មេដឹកនាំរងក្រុមហេសបូឡា (Hezbollah) លោក Naim Kassem បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅលីបង់នេះត្រៀមខ្លួនរួចរាល់ហើយដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែលហើយកំពុងត្រៀមលក្ខណៈសម្រាប់សង្គ្រាមរយៈពេលវែង។
ការថ្លែងរបស់លោក Kassem តាមកញ្ចក់ទូរទស្សន៍នេះបានធ្វើឡើងក្នុងពេលប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មេដឹកនាំដ៏យូរមកហើយរបស់ក្រុមហេសបូឡាលោក Hassan Nasrallah។
លោក Kassem បាននិយាយថា ក្រុមហេសបូឡានឹងតែងតាំងមេដឹកនាំថ្មីក្នុងពេលឆាប់ៗខាងមុខនេះ។
កាលពីព្រឹកថ្ងៃចន្ទ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានត្រូវចំអគារស្នាក់នៅមួយកន្លែងនៅក្នុងរដ្ឋធានីបេរូតនៃប្រទេសលីបង់។ នេះគឺជាការវាយប្រហារលើកដំបូងរបស់អ៊ីស្រាអែលនៅក្នុងទីក្រុងបេរូតតាំងពីពេលដែលការប្រយុទ្ធគ្នាឆ្លងព្រំដែនបានផ្ទុះឡើងរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាកាលពីជិតមួយឆ្នាំមុនមក។
ក្រុមរណសិរ្សប្រជានិយមដើម្បីរំដោះប៉ាឡេស្ទីន (Popular Front for the Liberation of Palestine) ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហារកាលពីថ្ងៃចន្ទបានសម្លាប់សមាជិករបស់ខ្លួនយ៉ាងតិច ៣ នាក់៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។
វេទិកាបញ្ចេញមតិ