គណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់លោកប្រធានាធិបតីដូណាល់ ត្រាំ ពីការរំលោភអំណាចប្រធានាធិបតី «ជាញឹកញាប់និងជាក់ស្តែង» ជាសកម្មភាពដែលពួកគេសភាខាងគណ បក្សប្រជាធិបតេយ្យ បាននិយាយថា អំពើទាំងនេះជាសកម្មភាពដែលឧក្រិដ្ឋធ្ងន់ធ្ងរដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញដែលតម្រូវឲ្យដកចេញពីដំណែង។
លោក Jerrold Nadler ជាសមាជិកសភាម្នាក់ដែលកាត់ទោសប្រធានាធិបតីត្រាំនៅឯការជំនំជម្រះការចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែងរបស់ព្រឹទ្ធសភា បានប្រាប់សមាជិកព្រឹទ្ធសភាចំនួន១រយរូបដែលធ្វើជាគណៈវិនិច្ឆ័យនៅក្នុងរឿងក្តីថា ការខំប្រឹងប្រែងរបស់ប្រធានាធិបតីត្រាំដើម្បីធ្វើឲ្យប្រទេសអ៊ុយក្រែនស៊ើបអង្កេតលោក Joe Biden ដែលជាគូប្រជែងដ៏សំខាន់ម្នាក់របស់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ បានបង្ហាញឲ្យឃើញនូវអ្វីដែលអ្នកបង្កើតប្រទេសអាមេរិកមានការភ័យខ្លាចបំផុត។
លោក Nadler បានពោលអះអាងថា «វាជាការខុស។ វាជាការខុសច្បាប់»។ លោក និយាយបន្តទៀតថា ប្រធានាធិបតីចំនួន៤៤រូបរបស់ប្រទេសអាមេរិកដែលបានកាន់ដំណែងមុនប្រធានាធិបតីត្រាំ នឹងមានការតក់ស្លុតចំពោះបញ្ហានេះ។ លោក Nadler បាននិយាយបន្ថែមទៀតថា ការរំលោភអំណាចរបស់លោកត្រាំ បានធ្វើឲ្យប្រធានាធិបតី និចសុន មានការខ្មាស់អៀន ជារឿងអាស្រូវក្នុងសករាជឆ្នាំ១៩៧០ ដែលបានធ្វើឲ្យប្រធានាធិបតីលាចេញពីដំណែងដោយអាម៉ាសមុនពេលលោកត្រូវបានចោទប្រកាន់ដកហូតចេញពីតំណែង។
លោក Nadler បានហៅសំណើរបស់លោកត្រាំឲ្យអ៊ុយក្រែនសើបអង្កេតលោក Biden ថា ជាដំណើរការបោះឆ្នោតដ៏អាក្រក់បំផុតមួយដែលបានកើតមានឡើងនៅពេលជា មួយដែលលោកប្រធានាធិបតីត្រាំ បានផ្អឹបជំនួយយោធាដែលមានទឹកប្រាក់ចំនួន៣៩១លានដុល្លារឲ្យទៅរដ្ឋាភិបាលអ៊ុយក្រែនដែលចង់បានជំនួយនោះដើម្បីប្រយុទ្ធពួកទាមទារបំបែករដ្ឋដែលគាំទ្រដោយប្រទេសរុស្ស៊ីនៅក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។
លោក Nadler បានពណ៌នាថា «នេះមិនមែនជាសកម្មភាពដើម្បីផលប្រយោជន៍អាមេ រិកមុនទេ។ វាជាសកម្មភាពដើម្បីផលប្រយោជន៍លោកដូណាល់ ត្រាំមុន»៕