ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​បឹង​កក់​សុំ​ព្រះរាជ​អន្តរាគមន៍​ដោះលែង​អ្នក​ស្រី​យ៉ោម​ បុប្ផា

  • ហេង រស្មី

តុលាការ​កំពូល​តម្កល់​សាល​ដិកា​សាលា​ឧទ្ទរណ៍​​មិន​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ជា
ដោយ​ ហេង រស្មី
រាជធានីភ្នំពេញ
ក្រុម​អ្នក​ភូមិបឹងកក់​និង​អ្នក​ភូមិ​បុរី​កីឡា​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​មក​ប្រមូល​ផ្តុំគ្នា​ដាក់​ញត្តិ​ថ្វាយ​ព្រះ​មហា​ក្សត្រ​និង​សម្តេច​ម៉ែ​ដើម្បី​ឱ្យជួយ​អន្តរាគមន៍​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ជា​សកម្មជន​ការ​ពារ​ដី​ធ្លី​បន្ទាប់​ពី​ពួកគេ​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។​
ក្រុម​អ្នក​តវ៉ា​បាន​ពាក់​រូបថត​អ្នក​ស្រី​យ៉ោម បុប្ជា​នៅ​លើ​ក្បាល​និង​មាន​កាន់​បដា​ដើម្បី​ទទូច​ដល់​ព្រះ​ករុណា​សម្តេច​ព្រះ​នរោត្តម​សីហមុនី​និង​សម្តេច​ម៉ែ​នរោត្តម ​មុន្នី​នាថ​សីហនុ​ស្តេច​ជួយ​អន្តរាគមន៍​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ជា។​

ការ​តវ៉ា​នេះ​មិនមាន​ការ​ប៉ះ​ទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខ្លាំង​ក្លា​ដូច​លើក​មុនៗ​ទេ​ហើយ​ក្រុម​សមត្ថកិច្ច​គ្រាន់​តែ​បាន​បញ្ជា​ឱ្យក្រុម​អ្នកតវ៉ា​នៅ​ឱ្យឆ្ងាយ​ពី​ព្រះ​បរម​រាជ​វាំងតែ​ប៉ុណ្ណោះ​ដើម្បី​កុំឱ្យ​ពួកគេ​ឈរ​ស្រែក​ក្បែរ​ព្រះ​បរម​រាជវាំង។​

«សម្តេច​ម៉ែជួយ​កូន​ចៅផង​! ប្រជាជន​កំពុងតែរង​ទុក្ខ​វេទនា​ខ្លាំងណាស់​ មករកសម្តេច​ម៉ែ»។​

ព្រះ​ករុណា​និង​សម្តេច​ម៉ែ​ដែល​កំពុង​គង់​ប្រថាប់​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​មិន​បាន​យាង​មក​ទទួល​ញត្តិ​របស់​អ្នក​ភូមិ​បឹង​កក់​និង​អ្នក​ភូមិ​បុរី​កីឡា​ដោយផ្ទាល់​ព្រះហស្ថ​ទេ​ក៏​ប៉ុន្តែ​មាន​មន្ត្រី​ព្រះ​បរម​រាជ​វាំង​មួយ​រូប​មកទទួល​យកញត្តិ​ពី​ក្រុម​អ្នក​តវ៉ា​ដោយ​បាន​សន្យា​ថា​នឹង​យក​ញត្តិ​នេះ​ជូន​ដល់​ថ្នាក់​លើ។​

អ្នកស្រី​ ស៊ុន ស្រីលាភ​ ក្រុម​អ្នក​តវ៉ាមក​ពី​តំបន់​បឹងកក់​បាន​និយាយ​ថា​អ្នកស្រី​សង្ឃឹមថា​ញត្តិ​នេះ​នឹង​បាន​ដល់​ព្រះ​មហាក្សត្រ​និង​សម្តេច​ម៉ែ​ប៉ុន្តែ​បើមិន​បាន​ដល់​ទេ​ពួកគេ​នឹង​ព្យាយាម​យក​ញត្តិ​នេះ​ថ្វាយ​ដោយ​ផ្ទាល់ដៃ​ដល់​ព្រះមហាក្សត្រ។​

អ្នក​ស្រី​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​មូលហេតុ​ដែល​ពួកគេ​មក​សុំ​ព្រះ​រាជ​អន្តរាគមន៍​ពី​ព្រះ​អង្គ​នេះ​ដោយ​សារ​តែ​ព្រះអង្គ​ជា​ព្រះប្រធាន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅ​ក្រម​ដែល​អាច​ជួយ​លើក​លែង​ទោស​ចំពោះ​អ្នក​រង​គ្រោះ​ដោយ​អំពើ​អយុត្តិធម៌​បាន។​

«ពួកខ្ញុំ​គិតថា​ប្រសិន​បើ​ញត្តិ​របស់​ពួកខ្ញុំ​ទៅដល់ដៃ​របស់​សម្តេច​ម៉ែ​និង​ព្រះ​មហាក្សត្រ​គាត់​នឹង​ទទួល​ដឹង​រឿង​របស់​ពួកខ្ញុំ​។​អីចឹង​ពួក​ខ្ញុំសង្ឃឹមថា​ដំណោះ​ស្រាយគឺត្រូវ​តែមាន​ចំពោះ​ពួកខ្ញុំ។​ពួកខ្ញុំអត់អស់​សង្ឃឹម​ទេ»។​

លោក​អំ សំអាត​ មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​បាន​និយាយ​ថា​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​ចាប់​យក​ដីធ្លី​គ្មាន​ជម្រើស​ណា​ក្រៅពី​ស្ថាប័ន​រាជ​បល័្លង្គ​ទេ​ដោយ​សារ​តែពួកគេ​បាន​ដាក់​ញត្តិ​ទៅគ្រប់​ស្ថាប័ន​អស់ហើយ​តែ​គ្មាន​ដំណោះ​ស្រាយ។​លោក​បាន​និយាយ​ថាព្រះ​មហាក្សត្រ​ព្រះអង្គគួរតែ​រក​ព្រះ​រាជតម្រិះ​ធ្វើ​ព្រះ​រាជ​អន្តរាគមន៍​ដល់​រាជ​រដ្ឋាភិបាល​ដើម្បី​ឱ្យជួយ​រក​ដំណោះ​ស្រាយ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់។​

«ខ្ញុំ​គិត​ថា​រឿង​នេះ​រាជរដ្ឋាភិបាល​ដោះស្រាយ​កន្លង​មក​ច្រើន​រួចមក​ហើយ ​ហើយមាន​ទាំង​ផ្តល់​អនុក្រិត​១២,៤៤​ដើម្បី​បញ្ចប់​ទៀត​ ហើយ​រឿង​សេស​សល់​នៅពេល​ក្រោយ​នេះ​ខ្ញុំគិត​ថា​ការ​ដោះស្រាយ​វា​ប្រហែល​ជា​នឹង​អាច​ចប់​នៅពេល​ខាង​មុខ​បើសិនជា​យើង​ព្យាយាម​ដោះស្រាយ​ទាំង​អស់​គ្នា»។​

ការ​ទាមទារ​របស់​ក្រុម​អ្នក​ភូមិបឹងកក់​និង​អ្នក​ភូមិ​បុរីកីឡា​បាន​កើត​មាន​ឡើង​ប្រមាណ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​តុលាការ​កំពូល​បាន​បដិសេធ​សំណើ​សុំ​ឱ្យ​នៅក្រៅ​ឃុំ​របស់​អ្នក​ស្រី​ យ៉ោម បុប្ជា។​

អ្នក​ស្រី​ យ៉ោម បុប្ជា​ ​អាយុ​២៩​ឆ្នាំ​សកម្មជន​តវ៉ាទាមទារ​ដីធ្លី​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ​ពី​បទហិង្សា​ដោយចេតនា​ដោយ ​មាន​ស្ថានទម្ងន់ទោស។

ចំណែក​លោក​លួស ​សាខន​ស្វាមី​របស់​អ្នក​ស្រី​ក៏​ត្រូវ​តុលាការកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បីឆ្នាំ​ដូចគ្នា​ដែរ​ក៏ប៉ុន្តែ​ទោស​ទាំង​នោះ​ត្រូវ​ព្យួរ។​

ការ​កាត់ទោស​នេះ​បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញថា​អ្នក​ស្រី​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​មួយ​កាល​ពី​ថ្ងៃ​ទី​៧​ខែសីហា​ឆ្នាំ​២០១២​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ពីរ​នាក់​រង​របួស៕
XS
SM
MD
LG