សមាជិកសភាតំណាងរាស្រ្តខាងគណបក្សប្រជាធិបតេយ្យសហរដ្ឋអាមេរិក បានចោទប្រកាន់លោកប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃពុធពីការរៀបចំ«ផែនការពុករលួយ»ដើម្បីគាបសង្កត់ប្រទេសអ៊ុយក្រែនឲ្យស៊ើបអង្កេតលោកJoe Biden អតីតអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនិងជាគូប្រជែងខាងនយោបាយរបស់លោកដើម្បីបោកបន្លំឲ្យបានជាប់ឆ្នោតម្តងទៀតនៅឆ្នាំនេះ។
លោក Adam Schiff សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ បានប្រាប់សមាជិកព្រឹទ្ធសភាចំនួន១រយនាក់ដែលធ្វើជាក្រុមប្រឹក្សាជំនំជម្រះនៅក្នុងការជំនំជម្រះប្រធានាធិបតីស្តីពីបទចោទប្រកាន់២នៃការចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែងថា «លោកប្រធានាធិបតី បានបង្ហាញថា លោកជឿថា លោកស្ថិតនៅពីលើច្បាប់ហើយចង់បញ្ចេញឥរិយាបទអ្វីក៏បាន»។
លោក Schiffដែលបានថ្លែងនៅឯការចាប់ផ្តើមការជជែកដេញដោលរបស់គណបក្សប្រជាធិបតេយ្យដែលមានរយៈពេល៣ថ្ងៃ មានគោលបំណងកាត់ទោសប្រធានាធិបតីត្រាំខាងគណបក្សសាធារណរដ្ឋ និងដកលោកចេញពីតំណែង បាននិយាយថា ប្រធា នាធិបតីទី៤៥របស់ប្រទេសអាមេរិក«បានស្វះស្វែងរកការជួយពីបរទេសដើម្បីជួយខាងនយោបាយដល់ខ្លួនលោកនៅក្នុងប្រទេស»។
លោក Schiff ជាអ្នករៀបចំចាត់ចែងនាំមុខម្នាក់របស់សភាតំណាងរាស្រ្តដែលបានជំនំជម្រះសំណុំរឿងប្រឆាំងនឹងលោកប្រធានាធិបតីត្រាំ បាននិយាយថា លោកប្រធានាធិបតី បានផ្អឹបប្រាក់ជំនួយយោធាចំនួន៣៩១លានដុល្លារដែលសភាបានយល់ព្រមសម្រាប់ប្រទេសអ៊ុយក្រែនជា«ប្រទេសដែលមានសង្គ្រាមជាមួយប្រទេសរុស្ស៊ី»ខណៈដែលគាបសង្កត់ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskiy បើកការស៊ើប អង្កេតលោក Biden និងលោក Hunter Biden កូនប្រុសរបស់លោកដែលធ្វើការនៅក្រុមហ៊ុនឧស័្មនធម្មជាតិអ៊ុយក្រែន ហើយនិងទ្រឹះស្តីក្លែងបន្លំថា អ៊ុយក្រែនជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ធ្វើឲ្យអន្តរាយយុទ្ធនាការឃោសនាបោះ ឆ្នោតរបស់លោកត្រាំ៕