ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​-អាមេរិកាំង​ជួបជុំ​ដើម្បី​ពង្រឹង​សហគមន៍ ​និង​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា


វាគ្មិន​ពិភាក្សា​រកវិធី​ជួយពង្រឹងសហគមន៍​ខ្មែរអាមេរិកាំង​និង​ជួយដល់​ពលរដ្ឋ​ខ្មែរ​នៅប្រទេស​កំណើត (ម៉ែន គឹមសេង/VOA)
វាគ្មិន​ពិភាក្សា​រកវិធី​ជួយពង្រឹងសហគមន៍​ខ្មែរអាមេរិកាំង​និង​ជួយដល់​ពលរដ្ឋ​ខ្មែរ​នៅប្រទេស​កំណើត (ម៉ែន គឹមសេង/VOA)

ប្រធានបទ​នៃ​មហាសន្និបាត​រយៈពេល​ពីរថ្ងៃ​គឺ ​ផ្តោត​លើ​ការ​ «​កសាង​សហគមន៍​ខ្មែរ​មួយ​​នៅ​ក្រៅ​ប្រទេស​​ដែល​ខ្លាំង​ជាង​មុន ​និង​ឯករាជ្យ​និង​មាន​សន្តិភាព​យូរអង្វែង​នៅក្នុង​ប្រទេស​កម្ពុជា‍»។

តំណាង​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស ​និង​អ្នក​ជំនាញ​ជិត​១០០​នាក់​បាន​ជួបប្រជុំគ្នា​នៅ​ឯ​មហា​សន្និបាត​មួយ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ចុង​សប្តាហ៍​ ដើម្បី​ពិនិត្យ​មើល​ការ​រីកចម្រើន​ និង​បញ្ហា​ប្រឈម​ ដែល​សហគមន៍​ជួបប្រទះ​ក្នុង​រយៈពេល​ជិត ​៤០​ឆ្នាំ​កន្លង​មកនេះ។ ទន្ទឹម​នឹង​នោះ​ពួកគេ​ក៏​បានខិតខំ​ស្វែង​រក​វិធី​ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត។

ប្រធានបទ​នៃ​មហាសន្និបាត​រយៈពេល​ពីរថ្ងៃ​គឺ ​ផ្តោត​លើ​ការ​ «​កសាង​សហគមន៍​ខ្មែរ​មួយនៅ​ក្រៅ​ប្រទេសដែល​ខ្លាំង​ជាង​មុន ​និង​ឯករាជ្យ​និង​មាន​សន្តិភាព​យូរអង្វែង​នៅក្នុង​ប្រទេស​កម្ពុជា‍»។

លោក​យ៉ែម​ ឫទ្ធិពល​ ប្រធាន​គណៈកម្មការ​សម្រប​សម្រួល​មហាសន្និបាត​នេះ ​បាន​បញ្ជាក់​ថា​៖ ​

«យើង​អញ្ជើញ​អស់លោក​អ្នក​ដឹកនាំ​អង្គការ​ខ្មែរ​យើង​នៅ​ខាងក្រៅ​ប្រទេស​ទាំងអស់​ជា​ពិសេស​នៅសហរដ្ឋ​អាមេរិក​នៅ​កាណាដា​នៅ​អឺរ៉ុប​ជាដើម​ជួបជុំ​គ្នា ​ដើម្បី​យើង​នឹង​ចាប់​ផ្តើម​ធ្វើការ​ទាក់ទងគ្នា​ឱ្យ​បាន​ជិត​ស្និទ្ធ​អំពី​ការ​យើង​នឹង​ធ្វើ​ការ​ជាមួយ​គ្នា​គិត​កិច្ចការ​រៀបចំ​សហគមន៍​ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​រឹងប៉ឹង​ជាង​សព្វថ្ងៃ​ ហើយ​នឹង​យក​ការ​ពិសោធន៍​របស់​យើង​សព្វបែបយ៉ាង​ជួយ​ទៅដល់​ប្រទេស​ជាតិ​មាតុភូមិ​យើង​ផង‍»។​

សកម្មជន​សិទ្ធិ​មនុស្ស​និង​សហគមន៍​មក​ពីតាម​រដ្ឋ​នានា​សម្តែងការ​គាំទ្រ​ដល់មហាសន្និបាត​កាលពីចុង​សប្តាហ៍ (ម៉ែន គឹមសេង/VOA)
សកម្មជន​សិទ្ធិ​មនុស្ស​និង​សហគមន៍​មក​ពីតាម​រដ្ឋ​នានា​សម្តែងការ​គាំទ្រ​ដល់មហាសន្និបាត​កាលពីចុង​សប្តាហ៍ (ម៉ែន គឹមសេង/VOA)

ការពិភាក្សា​បាន​ផ្តោត​លើ​បញ្ហាសីលធម៌​វប្បធម៌រដ្ឋបាល​ និង​អភិបាលកិច្ច​ល្អ​ ការចូលរួម​ចំណែក​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​សហគមន៍។

លោក​យ៉ន យ៉ាន ​នាយក​ប្រតិបត្តិ​អង្គការ​ខ្មែរ​នៅ​រដ្ឋ​មីនីសូតា​បានថ្លែងពី​តួនាទី​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និងការ​លំបាក​ ដែល​ពួកគេ​ជួបប្រទះ​ក្នុង​ការ​ជួយ​អប់រំ​សហគមន៍។

លោក​យ៉ន យ៉ានយល់​ថា ​វិធីសាស្រ្ត​ដ៏​ល្អ​សម្រាប់​សហគមន៍​ខ្មែរ-អាមេរិកាំង​នៅ​សហរដ្ឋ​អាមេរិក​និង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជាគឺ ​ត្រូវ​អប់រំ​ពលរដ្ឋ​ឱ្យ​យល់​ពី​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ និង​ប្រើ​សិទ្ធិ​ ជួយ​ពលរដ្ឋ​ឱ្យ​យល់​ពី​លទ្ធិប្រជាធិបតេយ្យ​ និង​សារៈសំខាន់​សម្រាប់​ប្រទេស​ជាតិ​ និង​ខ្លួន​ឯង​ផ្ទាល់។

លោក​យ៉ន យ៉ាន​បន្ថែម​ថា​ ពលរដ្ឋ​ក៏​ត្រូវ​តែ​ចងចាំ​ការឈឺចាប់​ពី​អតីតកាល​ផង​ដែរ៖

«យើង​រំឭក​កុំ​ឱ្យ​ភ្លេច​ដោយសារ​វា​អាច​ធ្វើ​ឱ្យ​យើង​នឹកឃើញ​ឡើងវិញ​នូវ​អ្វី​ដែល​ធ្វើ​អាក្រក់​ហើយ​យើង​នាំ​គ្នា​ធ្វើ​ល្អ​។ ហើយ​មួយ​ទៀត​យើង​ចង់​ឃើញ​ពលរដ្ឋ​នៅ​លើ​លោក​កុំ​ឱ្យ​មាន​អ្វី​ដែលកើតមាន​ឡើង​ដូច​យើង​ទៀត‍»។​

​លោក​តាំង​ ចិន្តា ​អ្នក​សម្រប​សម្រួល​កិច្ច​ពិភាក្សា​ ដែល​មក​ពី​រដ្ឋ​អ៊ីលីណយ​បាន​បញ្ជាក់​ការ​មាន​សហគមន៍​ខ្មែរ​មួយ​ ដែល​ខ្លាំង​គឺ ​អាច​នឹង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​ថា៖

«មកទល់​ថ្ងៃ​នេះ​ខ្ញុំ​ឃើញ​ថា ​សហគមន៍​របស់​យើង​គឺ​ បាន​ធ្វើការ​ខ្លះ​។ នេះ​បើ​តាម​ការ​សង្កេត​របស់ខ្ញុំ​ដែល​ខ្ញុំ​ធ្លាប់​បម្រើ​សហគមន៍​យើង​ជាង​៣០ ៤០ឆ្នាំ​មក​នេះ។ យើង​បាន​ធ្វើ​ការ​ក៏​ប៉ុន្តែ​នៅ​តែ មិនទាន់​បាន​រីក​ចម្រើន​ខ្លាំង​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ខ្លះៗ​នៅ​ក្នុង​ស្រុក​ខ្មែរ​របស់​យើង។ គោល​បំណង​របស់​ខ្ញុំ​គឺ​ យើង​ចង់​បាន​ជា ​សមាគម​ជាតិ​មួយ​ ជា​សហគមន៍​មួយ​ដែល​ខ្លាំង​ ហើយ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ពី​សហរដ្ឋ​អាមេរិក​ និង​ពិភពលោក‍»។​

លោកតាំង ចិន្តា អ្នកសម្របសម្រួលកិច្ចពិភាក្សា​ចង់​បាន​សហគមន៍ខ្មែរ​មួយ​ដែល​រួបរួមគ្នា​ខ្លាំង​ជាងមុន។​ (ម៉ែន គឹមសេង/VOA)
លោកតាំង ចិន្តា អ្នកសម្របសម្រួលកិច្ចពិភាក្សា​ចង់​បាន​សហគមន៍ខ្មែរ​មួយ​ដែល​រួបរួមគ្នា​ខ្លាំង​ជាងមុន។​ (ម៉ែន គឹមសេង/VOA)

មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើតខ្មែរ​ចន្លោះ​ពី​ ២៥ម៉ឺន​ទៅ​ដល់ ​៣០ម៉ឺន​នាក់​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក។ ភាគច្រើន​នៃ​ចំនួន​នេះ​បាន​ចូល​មក​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ជន​ភៀសខ្លួន​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម។

លោក​យ័ប គឹមទឹង ​ប្រធាន​កម្មវិធី​នៃ​មហាសន្និបាត​នេះ ​និង​ជា​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​បាន​បញ្ជាក់​ថា​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មានជីវភាព​ល្អប្រសើរ​ហើយ ​បើ​ទោះបីជា​នៅ​មាន​អ្នក​ខ្លះ​ជួប​បញ្ហា​លំបាក​បន្តិច​បន្តួច​។ ប៉ុន្តែ​អ្វី​ដែល​ពួកគេ​ព្រួយបារម្ភ​ខ្លាំង​គឺ​ស្ថានភាព​នៅ​ក្នុងប្រទេស​កម្ពុជា។​

លោក​បន្ថែម​ថា៖

«ពី​រឿង​ស្រុកខ្មែរ​ភាគច្រើន​ពួកយើង​បារម្ភ​ពី​រឿង​ជនអន្តោប្រវេសន៍​ដែល​ចូល​មក​ស្រុក​ខ្មែរ​យើង​អត់​មាន​ច្បាប់​កំណត់​ឱ្យ​បាន​ត្រឹមត្រូវ​។ ហើយ​ទីពីរ​ពី​រឿង​លទ្ធិ​ប្រជាធិបតេយ្យ​មិន​ពិត​ប្រាកដ​ ពីព្រោះ​លទ្ធិ​ប្រជាធិបតេយ្យ​មិនពិត​ប្រាកដ​ គឺ​អត់​ចំណេញ​ដល់​ប្រជាជន​យើង​ទេ​ ពីព្រោះ​ធ្វើ​ឱ្យ​អ្នកដឹកនាំ​មួយចំនួន​ ឬ​អ្នកមាន​អំណាច​គាបសង្កត់​ធ្វើ​មិន​ឱ្យ​មនុស្ស​មាន​ប្រាជ្ញា​អាច​ធ្វើ​ឱ្យ​ប្រទេស​ជឿនលឿន​បាន‍»។​

យ៉ាងណាក៏ដោយ ​លោកយ័ប គឹមទឹង​យល់​ថា​ ចំណុច​សំខាន់​គឺ ​សមាគម​ដែល​កំពុង​មាន​ស្រាប់​នេះ​ត្រូវ​ស្វែងរក​វិធី​ធ្វើការ​ជាមួយ​គ្នា​ជាជាង​ការ​បង្កើត​បន្ថែម​ទៀត។

រីឯ​លោកយ៉ែម ឫទ្ធិពល​បាន​បន្ថែម​ថា​៖

«បន្ទាប់ពី​ការ​ប្រជុំ​អង្គការ​មហាសន្និបាត​កំពូល​របស់​អង្គការ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រយើង​ហើយ ​យើង​សង្ឃឹម​ថា​ នឹង​មាន​ការ​ស្រុះស្រួល​គ្នា​ចាប់ផ្តើម​រៀបចំ​សង្គម​ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស​ ដែលយើង​មាន​សិទ្ធិ​សេរីភាព​ ហើយ​សមត្ថភាព ​និង​លទ្ធភាព​សព្វ​បែប​យ៉ាង​ហ្នឹង​ចង​ជា​សំបាច់​បួន​សហគមន៍​ធំៗ​ជុំវិញ​ទីវត្ត​អារាម​របស់​យើង‍»។

ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​នៅតែ​ចាប់អារម្មណ៍​នឹង​បញ្ហា​នយោបាយ​ក្នុង​ប្រទេសកម្ពុជា​ បើទោះបី​ជា​ពួកគេ​ខ្លះ​បាន​ចាកចេញ​ពី​មាតុភូមិ​ជាង​៣០ឆ្នាំហើយ​ក៏ដោយ ហើយ​មានការ​គាំទ្រ​ភាគ​ច្រើនលើគណបក្ស​សង្គ្រោះ​ជាតិ បើទោះបី​ជា​សន្ទុះ​នៃ​ការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជាចាប់​ផ្តើម​រីក​ធំធាត់​នៅ​តាម​រដ្ឋ​មួយ​ចំនួន៕

XS
SM
MD
LG