ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មាន​មន្ទិល​សង្ស័យ​លើ​លទ្ធផល​បឋម​នៃ​ការ​ស៊ើបអង្កេត​ជាតិ​ពុល​នៅ​សាលា ​Changzhou


សិស្ស​រៀន​នៅ​សាលា​មួយ​នៅ​ក្នុង​ក្រុង Changzhou ខេត្ត Jiangsu កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣

មួយ​សប្តាហ៍​បន្ទាប់​ពី​ការ​ស៊ើបអង្កេត​ដោយ​ល្អិតល្អន់​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ អាជ្ញាធរ​ក្នុង​ស្រុក​នៅ​ក្នុង​ខេត្ត ​Jiangsu ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​បឋម​មួយ​ ដែល​បាន​អះអាង​​ថា ​ទឹក​ក្រោម​ដី ​ដី ​និង​ខ្យល់​នៅ​ក្នុង​បរិវេណ​​សាលា​ភាសា​បរទេស​ Changzhou ​ស្ថិត​នៅ​ក្នុង​កម្រិត​ស្តង់ដារ​ជាតិ។​

ឪពុក​ម្តាយ​សិស្ស​ជាច្រើន​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ ដោយ​សារ​តែ​របាយការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី២៦​ខែមេសា​នោះ​ បាន​បញ្ជាក់​ថា​ សិស្ស​ចំនួន​២៤៧នាក់​នៅ​អនុវិទ្យាល័យ​នេះ​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យរក​ឃើញ​ថា ពួក​គេ​មាន​ដុំ​ពក​លើ​ប្រពេញ​ទីរ៉ូអ៊ីត​ឬ​ហៅ​ថាជំងឺ​ពក​ក​ ទោះ​បី​ជា​គេ​មិន​ដឹង​ពី​មូលហេតុ​នៃ​ជំងឺ​នេះ​ក៏​ដោយ។

ដោយ​មិន​មាន​ការ​ពន្យល់​បន្ថែម​ឲ្យ​បាន​លម្អិត​ របាយការណ៍​នោះ​បានបង្ហាញថា សិស្ស​ចំនួន​៣៥នាក់​បាន​កើត​ជំងឺ​ក្រពេញ​ទឹក​រងៃ​ដោយសារ​ការ​ឆ្លង​រាល​ដាល។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្រុម​មន្រ្តី​នៅ​ក្នុង​ក្រុង ​Changzhou ​បាន​ទទួល​ស្គាល់​ថា ​ការ​អះអាងថា​មានជំងឺ​ដ៏​ច្រើន​នេះ​មិន​មែន​ជា​ការ​អះអាង​ដោយ​គ្មាន​មូលដ្ឋាន​នោះ​ទេ។

ប៉ុន្តែ​មុន​ពេល​ពួក​គេ​ទទួល​ស្គាល់​ដូច្នេះ ​ក្រុម​មន្ត្រី​រដ្ឋាភិបាល ​និង​បុគ្គលិក​សាលារៀន​នេះ​ ​បាន​អះអាង​ថា មាន​សិស្សតែ​៤​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោមសិស្ស​ចំនួន២.៤៥១នាក់​ និង​បុគ្គលិក​សាលា​រៀន៣នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​បុគ្គលិក​ទាំង​២១០នាក់​ ដែល​បាន​សុំ​ច្បាប់​ឈឺ​នា​ពេល​នោះ។

ក្រុម​មន្រ្តី​រដ្ឋាភិបាល​ និង​បុគ្គលិក​សាលារៀន​បាន​បដិសេធ​ជា​ច្រើន​លើក​ច្រើន​សារមក​ហើយ​លើ​របាយការណ៍​កាល​ពី​ពេល​មុន​របស់​ទូរទស្សន៍ ​CCTV ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។ ​របាយការណ៍​នោះ​បាន​បង្ហាញ​ថា​ មាន​សិស្ស​ចំនួន៤៩៣​នាក់​នៅ​សាលា​នេះ​ បាន​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​ត្រូវ​បានគេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​ ពួក​គេមាន​ជំងឺ​រលាក​ស្បែក​ រលាក​ទង​សួត ​ជំងឺ​ខ្វះ​គ្រាប់​ឈាម និង​ករណី​មួយ​ចំនួន​ទៀត​នៃ​ជំងឺ​មហារីក ​មាន​ដូចជា​ការ​ដុះ​សាច់ ​និង​មហារីកគ្រាប់​ឈាម។​

បន្ទាប់​មក ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋដដែល​បាន​សន្និដ្ឋាន​ដោយ​យោង​ទៅ​លើ​របាយការណ៍​វាយ​តម្លៃ​បរិស្ថានចេញ​ផ្សាយ​មុន​ការ​សាងសង់​សាលា​នោះ​កាលពី​ឆ្នាំ​មុន​ថា​ សាលា​រៀន​នេះ​មិន​គួរ​ត្រូវ​បានសាង​សង់​នៅ​លើ​ «ដី​ដែល​មាន​ជាតិ​ពុល» ​នោះ​ទេ។

ចាប់​តាំង​ពី​ពេល​នោះ​មក ការ​ភ័យ​ខ្លាច​អំពី​បញ្ហា​បំពុល​បរិស្ថាន​នេះ​បាន​កើត​មាន​នៅ​ក្នុង​តំបន់​នោះ​ និង​នៅ​ទូទាំង​ប្រទេស។

មាន​ជំងឺ​ជាច្រើន​ត្រូវ​បាន​បញ្ជាក់​ថា​ពិត​ជា​កើត​មាន

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​ចុង​ក្រោយ​បង្អស់​របស់​រដ្ឋាភិបាល​ ម្តាយ​របស់​សិស្ស​ថ្នាក់​ទី៨​ម្នាក់​នៅ​តែ​ជឿ​ជាក់​ថា រោគ​សញ្ញា​នៃ​ជំងឺកូន​ប្រុស​គាត់​គឺ​បណ្តាល​មក​ពី​ជាតិ​ពុល​ខ្ពស់​ហួស​កម្រិត​ដែល​មាន​នៅ​ក្នុង​ទឹក​ក្រោមដី ​និង​ដី​ នៅ​ជុំវិញ​សាលារៀន​នោះ ​ដែល​នៅ​ជាប់​នឹង​តំបន់​អតីត​រោងចក្រ​ផលិត​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ចំនួន​៣​កន្លែង ​បូក​រួម​ទាំង​សាខា​រោងចក្រក្រុមហ៊ុន ​Shenzhen Noposion Agrochemicals ​ក្នុង​ស្រុក​មួយ​ផង​ដែរ។ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ផលិត​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន។

អ្នក​ស្រី​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ Weibo ​របស់​អ្នក​ស្រី​ថា​ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ កូន​ប្រុស​របស់​គាត់​បាន​ធ្វើ​រោគ​វិនិច្ឆ័យឃើញ​មាន​ដុំ​ពក​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ក្រពេញ​ទីរ៉ូអីត និង​មាន​ក្រពេញ​ទឹក​រងៃ​នៅ​ទាំង​សង​ខាង​នៃ​ក​របស់​គាត់ ដែល​រោគ​សញ្ញា​ទាំង​នេះមិន​ត្រូវ​បាន​រក​ឃើញ​ទេ​នៅ​ពេល​គាត់​ទៅ​ពិនិត្យ​សុខភាព​កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ។ អ្នក​ស្រី​សរសេរ​ថា៖ «កូន​ប្រុស​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ឈឺ​ពីរ​ខែ​មក​ហើយ។ តើ​មានអ្នក​ណា​ហ៊ាន​និយាយ​ថា​ បរិស្ថាន​នៅ​សាលា​រៀន​ពិត​ជា​គ្មាន​ការ​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់​ទេ?»។

ម្តាយ​របស់​សិស្ស​ម្នាក់​ទៀត​បាន​បង្ហាញ​ VOA​ ពី​ការ​សន្ទនា​មួយ​នៅ​លើ​បណ្តាញ​សង្គម​ QQChat។ ក្នុង​ការ​សន្ទនា​នោះ ​ម្តាយ​បស់​អ្នក​ជំងឺ​ម្នាក់​ដែល​មាន​ដុំ​ពក​នៅ​លើ​ក្រពេញ​ទឹក​រងៃ​ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ​បាន​បញ្ជាក់​ថា​ កូន​របស់​គាត់​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ជំងឺ​មហារីក កាល​ពី​ខែ​កុម្ភៈ។​

ការ​អះអាង​នេះ​ផ្ទុយ​ទៅ​នឹង​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ ដែល​ដក​ស្រង់​ប្រភព​ពី​រដ្ឋាភិបាល​ថា​ ករណី​មហារីក​មិន​មាន​អ្វី​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ប៉ះ​ជា​មួយ​សារធាតុ​គីមី ​ដូចអ្វី​ដែល​គេ​បាន​អះអាង​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ មុន​ពេល​ដែល​បវេសនកាល​នៅ​សាលា​នេះ​បាន​ចាប់​ផ្តើម​នោះ​ទេ។

លើស​ពី​នេះ​ទៀត​ ម្តាយ​របស់​សិស្ស​សាលា​ម្នាក់​ទៀត​បាន​បង្ហោះ​លិខិត​ដ៏​វែង​មួយ​នៅ​លើ​បណ្តាញ​សង្គម​ Weibo​ ដោយ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្នុង​តំបន់​ពី​ការ​ប៉ុនប៉ង​បិទបាំង​ហេតុការណ៍​នេះ។​

អ្នកស្រី​សរសេរ​ថា៖ «សូម​ផ្តល់​ឲ្យ​កូនៗ​របស់​យើង​នូវ​បន្ទប់​រៀន​ដែល​គ្មាន​ជាតិ​ពុល»។ គាត់​ក៏​បាន​រៀប​រាប់​លម្អិត​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គាត់​ដើម្បី​ស្វែង​រក​ការ​ជួយ​គំាទ្រ​ពី​រដ្ឋាភិបាលក្នុង​រយៈពេល​៥ខែ​ចុង​ក្រោយ​នេះ។

អ្នក​ស្រី​បាន​និយាយ​ថា​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​របស់​អ្នក​ស្រី​ ប៉ូលិស​ក្នុង​ស្រុក​បាន​ធ្វើ​ការ​សួរ​ចម្លើយ ​និង​ដាក់​សម្ពាធ​លើ​ប្តី​របស់​អ្នក​ស្រី ក៏​ដូចជា​ឪពុក​ម្តាយ​របស់​សិស្ស​ផ្សេង​ទៀត​ បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​បាតុកម្ម​រយៈ​ពេល​១៣​ម៉ោង​ នៅមុខ​សាលា​រៀន​នេះ​កាល​ពី​ពាក់​កណ្តាល​ខែមករា។

អ្នក​ស្រី​បាន​សរសេរ​បន្ថែម​ដោយ​បង្ហាញ​នូវ​ក្តី​បារម្ភ​របស់​ខ្លួន​ថា កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មេសា​ ​សិស្ស​១៥​នាក់​ក្នុង​ចំណោម​១៦​នាក់​នៅ​ក្នុង​ថ្នាក់​រៀន​របស់​កូន​អ្នកស្រី​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​រោគ​សញ្ញ​ជំងឺ​ក្រពេញ​ទឹក​រងៃ។

ការ​ស៊ើបអង្កេត​បន្ថែម​ត្រូវ​តែ​មាន

ដោយសារ​តែ​លទ្ធភាព​នៃ​ការ​ស៊ើបអង្កេត​មិន​មាន​ភាពស៊ី​សង្វាក់​គ្នា​ អ្នក​ស្រី ​Cheng Qian ​ដែល​ជា​សកម្មជន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ជាតិ​ពុល​របស់​អង្គការ ​Greenpeace East Asia ​យល់​ថា ​ការ​បារម្ភ ​និង​ការ​សង្ស័យ​របស់​ឪពុក​ម្តាយ​សិស្ស​ទាំង​នេះ​ ជា​រឿង​សមហេតុផល។

អ្នក​ស្រី​និយាយ​ថា៖ «យើង​គិត​ថា វា​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​រវាង​ជាតិពុល​ និង​ទីតាំង​របស់​សាលា​ ក៏​ដូច​ជា​ទំនាក់​ទំនង​ទៅ​នឹង​ផល​ប៉ះពាល់​សុខភាព​ដែលកើត​ឡើង​ចំពោះ​សិស្ស​សាលា»។

ទោះ​យ៉ាង​ណា ​លោក​ស្រី​បាន​បន្ថែម​ថា «ដើម្បី​ឲ្យ​ឃើញ​ទំនាក់​ទំនង​ស៊ីសង្វាក់​គ្នា​នៃ​បញ្ហា​នេះ​ តម្រូវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត ​ជា​ពិសេស​ការ​វាយ​តម្លៃ​ហានិភ័យ​លើ​បញ្ហា​សុខភាព​ត្រូវ​តែ​ធ្វើ»។

ក៏ប៉ុន្តែ​ លោក ​Yu Bojun​ ប្រធាន​សមាគម​អាណា​ព្យាបាល​សិស្សរបស់​សាលា​នេះ​ បាន​បញ្ចេញ​ប្រតិកម្ម​មិន​ច្បាស់​លាស់​មួយ។

ខណៈ​ពេល​ដែល​សុខភាព​សិស្ស​ថ្នាក់​ទី​៩​របស់​គាត់​នៅ​តែ​គ្មាន​បញ្ហា លោក​ Yu ​គាំទ្រ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ចុងក្រោយ​របស់​រដ្ឋាភិបាល។

ក៏ប៉ុន្តែ​ លោក​បាន​ទទូច​ថា ​គ្មាន​បញ្ហា​សុខភាព​របស់​សិស្ស​ណា​ម្នាក់​គួរ​ត្រូវ​បាន​សម្រប​សម្រួល​ទេ​ បើ​សិន​ជា​សាលា​នេះ​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មាន​ទីតាំង​នៅ​លើ​ដី​ដែល​មាន​ជាតិ​ពុល​ពិត​មែន​នោះ។

លោក ​Yu​ បាន​និយាយ​ដោយ​ឈរ​លើ​ជំហរ​អព្យាក្រឹត​ចំពោះ​ញ្ញត្តិ​ដែល​ឪពុក​ម្តាយ​មួយ​ចំនួន​បាន​ដាក់​ទៅ​សាលា​ថា៖ «ប្រសិន​បើ​លទ្ធផល​ចុង​ក្រោយ​ចេញ​ពី​ការ​ធ្វើ​ពិសោធន៍​បែប​វិទ្យាសាស្រ្ត​សន្និដ្ឋាន​ថា សាលា​នេះ​ស្ថិត​នៅ​លើ​ដី​ដែល​មាន​ជាតិ​ពុល ហើយ​សុខភាព​របស់​សិស្ស​ទទួល​រង​ការ​ប៉ះពាល់​នោះ ខ្ញុំ​យល់​ថា ​សាលា​នឹង​ពិចារណា​អំពី​ការ​រើទីតាំង​ទៅ​កន្លែង​ផ្សេង»។

លោក​បាន​បន្ថែម​ថា ​លោក​នឹង​បន្ត​តាម​ដាន​លើ​ការ​ស៊ើបអង្កេត​នេះ​ ខណៈ​ដែល​សុខភាព​គ្រួសារ​លោក​ផ្ទាល់​ក៏​ជា​ក្តី​បារម្ភ​ផង​ដែរ ​ដោយសារ​តែ​លោក​ផ្ទាល់​ក៏​រស់​នៅ​ជិត​សាលា​រៀន​នេះ​ដែរ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG