ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ពិការ​ទាមទារ​ឱ្យ​គ.ជ.ប​ជួយ​សម្រួល​ក្នុង​ពេល​បោះឆ្នោត​


រូប​ឯកសារ៖ ស្ត្រី​ជន​ពិការ​ម្នាក់​បោះឆ្នោត​នៅ​វត្ត​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ (Damir Sagolj/REUTERS)
រូប​ឯកសារ៖ ស្ត្រី​ជន​ពិការ​ម្នាក់​បោះឆ្នោត​នៅ​វត្ត​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ (Damir Sagolj/REUTERS)

លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈ​កម្មការ​រៀប​ចំ​ការ​បោះឆ្នោត​បញ្ជាក់​ប្រាប់​ VOA ​ថា​ គជប​បាន​ណែនាំ​ដល់​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំង​អស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ពិការ​រួច​ហើយ។​​

ខណៈ​ដែល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​កាន់​តែ​ខិត​ចូល​មក​ដល់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) អះអាង​ថា​នឹង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ជួយ​សម្រួល​ដល់​ជន​ពិការ​ក្នុង​ការ​ចុះឈ្មោះ​ និង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។​ ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ យល់​ថា​ក្រុម​ជន​ពិការ​នៅ​តែ​ប្រឈម​នឹង​ការ​ពិបាក និង​មិន​មែន​ជា​ក្រុម​អាទិភាព​សម្រាប់​ការ​បោះឆ្នោត។​

លោក​ ងិន ​សៅ​រ័ត្ន ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជន​ពិការ​កម្ពុជា ឲ្យដឹង​ថា​ កង្វះ​ការ​ផ្សព្វផ្សាយ​ជា​ស្លាក​សញ្ញា​ដល់​ជន​ពិការ​ កង្វះ​ជម្រាល​សម្រាប់​ជន​ពិការ​ជិះ​រទេះ​ គោល​នយោបាយ​គណបក្ស​ដែល​មើលរំលង​ជន​ពិការ​ និង​ករណី​រើសអើង​ គឺ​ជា​បញ្ហា​ចម្បងៗ​ដែល​ជន​ពិការ​កំពុង​ប្រឈម​ចំពោះ​ការ​ចុះឈ្មោះ ​និង​បោះឆ្នោត​នៅ​កម្ពុជា។​

«ការរើសអើង​ដោយ​បងប្អូន​ជន​ពិការ​ដោយ​មេភូមិ​ មេឃុំ​ គាត់​ប្រើ​ពាក្យ​ថា​ ពិការ​ដៃ​ ពិការ​ជើង ពិការ​ភ្នែក​ចឹង​មិន​បាច់​ទៅ​បោះឆ្នោត​ទេ​ នាំ​តែ​ទើស​គេ​ទើស​ឯង។ ចឹង​បាន​យើងស្នើ​សុំ​កុំ​ឲ្យ​មាន​ការ​រើសអើង ដោយសារ​សន្លឹកឆ្នោត​របស់​បងប្អូន​ជន​ពិការ ​មាន​តម្លៃ​ស្មើ​សន្លឹក​ឆ្នោត​អ្នក​មិន​ពិការ​ដែរ»។​

លោក​បន្ថែម​ថា​ គ.ជ.ប​ បាន​សម្រេច​បដិសេធ​សំណើ​សុំ​បន្ថែម​ក្រឡោន​បញ្ជាក់​ពី​ជន​ពិការ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ហើយ​គ.ជ.ប ​អះអាង​ថា​ ព័ត៌មាន​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ត្រូវ​បាន​ចង​ក្រង​រួច​ហើយ​។​ លោក​ថា​អង្គការ​របស់​លោក​ កំពុង​បន្ត​ស្វែង​រក​យន្តការ​ និង​បទ​ពិសោធន៍​ល្អៗ​ពី​បណ្តា​ប្រទេស​ដទៃ​ ដើម្បី​លើក​ជា​អនុសាសន៍​ដាក់​ទៅ​គជប​បន្ថែម​ទៀត។​ ជាក់​ស្តែង​ លោកបាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ជំរុញបន្ថែម​ទៀត​ ធ្វើ​យ៉ាង​ណា​ឲ្យ​ជន​ពិការ​នៅ​កម្ពុជា​បាន​ចូលរួម​ចុះឈ្មោះ​ទាំង​អស់គ្នា។​

«យើង​ព្យាយាម​ ជួប​ជាមួយ​ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នានា​ ដើម្បី​ពន្យល់​អំពី​អត្ថប្រយោជន៍​ក្នុង​ការ​ដាក់​បញ្ចូល​[ជន​ពិការ​ក្នុង​តារាង​]។​ ទី១​ បើ​យើង​ដឹង​ថា​ក្នុង​ស្ថានីយ​មួយ​មាន​ជន​ពិការ​ភ្នែក​ប៉ុន្មាន​នាក់ ជន​ពិការ​ជិះ​រទេះ​ប៉ុន្មាន​នាក់​ ចឹង​ទៅ​វា​អាច​ងាយ​ស្រួល​ដល់​ពួកគាត់​ក្នុង​ការ​សម្រប​សម្រួល​ដល់​ពួក​គាត់​។ បើ​អត់​មាន​ទិន្នន័យ​ក្នុង​ដៃ​ វា​ពិបាក​ទាំង​គជប​ ពិបាក​ទាំង​ជន​ពិការ​ មាន​ការ​លំបាក​ពេល​គាត់​ទៅ​ មិន​ដឹង​អ្នកណា​ជា​អ្នក​ជួយ​គាត់»។​

បើ​តាមលោក​ ងិន ​សៅ​រ័ត្ន ​ជនពិការ​កម្ពុជា​រំពឹង​ថា​ គណបក្ស​នយោបាយ​នីមួយៗ ​នឹងអាច​យក​បញ្ហា​ជនពិការ​ដាក់​ចូល​ក្នុង​គោល​នយោបាយ​បក្ស​របស់​ពួកគេ។ ហើយ​ពួកគេ​ក៏​សង្ឃឹម​ផងដែរ​ថា រដ្ឋាភិបាល​ជាប់ឆ្នោត​ ​នឹង​លើក​កម្ពស់ការ​អនុវត្ត​ច្បាប់ ​និង​អនុសញ្ញា​នានាដែល​លើកកម្ពស់​សុខុមាលភាព​របស់​ជន​ពិការ​នោះ​។

លោក ហង្ស​ ​ពុទ្ធា អ្នកនាំពាក្យគណៈកម្មការ​ជាតិ​រៀបចំការបោះឆ្នោត​នៅក្នុងពិភាក្សាទាក់ទងនឹងនីតិវិធីចុះឈ្មោះបោះឆ្នោត ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
លោក ហង្ស​ ​ពុទ្ធា អ្នកនាំពាក្យគណៈកម្មការ​ជាតិ​រៀបចំការបោះឆ្នោត​នៅក្នុងពិភាក្សាទាក់ទងនឹងនីតិវិធីចុះឈ្មោះបោះឆ្នោត ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈ​កម្មការ​រៀប​ចំ​ការ​បោះឆ្នោតបញ្ជាក់​ប្រាប់​ VOA ​ថា​ គជប​ បាន​ណែនាំ​ដល់​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំង​អស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ពិការ​រួច​ហើយ។

«ទី១​ផ្តល់​អាទិភាព​ ឲ្យ​គាត់​បាន​ចូល​មុន​។ ទី​២​ ផ្តល់​អន្តរាគមន៍​បើ​សិន​ជា​ មាន​ការ​ចាំ​បាច់​។ ទី៣​ រៀបចំ​ជម្រាល​ តាម​ដែល​អាច​ធ្វើ​បាន​ឲ្យ​គាត់​ងាយ​ជិះ​រទេះ​ឡើង​ចុះ​។ ទី៤​ គជប​ ក៏​បាន​បង្កើត​ចន្លោះ​ ​សម្រាប់​ការ​បោះ​ឆ្នោត​អ្នក​ពិការ​នឹង​អាច​ស្ទាប​ ហើយ​គូស​គាំ​ទ្រ​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត​បាន​»។​

យ៉ាង​ណា​ក៏​ដោយ​ លោក ​គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្រែ្វល​ ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ឲ្យ​ដឹង​ថា កន្លង​មក​រដ្ឋាភិបាល និង​គជប​ អះអាងថា​នៅ​មាន​ការ​ខ្វះ​ខាត​ធន​ធាន ថវិកា​ សម្ភារៈ​នានា​ដើម្បី​រៀប​ចំ​ការ​ចុះឈ្មោះ​និង​បោះ​ឆ្នោត​ជូនជន​ពិការ​។ ក៏​ប៉ុន្តែ​លោក​ គល់ បញ្ញា​យល់​ថា​ ​រដ្ឋាភិបាល​ និង​គជប​ ​ ទំនង​ជា​ខ្វះ​ឆន្ទៈ​ និង​ខ្វះ​ការ​ទទួល​ស្គាល់​សារៈសំខាន់​នៃ​ការ​ចូលរួមជន​ពិការច្រើន​ជាង​។ ​

«ការ​បោះឆ្នោត​ភាគ​ច្រើន​ គេ​គិត​គូរ​តែ​អ្នក​ភាគ​ច្រើន​ ខ្វះ​ការ​គោរព​ក្រុម​ភាគ​តិច​ គិត​ថា​ក្រុម​ភាគ​តិច​ គិត​ថា​សំឡេង​មិន​គ្រប់​គ្រាន់​ មិន​មាន​ឥទ្ធិពល​អ្វី​លើ​លទ្ធផល​បោះ​ឆ្នោត​ គេ​ទុក​គាត់​ចោល។​ តាម​ពិត​គិត​ចឹង​ យើង​ខ្វះ​មនុស្ស​ធម៌​ខាង​នយោបាយ​»។​

​លោក​ គល់​ បញ្ញា​ បញ្ជាក់​ថា​ រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ធានា​ថា​ក្រុម​ភាគ​តិច​ ទាំង​ជន​ពិការ​ និង​ជនជាតិ​ភាគតិច​ជាដើម អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឲ្យ​បាន​ពេញ​លេញ​។

បើ​តាម​ទិន្នន័យ​របស់​ក្រសួង​សង្គមកិច្ច ឲ្យ​ដឹង​ថា​ ជន​ពិការនៅកម្ពុជា​មាន​ជាង ​៥០ម៉ឺន​នាក់​គិត​ត្រឹម​ចុង​នៅ​ឆ្នាំ​ ២០១៥។​ រីឯរបាយការណ៍​របស់ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ADB ​ជន​ពិការ​នៅ​ប្រទេស​កម្ពុជា ​ទាំង​ជន​ពិការ​កាយសម្បទា​ និងពិការ​ផ្នែក​ស្មារតី​មាន​ប្រមាណ​ជា​១០ ​ទៅ​១៥​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប៕

XS
SM
MD
LG