អតីតបងធំទី២នៃរបបខ្មែរក្រហម គឺនួន ជា បានអះអាងនៅថ្ងៃច័ន្ទនេះថា ការក្លាយខ្លួនជាជនកុម្មុយនីស្ដរបស់គាត់គឺដោយសារការឈឺចាប់និងការជិះជាន់ក្នុងសង្គម ហើយលោកបន្ដបកស្រាយថា ខ្មែរក្រហមគ្មានកំហុសនោះទេ។
នៅក្នុងការកាត់ក្ដីរបស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមដោយផ្ដោតលើប្រវត្តិសាវតារនៃកំណើតបក្សកុម្មុយនីស្ដកម្ពុជា អតីប្រធានសភាខ្មែរក្រហមនេះបានរៀបរាប់ថា ខ្លួនបានបណ្ដុះគំនិតតស៊ូក្រោមការជិះជាន់ពីបារាំង និងពីខ្មែរដូចគ្នាក្រោមរបបអាណានិគមនិយមបារាំង។
«ដូច្នោះហើយបានជាខ្ញុំស្អប់ខ្ពើមនូវការជិះជាន់ សង្កត់សង្កិនរបស់អាណានិគមនិយមបារាំង និងរបស់ពួកម្ចាស់ដី អ្នកមានអំណាច ជាខ្មែរដូចគ្នា»។
នៅក្នុងសវនាការ នួន ជាបានរៀបរាប់ពីការយល់ឃើញរបស់គាត់ក្នុងការចូលរួមក្នុងចលនាកុម្មុយនីស្ដដែលថា ចលនានេះនឹងជួយប្រឆាំង និងផ្ដួលរំលំនូវរបបដែលគាត់ស្អប់ខ្ពើមនោះ។
ទោះជាយ៉ាងណា នួន ជាបន្ដការរិះគន់លើប្រទេសវៀតណាមថា ប្រទេសវៀតណាមបានគ្រប់គ្រងចលនាបក្សកុម្មុយនីស្ដកម្ពុជា ហើយនួន ជាបានច្រានចោលការចោទប្រកាន់ពីបទឧក្រិដ្ឋនានាមកលើមេដឹកនាំខ្មែរក្រហម និងទាមទារឲ្យតុលាការបញ្ឈប់ការចោទប្រកាន់ទាំងនេះ។
«ដូច្នេះទម្លាក់ឧក្រិដ្ឋកម្មសង្រ្គាម សង្រ្គាមប្រល័យពូជសាសន៍ទាំងអស់នេះ(ពីព្រោះ) វាមិនមែនខ្មែរនិងខ្មែរទេ។ យួនអ្នកសម្លាប់ខ្មែរ។ កុំច្រឡំ។ កុំយល់ថា ខ្មែរក្រហមអាក្រក់ ខ្មែរក្រហមប្រល័យពូជសាសន៍ ខ្មែរក្រហមជាឧក្រិដ្ឋកម្មសង្រ្គាម។ វាអត់សោះ»។
នួន ជា និងអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបីនាក់ផ្សេងទៀត គឺ អៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេស ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម និងអៀង ធីរិទ្ធ ប្រពន្ធអៀង សារី អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ សម្រាប់សំណុំរឿង០០២។ ប៉ុន្ដែអៀង ធីរិទ្ធ មិនត្រូវតុលាការសម្រេចថា ពុំមានកាយសម្បទាគ្រប់គ្រាន់សម្រាប់ចូលរួមការកាត់ទោសនោះទេ។
អតីតជនកុម្មុយនីស្ដម៉ៅនិយមទាំងនេះបានកាន់អំណាចពីខែមេសា ឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩ ដែលមានប្រជាពលរដ្ឋកម្ពុជាស្លាប់ដោយការសម្លាប់ ដោយការបង្អត់អាហារ និងដោយពលកម្មធ្ងន់ធ្ងរ អស់យ៉ាងតិចចំនួន១,៧លាននាក់ ក្នុងអំឡុងពេលពួកគេកាន់អំណាចជិតបួនឆ្នាំនេះ។
នួន ជា ដែលមានអាយុ៨៥ឆ្នាំទៅហើយនៅឆ្នាំនេះ ធ្លាប់ចូលរួមក្នុងចលនាបក្សកុម្មុយនីស្ដនៅប្រទេសថៃ មុនមកចូលរួមដឹកនាំបក្សកុម្មុយនីស្ដកម្ពុជានៅស្រុកខ្មែរ។
នៅក្នុងចម្លើយទៅនឹងការចោទសួររបស់លោកស្រីចៅក្រម Sylvia Cartwright នួន ជាបានទទួលស្គាល់ថា ខ្លួនបានទៅរៀននយោបាយនៅប្រទេសវៀតណាមអស់រយៈពេលជាងមួយឆ្នាំក្នុងសម័យតស៊ូ មុនពេលក្រុមខ្មែរក្រហមឡើងកាន់អំណាច។ ប៉ុន្ដែបានបដិសេធថា មិនបានរៀនក្បួនសឹកពីប្រទេសវៀតណាមទេ។
អ្នកនាំពាក្យស្ថានទូតវៀតណាមធ្លាប់បានហៅសេចក្ដីអះអាងរបស់នួន ជាដែលថាវៀតណាមជាប់ពាក់ពន្ធ័នឹងការស្លាប់របស់ពលរដ្ឋកម្ពុជានោះថា គឺជាភូតកុហក។
ជនរងគ្រោះមួយចំនួន ដែលបានចូលរួមសវនាការនៅថ្ងៃនេះបានប្រតិកម្មដោយកំហឹងទៅនឹងការលើកឡើងរបស់នួន ជា ដោយសំអាងថា គាត់មិនទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ដែលបានកើតឡើង។ ដោយឡែក លោកហុង គឹមសួន មេធាវីមួយរូប តំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី មានប្រសាសន៍ថា នួន ជាមិនទាន់និយាយការណ៍ពិតនៅឡើយ៕