ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ​បក្ស​ប្រឆាំង​​​ប្រើ​សារ​នយោបាយ​ជាន់​គ្នា​ដើម្បី​រក​សំឡេងឆ្នោត


លោក​អ៊ូ វីរៈ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​​កម្ពុជា​ក្នុងក្មវិធី Hello VOA​
លោក​អ៊ូ វីរៈ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​​កម្ពុជា​ក្នុងក្មវិធី Hello VOA​

គណបក្ស​នយោបាយ​ដែល​មិន​កាន់​អំណាច​ច្រើន​តែ​ប្រើប្រាស់​សារ​នយោបាយ​ជាន់​គ្នា​ដែល​នាំ​ឱ្យ​បែក​សំឡេង​គាំទ្រ​ ប៉ុន្តែ​មិន​បាន​យក​ចិត្ត​ទុកដាក់​ដល់​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ដែល​ជា​ក្តី​កង្វល់​ពិត​ប្រាកដរបស់​អ្នកបោះឆ្នោត​ហើយ​អាច​ទាញ​សំឡេង​ពី​គណបក្ស​កាន់​អំណាច​បាន។​

លោក​អ៊ូ វីរៈ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ ​VOA ​ប្រចាំ​ខែ​កាលពី​ថ្ងៃ​ច័ន្ទថា​ ​ការប្រើ​ប្រាស់​សារ​នយោបាយ​បំផុស​គំនិតជាតិ​និយម​និង​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បាន​គណបក្ស​នយោបាយពុះ​ច្រៀក​ចែក​គ្នា​ជាច្រើន​ដែល​ជា​កត្តា​រារាំង​មិន​ឱ្យ​ពួកគេ​ឈ្នះ​គណបក្ស​កាន់​អំណាច​បាន។​

ក្នុង​ពេល​កន្លង​មក​ថ្មីៗ​នេះ​មាន​លេច​ចេញ​នូវ​ព័ត៌មាន​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​មាន​គំនិត​ចង់​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ទៀត​សម្រាប់​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ ​ហើយ​លោក​វីរៈ​ក៏សង្កេត​ឃើញ​ថា ​គណបក្ស​នយោបាយថ្មី​ដែល​អាច​នឹង​បង្កើត​ឡើង​នេះគឺមិនមាន​សារ​នយោបាយ​ណា​ដែល​ខុស​គ្នា​នឹង​គណបក្ស​ប្រឆាំង​នា​ពេល​បច្ចុប្បន្ននេះនៅ​ឡើយទេ។​

លោក​បាន​បន្ថែម​ថា៖​

«មក​ដល់​ពេល​នេះ​ ខ្ញុំ​អត់​ទាន់​ឃើញ​មាន​សារ​ណា​ដែល​គាត់​អាច​ទាក់ទាញ​អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​នៅឡើយ​ទេ​ ដោយ​សារ​តែ​សារ​របស់​គាត់​ស្រដៀង​នឹង​គណបក្ស​សង្គ្រោះ​ជាតិអី​អញ្ចឹង​ យើង​រំពឹង​ចាំ​មើល​សិន»។​

ប៉ុន្តែ​លោកវីរៈយល់​ថា ​ក្នុង​ករណី​ដែល​មាន​គណបក្ស​ថ្មី​ត្រូវ​បង្កើត​ឡើង​គឺ​វា​«ជា​សារ​ដាស់​តឿន​សំខាន់​បំផុត​ដល់​គណបក្ស​សង្គ្រោះជាតិ» ​ដែល​តម្រូវ​ឱ្យ​គណបក្ស​នេះ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ច្រើន។ ​លោក​យល់​ថា​ គណបក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​ធ្វើ​ការ​សម្រេច​ចិត្ត​តែ​អ្នក​ដឹកនាំ​ពីរ​នាក់​ ដោយ​មិន​បាន​ធ្វើ​ឡើង​ជាក្រុម​ ហើយ​រមែង​តែង​មាន​ការ​ឈ្លោះគ្នា​និងអាច​ឈាន​ទៅ​បែក​បាក់​គ្នា​ផង​ដែរ។​

លោក​យល់​ថា​ បើ​គណបក្ស​ថ្មី​ប្រើ​ប្រាស់​គោល​នយោបាយ​ជ្រុល​និយម​គឺ​អាច​នឹង​ទាក់​ទាញ​បាន​តែ​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ដែលមាន​និន្នាការ​ជ្រុល​និយម​ឱ្យ​មក​គាំទ្រ​គណបក្ស​ថ្មី​នេះ​បាន។​

លោក​អ៊ូ វីរៈ​បាន​បញ្ជាក់​ថា៖​

«ជា​ទូទៅ​គណបក្ស​ពីរ​ណា​ដែល​ស្រដៀង​គ្នា​គឺ​នឹង​បែក​សំឡេង​ ហើយ​នឹង​ខាត​អាសនៈ ​ដោយសារ​រូបមន្ត​របស់​យើង​គឺ​ចំណេញ​ដល់​គណបក្ស​ធំ»។​

ប៉ុន្តែ​លោក​យល់​ថា​ បើគណបក្ស​ថ្មីនោះប្រើ​ប្រាស់​គោល​នយោបាយ​កណ្តាល​អាច​នឹង​ទាក់​ទាញ​បាន​ទាំង​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​និង​សមាជិក​ខ្លះ​នៃ​គណបក្ស​កាន់​អំណាច ​ដោយ​សារ​តែ​មានអ្នក​គាំទ្រ​បក្ស​កាន់​អំណាច​មួយ​ចំនួន​មាន​ការ​ធុញទ្រាន់​ ហើយ​ជា​អ្នក​ជំនួញ​ធុន​កណ្តាល​ដែល​ត្រូវ​ការ​ឱកាស​ធ្វើ​ការ​ប្រកប​របរ​ទទួល​ទាន​ដោយ​សុខ​ស្រួល។​

លោក​បាន​បន្ថែម​ថា៖​

«តាម​ខ្ញុំ​ដឹង​មន្ត្រី​គណបក្ស​ប្រជាជន​ជាច្រើន​និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ជាច្រើន​គាត់​តឹង​ទ្រូង​ មិន​សប្បាយចិត្ត​នឹង​ការ​ដឹកនាំ​ប្រទេស​ផង​ដែរ​ ប៉ុន្តែ​គាត់​មើល​ជម្រើសមួយ ​ជម្រើ​ស​គណបក្សប្រឆាំង​គាត់​អាច​ចាត់​ទុក​ថា​ ជ្រុល​ពេក​ដែល​អាច​ធ្វើ​ឱ្យ​ អាច​បង្ក​អស្ថិរភាព ​ឬ​មួយ​ក៏​អាច​ដូរ​ក្រឡាប់​ចាក់​ទាក់​ទង​នឹង​ការ​រកស៊ី​របស់​គាត់។​ អញ្ចឹង​ជាការ​ព្រួយ​បារម្ភ​របស់​គាត់​មួយ​ដែរ»។​

យ៉ាង​ណា​ក៏ដោយ​ លោក​អ៊ូ វីរៈយល់​ថា​ សារ​នយោបាយ​ដែល​ទាក់​ទាញ​សម្រាប់​អ្នក​បោះឆ្នោត​គឺ​សន្តិសុខ ​ផ្លូវ​ថ្នល់​ សំណង់​អគារ ​ភ្លើង​អគ្គិសនី ​វត្ត​អារ៉ាម ​ការធ្វើ​ឱ្យ​មាន​មោទនភាព​ជាតិ។​

ការបោះឆ្នោត​ជាតិ​កាលពី​ថ្ងៃ​អាទិត្យ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​បាន​ផ្តល់​ជោគជ័យ​ដល់​គណបក្ស​នយោបាយ​ពីរ​ ឱ្យ​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ៕

XS
SM
MD
LG