សប្តាហ៍នេះ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដែលត្រូវបានពន្យារពេលដើម្បីរក្សាសន្តិភាពសម្រាប់កីឡាអូឡាំពិកនៅកូរ៉េខាងត្បូង ហើយបានកាត់បន្ថយទំហំសមយុទ្ធដែលនេះជាកាយវិការសម្របសម្រួលពាក់ព័ន្ធនឹងការចរចាដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ទោះបីជាយ៉ាងណាក៏ដោយការបញ្ចប់សមយុទ្ធជាអចិន្ត្រៃយ៍និងបញ្ហាវត្តមានយោធាអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងអាចជាកត្តាសំខាន់ក្នុងការចរចានាពេលខាងមុខ។
សមយុទ្ធយោធារួមគ្នានៅឆ្នាំនេះស្រដៀងសមយុទ្ធកាលពីមុន ដោយមានទាហានអាមេរិកជាង២ម៉ឺន៣ពាន់នាក់និងទាហានកូរ៉េខាងត្បូង៣០ម៉ឺននាក់។ នេះជាសមយុទ្ធឆ្លើយតបទៅនឹងការវាយប្រហារដោយម៉ាស៊ីនកុំព្យូទ័រដែលព្យាករណ៍អំពីរបៀបវាយប្រហារដោយកូរ៉េខាងជើង។ ប៉ុន្តែឆ្នាំនេះ សមយុទ្ធនេះសង្កត់ធ្ងន់លើការការពារជាជាងប្រតិបត្តិការវាយលុកដែលកំណត់ទិសដៅទៅលើមេដឹកនាំនៅទីក្រុងព្យុងយ៉ាង។
យន្តហោះមានសមត្ថភាពទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអាមេរិកនិងនាវាផ្ទុកយន្តហោះត្រូវបានគេរំពឹងថា នឹងមិននឹងចូលរួមក្នុងសមយុទ្ធនេះទេ។ ការកាត់បន្ថយទំហំសមយុទ្ធនេះទំនងជាសម្បទានបណ្ដោះអាសន្នដើម្បីរក្សាចលនាការទូតជាមួយកូរ៉េខាងជើងដែលថ្មីៗនេះបានប្តូរជំហរពីការសាកល្បងកាំជ្រួចនិងនុយក្លេអ៊ែរ និងការគំរាមកំហែង ហើយចូលរួមក្នុងកិច្ចចរចាគ្មានអាវុធនុយក្លេអ៊ែរនាពេលខាងមុខជាមួយកូរ៉េខាងត្បូង និងអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ មានការព្រួយបារម្ភថា ការរឹតបន្តឹង និងការលុបចោលនូវសមយុទ្ធយោធាអាចជាចំណុចសំខាន់នៃការចរចានុយក្លេអ៊ែរ៕