ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ជាន់ខ្ពស់​កូរ៉េខាងជើង​​ផ្តាច់​ខ្លួន​មួយរូប​​៖ របប​ដឹកនាំ​នៅ​កូរ៉េ​ខាង​ជើង​កំពុង​​តែ​បែកបាក់


លោក Thae Yong Ho អតីត​អនុអគ្គរដ្ឋទូត​កូរ៉េខាងជើង​ទៅ​កាន់​ប្រទេស​អង់គ្លេស ពេល​បង្ហាញ​ខ្លួន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វិមានរដ្ឋាភិបាល​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។
លោក Thae Yong Ho អតីត​អនុអគ្គរដ្ឋទូត​កូរ៉េខាងជើង​ទៅ​កាន់​ប្រទេស​អង់គ្លេស ពេល​បង្ហាញ​ខ្លួន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វិមានរដ្ឋាភិបាល​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។

«ក្រុម​អភិជន​ដែល​បាន​គាំទ្រ​សង្គម​កូរ៉េ​ខាង​ជើង​លែង​ជ្រោមជ្រែង​លោក Kim Jong Un ទៀត​ហើយ។ ប្រព័ន្ធ​ដឹកនាំ​បែប​បុរាណ​របស់​កូរ៉េ​ខាង​ជើងកំពុង​តែ​បែកបាក់​ហើយ»។ នេះ​ជាសម្តី​របស់​លោក Thae Yong-ho ដែល​ជា​អតីត​អគ្គរដ្ឋទូត​រង​របស់​កូរ៉េ​ខាង​ជើង​ប្រចាំ​នៅ​ក្រុង​ឡុងដ៍។

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​កូរ៉េ​ខាង​ជើង​ដែល​បាន​រត់​ផ្តាច់​ខ្លួន​ទៅប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ពេល​ថ្មីៗ​នេះ​បាន​ចែករំលែក​អ្វី​ដែល​ខ្លួន​បាន​ដឹង និង​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​ខ្លួន​លោក​ពណ៌នាថាជា ស្ថានភាពកាន់តែ​ដុនដាប​ទៅៗ​នៅ​ក្នុង​របប​ផ្តាច់​ការ​ និងសម្ងាត់​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក Kim Jong Un។ លោក​បាន​និយាយ​ថា៖ «ការ​ដឹកនាំ​របស់​លោក Kim Jong Un ជិត​ផុត​រលត់​ហើយ»។

លោក Thae Yong-ho ដែល​ជា​អតីត​អគ្គរដ្ឋទូត​រង​របស់​កូរ៉េ​ខាង​ជើង​ប្រចាំ​នៅ​ក្រុង​ឡុងដ៍​ ដែល​បាន​រត់​ផ្តាច់​ខ្លួន​ទៅកូរ៉េ​ខាង​ត្បូង​កាលពី​ខែ​កក្កដា​បាន​និយាយ​ថា៖ «ក្រុម​អភិជន​ដែល​បាន​គាំទ្រ​សង្គម​កូរ៉េ​ខាង​ជើង​លែង​ជ្រោមជ្រែង​លោក Kim Jong Un ទៀត​ហើយ។ ប្រព័ន្ធ​ដឹកនាំ​បែប​បុរាណ​របស់​កូរ៉េ​ខាង​ជើងកំពុង​តែ​បែកបាក់​ហើយ»។

ឥឡូវ​នេះ លោកThae ជាអ្នក​វិភាគ​នៅ​វិទ្យាស្ថាន​សម្រាប់​យុទ្ធសាស្រ្ត​សន្តិសុខ​ជាតិ ឬ​ជា​ភាសា​អង់គ្លេស​ថា Institute for National Security Strategy ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ទីភ្នាក់ងារ​ស៊ើបអង្កេត​ជាតិ (National Intelligence Service) ​របស់​កូរ៉េ​ខាង​ត្បូង ។

