លោក Anderson Cooper នៅ​សាកលវិទ្យាល័យ George Mason University នៅ​ក្នុង​ក្រុង Fairfax រដ្ឋ Virginia កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ប្រកាស​អំពី​វិធានការ​ថ្មីៗ​ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​កាំភ្លើង លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា បាន​បញ្ចេញ​ទស្សនៈ​របស់​លោក​ទៅ​កាន់​សាធារណជន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នៅ​ក្នុង​វេទិកាសាធារណៈ​មួយ​ ដែល​លោក​បាន​វាយប្រហារ​ពាក្យ​សម្តី​ទៅ​កាន់​ក្រុម​ការពារ​សិទ្ធិ​ប្រើប្រាស់​កាំភ្លើង​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស។

នៅ​ក្នុង​សន្និសីទ​រយៈពេល​១​ម៉ោង​ដែល​រៀបចំ​ឡើង​ដោយ​ទូរទស្សន៍ CNN លោក អូបាម៉ា​បាន​ចោទប្រកាន់​សមាគម​ជាតិ​ការពារ​សិទ្ធិ​កាន់​កាំភ្លើង ដែល​មាន​អំណាច​នៅ​ក្នុង​ប្រទេស​ថា​ បាន​ត្រួតត្រា​លើ​សភា ហើយ​វា​ជា​ការផ្សំ​គំនិត​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ដែល​ថា​ រដ្ឋាភិបាល​សហព័ន្ធ​កំពុង​តែ​ព្យាយាម​ដក​ហូត​កាំភ្លើង​ពី​ពួកគេ។ ​

លោក​អូបាម៉ា​បាន​ថ្លែង​ថា «សមាគម​ជាតិ​ការពារ​សិទ្ធិ​កាន់​កាំភ្លើង​បាន​ព្យាយាម​បញ្ចុះបញ្ចូល​សមាជិក​ជា​ច្រើន​របស់​ខ្លួន​ថា មនុស្ស​មួយ​ចំនួន​នឹង​ដក​ហូត​កាំភ្លើង​ពី​អ្នក ដែល​តាម​ការ​ពិត​វា​ផ្តល់​ផល​ចំណេញ​ដល់​អ្នក​ផលិត​កាំភ្លើង។ ហើយ​វា​គឺ​ជា​យន្តការ​ផ្សព្វផ្សាយ​ដ៏​អស្ចារ្យ​មួយ»។​

វេទិកា​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ George Mason University ដែល​មាន​ចម្ងាយ​ជិត​៥​គីឡូម៉ែត្រ​ពី​ទីស្នាក់ការរបស់​សមាគម​ជាតិ​ការពារ​សិទ្ធិ​កាន់​កាំភ្លើង ស្ថិត​នៅ​ក្នុង​រដ្ឋ Virginia។ សមាគម​ជាតិ​ការពារ​សិទ្ធិ​កាន់​កាំភ្លើង​នេះ​បាន​បដិសេធ​មិន​ព្រម​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ឡើយ។

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា «មាន​មូលហេតុ​មួយ​ដែល​សមាគម​ជាតិ​ការពារ​សិទ្ធិ​កាន់​កាំភ្លើង​មិន​មាន​វត្តមាន​នៅ​ទីនេះ។ ពួកគេ​នៅ​ទី​ងងឹត។ ហើយ​ដោយសារ​នេះ​គឺ​ជា​មូលហេតុ​ចម្បង​ដែល​ពួកគេ​មិន​មាន​វត្តមាន​នៅ​ទីនេះ អ្នកអាច​គិត​ថា​ពួកគេ​នឹង​ត្រៀម​ដើម្បី​ពិភាក្សា​ដេញដោល​ជាមួយ​នឹង​ប្រធានាធិបតី»។ ​
សមាគម​ជាតិ​ការពារ​សិទ្ធិ​កាន់​កាំភ្លើង​បាន​ប្រតិកម្ម​នឹង​ទស្សនៈ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​តាមរយៈ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter ថា «លោក​អូបាម៉ា​មិន​ចង់​ឲ្យ​មាន​កិច្ចពិភាក្សា​លើ​គោល​នយោបាយ​ដោយ​ស្មោះត្រង់​ និង​ប្រកប​ដោយ​ភាព​ឆ្លាតវៃ​នោះ​ទេ។ លោក​ចង់​ឲ្យ​សមាគម​ជាតិ​ការពារ​សិទ្ធិ​កាន់​កាំភ្លើង ធ្វើ​ជា​ទស្សនិកជន​នៃ​ល្បិច​សម្តែង​របស់​លោក។ យើង​ទទួល​យក​មិន​បាន​ទេ អរគុណ»។

សមាគម​ជាតិ​ការពារ​សិទ្ធិ​កាន់​កាំភ្លើង​ប្រឆាំង​នឹង​វិធានការ​ជាច្រើន​ដែល​ស្នើ​ឡើង​ដោយ​លោក​ប្រធានាធិបតី​អូបាម៉ា​កាល​ពី​ដើម​សប្តាហ៍​នេះ។ វិធានការ​ថ្មីៗ​មួយ​ចំនួន តម្រូវ​ឲ្យ​អ្នក​លក់​កាំភ្លើង​មាន​អាជ្ញាប័ណ្ណ​ និង​តម្រូវ​ឲ្យធ្វើ​ការ​ត្រួតពិនិត្យ​ជីវប្រវត្តិ​របស់​អ្នក​ទិញ​កាំភ្លើង​ជាមុន​សិន៕

XS
SM
MD
LG