ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកការទូត​ភៀសខ្លួន​បាន​កិត្តិយស​គ្រួសារ​ពី​ទាហាន​ជើងទឹក​ស.រ.អា


លោក ចាប សុគន្ធា ពេល​បម្រើការ​នៅក្នុង​ផ្នែក​ហោះហើរ​នៃ​កងទ័ពជើងទឹកអាមេរិក។ (រូបថតផ្តល់​ដោយ​​គ្រួសារលោកចាប សុគន្ធា)
លោក ចាប សុគន្ធា ពេល​បម្រើការ​នៅក្នុង​ផ្នែក​ហោះហើរ​នៃ​កងទ័ពជើងទឹកអាមេរិក។ (រូបថតផ្តល់​ដោយ​​គ្រួសារលោកចាប សុគន្ធា)

«គ្រួសារ​ទាំងអស់​មាន​ចិត្ត​រំភើប​មែនទែន​មិននឹកស្មាន​ថា​ កូន​បាន​ឡើង​ដល់​ឋានៈ​ខ្ពង់​ខ្ពស់​អីចឹង‍»។​

ការដួល​រលំ​នៃ​រដ្ឋាភិបាល​របស់​លោកសេនា​ប្រមុខ​លន់ នល់ ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​១៩៧៥​ គឺជា​ ការបញ្ចប់​នូវ​អាជីព​ការទូត​មួយ​របស់​លោក​គង់ ចាប។ លោក​ត្រូវ​នាំ​ក្រុម​គ្រួសារ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ជនភៀសខ្លួន ដោយ​ត្រូវចាប់​ផ្តើម​សាង​ជីវិត​ពី​ចំណុចសូន្យ​មក​វិញ។

ប៉ុន្តែ​៤២ឆ្នាំ​ក្រោយ​មក ​លោក​អាច​ប្រកាស​ដោយ​មោទនភាព​ពី​ជោគជ័យ​ថ្មី​មួយ ​ដែល​ក្រុមគ្រួសារ​សម្រេច​បាន​នោះ​គឺ​ លោក​ចាប សុគន្ធា​ ជាកូនប្រុស​ច្បង​របស់​លោក​ត្រូវ​បាន​ដំឡើងឋានៈ​ជា​មេបញ្ជាការ​នៃ​កងទ័ពជើងទឹក​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពីបាន​តស៊ូ​ស្វិតស្វាញ​ក្នុង​អាជីព​នេះ​ចំនួន​ជាង​២០ឆ្នាំ​។

លោក​គង់ ចាប ​ដែល​ពេល​នេះ​បាន​ចូលនិវត្តន៍​ពី​ការងារ​ជាអ្នកប្រឹក្សា​នៅ​មណ្ឌលចាស់​ជរា​ ក្នុង​រដ្ឋកាលីហ្វញ៉ា​បាន​បញ្ជាក់​ថា៖

«គ្រួសារ​ទាំងអស់​មាន​ចិត្ត​រំភើប​មែនទែន​មិននឹកស្មាន​ថា​ កូន​បាន​ឡើង​ដល់​ឋានៈ​ខ្ពង់​ខ្ពស់​អីចឹង‍»។​

លោក គង់ ចាបគឺ​ជាភារៈធារី​នៃ​ស្ថានទូតខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌា​ទទួល​បន្ទុក​វប្បធម៌​តាំងពី​ឆ្នាំ​១៩៧៣ ​រហូត​ដល់​ក្រុមខ្មែរ​ក្រហម​វាយ​ចូល​យកទីក្រុង​ភ្នំពេញបាន។ ​លោក​មានស្រុក​កំណើត​នៅ ស្រុកតាខ្មៅ ​ខេត្តកណ្តាល។

នៅពេលដែល​លោក​នាំកូន​ៗមកនៅសហរដ្ឋ​អាមេរិក​គឺ​ កូនប្រុសច្បង​ចាប សុគន្ធា ​ទើបតែ​មានអាយុ​១២ឆ្នាំ​ប៉ុណ្ណោះ។​ លោក​បាន​ចូលបម្រើ​ក្នុងទាហាន​សហរដ្ឋ​អាមេរិក​នៅឆ្នាំ​១៩៨៤​ ហើយ​បន្ទាប់​ពី​ធ្វើការ​បាន​៨ឆ្នាំ​ លោក​បានសម្រាកទៅ​សិក្សា​បន្ថែម​យកអនុបណ្ឌិត​ខាង​វិស្វកម្មផ្នែក​សប់វែរ (Software) នៅឆ្នាំ​២០០០។ លោក​បាន​ឡើងឋានៈជាបន្តបន្ទាប់​រហូតបានឡើងជា​មេបញ្ជាការ​ទាហានជើងទឹក​ក្នុងអង្គភាព​បម្រុង​នៅ​ដើមឆ្នាំ​២០១៧នេះ។​

លោក ចាប សុគន្ធា ពេល​បម្រើការ​នៅក្នុង​ផ្នែក​ហោះហើរ​នៃ​កងទ័ពជើងទឹកអាមេរិក។ (រូបថតផ្តល់​ដោយ​គ្រួសារលោកចាប សុគន្ធា)
លោក ចាប សុគន្ធា ពេល​បម្រើការ​នៅក្នុង​ផ្នែក​ហោះហើរ​នៃ​កងទ័ពជើងទឹកអាមេរិក។ (រូបថតផ្តល់​ដោយ​គ្រួសារលោកចាប សុគន្ធា)

លោក​ចាប សុគន្ធា​បាន​បញ្ជាក់​ថា៖

«ខ្ញុំមកនៅស្រុកនេះតូចដែរ ប៉ុន្តែខ្ញុំកូនខ្មែរត្រូវតែខំ​ធ្វើយ៉ាងម៉េច​ឱ្យមានមុខមាត់ដល់ខ្មែរ​យើង​។ នេះ​គឺ​មានចិត្ត​សប្បាយ​ជាងគេ​ហើយ​បានជា​យើងខំ។ អ្នកនៅស្រុកនេះមាន​យួនច្រើនជាងខ្មែរ​។ ខ្ញុំបានឃើញយួនគេក៏ធ្វើធំៗដែរ​។ យើងត្រូវប្រកួតជាមួយគេ​ធ្វើ​យ៉ាងម៉េចឱ្យ​ខ្មែរ​បាន​គ្រាន់បើជាងគេដែរ‍»​។

ក្នុងចំណោម​បងប្អូនទាំង៥នាក់​ពួកគេ​ភាគច្រើន​មានជំនាញ​ខាងហិរញ្ញវត្ថុ។ ដោយសារក្រុមគ្រួសារ​របស់​លោក​មិន​បាន​ឆ្លងកាត់​របបខ្មែរ​ក្រហម ​វាអាចជួយ​ដល់​ការសិក្សា​របស់​កូនៗផងដែរ។ ក្នុងខណៈពេលដែល​ពលរដ្ឋខ្មែរ​អាមេរិកាំង​ជាច្រើន​មានអាការៈ​ជំងឺ​បាក់ស្បាត​ដែល​បន្សល់ពីរបបខ្មែរ​ក្រហម​ ហើយអ្នកខ្លះ​ទៀត​បាន​ចម្លង​ជំងឺ​នេះ​ទៅដល់​កូនចៅ​ជំនាន់ក្រោយ។

លោក​គង់ ចាប​បាន​បន្ថែមថា៖

«រឿង​ខ្មែរ​ក្រហម​ហ្នឹង​ ទោះបីយើងមិនបានឆ្លងកាត់​តែបើយើងនៅ​មានចិត្ត​ចុកចាប់​នឹង​របប​វាលពិឃាត​។ នេះ​សម្រាប់​យើង​ចាស់​ដល់ក្មេង​វាអត់​បានឆ្លងកាត់​ហ្នឹង​វាអត់ថា​ មាន​អារម្មណ៍​ខ្លាំង​ដូចយើងទេ​គ្រាន់តែ​ថា ​ដឹង​រឿងខ្លះធម្មតាទេ។ ម្ល៉ោះ​ហើយ​វា​អត់​ប៉ះពាល់​អារម្មណ៍​វា​ក្នុង​ការរៀនសូត្រ​អី​ទាំងអស់​វា​នៅ​តូចៗ‍»។​

សម្រាប់លោកចាប សុគន្ធា​គន្លឹះ​ដ៏​សំខាន់​ដែល​ជោគជ័យ​ក្នុង​អាជីព​នោះគឺ៖

«នៅស្រុកនេះទីមួយ​គឺ ត្រូវខិតខំ​។ ទីពីរនៅស្រុកនេះ ឬនៅស្រុកណាក៏ដោយ ​យើ​ង​ត្រូវ​មាន​អ្នកណា​មួយ ដែលយើងអាចពឹងបានជួយយើងបាន។ ទីមួយ​ការខំ​គឺ ត្រូវតែខំហើយ ប៉ុន្តែ​បើ​មាន​គេ​ជួយ​គឺ​មានផ្លូវច្រើនជាង‍»។​

លោកថា​ ក្នុងការសិក្សា​រៀនសូត្រមានការជួយឧបត្ថម្ភពីក្រុមគ្រួសារ​ ហើយ​នៅ​កន្លែង​ធ្វើការ​លោក​ត្រូវ​បាន​ថ្នាក់លើ​យកចិត្ត​ទុកដាក់​ ដោយសារតែលោកខិតខំប្រឹងប្រែងធ្វើការ។

លោក​មេបញ្ជាការ​ចាប សុគន្ធា ​រស់នៅ​ទីក្រុង​សាន់ឌីយ៉េហ្គោ រដ្ឋកាលីហ្វញ៉ា​ ហើយ​មាន​កូនស្រីម្នាក់​និង​កូនប្រុសម្នាក់។ លោក​ទទួលបាន​មេដាយ​ទាហានជើងទឹក និង​ម៉ារីន​ជាច្រើន៕

XS
SM
MD
LG