ការ​បែកអារម្មណ៍​ស្រមើរស្រមៃ

អំឡុងពេលនិយាយ​ទៅ​កាន់​អ្នក​កាសែត​អស់​ជាច្រើនម៉ោងនៅក្រុង​សេអ៊ូល​កាលពី​ចុង​ខែ​មករា លោក Thae បានថា ការ​បែកអារម្មណ៍កាន់តែ​ខ្លាំង​របស់​លោក​ជាមួយ​នឹង​មេដឹកនាំ​វ័យ​ក្មេង​របស់​កូរ៉េ​ខាង​ជើង ដែល​បានឡើង​កាន់​តំណែង​កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១១ បាន​ឈាន​ដល់​ចំណុច​កំពូល ក្នុង​រយៈពេល​១២ខែ​ចុង​ក្រោយ​នេះ ​នៅ​ពេល​ដែល​លោក Kim កំណត់​យក «គោលដៅ​បែប​ជ្រុល​និយម» មួយ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​ចម្ងាយ​វែងជឿជាក់​បាន​នៅ​ត្រឹម​ឆ្នាំ២០១៧ ខណៈ​ដែល​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​កំពុង​ប្រឈម​នឹង​អន្តរកាល​នយោបាយ។

ទោះបីជាមានការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​កាន់​តែ​ច្រើន​ក៏​ដោយ កាល​ពី​ឆ្នាំ​មុន​នេះ​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ចំនួន​ពីរ​ដង ដោយ​មាន​ការ​បាញ់​បង្ហោះកាំជ្រួចមីស៊ីល​ចំនួន​២៤គ្រាប់ និង​បាន​បង្ហាញ​ថា ខ្លួន​ប្រហែល​នឹង​ធ្វើ​ការ​សាកល្បង​កាំជ្រួច​មីស៊ីលឆ្លង​ទ្វីប​ក្នុង​ពេល​ឆាប់ៗ​នេះ។

បន្ទាប់​ពី​លោក Thae សម្រេច​ចិត្ត​រត់​ផ្តាច់​ខ្លួន​ទៅ​ប្រទេសកូរ៉េខាងត្បូង​ លោក​ត្រូវ​ចំណាយ​ពេល និង​ត្រូវ​ពឹង​លើ​សំណាង​ដើម្បី​រត់​គេច​ជាមួយ​គ្រួសារ​លោក​នៅ​ក្រុង​ឡុងដ៍។ លោក Thae និយាយថា សម្រាប់​អ្នក​ការ​ទូត​នៅ​បរទេស កូរ៉េ​ខាង​ជើង​ជា​ទូទៅ​តម្រូវ​ឲ្យទុក​សមាជិក​គ្រួសារ​ម្នាក់​នៅ​ក្នុង​ប្រទេសកូរ៉េខាងជើង ជាអ្នកឈរជើង ដែល​ជួនកាល​ត្រូវ​បាន​ចាត់ទុក​ដូចជា «ចំណាប់ខ្មាំង» ដើម្បី​រារាំង​ការ​រត់​ផ្តាច់​ខ្លួន​របស់​អ្នកការទូត​ទាំង​នោះ។

លោក​និយាយ​ថា៖ «របប​ដឹកនាំរបស់​លោក Kim Jong Un បាន​រំលោភ​បំពាន​លើ​សេចក្តី​ស្រឡាញ់​រវាង​ឪពុកម្តាយ និង​កូន ដើម្បី​គ្រប់គ្រង​អ្នក​ការទូត​កូរ៉េ​ខាង​ជើង»។

