ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សុខាភិបាល​ថា ហានិភ័យ​ទាប​នៅ​សង្កាត់​បឹងកេងកង​ទី១ ​ខណៈ​ពលរដ្ឋ​បារម្ភ​ឆ្លង​វីរុស​កូរ៉ូណា


រូបឯកសារ៖ ស្ត្រីពីរនាក់ពាក់ម៉ាស់ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ស្ត្រីពីរនាក់ពាក់ម៉ាស់ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ខណៈ​ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា នៅ​សង្កាត់​បឹងកេង​កង​ទី១ រាជធានី​ភ្នំពេញ មន្រ្តី​ក្រសួង​សុខា​ភិបាល ​បញ្ជាក់​ថា ​តំបន់​នេះ​មាន «ហានិភ័យ​ឆ្លង​ទាប»​ ក្រោយ​ក្រសួង​បាន​យក​ប្តី​ប្រពន្ធ​ពីរ​នាក់​ដែល​ផ្ទុក​វីរុស​កូរ៉ូណា​ទៅ​ព្យាបាល ​និង​យក​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ទៅ​ធ្វើ​តេស្ត​រក​មេរោគ។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា​ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​ ប្តី​ប្រពន្ធ​ពីរ​នាក់ ​ប្រពន្ធ​ជា​ជនជាតិ​វៀត​ណាម​និង​ប្តី​ជា​ជនជាតិ​កាណាដា​ ដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​អាផាតមិន​មួយ ​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី១​ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ​១៩។​

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ​ប្រាប់​ VO A​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្រសួង​បាន​ធ្វើ​តេស្ត​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ថា ​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។​ លោក​បន្ថែម​ថា​ ស្ថានភាព​នៅ​សង្កាត់​បឹង​កេងកង​ទី១ ​រហូត​មក​ដល់​ពេល​នេះ មាន​«ហានិភ័យ​ទាប»​ ដោយ​សារ​មិន​ទាន់​មាន​ករណី​វិជ្ជមាន​លើ​អ្នក​ពាក់ព័ន្ធ​ណា​ម្នាក់​នៅ​ឡើយ។​

«យើង​បាន​យក​អ្នក​ជំងឺ​ហ្នឹង​ យក​ទៅ​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចាក់​អង្រែ​អស់​ហើយ​ ពីរ​នាក់​ហ្នឹង​ប្តី​ប្រពន្ធ​របស់​គាត់​ហ្នឹង។​ ហើយ​អ្នក​ប៉ះពាល់​ទាំងអស់ ​ក៏​យើង​បាន​យក​មកធ្វើ​តេស្តហើយ​រហូត​មក​ដល់​ពេល​នេះ។ ​អ្នកខ្លះ​ក៏​បាន​លទ្ធ​ផល​អវិជ្ជមាន ​ហើយ​អ្នកខ្លះ​ទៀត​រង់​ចាំ​លទ្ធ​ផល​ ហើយ​ពួក​គាត់​គ្មាន​ពី​ណា​គេ​មាន​រោគ​សញ្ញា​អី​ទេ។ ​អ៊ីចឹង​ហានិភ័យ​ទាប​ណាស់​នៅ​តំបន់​នោះ»។​

លោក​បន្ថែម​ថា ​បើ​ទោះ​ហានិភ័យ​ទាប​ លោក​នៅ​តែ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ទាំង​នៅ​សង្កាត់​បឹងកេងកង​ទី១​ និង​នៅ​ទូទាំង​ប្រទេស ​រក្សា​អនាម័យ ​រក្សា​គម្លាត ​និង​កុំ​ចេញ​ក្រៅ​ផ្ទះ​ បើ​មិន​ចាំ​បាច់។​

លោក​ស្រី ​ប្រាក់ ម៉ាលី​ ចៅ​សង្កាត់​បឹង​កេង​កង​ទី១ ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ អ្នក​ពាក់ព័ន្ធ​ចំនួន ​២៨​នាក់ ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩​ បន្ទាប់​ពី​ជន​បរទេស​២​នាក់​ក្នុង​អាផាតមិន​នោះ ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​សួត​ប្រភេទ​ថ្មី​នេះ។​

«បុគ្គលិក​នៅ​ធ្វើ​ការ​ក្នុង​ហ្នឹង​ អ្នក​បោស​សម្អាត និង​អ្នក​ដែល​មើល​ថែ​ក្នុង​ហ្នឹង​ អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ហ្នឹង​មេការ​អី​ គេ​យក​ទៅ​ធ្វើ​តេស្ត​អស់​ហើយ ​អត់​មាន​ឆ្លង​ទេ»។​

ចៅ​សង្កាត់​បឹងកេងកង​ទី១​រូប​នេះ ​បន្ថែម​ថា ​ក្រសួង​ក៏​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​សង្កាត់​បឹងកេងកង​ទី១​ផង​ដែរ។​

ក្រសួង​អប់រំ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង ​ដោយ​ណែនាំ​មន្រ្តី​ក្រសួង​អប់រំ​ និង​សិស្សានុសិស្ស​ ប្រុង​ប្រយ័ត្ន​និង​ចៀស​វាង​ការ​ទទួល​ទាន​អាហារ ​និង​ប្រាស្រ័យ​ទាក់ទង​ជិត​ស្និទ្ធ​សង្កាត់​បឹងកេងកង​ទី១ ​សិន។​ ប៉ុន្តែ​ក្រោយ​មក​សារ​នោះ​ត្រូវ​បាន​លុប​ចេញ​វិញ ដោយ​មិន​ដឹង​មូលហេតុ។​

VOA ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ហង់ ជួន ណារ៉ុន​ រដ្ឋមន្រ្តី​ក្រសួង​អប់​រំ និង​អ្នកនាំពាក្យ​លោក​ រស់ សុវាចារ​ និង​លោក ​ឌី ខាំបូលី​ បាន​ទេ។​

ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​អំពី​ការ​ឆ្លង​ និង​សារ​របស់​ក្រសួង​អប់រំ​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ម្តុំ​សង្កាត់​បឹងកេងកង​ទី ១​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ។​

លោក ​សាមុត ប៊ុនធឿន​ សន្តិសុខ​យាម​ឱសថស្ថាន​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ​២០០​ម៉ែត្រ​ពី​អាផាតមិន​ដែល​ប្តី​ប្រពន្ធ​បរទេស​ពីរ​នាក់​នោះ​ស្នាក់​នៅ​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ម៉ោង​ប្រមាណ​ជា​៣​រសៀល ​ថ្ងៃ​ទី​១៣ ​ខែ​មេសា​ លោក​ឃើញ​មាន​ឡាន​ពេទ្យ​មក​ដឹក​យក​អ្នក​ជំងឺ​ និង​មាន​អ្នក​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​អាផាតមិន​នោះ។​ បុរស​ជាបុគ្គលិក​សន្តិសុខ ​វ័យ​២៩​ឆ្នាំ​រូប​នេះ ​បន្ថែម​ថា​ ក្រោយ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ​នៅ​សង្កាត់​បឹង​កេងកង​ លោក​បង្កើន​ការ​ការពារ​បន្ថែម​ទៀត។​

«ព្រឹក​ឡើង​យើង​ងូត​ទឹក​ឲ្យ​ស្អាត​អី​អ៊ីចឹង​ទៅ។ ​យើង​ត្រូវ​លាង​ដៃ​នឹង​សាប៊ូ​ឲ្យ​ស្អាត ណា​មួយ​យើង​ងូត​ទឹក​ដុស​សាប៊ូ​ឲ្យ​ស្អាត។ គេ​ប្រាប់​យើង​អ៊ីចឹង​ឲ្យ​យើង​លាង​ជាមួយ​អាល់កុល​ឲ្យ​ស្អាត»។

ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយ​សារបារម្ភ​ពី​សុវត្ថិភាព​ អ្នក​លក់​ផ្លែ​ឈើ​ម្នាក់​ក្នុង​ផ្សារ​បឹង​កេង​កង​មាន​ប្រសាសន៍​ថា ​អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ និង​បង្កើន​ការ​ការពារ​ជាង​មុន​បន្ទាប់​ពី​ឮ​ថា ​មាន​អ្នក​ឆ្លង​នៅ​សង្កាត់​បឹង​កេង​កង​ទី១។

«ខ្ញុំ​ភ័យ​បាន​ដេក​អត់​លក់​ហ្នឹង។​ ណា​កូន​ ណាមួយ​គេ​ថា​អ្នក​នៅ​ក្នុង​ផ្សារ​ហ្នឹង​កើត​តែ​ម្តង។​ តាម​ពិត​អ្នក​នៅ​ក្នុង​ផ្សារ​សួរ​ទៅ​ អត់​មាន​អ្នក​ណា​ដឹង​អី​ទាំង​អស់។​ យើង​ប្រុង​ប្រយ័ត្ន​ទៅ។ ​ យើង​មាន​ទឹក​អាល់​កុល​អី​បាញ់​ដែរ។​ យើង​អ្នក​លក់​យើង​ត្រូវ​តែ​ត្រៀម។​ ត្រៀម​អាល់​កុល ត្រៀម​ម៉ាស​អី​អ៊ីចឹងទៅហើយ​ ពេល​ណា​បរទេស​ទិញ​អី​អ៊ីចឹង​ទៅ​ យើង​អត់​ទទួល​លុយ​នឹង​ដៃ​ទេ។​ យើង​ត្រូវ​យក​កញ្ច្រែង ​ឬ​ថាស​ជញ្ជីង​ដាក់​លុយ។​ ហើយ​យើង​អាប់​លុយ​ឲ្យ​គេ​ទៅ​ ចាំ​គេ​ទៅ​ផុត​យូរ​ទៅ​ចាំ​យើង​យក​លុយ​ហ្នឹង​មក»។

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​ កម្ពុជា​មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប​ចំនួន ​១២២​នាក់។ ​ក្នុង​នោះ​មានអ្នក​ជា​សះស្បើយ​ចំនួន ​៩៨​នាក់ ​និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ២៤​នាក់។​ នៅ​រាជធានី​ភ្នំពេញ​មាន​អ្នក​ឆ្លង​សរុប​ចំនួន ​២៨​នាក់។​ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខា​ភិបាល។

កាល​ពី​ថ្ងៃ​ច័ន្ទ​លោក ​ម៉ម ប៊ុនហេង ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ​ករណី​ឆ្លង​នៅ​ភ្នំពេញ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ អាច​ជា​ការ​ឆ្លង​ទៅ​សហគមន៍​ទ្រង់​ទ្រាយ​តូច៕​

XS
SM
MD
LG