ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​គ្រោង​ផ្ដល់​ជំនួយ​ដល់​កូរ៉េ​ខាង​ជើង ទោះបីជា​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ក៏​ដោយ


អ្នក​នាំ​ពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក Baik Tae Hyun ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧។
អ្នក​នាំ​ពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក Baik Tae Hyun ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​មាន​គម្រោង​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ក្នុង​ទឹក​ប្រាក់ ៨ លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង ទោះបីជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In ទំនងជា​គាំទ្រ​យ៉ាង​ដិតដល់​ចំពោះ​វិធានការ​តឹងរ៉ឹង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ឲ្យ​លះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក Baik Tae Hyun បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ «វា​ជា​គោល​ជំហរ​ជា​មូលដ្ឋាន​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ការ​បន្ត​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​កុមារ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​នានា ដោយ​មិន​គិត​អំពី​ស្ថានការណ៍​នយោបាយ​បែប​ណា​នោះ​ទេ»។

ចាប់​តាំង​ពី​លោក Moon Jae In បាន​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​មក លោក​បាន​ប្រើ​យុទ្ធសាស្ត្រ​ពីរ​ក្នុង​ពេល​តែ​មួយ គឺ​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង ដើម្បី​ធ្វើ​ឲ្យ​ភាព​តានតឹង​មាន​លក្ខណៈ​ធូរស្រាល​បន្តិច​ម្ដងៗ។

ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ការពារ​គម្រោង​ជំនួយ​មនុស្សធម៌​របស់​ខ្លួន​ថា​មិន​ជាប់​ទាក់ទង​ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម និង​សម្ពាធ​នោះ​ទេ ហើយ​ជំនួយ​នេះ​គឺ​ត្រូវការ​ដើម្បី​ជួយ​ជនជាតិ​កូរ៉េ​ខាង​ជើង​ដែល​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ ហើយ​នឹង​កាន់តែ​ដុនដាប​ថែម​ទៀត​ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។

កូរ៉េ​ខាង​ត្បូង​មាន​គម្រោង​ផ្ដល់​ជំនួយ​ចំនួន ៤ លាន ៥ សែន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ដល់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ផ្ដល់​ជំនួយ​ជា​ស្បៀង​អាហារ​ដល់​មន្ទីរពេទ្យ​នានា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង និង​ជំនួយ​ចំនួន ៣ លាន ៥ សែន​ដុល្លារ​អាមេរិក​ទៅ​ដល់​អង្គការ UNICEF ដើម្បី​ផ្ដល់​ថ្នាំ​ពេទ្យ និង​អាហារូបត្ថម្ភ​ជួយ​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ៕

XS
SM
MD
LG