នៅក្នុងព្រឹត្តិការណ៍មួយដែលបិទមិនឲ្យពួកអ្នកធ្វើការខាងបណ្តាញផ្សាយព័ត៌មានចូលរួម លោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនិយាយកាលពីថ្ងៃសៅរ៍នៅក្នុងក្រុង Houston រដ្ឋ Texas ទៅកាន់អង្គការមួយដែលពួកអ្នករិះគន់ខ្លះបានពណ៌នាថាជាក្រុមមានសម្អប់មួយ។លោក Trump ថ្លែងសុន្ទរកថាទៅកាន់សន្និសីទទីមួយចាត់ចែងដោយអង្គការ Remembrance Project ដែលជាក្រុមមួយគាំទ្រគ្រួសារដែលមានសមាជិកបានត្រូវសម្លាប់ដោយពួកជនបរទេសដែលមករស់នៅក្នុងប្រទេសអាមេរិកដោយខុសច្បាប់។
លោក Trump បានជួយក្រុមនេះឲ្យទទួលការយកចិត្តទុកដាក់ក្នុងប្រទេសជាតិនៅក្នុងមហាសន្និបាតជាតិនៃគណបក្សសាធារណរដ្ឋកាលពីខែកក្កដានៅពេលដែលលោកបានផ្តល់ឲ្យសមាជិកគ្រួសារនៃពួកជនរងគ្រោះនូវឱកាសមួយដើម្បីពិភាក្សាការជួបប្រទះរបស់ពួកគេ។ ចាប់តាំងពីពេលនោះមកលោក Trump
បានជួបច្រើនដងជាមួយក្រុមនេះហើយសមាជិកនៃក្រុមនេះក៏បានចូលរួមញឹកញយក្នុងក្នុងការប្រជុំឃោសនាបោះឆ្នោតរបស់លោកដែរ។
ក៏ប៉ុន្តែអង្គការមិនគិតកម្រៃនេះមានពួកអ្នករិះគន់ដែលបានពោលអះអាងថាក្រុមនេះបានប្រើប្រាស់គ្រួសារពួកជនរងគ្រោះដើម្បីឧបត្ថម្ភផ្ចុងផ្តើម
របៀបវារៈនយោបាយប្រកបដោយភាពស្អប់ខ្ពើមរបស់ពួកគេ។
មជ្ឈមណ្ឌលច្បាប់សម្រាប់ក្រុមជនក្រីក្រក្នុងភាគខាងត្បូងស.រ.អា.ដែលភាសា
អង់គ្លេសហៅថា Southern Poverty Law Center ដែលបានឃ្លាំមើលក្រុមមានសម្អប់ បាននិយាយថាក្រុមនេះ «ជួយជំរុញរបៀបវារៈនៃចលនាមានការរៀបចំរបស់ក្រុមជនដែលកើតក្នុងប្រទេសអាមេរិកដែលខិតខំព្យាយាមបង្ហាញថាពួកជនអន្តោប្រវេសន៍ជាទូទៅជាមនុស្សអាក្រក់ទោះបីជាពួកគេមានឯកសារត្រឹមត្រូវតាមច្បាប់ឬគ្មានក៏ដោយ»៕