ក្រុមអ្នកមុជទឹកជនជាតិឥណ្ឌូនេស៊ីបានរកឃើញសាកសពមនុស្ស៦នាក់ទៀតពីបាតសមុទ្រជិតកន្លែងបិទបើកភ្លើងក្នុងជើងយន្តហោះ AirAsia Flight 8501 នៅពេលចរន្តទឹកមានសភាពស្ងប់ស្ងាត់ក្នុងរយៈពេលយូរមួយ ដែលអនុញ្ញាតឲ្យពួកគេធ្វើការរុករកនៅក្នុងកន្លែងនោះ។
សាកសពទាំងនោះត្រូវគេរកឃើញជាប់នឹងកៅអីក្នុងពេលរុករកនៅថ្ងៃព្រហស្បតិ៍នេះ។ ចរន្តទឹកខ្លាំងបានធ្វើឲ្យក្រុមអ្នកមុជទឹកមិនអាចចូលក្នុងតួយន្តហោះដែលស្ថិតនៅក្នុងបាតសមុទ្រជ្វាក្នុងជម្រៅប្រហែល៣០ម៉ែត្រ។
រហូតមកដល់ពេលនេះសាកសពចំនួន៥៩នាក់ហើយត្រូវបានរកឃើញពីយន្តហោះ AirAsia Flight 8501 ដែលបានធ្លាក់ចូលក្នុងសមុទ្រជ្វាដោយមានអ្នកជិះចំនួន១៦២នាក់ នៅពេលយន្តហោះនេះធ្វើដំណើរពីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី ដែលជាទីក្រុងធំបំផុតទីពីរនៅប្រទេសនេះទៅកាន់ប្រទេសសិង្ហបុរី។
ប្រអប់ខ្មៅរបស់យន្តហោះ ប្រអប់ថតសំឡេងពីកន្លែងអាកាសយានិក និងទិន្នន័យហោះហើរត្រូវបានរកឃើញកាលពីសប្តាហ៍មុន។ លោក Ignasius Jonan រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបាននិយាយនៅសប្តាហ៍នេះថា យន្តហោះនោះបានហោះឡើងយ៉ាងខ្ពស់លឿនខុសពីធម្មតា មុនពេលធ្លាក់ចូលក្នុងសមុទ្រជ្វា៕