លោក Thae មិន​បាន​ប្រាប់​ពី​របៀប​ដែល​លោក​បានរត់​គេច​ខ្លួននោះ​ទេ ប៉ុន្តែ​លោក​អាច​នាំ​យក​កូនៗ​ទាំង​ពីរ​របស់​លោក​មក​ក្រុង​ឡុងដ៍ជាមួយ។ នៅ​ពេល​លោក​ជួប​ជុំ​ជាមួយ​គ្រួសារ​លោក​រួច លោក​បាន​ជិះ​យន្តហោះ​ទៅ​រកសេរីភាពនៅ​កូរ៉េ​ខាង​ត្បូង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​មាន​ការ​ស្តាយ​ក្រោយ​ ដោយសារ​តែ​សាច់​ញាតិ​ដទៃទៀតដែល​លោក​ទុក​ចោល​នៅ​កូរ៉េ​ខាង​ជើង​អាច​នឹង​ត្រូវ​បាន​គេ​ដាក់​ទោស​ និង​បញ្ជូន​ទៅ​ជំរុំ​អ្នក​ទោស​ដោយសារ​ការ​ផ្តាច់​ខ្លួន​របស់​លោក។

រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un (កណ្តាល)។
រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un (កណ្តាល)។

បដិវត្តន៍​ទីផ្សារ «កណ្តូប»

លោក Thae និយាយ​ថា សព្វ​ថ្ងៃ​នេះ ការ​កើន​ឡើង​នៃ​ទីផ្សារ «​កណ្តូប» ខុស​ច្បាប់ អំពើ​ពុក​រលួយ​ដ៏​ច្រើន និង​លំហូរ​ព័ត៌មាន​ពី​ខាង​ក្រៅ​កំពុង​ធ្វើ​ឲ្យ​សាធារណជនមិន​សប្បាយ​ចិត្ត​ និង​ធ្វើ​ឲ្យ​អន់ថយ​សមត្ថភាព​គ្រប់គ្រង​បែប​បុរាណ​របស់​រដ្ឋាភិបាលកូរ៉េខាងជើងក្នុង​រក្សាសណ្តាប់ធ្នាប់ ដោយការ​គំរាម និង​ការ​សំឡុត។

ការ​កើនឡើង​នៃ​ចំនួន​អ្នក​លក់​ដូរ​តាម​ផ្លូវ​ខុស​ច្បាប់​ ប៉ុន្តែ​ជារឿយៗ​ត្រូវ​បាន​គេ​អត់ឱន​ឲ្យ​ ដែល​អ្នកលក់ដូរ​ទាំងនោះ​ផ្លាស់ប្តូរទីតាំងយ៉ាងឆាប់រហ័ស​ដូច​សត្វ​កណ្តូប​នោះ បាន​ជួយ​ដល់​ដំណើរការ​សេដ្ឋកិច្ច​ក្នុង​ស្រុក បន្ទាប់​ពីការ​ដួល​រលំ​ប្រព័ន្ធ​នៃរដ្ឋ​កុម្មុយនីស្ត​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន។​

ប៉ុន្តែ​ទីផ្សារ​ឯកជន​ដែលកំពុងលេចឡើងនេះ​ក៏​ធ្វើ​ឲ្យ​មនុស្ស​ម្នា​មាន​ការ​ខឹង​សម្បារ​នឹង​ការ​រឹតត្បិតដែល​ចាត់​ឡើងដោយរដ្ឋ ប៉ុន្តែ​ពួកគេ​លែង​សូវខ្លាច​មន្រ្តី​សន្តិសុខ និង​ប៉ូលិស ដែល​មាន​ទំនោរ​កាន់តែ​ខ្លាំង​ទៅ​រក​ការទាមទារ​សំណូក​ជា​ជាង​ការ​អនុវត្ត​ច្បាប់។

រូបឯកសារ៖ លោក Thae Yong-ho ដែល​ជា​អតីត​អគ្គរដ្ឋទូត​រង​របស់​កូរ៉េ​ខាង​ជើង​ប្រចាំ​នៅ​ក្រុង​ឡុងដ៍ ចេញមុខ​នៅក្នុង​ប៉ុស្តិ៍ទូរទស្សន៍របស់កូរ៉េខាងត្បូង។
រូបឯកសារ៖ លោក Thae Yong-ho ដែល​ជា​អតីត​អគ្គរដ្ឋទូត​រង​របស់​កូរ៉េ​ខាង​ជើង​ប្រចាំ​នៅ​ក្រុង​ឡុងដ៍ ចេញមុខ​នៅក្នុង​ប៉ុស្តិ៍ទូរទស្សន៍របស់កូរ៉េខាងត្បូង។

លោក Thae និយាយ​ថា៖ «កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ ការ​ប្រឆាំងបែបនេះ​គឺ​គ្មាន​នរណា​ម្នាក់​អាច​ស្រមៃ​ដល់​នោះ​ទេ​ ពីព្រោះថា ប្រព័ន្ធ​កូរ៉េ​ខាង​ជើង គឺ​ជា​ប្រព័ន្ធ​មួយ​ដែល​មនុស្ស​ត្រូវ​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ»។

លំហូរ​ព័ត៌មាន​ ដែល​ភាគ​ច្រើន​តាម​រយៈ​ភាពយន្ត​និងរឿងភាគ​ល្បីៗ​របស់​កូរ៉េ​ខាង​ត្បូង​ ដែលបាន​ធ្វើ​ឲ្យ​ពួកគេ​ដឹង​ថា សេរីភាព និង​ភាព​រីកចម្រើនដែលមាននៅ​ពិភពខាងក្រៅ កំពុងតែចូលទៅក្នុងសង្គម​បិទ​ជិត​របស់​កូរ៉េ​ខាង​ជើង​កាន់​តែ​ច្រើន​ឡើង។

លោកThae កំពុង​តែ​ផ្តល់​ការ​គាំទ្រ​ទៅដល់ការ​ចែករំលែក​ព័ត៌មាន​ពី​ពិភព​ខាងក្រៅ​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​លោក​បាន​និយាយ​ថា នេះ​នឹង​ដូចជា​បាចសាំងទៅលើ​កំហឹង​របស់​សាធារណជន​ឲ្យឆេះ​ឆាបឆួល ហើយ​ជា​ចុងក្រោយ​នឹង​មាន​ការ​បះបោរដែលនឹង​ផ្តួល​រំលំ​របប​ដឹកនាំ​របស់​គ្រួសារត្រកូល Kim។

ការ​គាប​សង្កត់

អតីត​អ្នក​ការទូត​របស់​កូរ៉េ​ខាង​ជើង​រូប​នេះ​បាន​ប្រៀបធៀប​ការ​ខឹងសម្បារ​ដែល​កំពុង​តែ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​លោក ទៅ​នឹង​ស្ថានភាព​នៅ​ក្នុង​សហភាព​សូវៀត​ មុន​ពេលនៃការ​ដួល​រលំ​របស់​សហភាព​នោះ និង​សេចក្តីសង្ឃឹម​ ថានឹង​មាន​លទ្ធផល​សន្តិភាព​មួយ​ដែលបញ្ចប់ ជាមួយ​នឹង​ប្រទេស​កូរ៉េ​តែ​មួយ​ដែល​មាន​លិទ្ធិប្រជាធិបតេយ្យ​ និង​ការរួបរួម។

ទោះ​ជា​យ៉ាង​ណា​ ក៏​មាន​ហានិភ័យ​មួយ​ដែលថា ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នឹង​ឆ្លើយតប​ជាមួយ​នឹង​បាតុកម្ម ដោយ​កម្លាំង​បាយ​ឃោរឃៅ និង​ការ​គាបសង្កត់ ដូច​ដែល​ចិន​បាន​ធ្វើ​ បន្ទាប់​ពី​មាន​បាតុកម្ម​នៅ​ទីលាន Tiananmen កាលពី​ឆ្នាំ១៩៨៩។​

លោក Thae បាន​ព្រមាន​ពី​លទ្ធភាព​ដែល​ សហរដ្ឋ​អាមេរិក ឬ​កូរ៉េ​ខាង​ត្បូង​អាច​នឹង​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​កូរ៉េ​ខាង​ជើង​។ លោក​និយាយ​ថា សកម្មភាព​យោធា​បែប​នេះ​ទំនង​នឹង​បញ្ឆេះ​ឲ្យ​មាន​សង្គ្រាម។

