ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​ធានី​ឥណ្ឌា​​ដាក់​កំហិត​លើ​​ចំនួន​រថយន្ត​ឯកជន​ដើម្បី​កាត់​បន្ថយ​កម្រិត​ប៉ះពាល់​ដោយ​ការបំពុល​ខ្យល់


រូប​ឯកសារ៖ ចរាចរណ៍​នៅ​ពេល​ព្រឹក​ព្រលឹម​មួយ​ក្នុង​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ ឆ្នាំ​២០១៤។​
រូប​ឯកសារ៖ ចរាចរណ៍​នៅ​ពេល​ព្រឹក​ព្រលឹម​មួយ​ក្នុង​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ ឆ្នាំ​២០១៤។​

ទីក្រុង​ញូវដេលី​ដែល​ជា​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា​ បាន​ចាប់​ផ្តើម​ការផ្តួច​ផ្តើម​ដ៏​មហិច្ឆតា​មួយ​ ដើម្បី​ទប់​ស្កាត់​កម្រិត​នៃ​ការ​បំពុល​ខ្យល់​ដ៏​ប្រល័យ​ ដោយ​ការ​​ដាក់​កំហិត​លើ​ចំនួន​រថយន្ត​ឯកជន​នៅ​លើ​ដង​ផ្លូវ។

ឆ្នាំ​ថ្មី​នេះ​បាន​ចាប់​ផ្តើម​ដោយ​មាន​ការ​កំណត់​ចំណាំ​ប្លែក​មួយ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា។​ នៅ​ក្នុង​ទីក្រុង​មួយ​ដែល​ដង​ផ្លូវ​ពោរពេញ​ទៅ​ដោយ​រថយន្ត​ច្រើន​លើស​លប់​ ប្រជាពលរដ្ឋ​ជា​ច្រើន​ប្រើប្រាស់​សេវា​ដឹក​ជញ្ចូន​សាធារណៈ​ រ៉ឺម៉ក​កង់​បី​ និង​រថយន្ត​តាក់ស៊ី​ ​អ្នក​ខ្លះ​ជិះ​ក្នុង​រថយន្ត​រួមជាមួយ​អ្នក​ដ៏ទៃ​ ឬ​ក៏​នៅ​ផ្ទះ​តែ​ម្តង។​ មាន​មនុស្ស​វ័យ​ក្មេង​ជា​ច្រើន​ជិះ​កង់​ទៅ​កាន់​កន្លែង​គោល​ដៅ​របស់​ពួក​គេ។​

វា​គឺ​ជា​ថ្ងៃ​ដំបូង​នៃ​ការធ្វើ​ពិសោធ​របស់​គម្រោង​រយៈពេល​១៥​ថ្ងៃ​របស់​អាជ្ញាធរ​ក្រុង​ ដើម្បី​កាត់​បន្ថយ​ចំនួន​រថយន្ត​ឯកជន​នៅ​លើ​ដង​ផ្លូវ​ឲ្យ​បាន​ពាក់​កណ្តាល​ ដោយ​អនុញ្ញាត​ឲ្យរថយន្ត​ស្លាកលេខ​សេស​និង​គូ​បើក​នៅ​លើ​ដង​ផ្លូវ​ក្នុង​ថ្ងៃ​ផ្សេង​គ្នា។ គោល​បំណង​នៃ​ការ​ធ្វើ​ដូច​នេះ​គឺ​ ដើម្បី​សម្អាត​ខ្យល់​ពុលនៅ​ក្នុង​ទីក្រុង​នេះ​ ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា​ ជា​ទីក្រុង​ដែល​មាន​ការ​បំពុល​ខ្យល់​អាក្រក់​បំផុត។​

លោក​ Arvind Kejriwal ចៅហ្វាយ​ក្រុង​ដេលី​ បាន​ធ្វើ​ជា​គំរូ​ដោយ​បើក​រថយន្តទៅ​ទទួល​សហការី​របស់​លោក​នៅ​តាម​ផ្លូវ​ទៅ​ធ្វើ​ការ។ លោក​និយាយ​ថា​ មនុស្ស​ក្នុង​ទីក្រុង​នេះ​ហាក់​ដូច​ជា​ព្រម​ទទួល​យក​ការបើកបរ​ដែល​ប្រឆាំង​នឹង​ការបំពុល​បរិយាកាស​នេះ។

«ខ្ញុំ​ពិត​ជា​រំភើប​នឹង​ការឆ្លើយ​តប​ដែល​យើង​ទទួល​បាន​រហូត​មក​ដល់​ពេល​នេះ។» ​

មាន​ប្រជាពលរដ្ឋ ​និងសិស្ស​សាលា​ជា​ច្រើន​បាន​ចេញ​មក​តាម​ដង​ផ្លូវ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​គំនិត​ផ្តួច​ផ្តើម​នេះ​ ​ដោយ​ពាក់​មួយ​ដែល​មាន​អក្សរ​ថា​ «ខ្ញុំ​មិន​អាច​ដក​ដង្ហើម​បាន​ទេ» និង​ជំរុញ​ឲ្យ​មនុស្ស​ទូទៅ​ចូលរួម​សហការ។

«ដើម្បី​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ជំនាន់​បច្ចុប្បន្ន​និង​ជំនាន់​អនាគតត យើង​គួរ​តែ​អនុវត្ត​បែប​នេះ។»

«នេះ​គឺ​ជា​បញ្ហាបន្ទាន់។ វា​គឺ​ជា​បញ្ហា​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ​ ហើយ​យើង​ទាំង​អស់​សុទ្ធ​តែ​ដឹង​ពី​រឿង​នេះ»។

កុមារ​ស្ថិត​នៅ​ក្នុង​ចំណោមក្រុម​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ។​ គ្រូពេទ្យ​ជា​ច្រើន​បាន​កត់​សម្គាល់​ឃើញ​ថា​ មាន​ការកើន​ឡើង​គួរ​ឲ្យ​បារម្ភ​នៃ​ចំនួន​មនុស្ស​វ័យ​ក្មេង​ដែល​កើតជំងឺ​ផ្លូវ​ដង្ហើម។​ ពួក​គេ​បាន​ព្រមាន​អំពី​ការកើត​ជំងឺ​ដូចជា​ ជំងឺ​ហឺត ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ​ និង​ជំងឺ​មហារីក​សួត​ ដែល​កំពុង​តែ​កើន​ឡើង​នៅ​ក្នុង​ចំណោមប្រជាជន​ទូទៅ។

ផ្សែង​ពុល​ដែល​ចេញ​ពីយានយន្ត​ចំនួន​ច្រើន​លើស​លុប​ជាង​៩​លាន​គ្រឿង​ក្នុង​ក្រុង​ដេលី​ គឺ​ជា​កត្តា​រួម​ចំណែក​ដ៏​ធំ​ទៅ​លើ​ការធ្វើ​ឲ្យ​កខ្វក់​ខ្យល់​នៅ​ក្នុង​ទីក្រុង​នេះ។​ ជាមួយ​នឹង​យានយន្ត​ថ្មី​ចំនួន​១.៤០០​គ្រឿង​បន្ថែម​ទៀត​បាន​ហូរ​ចូល​ជា​រៀង​រាល់​ថ្ងៃ​ បញ្ហាកាន់​តែមាន​សភាពអាក្រក់​ឡើងៗ។​ កម្រិត​ភាគល្អិតនៅ​ក្នុង​ខ្យល់​ ដែល​អាច​ចូល​ជ្រៅ​ទៅ​ក្នុង​សួត​ គឺមាន​១០​ដង​លើស​ពី​កម្រិតសុវត្ថិភាព។

កម្រិត​នៃ​ការ​បំពុល​ខ្យល់​អាកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​តុលាការ​កំពូល។​ កាល​ពី​ខែ​មុន​ តុលាការ​កំពូល​បាន​ហាម​ឃាត់​រថយន្ត​ប្រភេទ​ SUV ធំៗ​ដែល​ប្រើប្រាស់​ប្រេង​ម៉ាសូត​ នៅ​ក្នុង​ក្រុង​ដេលី​ ហើយ​បាន​យក​ពន្ធ​ខ្ពស់​ទៅ​លើ​យានយន្ត​ធំៗ​ដែល​ដឹក​ទំនិញ​ពាណិជ្ជកម្ម។

តែ​ទោះ​យ៉ាង​ណា​ ប្រជាពលរដ្ឋ​ជាច្រើន​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ថា​ តើ​ទីក្រុង​ដែល​មាន​ប្រព័ន្ធដឹក​ជញ្ចូន​សាធារណៈ​ដ៏​ខ្សោយ​មួយ​នេះ​ អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដែរ​ឬ​ទេ។

ទោះ​បី​ជា​អាជ្ញាធរ​បាន​បន្ថែម​ជើង​ធ្វើ​ដំណើរ​តាម​រថភ្លើង​ និង​បន្ថែម​ឡាន​ក្រុង​ចំនួន​៣.០០០​គ្រឿង​ក៏​ដោយ​ ​មនុស្ស​ជា​ច្រើន​និយាយ​ថា​ វា​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​ទីក្រុង​ដែល​មាន​ចំនួន​មនុស្ស​ជិត​២០​លាន​នាក់​នេះ​ទេ។ ពួកគេ​ក៏​បាន​ត្អូញ​ត្អែរ​អំពី​ការលើក​លែង​ចំពោះ​មនុស្ស​ជាច្រើន​ រួម​មាន​មន្រ្តី​ជាន់​ខ្ពស់​ ស្រ្តី​ដែល​បើក​បរ​តែ​ម្នាក់​ឯង​ និង​លើក​លែង​លើ​ទោចក្រយានយន្ត​ដែល​មាន​កង់​ពីរ​ដូច​ជា​ម៉ូតូ​ជាដើម​។

ទោះ​ជា​មាន​មន្ទិល​សង្ស័យ​ដូច្នេះ​ក្តី​ ក៏​ការអនុវត្ត​នៅ​ថ្ងៃ​ទី​មួយ​មាន​ដំណើរ​ការ​ទៅ​ដោយ​រលូន។​

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ចៅហ្វាយ​ក្រុង​លោក​ Kejriwal​ មាន​សុទិដ្ឋិនិយម​ជា​ខ្លាំង។​

«ក្រុង​ដេលី​នឹង​បង្ហាញផ្លូវ​សម្រាប់​ក្រុង​ដទៃ​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស»។

មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ការ​ផ្តួចផ្តើម​នេះ​ត្រូវ​ធ្វើ​ ហើយ​មនុស្ស​ជា​ច្រើនលើក​ឡើងថា​ ការ​សាក​ល្បង​ពិត​ប្រាកដ​នៃ​គំនិត​ផ្តួច​ផ្តើម​នេះ​ នឹង​អាច​បញ្ជាក់​បាន​នៅ​ពេល​ដែល​ទីក្រុងនេះ​មាន​មនុស្ស​ពេញ​ឡើង​វិញហើយ​ការ​ផ្តួចផ្តើម​នេះ​នៅ​តែ​អាចដំណើរការ​បាន​ បន្ទាប់​ពី​ការឈប់​សម្រាក​ចុង​សប្តាហ៍​ដ៏​យូរ​នោះ។

ទោះជា​យ៉ាងណា​ ក្រុម​សកម្មជន​បរិស្ថាន​បាន​និយាយ​ថា​ នៅ​ក្នុង​ប្រទេស​ដែលមាន​ទី​ក្រុង​ចំនួន​១៣ ​ក្នុង​ចំណោម​ទីក្រុង​២០​ដែល​មាន​ការ​បំពុល​បំផុត​ក្នុង​ពិភពលោក​មួយ​នេះ វិធានការ​នៅ​ក្នុង​ទីក្រុង​ញូវ​ដេលី​តាមរយៈ​ការ​ដាក់​កំហិត​លើចំនួន​រថយន្ត​ គឺជា​ជំហាន​សំខាន់​ដំបូង​នៅ​លើ​ទិស​ដៅ​ត្រឹមត្រូវ៕

ប្រែ​សម្រួល​ដោយ នូវ ​ពៅ​លក្ខិណា

XS
SM
MD
LG