ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផែនការ​ពង្រីក​ទីក្រុង​របស់​ចិនអាច​បង្កើនការ​ត្រួតត្រា​សមុទ្រ​មាន​ជម្លោះ


រូបឯកសារ៖ អ្នកទេសចរចិនទៅកម្សាន្តនៅលើកោះ Quanfu ស្ថិតនៅក្នុងចំណោមប្រជុំកោះ Paracel។ 
រូបឯកសារ៖ អ្នកទេសចរចិនទៅកម្សាន្តនៅលើកោះ Quanfu ស្ថិតនៅក្នុងចំណោមប្រជុំកោះ Paracel។ 

ប្រទេស​ចិន​គ្រោង​ពង្រីក​ទីក្រុង​មួយនៅលើ​កោះ​តូចមួយ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ ផែនការ​នេះ​ត្រូវ​អ្នក​សង្កេតការណ៍​យល់ឃើញ​ថា ​ជាផ្នែក​មួយ​នៃការ​ខំ​ប្រឹងប្រែង​របស់​ចិន​ក្នុងការ​បង្កើន​ការត្រួតត្រាស​មុទ្រ​ ដែល​មាន​ប្រទេស​ ៥​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ទាមទារ​កម្មសិទ្ធ​ដែរ​នោះ។

ទីក្រុង​សានសា (Shansa) ដែល​ជា​កោះ​តំបន់​ត្រូពិច​ដ៏​តូចមួយ​ស្ថិត​នៅ​ខាង​ត្បូង​ចិនដីគោកនឹង​ទទួល​បាន​ការ​អភិវឌ្ឍ​ថ្មីនៅក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ​ការ​ការ​ពារ​បរិស្ថាន ការ​ចិញ្ចឹម​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ និង​សមាហរណកម្ម​របស់​យោធា។ នេះបើយោងតាម​លោក Zhang Jun លេខា​ធិការបក្ស​កុម្មុយនិស្ត​នៅ​ក្រុងនោះបាន​និយាយ​ កាល​ពី​ថ្ងៃ​ទី ២២ ​ខែមីនា នៅលើ​គេហទំព័រ​របស់​ក្រុង។

នៅពេល​សព្វ​ថ្ងៃ​នេះ ​ប្រជា​ពលរដ្ឋ​ប្រហែល​ ១ពាន់ ​៥រយនាក់នៅ​ក្រុងសានសា ​បាន​នាំ​ឲ្យ​ក្រុងនោះ​ក្លាយជាក្រុង​ដ៏ធំ​បង្អស់នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​បាន​ជួយ​ចិន​ឲ្យ​ត្រួតត្រាប្រជុំ​កោះ​ប៉ារ៉ាសេល (Paracel) ​ទាំង​មូល។ កោះ​តៃវ៉ាន់​ និង​ប្រទេស​វៀតណាម ​ក៏បាន​ទាម​ទារ​ប្រជុំ​កោះ​ប៉ារ៉ាសេល​នោះ​ដែរ។ រដ្ឋាភិបាល​ចិន បាន​ឈ្លោះ​ប្រកែក​អំពី​អធិប​តេយ្យ​ភាព​នៅ​ផ្នែក​នានា​នៃ​ប្រជុំ​កោះ Spratly ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ជាមួយ​កោះ​តៃវ៉ាន់ ​វៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី​ និង​ប្រទេស​ហ្វីលីពីន។

រូបឯកសារ៖ រូបភាព​ពី​អាកាស​បង្ហាញ​ពី​ទីក្រុង​កោះ​ Sansha នៅ​ប្រជុំ​កោះ​ Paracel កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១២។
រូបឯកសារ៖ រូបភាព​ពី​អាកាស​បង្ហាញ​ពី​ទីក្រុង​កោះ​ Sansha នៅ​ប្រជុំ​កោះ​ Paracel កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១២។

លោក Oh បាន​និយាយថា៖ «ឧទាហរណ៍ ​ដើម្បី​ពង្រឹងករណី​របស់អ្នក​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​ថា ​អ្នកការពារ​អធិបតេយ្យភាព​លើដែន​ដី​ឬ​សមុទ្រ ​លោក​អ្នក ​នឹងត្រូវបង្ហាញ​ថា ​លោក ​អ្នក ​មាន​រដ្ឋបាល​នៅ​ទី​នោះ ​លោក​ អ្នក ​នឹង​ត្រូវ​បង្ហាញ​ថា ​លោក អ្នកប្រាកដ​មាន​មនុស្ស​រស់​នៅ​ទី​នោះ ហើយ​បន្ទាប់​មក ​ពួកគេប្រកប​មុខរបររកស៊ី​នៅ​ទី​នោះ»។

លេខាបក្សទីក្រុង​នោះ​បាន​និយាយ​នៅ​លើ​គេហទំព័រ​របស់​ក្រុង​នោះ​ថា ​កាល​ពី​ឆ្នាំ​ទៅ ​ជា​ពេល​វេលាដ៏សំខាន់​បំផុត​សម្រាប់​ការ​ពង្រីក​ក្រុង​សានសា។​ លោក​មិន​បានប្រកាស​ពី​ផែនការ​ជាក់​លាក់​សម្រាប់​ឆ្នាំ​ ២០១៩​នេះ​ទេ។

សព្វថ្ងៃ​នេះ ទីក្រុង​នេះ​បាន​ផ្តោតលើ​កោះ Woody​ ដែលមាន​ទំហំ​១០​គីឡូម៉ែត្រ​ការេ ដែល​ល្មម​គ្រប់​គ្រាន់​សម្រាប់​ស្ថាបនា​មន្ទីរ​ពេទ្យ ​សាខា​ធនាគារ​ និង​ហាង​លក់​ដូរ​ទំនិញ។ លោក Gregory Poling នាយកនៃ​ការផ្តួចផ្តើមតម្លាភាព​ផ្លូវនាវា​ចរណ៍​អាស៊ី​នៅ​ក្រោម​មជ្ឈមណ្ឌល​ការ​សិក្សា​យុទ្ធសាស្រ្ត​ និង​អន្តរជាតិ​ ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​មាន​ទី​តាំង​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​បាន​និយាយ​ថា «ការអភិវឌ្ឍ​នៅ​ពេល​ថ្មី​ៗ​នេះ​នៃ​ការ​តាំង​ទី​លំនៅនៅ​ក្នុង​សមុទ្រ ​ទីក្រុង​សានសា មាន​តួនាទី​ទាំង​ខាង​យោធា​ និង​ស៊ីវិល​និង​មជ្ឈ​មណ្ឌល​ភស្តុភា»។

​ក្រុមអ្នកវិភាគ​បាន​និយាយ​ថា ទីក្រុងកាន់​តែ​ធំ​ឡើងនឹងអនុញ្ញាត​ឲ្យ​ចិន​ពង្រីកការ​សិក្សា​ស្រាវជ្រាវ​មហាសមុទ្រ​នៅ​ក្បែ​ប្រជុំ​កោះ ​ពង្រឹងទីតាំង​យោ​ធា ​និង​អភិ​វឌ្ឍទេស​ចរណ៍។

រូបឯកសារ៖ រូបភាព​ពី​អាកាស​បង្ហាញ​ពី​ទីក្រុង​កោះ​ Sansha នៅ​ប្រជុំ​កោះ​ Paracel កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១២។
រូបឯកសារ៖ រូបភាព​ពី​អាកាស​បង្ហាញ​ពី​ទីក្រុង​កោះ​ Sansha នៅ​ប្រជុំ​កោះ​ Paracel កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១២។

សេវាកម្ម​លក់​សំបុត្រ ​បាន​ប្រាប់​ឲ្យ​ដឹងថា ​កប៉ាល់​ដឹក​អ្នក​ដំណើរ​កំសាន្ត ឈ្មោះ​ Princess Coconut មាន​គម្រោង​ធ្វើ​ដំណើរ​ទៅកាន់​ទី​នោះ​រយៈ​ពេល ​២​ថ្ងៃ។

មជ្ឈមណ្ឌល​ការ​សិក្សា​យុទ្ធសាស្រ្ត​និង​អន្តរជាតិបាន​ប្រាប់​ឲ្យ​ដឹងទៀត​ថា កោះ Woody ​មាន​សារៈសំខាន់យ៉ាងក្រៃលែង​ដល់​អំណាច​ខាង​យោធា​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ ដែល​សម្បូរ​ដោយ​ធនធានេះ។ កោះ​នោះ ឥឡូវនេះ​ទ្រទ្រង់​មូលដ្ឋាន​ទ័ព​អាកាស មជ្ឈ​មណ្ឌល​ប្រព័ន្ធរ៉ាដា​ព្រមាន​ពី​ដំបូង​និង​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​បាញ់​ពី​ដី​ទៅ​អាកាស។ ​ប្រទេស​ទាម​ទារ​ផ្សេង​ទៀត ​ខ្វះ​កម្លាំង​ខាង​យោ​ធា។

ក្រុម​មន្រ្តី​ចិន និយាយ​យោង​ឯកសារ​ប្រវត្តិ​សាស្រ្ត​ដើម្បី​គាំទ្រ​ការ​ទាម​ទារ​របស់​​ពួកគេ​ដល់​ផ្ទៃ​សមុទ្រ​ប្រហែល ​៩០​ភាគរយ​ដែលលាត​សន្ធឹង​ពី​កោះ​ហុងកុង​ដល់​កោះ Borneo។ ចិន​និង​រដ្ឋាភិបាល ​៥​ផ្សេង​ទៀតបាន​ទាម​ទារ​អធិបតេយ្យ​ភាព​លើ​សមុទ្រ​ ដែលជាកន្លែង​នេសាទ​ ផ្លូវ​នាវាចរណ៍​ និង​ថាម​ពល​នៅ​ក្រោម​បាត​សមុទ្រ។

លោក Stephen Nagy ជា​សាស្រ្តាចារ្យ​ខាង​ការសិក្សា​នយោបាយ​ និង​អន្តរ​ជាតិ​នៅ​ឯ​សាកល​វិទ្យាល័យ International Christian ក្នុង​ទីក្រុង​តូក្យូ​និយាយ​ថា ការ​រីកលូតលាស់​ទីក្រុង​នោះ ​នឹង​ផ្តល់​ឲ្យ​ប្រទេស​ចិននូវ «ការកត់​ត្រា​កាល​ពី​អតីត​កាល»អំពី​រដ្ឋ​បាលបាលលើ​ប្រជុំ​កោះ​ទាំង​នោះ។

​លោក​ Nagy ​បាន​និយាយថា៖​ «​អ្វី​ដែល​យើង​កំពុង​ឃើញ​គឺថា ​ចិន​ដែល​ព្យាយាមធ្វើឲ្យ​ករណី​នោះស៊ី​គ្នា​ទៅនឹងបរិបទ​ច្បាប់​អន្តរជាតិ​ និងបំផ្លាញ​ការទាម​ទារ​របស់​ប្រទេស​ទាមទារ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់។ចិន​មាន​សមត្ថភាព​ដែល​ផ្អែកលើការ​ប៉ិន​ប្រសព្វ​របស់​ខ្លួន​ ដើម្បី​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​របៀប​ដែល​វៀត​ណាម​ និង​ហ្វីលីពីន ​និង​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​តំបន់​មិន​អាច​ធ្វើបាន»។

រូប​ឯកសារ៖ ​ក្រុម​ជួយសង្រ្គោះ​ធ្វើ​ការ​ហ្វឹកហាត់​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។
រូប​ឯកសារ៖ ​ក្រុម​ជួយសង្រ្គោះ​ធ្វើ​ការ​ហ្វឹកហាត់​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។

ចិនបានចាញ់​នៅតុលាការ​សម្រប​សម្រួល​ពិភពលោក​ ដែល​បាន​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​លើ​សមុទ្រ​ចិន​មានជម្លោះ​នៅ​ឆ្នាំ​ ២០១៦ ​ពីព្រោះ​តែ​តុលាការ​នោះ ​មិន​យល់​ស្រប​ពី​មូលដ្ឋាន​ខាង​ផ្លូវ​ច្បាប់​សម្រាប់​ការ​ទាម​ទារដែន​សមុទ្រ​របស់​ចិន។

លោក Shinji Yamaguchi អ្នក​សិក្សា​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅឯ​វិទ្យា​ស្ថាន​ជាតិសម្រាប់​ការការពារ​ប្រទេស​ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​តូក្យូ បាន​និយាយ​ដោយ​សរសេរ​ឯកសារ​ស្រាវជ្រាវ​នៅ​ឆ្នាំ ​២០១៧​ ថា ប្រទេស​ម៉ាឡេស៊ី កោះ​តៃវ៉ាន់ ​វៀតណាម​និងហ្វីលីពីន ​បាន​បញ្ជូន​ជន​ស៊ីវិល​ទៅកាន់​ប្រជុំ​កោះ ​Spratly។​ សកម្ម​ភាព​ខាង​ស៊ី​វិល​របស់​ប្រទេស​ផ្សេ​ងទៀត ​មិនមាន​ទ្រង់​ទ្រាយ​ធំ​ដូច​ប្រទេស​ចិន។

លោក Yamaguchi ​បាន​សរសេរ​ទៀត​ថា៖ «ទោះ​បី ​ចិន​មិនមែន​តែ​ម្នាក់ឯង​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​វិធានការ​មិនមែន​ខាង​យោ​ធា​ ដើម្បីបង្កើន​ការទាម​ទារ​របស់​ខ្លួន​ក៏​ដោយ ការ​ខំ​ប្រឹង​ប្រែង​របស់​ចិន ​មាន​ទំហំ​ធំជាង​ប្រទេស​ជិត​ខាង​របស់​ខ្លួន ទាំង​ខាង​ទំហំ​និង​ឥទ្ធិពល»។

លោក Oh នៃ​វិទ្យា​ស្ថាន​នៅ​ប្រទេស​សិង្ហបូរី ​បាន​និយាយ​ថា ប្រទេស​ផ្សេង​ៗ​ទៀត ​ប្រហែល​នឹង​និយាយ​បន្តិ​ចបន្តួចអំពី​បញ្ហា​នេះ។ វៀត​ណាម «ប្រហែល​ធ្វើ​ឲ្យ​ឮ​សំ​ឡេង​តែ​ប៉ុណ្ណោះ»។

លោក ​ទ្រុង ងៀន ព្រឹទ្ធបុរសនៅសាលាទំនាក់​ទំនង​អន្តរជាតិ​នៅឯ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សង្គម ​និង​មនុស្ស​សាស្រ្ត​ក្នុង​ទីក្រុង​ហូជីមិញ ​បាន​និយាយថា ​វៀត​ណាម ​ប្រហែល​គ្រាន់​តែ​ពោល​អះអាង​ម្តង​ហើយ​ម្តង​ទៀតនូវការ​ទាម​ទារ​របស់​ខ្លួន​ចំពោះ​សមុទ្រ​ចិន​ខាង​ត្បូង​តែ​ប៉ុណ្ណោះ។ លោក​និយាយ​ទៀត​ថា ​ប្រសិន​បើវៀត​ណាម​គិតថា ខ្លួនចង់ជំរុញឲ្យ​បញ្ហានោះខ្លាំង រដ្ឋាភិបាល​វៀតណាម ប្រ​ហែល​ងាក​ទៅ​មហា​អំណាចបរទេស​រួមមានប្រទេសនៅទ្វីបអឺរ៉ុប​ខាង​លិច​ឲ្យ​ជួយ។

លោក ងៀង បាន​និយាយ​ទៀត​ថា៖ «វៀតណាម ​កំពុង​រង់ចាំ​ឥរិយាបទ​ប្រកប​ដោយ​ឆន្ទៈល្អ​មក​ពីចិន។ ខ្ញុំ​គិត​ថា ប្រសិន​បើចិនបន្តពង្រីក​ទឹក​ដី​របស់​ខ្លួនក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ពួក​មេដឹកនាំ​វៀត​ណាម ​ជា​ពិសេស ​អ្នក​ដែល​ជា​មិត្តភក្តិ​ចិននឹង​ដឹងថា ពួកគេនឹងត្រូវ​ស្វែងរក​មធ្យោ​បាយ​ផ្សេង​ទៀត​ ដើម្បី​ទប់​ទល់​នឹង​ចិន»។

ចាប់តាំង​ពី​ការ​សម្រេច​របស់​តុលាការ​សម្រប​សម្រួល​ឆ្នាំ​២០១៦​មក ​ចិន ​បាន​រក្សា​ចំណង​ទាក់​ទង​ដោយ​សន្តិវិធី​ជាមួយ​ប្រទេស​ទាម​ទារ​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​តែ​ទាំងអស់​ដោយផ្តល់​ការ​គាំទ្រ​ខាង​សេដ្ឋ​កិច្ច​ដល់​ពួកគេ៕

ប្រែសម្រួល​ដោយ​ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG