សេតវិមានបានចេញបញ្ជាឲ្យឯកអគ្គរដ្ឋទូតអាមេរិកទាំងអស់ដែលត្រូវបានជ្រើសតាំងដោយប្រធានាធិបតីត្រូវលាលែងពីតំណែងមុនថ្ងៃស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។
អ្នកនាំពាក្យក្រសួងការបរទេសលោក John Kirby បានថ្លែងថា៖ «នេះគឺជារឿងធម្មតានោះទេ ហើយវាជាការអនុវត្តដូចសព្វដង»។ ហើយលោកបានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតដែលជាសមាជិកភ្នាក់ងារតាំងតែងគោលនយោបាយ U.S Foreign Service ដែលមានប្រមាណ៧០ភាគរយនៃប្រេសិតពិសេសកំពូលៗរបស់អាមេរិកដែលបំពេញការងារនៅក្រៅប្រទេស មិនត្រូវបានស្នើឲ្យលាលែងពីតំណែងនោះទេ។
ឯកអគ្គរដ្ឋទូតដែលត្រូវបានជ្រើសតាំងដោយប្រធានាធិបតីចាស់ត្រូវលាលែងពីតំណែង ដោយសារតែពួកគេតំណាងឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Barack Obama ដែលជិតផុតអាណត្តិ នេះបើយោងតាមលោក Ronald Neumann ប្រធានបណ្ឌិតសភាការទូតរបស់អាមេរិក។
លោក John Kirby អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថា៖«អ្នកដែលត្រូវបានជ្រើសតាំងដោយប្រធានាធិបតីអាណត្តិចាស់ មិនអាចកាន់តំណែងហួសថ្ងៃស្បថចូលកាន់តំណែងរបស់រដ្ឋបាលថ្មីនោះទេ»៕