ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Warnock ខាង​បក្ស​ប្រជាធិបតេយ្យ​ឈ្នះ​លោក Walker ខាង​បក្ស​សាធារណរដ្ឋ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​រដ្ឋ Georgia


លោក Raphael Warnock (ស្ដាំ) ជាសមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកខាង​គណបក្ស​ប្រជាធិបតេយ្យ និងលោក Herschel Walker ​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ ប្រជែង​គ្នា​យក​តំណែង​សមាជិក​ព្រឹទ្ធសភា​នៅ​រដ្ឋ Georgia។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក Raphael Warnock ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ផ្ដួល​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Herschel Walker នៅ​ក្នុង​ការ​បោះឆ្នោត​ផ្ដាច់ព្រ័ត្រ​ក្នុង​រដ្ឋ Georgia ​កាលពី​ថ្ងៃ​អង្គារ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ការ​ឈ្នះ​របស់​លោក Warnock នេះ​បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ដែល​នៅ​សេសសល់​នៃ​អាណត្តិ​បច្ចុប្បន្ន​របស់​លោក​ប្រធានាធិបតី Joe Biden និង​បាន​បញ្ចប់​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ដ៏​ខក​ចិត្ត​សម្រាប់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ឆ្នាំ​នេះ។

ដោយ​លោក Warnock ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ផ្ដាច់ព្រ័ត្រ​លើក​នេះ ដែល​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ គណបក្ស​ប្រជាធិបតេយ្យ​នឹង​មាន​អាសនៈ ៥១ ទល់​នឹង​អាសនៈ​ចំនួន ៤៩ ​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា។

នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​លើក​នេះ គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​អាសនៈ​មួយ​ទៀត​បន្ថែម​ពី​លើ​អាសនៈ​ចំនួន​៥០​ របស់​ខ្លួន​នៅ​ក្នុង​ព្រឹទ្ធសភា​ បន្ទាប់ពី​លោក John Fetterman ​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​រដ្ឋ Pennsylvania។

ដោយសារ​គណបក្ស​សាធារណរដ្ឋ​បាន​ឈ្នះ​គ្រប់គ្រង​រដ្ឋសភា​នៅក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​លើក​នេះ ​នោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​នឹង​ក្លាយជា​រដ្ឋាភិបាល​ដែល​មាន​ការបែងចែក​អំណាច​គ្នា​រវាង​បក្ស​ទាំងពីរ។

លោក Warnock អាយុ​៥៣​ឆ្នាំ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ដ៏​សប្បាយ​រីករាយ​របស់​លោក​ដែល​ជួបជុំ​គ្នា​នៅ​ក្នុង​មហាសាល​នៃ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​កណ្ដាល​ក្រុង Atlanta រដ្ឋ Georgia ថា៖ «បន្ទាប់ពី​យុទ្ធនាការ​តស៊ូ​ដ៏​ស្វិតស្វាញ ​វា​ជា​កិត្តិយស​របស់​ខ្ញុំ​នៅ​ក្នុង​ការ​និយាយ​ពាក្យ ៤ ម៉ាត់​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​គេ​ធ្លាប់​និយាយ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ដែល​នោះ​គឺ «ប្រជាពលរដ្ឋ​បាន​បញ្ចេញ​មតិ»»។

លោក Warnock ​ដែល​ជា​គ្រូ​គង្វាល​គ្រិស្ត​សាសនា​និង​ជា​សមាជិក​ព្រឹទ្ធសភា​ស្បែក​ខ្មៅ​ដំបូង​បង្អស់​តំណាង​រដ្ឋ Georgia បាន​ប្រកាស​ថា៖ «ជា​រឿយៗ ខ្ញុំ​តែង​និយាយ​ថា​ការ​បោះឆ្នោត​គឺ​ប្រៀប​ដូចជា​ការ​បន់ស្រន់​ឱ្យ​មាន​ពិភព​មួយ​ដែល​យើង​ប្រាថ្នា​សម្រាប់​ខ្លួន​យើង​ផ្ទាល់​និង​កូន​ចៅ​របស់​យើង​ដូច្នេះ​ដែរ»។

នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​មុន លោក Warnock បាន​នាំ​មុខ​លោក Walker ​ដោយ​សំឡេង​ឆ្នោត​ចំនួន ៣៧.០០០ ​សំឡេង​ក្នុង​ចំណោម​សន្លឹក​ឆ្នោត​សរុប​ចំនួន​ជិត​៤​លាន​សំឡេង​ដែល​បាន​បោះ ប៉ុន្តែ​មិន​បាន​ទទួល​សំឡេង​ឆ្នោត​ចំនួន ៥០% ដែល​ជា​ការកម្រិត​ចាំបាច់​ដើម្បី​បញ្ចៀស​មិន​ឱ្យ​មាន​ការ​បោះឆ្នោត​ផ្ដាច់ព្រ័ត្រ​ឡើយ៕


អ្នកស្រី Christina A. Cassidy និង​លោក Ron Harris ដែល​ជា​អ្នក​កាសែត​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។

XS
SM
MD
LG