រូបឯកសារ៖ បុរសម្នាក់​មើល​កម្មវិធី​ទូរទស្សន៍​មួយ​ដែល​បង្ហាញ​ពី​រូបថត​ចុះផ្សាយ​ដោយ​សារព័ត៌មាន Rodong Sinmun របស់​កូរ៉េខាងជើង​ស្តី​ពី​ការ​បង្ហោះ​កាំជ្រួច​មីស៊ីល «Pukguksong2» និងមេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un នៅ​ស្ថានីយ​រថភ្លើង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
រូបឯកសារ៖ បុរសម្នាក់​មើល​កម្មវិធី​ទូរទស្សន៍​មួយ​ដែល​បង្ហាញ​ពី​រូបថត​ចុះផ្សាយ​ដោយ​សារព័ត៌មាន Rodong Sinmun របស់​កូរ៉េខាងជើង​ស្តី​ពី​ការ​បង្ហោះ​កាំជ្រួច​មីស៊ីល «Pukguksong2» និងមេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un នៅ​ស្ថានីយ​រថភ្លើង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

លោក​ក៏​បាន​ព្រមាន​ពី​ការ​បំពេញ​តាមចិត្ត​លោក Kim Jong Un តាមរយៈ​ការ​សម្របសម្រួល​លើ​ទណ្ឌកម្ម ឬ​ការ​បញ្ចប់​សមយុទ្ធ​យោធា​របស់​កូរ៉េ​ខាង​ត្បុង និង​សហរដ្ឋ​អាមេរិក ដើម្បី​ផ្អាកសកម្មភាពបង្កើត​នុយក្លេអ៊ែរ​មួយរយៈ​ពេល។ លោក​និយាយ​ថា វា​គ្រាន់​តែ​ជា «អន្ទាក់» មួយ ដែល​នៅ​ទី​បំផុត​នឹង​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​ក្លាយ​ជា​ប្រទេស​នុយក្លេអ៊ែរ​ស្រប​ច្បាប់ ដូច​ដែល​បាន​កើត​ឡើង​រួច​ទៅ​ហើយ​ជាមួយនឹង​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន។​

លោក​និយាយ​ថា លទ្ធភាព​នៃការ​ធ្វើរដ្ឋប្រហារ​យោធា​នៅ​កូរ៉េ​ខាង​ជើង​មាន​តិចតួច ដោយសារ​តែ​មេដឹកនាំ​ទាំង​នោះ​នៅ​មាន​ភាពស្មោះត្រង់​ជាមួយ​នឹង​លោក Kim នៅឡើយ។ ទោះ​ជា​យ៉ាង​ណា លោក​បាន​កត់សម្គាល់​ថា មនុស្ស​ជាច្រើន​នៅ​ក្នុង​ជួរ​កងទ័ព​ក៏​មានអារម្មណ៍​តានតឹងជាមួយ​នឹង​ប្រព័ន្ធ​នៃ​ការ​ដឹកនាំ​សព្វ​ថ្ងៃ​ផង​ដែរ។

លោក Thae បាន​និយាយ​ថា មេដឹកនាំ​ក្នុង​ក្រុង​ព្យុងយ៉ាង​មិន​ខ្លាច​ការ​វាយបករបស់​ចិន​ទៅ​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​ទេ ដោយសារ​ពួកគេ​គិត​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សុទ្ធ​ចិត្ត​ទទួល​យកអាវុធ​នុយក្លេអ៊ែរពីកូរ៉េខាងជើង ​នៅ​តាម​ព្រំដែន​របស់​ខ្លួន ជាជាង​ប្រជែង​ជាមួយនឹងប្រទេសកូរ៉េ​ប្រជាធិបតេយ្យនិង​រួបរួម​គ្នា​មួយ​ដែល​ចងសម្ព័ន្ធ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក៕

ប្រែសម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG