នៅថ្ងៃចន្ទនេះ យោធាសហរដ្ឋអាមេរិកបានធ្វើការហោះហើរយន្តហោះទម្លាក់គ្រាប់បែកកម្រិតខ្ពស់ និងយន្តហោះចម្បាំងសម្ងាត់ពីលើឧបទ្វីបកូរ៉េ និងនៅជិតប្រទេសជប៉ុន នៅក្នុងសមយុទ្ធជាមួយនឹងយន្តហោះចម្បាំងកូរ៉េខាងត្បូង និងជប៉ុន ដែលការធ្វើសមយុទ្ធនេះបានធ្វើឡើងក្នុងរយៈពេល ៣ ថ្ងៃ ក្រោយមកបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលហោះកាត់ពីលើប្រទេសជប៉ុន។
យន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូង បានហោះកាត់ឧបទ្វីបកូរ៉េ និងហាត់សមការវាយប្រហារដោយបញ្ចេញនូវអាវុធពិតៗនៅឯកន្លែងហាត់សមក្នុងប្រទេសកូរ៉េខាងត្បូង។ យន្តហោះចម្បាំងអាមេរិកក៏ធ្វើការហ្វឹកហាត់ជាមួយនឹងយន្តហោះចម្បាំងជប៉ុនលើដែនទឹកជិតកោះ Kyushu ភាគខាងត្បូងប្រទេសជប៉ុនផងដែរ។ នេះបើតាមការបញ្ជាក់របស់ទីបញ្ជាការសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន។
សហរដ្ឋអាមេរិកជារឿយៗបញ្ជូនយន្តហោះយោធាដ៏មានឥទ្ធិពលទៅធ្វើសមយុទ្ធជាមួយនឹងកូរ៉េខាងត្បូង និងជប៉ុន ដើម្បីបង្ហាញពីកម្លាំងរបស់ខ្លួន នៅចំពេលដែលមានភាពតានតឹងជាមួយនឹងកូរ៉េខាងជើង។ កូរ៉េខាងជើងបានបាញ់មីស៊ីលរបស់ខ្លួនកាលពីថ្ងៃសុក្រកន្លងទៅនេះ ដើម្បីជាការតវ៉ាប្រឆាំងនឹងការដាក់ទណ្ឌកម្មតឹងតែងរបស់អង្គការសហប្រជាជាតិលើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៦ របស់ខ្លួនកាលពីថ្ងៃទី ៣ ខែកញ្ញាកន្លងទៅនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បានដកស្រង់សម្ដីរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ដែលបាននិយាយថា គោលបំណងចុងក្រោយរបស់កូរ៉េខាងជើងគឺធ្វើយ៉ាងណាឲ្យកម្លាំងពិតប្រាកដរបស់កូរ៉េខាងជើងមានតុល្យភាពជាមួយនឹងកម្លាំងរបស់សហរដ្ឋអាមេរិក និងធ្វើឲ្យសហរដ្ឋអាមេរិកញញើតក្នុងការនិយាយអំពីជម្រើសយោធាដែលនឹងប្រើប្រឆាំងនឹងកូរ៉េខាងជើង៕