ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជ័យ​ជម្នះ​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ​ក្នុងរដ្ឋ Pennsylvania ជា​សារ​ព្រមាន​មួយ​ដល់​​គណបក្ស​សាធារណរដ្ឋ


បេក្ខជន​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​នៅ​ក្នុង​យប់​ជួប​ជុំ​ថ្ងៃ​បោះ​ឆ្នោត​ក្នុង​រដ្ឋ Pennsylvania។
បេក្ខជន​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​នៅ​ក្នុង​យប់​ជួប​ជុំ​ថ្ងៃ​បោះ​ឆ្នោត​ក្នុង​រដ្ឋ Pennsylvania។

ក្នុងការ​ប្រកួត​ប្រជែង​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​ប្រទេស​ជាតិ ​លោក Conor Lamb ​បេក្ខជនតំណាងរាស្រ្តខាង​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​ប្រកាស​ជ័យ​ជម្នះ​នៅ​ក្នុងការ​បោះឆ្នោត​សភា​ដ៏​ប្រកៀក​ប្រកិត​គ្នា​មួយ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៣ មីនា​ នៅ​ក្នុង​រដ្ឋ​ Pennsylvania។

ក្នុងការ​ប្រកួត​ប្រជែង​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​ប្រទេស​ជាតិ ​លោក Conor Lamb ​បេក្ខជនតំណាងរាស្រ្តខាង​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​ប្រកាស​ជ័យ​ជម្នះ​នៅ​ក្នុងការ​បោះឆ្នោត​សភា​ដ៏​ប្រកៀក​ប្រកិត​គ្នា​មួយ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៣ មីនា​ នៅ​ក្នុង​រដ្ឋ​ Pennsylvania។ លោក Lamb ​បាន​ទទួល​សំឡេង​ឆ្នោត​រាប់​រយលើស​លោក Rick Saccone បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ ​ដែល​ជា​អ្នកគាំទ្រដ៏​ខ្លាំង​ដល់​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​។ ការ​បង្ហាញ​នូវ​ជ័យ​ជម្នះរបស់​គណបក្ស​ប្រ​ជាធិបតេយ្យ​នៅ​ក្នុងស្រុក​ដែល​គណបក្ស​សាធារ ណរដ្ឋ​មាន​ទំនុក​ចិត្តថាឈ្នះ​នោះ​ប្រហែល​ជា​សញ្ញាមួយនៃ​សញ្ញា​ប្រែ​ប្រួលនៅ​ពេល​ដែល​គណបក្ស​ទាំង២​ប្រុងប្រៀប​សម្រាប់ការ​បោះឆ្នោត​សភាពាក់​កណ្តាល​អាណត្តិ​នៅ​ឆ្នាំ​នេះ។

ពួក​គណបក្ស​ប្រជាធិបតេយ្យ ​ប្រារព្ធ​ជ័យ​ជម្នះ​ដែល​ទំនងនឹង​កើត​មាន​ឡើង​របស់​លោក Conor Lamb ​នៅ​ក្នុង​រដ្ឋPennsylvania។ លោក​ Conor Lambបាន​ថ្លែង​ថា៖ «ជ័យ​ជម្នះ​នេះ​បាន​ចំណាយ​ពេល​យូរ​ជាងអ្វី​ដែល​យើង​បាន​គិត ​ក៏ប៉ុន្តែ​យើង​បានទទួល​ជ័យ​ជម្នះ‍»។

ដោយ​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជា​អ្នក​គណបក្សប្រជា​ធិបតេយ្យប្រកាន់​នយោ​បាយកណ្តាល លោក Lamb បាន​ឈរឈ្មោះ​ដោយ​បាន​ទទួល​ការគាំទ្រដ៏​គួរឲ្យ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​ស្រុក​មួយ​ដែល​ប្រធានា​ធិបតី​ត្រាំ​បាន​ទទួលការគាំទ្រ​ជិត​២០​ពិន្ទុ។​ លោក Conor Lamb ​បាន​ថ្លែង​ទៀត​ថា៖ «​យើ​ងបាន​ប្រយុទ្ធ​ដើម្បី​ស្វែង​រក​ផល​ប្រយោជន៍​រួម ​ហើយ​យើង​បាន​រក​ឃើញ ​នៅ​ស្ទើរ​គ្រប់​ទី​កន្លែង។ ពួកគណបក្ស​ប្រជា​ធិបតេយ្យ ​ពួក​គណបក្ស​សាធារណរដ្ឋ ​និង​ពួក​អ្នកឯករាជ្យ ​យើងទាំងអស់​គ្នា​ជា​ជន​ជាតិ​អាមេរិកាំង‍»។

លោក Rick Saccone ​មិនបាន​ប្រុង​ប្រៀបខ្លួនព្រមចុះ​ចាញ់​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នេះទេ។ ​លោក Rick Saccone ​បាន​ថ្លែងថា៖ «យើង​កំពុង​ប្រយុទ្ធ​ដល់​ទី​បញ្ចប់។​លោក​ដឹង​ហើយ​ថា ​ខ្ញុំ​នឹង​មិន​បោះ​បង់​ទេ‍»។

លោក Saccone ចាត់​ទុក​ខ្លួន​លោក​ជា​ដៃស្តាំ​របស់​ប្រធានា​ធិបតី​ហើយ​លោក​ត្រាំ​បាន​ធ្វើ​យុទ្ធនាការឃោស​នា​បោះឆ្នោត​ឲ្យ​លោក​ទើប​តែ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ ​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​បាន​ថ្លែងថា៖ «​ចូរចងចាំ​ថា ​ពិភពលោក​ទាំង​មូល​កំពុង​មើលយើង។ យើង​ចង់ធ្វើ​ឲ្យ​យុទ្ធ​នាការ​នេះទៅ​មុខ។ យើង​ចង់​រក្សា​របៀបវារៈ​នេះជារបៀបវារៈ​ធ្វើ​ឲ្យប្រទេស​អាមេរិក​ជឿនលឿន​ទៅ​មុខ។ លោក ​អ្នក ​ត្រូវ​ជួយ​ឲ្យ​គាត់​ជាប់​ឆ្នោត។​ នេះ​ជាការ​ប្រ​កួត​ប្រជែងដ៏​សំខាន់​បំផុត‍»។

យោងតាម​លោក Larry Sabato សាស្រ្តាចារ្យ​សាកល​វិទ្យាល័យ Virginia បាន​និយាយ​ថា លទ្ធផល​រដ្ឋ Pennsylvania កើត​មាន​ឡើងបន្ទាប់​ពី​ជ័យ​ជម្នះ​របស់​ពួក​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​ទៅ​នៅ​ក្នុង​រដ្ឋVirginiaនិង​រដ្ឋAlabama ហើយ​ វាប្រ​ហែល​ធ្វើ​ឲ្យ​មាន​ការ​លំបាក​សម្រាប់​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​សម្រាប់​ប្រធានា​ធិបតី។ ​លោក​ Larry Sabato ​ ​បាន​ថ្លែងថា៖ «​ការ​ជំ​ទាស់​ប្រឆាំង​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​មានភាពខ្លាំង​ក្លា​បំផុត​ដូចដែលខ្ញុំ​បាន​ឃើញ ​ចាប់​តាំង​ពី​កាន់​ដំណែង​នៅ​ឆ្នាំ​ចុងក្រោយ​របស់ប្រធានា​ធិបតី Richard Nixon ​ពី​ឆ្នាំ​១៩៧៣​ដល់​ឆ្នាំ​១៩៧៤។ ​ការ​បោះ​ឆ្នោត​មាន​ភាព​ខ្លាំង​ក្លាបំផុត។ ​ការ​បោះ​ឆ្នោត​នេះ​មានភាព​ខ្លាំងក្លា​ដែលអាចនាំ​ឲ្យ​មានការ​ផ្លាស់​ប្តូរកាន់​តែ​ខ្លាំង​ឡើង​ជាង​យើង​គិត​នៅ​ក្នុងការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិដែល​ផ្តល់​ការ​គាំទ្រ​ច្រើន​ដល់​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​ជាង​ពួក​គណបក្ស​សាធារណរដ្ឋ‍»។

​គណបក្សសាធារណ​រដ្ឋ​ខ្លះ​មើលឃើញ​ការ​ប្រកួត​ប្រជែង​នេះ​ជា​ការ​រំឮក​ដ៏​ខ្លាំង​មួយ​មុនពេល​ការ​បោះ​ឆ្នោត​ខែ​វិច្ឆិកា ​រួមមាន​លោក Kevin Cramer នៃ​រដ្ឋ North Dakota ផង។ លោក Kevin Cramer តំណាង​រាស្រ្ត​ខាង​គណបក្ស​សាធា​រណ​រដ្ឋ​និយាយថា៖ «​ខ្ញុំ​គិត​ចំពោះ​ពួក​គណបក្ស​សាធារណរដ្ឋ ​សារគឺ​ដូចជា​អ្វី​ដែល​យើងបាន​ធ្វើ​ហើយ​នឹង​អ្វី​ដែល​យើង​កំពុង​ធ្វើ​ ​ពី​ព្រោះ​យើង​មាន​ប្រវត្តិល្អ‍»។ លោក Michael Barone ​ជា​អ្នក​វិភាគ ​បាន​និយាយថា ​តាម​ប្រវត្តិ​សាស្រ្ត ការបោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​មិនមាន​លទ្ធផល​ល្អ​សម្រាប់​ប្រធានាធិបតី​កំពុង​កាន់​ដំណែង។ លោកMichael Barone ​នៃវិទ្យា​ស្ថាន American Enterprise Institute បាន​និយាយ​ថា៖ «គណបក្សរបស់​ប្រធានា​ធិបតី​ជាទូទៅ​នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​ប្រធា​នា​ធិបតី​និង​រដ្ឋបាល​របស់​លោក​បាន​ធ្វើ​ ​ជាពិសេស​ដូច​នៅ​ពេល​ឥឡូវនេះ ​នៅពេលដែល​គណបក្ស​សាធារណរដ្ឋ​មាន​សំឡេង​ភាគ​ច្រើន​ទាំង​នៅ​ក្នុង​សភា​តំ​ណាង​រាស្រ្ត​និង​ព្រឹទ្ធសភា។ ដូច្នេះ ​មាន​ការ​លំបាក»។

​ហើយ​លោក Sabato ​បាន​និយាយ​ថា ជ័យ​ជម្នះ​របស់​ពួក​ប្រជា​ធិបតេយ្យក្នុងស្រុក​ដែល​ដឹកនាំ​ដោយ​លោក​ត្រាំ​ជា​សញ្ញា​ព្រមាន​ដ៏​សំ​ខាន់​មួយ​ដល់​ពួក​គណបក្ស​សាធារណរដ្ឋ។

លោក Sabat ថ្លែង​ថា៖ «តាមការពិត ​ការណ៍​ដែល​គណបក្ស​ប្រជាធិបតេយ្យ​បាន​ឈ្នះក្នុង​ស្រុកនោះបាន​បង្ហាញ​ថាពួក​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​កាន់​កាប់​ស្រុកចំនួន​១រយ​នៅទូទាំង​ប្រ​ទេស​នេះ ឥឡូវ​នេះ ​ត្រូវ​តែ​ព្រួយ​បាម្ភ ​ពី​ព្រោះ​តែស្រុក​ទាំង​នោះដែលគាំទ្រ​លោក​ត្រាំ‍បាន​ចុះ​ថយ​សំឡេង​ច្រើន»។

ពួក​គណបក្ស​ប្រជា​ធិបតេយ្យចាំ​បាច់​បង្កើន​អាសនៈសភា​តំណាងរាស្រ្តចំនួន​២៤​ហើយ​នឹង​អាសនៈ​ព្រឹទ្ធសភា​ចំនួន​២​ទៀត​ដើម្បី​ឲ្យ​បាន​សំឡេង​សភាភាគ​ច្រើន​នៅ​ក្នុង​ខែវិច្ឆិកា៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG