របបផ្តាច់ការនៅជុំវិញពិភពលោកកើតចេញពីការជិះជាន់សង្កត់សង្កិនប្រជាពលរដ្ឋរបស់ខ្លួន ដោយការបង្កើនការត្រួតត្រាលើពួកសកម្មជន និងអង្គការសង្គមស៊ីវិលដែលអាចគំរាមកំហែងដល់អំណាចរបស់ពួកគេ។ នេះបើយោងតាមរបាយការណ៍សិទ្ធិមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០១៥ដែលបានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញ។
នៅក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់ខ្លួនដែលស្ថិតក្នុងឆ្នាំទី៤០នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា «នៅឆ្នាំ២០១៥ ការបង្ក្រាបជាសាកលដោយពួករដ្ឋផ្តាច់ការទៅលើអង្គការសង្គមស៊ីវិលកាន់តែខ្លាំងឡើង ដោយការបំបិទមាត់សំឡេងឯករាជ្យ បន្ថយឱកាសក្នុងការចូលរួមខាងនយោបាយ ហើយនិងបិទការផ្លាស់ប្តូរដោយសន្តិវិធី។
របាយការណ៍ដដែលនេះ បានប្រាប់ឲ្យដឹងទៀតថា «រដ្ឋាភិបាលផ្តាច់ការបានបង្ក្រាបអង្គការសង្គមស៊ីវិលពីព្រោះតែពួកគេ ភ័យខ្លាចការពិនិត្យជាសាធារណៈហើយមានអារម្មណ៍ថា បានទទួលរងការគំរាមកំហែងពីពលរដ្ឋដែលរួបរួមគ្នាក្នុងវិធីដែលពួកគេ មិនអាចត្រួតត្រាបាន។
ក្រសួងការបរទេសអាមេរិក បានជ្រើសរើសរដ្ឋាភិបាលមួយចំនួនសម្រាប់ធ្វើការរិះគន់ចំពោះអ្វីដែលក្រសួងការបរទេសអាមេរិក បានពណ៌នាថា ជារបបផ្តាច់ការមានលក្ខណៈប្រវត្តិសាស្រ្ត។ រដ្ឋាភិបាលទាំងនេះរួមមានរដ្ឋាភិបាលកូរ៉េខាងជើង គុយបា ចិន អ៊ីរ៉ង់ ស៊ូដង់ និងប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)។ របាយការណ៍នេះ ក៏បានប្រកាសប្រឆាំងពួកភេរជនរដ្ឋឥស្លាមចំពោះការវាយប្រហារដ៏ព្រៃផ្សៃទៅលើជនស៊ីវិលផងដែរ។
ដោយឡែកទាក់ទងប្រទេសកម្ពុជាវិញ របាយការណ៍សិទ្ធិមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជានៅតែបន្តរំលោភសិទ្ធិមនុស្សរួមមានការយកប្រព័ន្ធតុលាការឲ្យស្ថិតនៅក្រោមគំនាបនយោបាយ ហើយនិងធ្វើឲ្យគ្មានប្រសិទ្ធិភាព បង្កើតការរឹតត្បិតលើសេរីភាពនៃការនិយាយស្តី ការជួបប្រជុំ ហើយនិងការបង្កើតសមាគម ហើយបានប្រើប្រាស់អំពើហិង្សា និងការគំរាមកំហែងដាក់គុកដើម្បីបំភិតបំភ័យពួកប្រឆាំង។
បញ្ហាសិទ្ធិមនុស្សផ្សេងទៀត រួមមានការបន្តរំលោភធ្វើបាបអ្នកទោស ការរឹតត្បិតសារព័ត៌មាន ការខកខានមិនបានផ្តល់សិទ្ធិដល់អ្នកសុំសិទ្ធិជ្រកកោន ការរាលដាលនៃអំពើពុករលួយហើយនិងការជួញដូរមនុស្ស៕