ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ពិភាក្សា​អំពីសិទ្ធិ​ប្រើ​កាំភ្លើង​នៅ​បន្ត​ក្តៅ​គគុក​នៅ​ស.រ.អា.​


​ក្រុង Stockton​ រដ្ឋ ​California​
ការ​ពិភាក្សា​លើការ​គ្រប់​គ្រង​កាំភ្លើង​នៅតែ​បន្តនៅ​អាមេរិក​បន្ទាប់​ពី​ការបាញ់​ប្រហារ​កាល​ពីខែ​ធ្នូ​នៅ​សាលា​បឋម​សិក្សា​ Sandy Hook​ ក្នុង​ក្រុង Newtown រដ្ឋ​ Connecticut។​កាល​ពី​២៤​ឆ្នាំមុន​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង​មកលើ​សហ​គមន៍​ខ្មែរ​អាមេរិកាំង​នៅ​ទី​ក្រុង​ Stockton ​រដ្ឋ​ California។ នោះ​គឺ​ការ​បាញ់​ប្រហារ​នៅ​សាលា​បឋម​សិក្សា​ Cleveland ​ដែល​ធ្វើឲ្យ​មាន​ការផ្ញាក់​ផ្អើល​ពេញ​ប្រទេស​ ហើយនាំ​ឲ្យមាន​ការ​បង្កើត​ច្បាប់​គ្រប់​គ្រង​កាំភ្លើង​ដែល​ត្រូវ​បាន​គេយកមក​ពិភាក្សា​បច្ចុប្បន្ន​នេះ។​
ទីក្រុង Stockton ​រដ្ឋ California ​ជា​កន្លែង​ស្ងប់ស្ងាត់​ដែល​ពេល​វេលា​ហាក់​បីដូច​ជា​នៅ​ស្ងៀម​មួយកន្លែង។

កាលពី​ទសវត្ស​១៩៨០ និង១៩​៩០​ វាបាន​ក្លាយ​ជា​កន្លែង​ជ្រក​កោណសម្រាប់ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​រត់​គេច​ពី​សង្រ្គាម ​ជាកន្លែងមួយ​សម្រាប់​ពួកគេចិញ្ចឹម​បី​បាច់​កូន​ដ៏​មាន​សុខ​សន្តិភាព។​
លោកស្រី កើត សុវណ្ណា ជាប្រធាន​សមាគម​អប្សរា ​និយាយថា៖

«ធម្មតា​ខ្មែរ​យើង​ច្រើនតែ​ពឹងកូន។​ អញ្ចឹង​បាន​ជា​យើង​មាន​កូន​ច្រើន​ ​ពីព្រោះ​ពេល​យើង​ចាស់​ទៅ​ យើង​អាច​ពឹង​កូន​បាន។ យើង​អត់​ដឹង​ថា​ រដ្ឋាភិបាល​ជួយ​យើង​បាន​ប៉ុន្មាន​នោះ​ទេ។ យើង​អត់​ដឹង​ទេ។ ​យើង​គ្រាន់​តែដឹង​ថា​ ពេល​យើង​ចាស់​ទៅ​កូន​យើង​នឹង​មើល​ថែរក្សា​យើង»។​

ពលរដ្ឋ​នៅ​ទីនេះ​ចាត់​ទុកថា​ វា​ជារឿង​មួយ។ លោក​ស្រី​សុវណ្ណា​ដែល ជាអ្នក​ធ្វើ​ការខាង​សង្គម​ម្នាក់នៅ​ Stockton​ បាន​ថែ​រក្សា​ទុក​នូវ​ឯក​សារ​មួយ​ដែល​រំឭក​ឡើងវិញ​ពីរឿង​មួយ​ដែល​អ្វីៗ​នៅ​ទីនេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ។​

នៅ​ព្រឹក​ថ្ងៃ​ទី​១៧​មករា ​ឆ្នាំ​១៩៨៩ បុរស​ស្បែក​ស​ម្នាក់​ដែលពោរ​ពេញ​ទៅ​ដោយ​ការ​ស្អប់​មក​លើអ្នកក្រៅពូជសាសន៍​របស់​ខ្លួន​ បាន​ចត​ឡាននៅ​ខាង​ក្រោយ​ទី​ធ្លា​លេង​នៃ​សាលាបឋម​សិក្សា Cleveland។ បន្ទាប់​មក​ ជន​នោះ​បាន​ដុត​ឡាន​របស់ខ្លួន​ហើយចាប់​ផ្តើមបាញ់​មក​លើ​គ្រូ​បង្រៀន និង​សិស្សនៅ​ពេល​ដែលពួក​គេរត់​មក​មើល​ភ្លើង។ ក្នេង​៥​នាក់​បាន​ស្លាប់ ២៩​នាក់​រង​របួស​រួម​ទាំង​គ្រូម្នាក់​ផង។ ជន​ប្រដាប់​អាវុធ​អាយុ​២៤ឆ្នាំ​នោះ​មាន​បញ្ហា​និង​ជំងឺ​បាក់ស្បាត។ ជននោះបាន​បាញ់​សម្លាប់​ខ្លួន​ទៅ។​ ការ​សម្លាប់​រង្គាល​នោះ​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​និង​ថ្នាក់ជាតិ​និង​ជួយឲ្យ​មាន​ការ​បង្កើត​ជា​ច្បាប់គ្រប់​គ្រង​កាំភ្លើង​ដែល​កំពុង​ត្រូវ​បាន​គេ​ពិភាក្សា​នៅ​សហ​រដ្ឋ​អាមេរិក​សព្វ​ថ្ងៃ​នេះ។​

ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងអស់ ៤នាក់​ជា​កុមារ​ជនជាតិខ្មែរ​អាយុ​៦​ទៅ​៩​ឆ្នាំ។​
២៤​ឆ្នាំ​ក្រោយ​ ក្រុម​គ្រួសារ​នៅ​តែមិន​អាច​ទទួល​យក​ការបាត់បង់​នេះ។​

អ្នកស្រី​អ៊ីង ហ៊ន​ម្តាយ​ជន​រង​គ្រោះ​ម្នាក់។ អ្នកស្រី​និយាយ​ថា៖
«គេ​សួរ​ខ្ញុំ​ថា​ គិត​ថា​ម៉េច? ​ខ្ញុំ​ថា​ ខ្ញុំ​មក​ទឹក​ដី​ដ៏​ស្អាត​នេះ​ ទឹកដី​សម្បូរ​និង​ស្អាត។​ស្រុក​ខ្ញុំ​មាន​សង្រ្គាម អញ្ចឹង​បាន​ខ្ញុំ​ចង់មក​ទឹក​ដី​ដ៏​សម្បូរ​ស្រស់​ស្អាត​នេះ។​ដល់​កូន​កើត​រឿង​អញ្ចឹង​ គេ​ថា​ នេះ​ជា​រឿង​ចៃ​ដន្យ។ ខ្ញុំថា​ ដឹង​ថា​ជារឿង​ចៃ​ដន្យ​ហើយ ​តែខ្ញុំ​ធំ​ឡើង ឃើញ​ប៉ុល​ ពត​វៃ​គ្នាដែរ​ តែ​មិន​ដែល​ឃើញ​ផ្ទាល់​ភ្នែក មិន​ដែល​ឃើញ​គេ​សម្លាប់​ក្នេង​នៅ​សាលារៀន​អញ្ចឹង​ទេ មិនដែលឃើញទេ​ ​អត់ទេ»។​

លោក​លឹម ទូច ឪពុក​ជន​រង​គ្រោះ។ ​គាត់​និយាយថា​៖
«អញ្ចឹង​បាន​ខ្ញុំចេះ​តែឆ្ងល់​ថា ​ម៉េច​បាន​ជារឿង​នេះ​កើត​ឡើង​អញ្ចឹង?​ ម៉េច​បាន​សម្លាប់​ក្នេងតូចៗ​ អត់​ដឹង​អី?​ ថា​ក្នេង High School (មធ្យមសិក្សា)​ទៅ​ប្រហែល​ថា​ មាន​គំនុំ​គ្នា​អី តែនេះ​ក្នេង​តូចៗ អត់ដឹង​អី​ផង។ ​ម៉េច​បាន​មក​សម្លាប់ ​ចេះ​តែ​ឆ្ងល់​អញ្ចឹង»។​

ឥឡូវ​នេះ​ខ្ញុំ​កំពុង​ឈរ​នៅ​ខាង​ក្រៅ​សាលា​បឋមសិក្សា​Cleveland។​ កាលពី​ថ្ងៃ​១៧​មករា​ ឆ្នាំ១៩៨៩ Patrick Purdy បាន​ចូល​មក​ក្នុង​សាលានេះ​ដោយមាន​កាំភ្លើង AK-47។​
Patrick Purdy​ ប៉ុនបង​វាយប្រហារ​ក្រុម​អាស៊ី​អាគ្នេយ៍។​

បព្វជិត James Dunn ​ជាអ្នក​គ្រប់​គ្រង​នៅ​ព្រះ​វិហារ​ជាប់​សាលា​នោះ។​
លោក​និយាយថា៖​
«គាត់​បាន​ដើរ​ចូល​ទៅ​ក្នុង​សាលា ពីព្រោះ​កាលនោះ​៧១​%​នៃ​សិស្ស​មក​ពី​អាស៊ីអាគ្នេយ៍។​ យើងមាន​ខ្មែរ វៀតណាម​ Hmong ​និង​សិស្ស​ផ្សេងៗ​ទៀត​ដែល​នៅ​រៀនទី​នេះ។​ ហើយ​ការ​ស្អប់​នេះ​ជា​ការ​ស្អប់​ដែល​ដើរ​ចូល​ទៅ​ក្នុង​សាលា​នោះ»។​

ភាព​ស្អប់ខ្ពើម​នេះ​បាន​ក្លាយ​ជា​អ្វីដែល​សហគមន៍​នេះ​នៅ​តែ​ចង់ចាំ។​
អ្នកស្រី​កើត​ សុវណ្ណា ប្រធាន​សមាគម អប្សារា។ ​អ្នកស្រី​និយាយ​ថា៖​

«យើង​មិន​អាច​បំភ្លេច​បាន​ទេ។ ខ្ញុំក៏​ភ្លេច​មិន​បាន​ដែរ។ ហើយ​អ្នក​ដែល​មាន​កូន​ស្លាប់…..វា​ដូច​ជា​ Double។​ ការ​ឈឺចាប់​ហ្នឹង​វា​ធ្ងន់​ទៅ។ ទោះ​បីជា​គេ​ប្រហែល​បំភ្លេច​បាន​ពីមុន គេ​អាច​ភ្លេច​ប៉ុល​ ពត តែ​នេះ​ជា​ការ​ឈឺចាប់​បន្ថែម​ពីលើ​ហ្នឹង»។​

ឪពុក​ម្តាយ​របស់​សិស្ស​រងគ្រោះនិយាយ​ថា​ ពួកគេ​មិន​មានអ្វី​ច្រើន​ប្រាប់​អ្នក​ដែល​បាន​បាត់បង់​កូន​នៅ​ក្នុង​ការ​បាញ់សម្លាប់​ស្រដៀងៗ​គ្នានេះ នោះ​ទេ​ តែ​គួរតែ​ចង់​ចាំ​ក្នេង​ទាំង​នោះ​នៅ​ផ្នូរ​របស់​គេ។​
លោក​លឹម ទូច ឪពុក​ជន​រង​គ្រោះ​ និយាយថា៖​
«អារម្មណ៍​ចេះ​តែ​រសាយ​ៗ​ទៅ មាន​អារម្មណ៍​ចង់​ធ្វើ​អី។ ខ្ញុំចេះ​តែយក​ផ្កា​ទៅ​ដាក់​ នឹក​គិត​ថា​ ប្រហែល​ជា​ម៉ែ​ឪគេ​មិន​ទៅ​ទាំងអស់​គ្នា​ទេ។​អញ្ចឹង​ខ្ញុំ​ទិញ​ផ្កា​ទៅ​ដាក់​ឲ្យ​ទាំង​កូន​៣​ ឬ​៤​ហ្នឹង»៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG