ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចេញបម្រាមមួយកាលពីថ្ងៃចន្ទដោយហាមឃាត់ការខួងប្រេងក្នុងតំបន់សមុទ្រឆ្ងាយពីច្រាំងសមុទ្រ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។ ការចេញបម្រាមនេះធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតីបន្តពីលោក។ កន្លងមកលោក Trump បានសន្យាថានឹងបង្កើនការផលិតឥន្ធនៈផូស៊ីលឲ្យបានច្រើនសន្ធឹកសន្ធាប់។
បម្រាមនេះគ្របដណ្តប់តំបន់មាត់សមុទ្រអាមេរិកទាំងមូលខាងមហាសមុទ្រអាត្លង់ទិកនិងឈូងសមុទ្រម៉ិកស៊ិកប៉ែកខាងកើត ព្រមទាំងតំបន់មាត់សមុទ្រអាមេរិកខាងមហាសមុទ្រប៉ាស៊ីហ្វិកជាប់រដ្ឋ California រដ្ឋ Oregon និងរដ្ឋ Washington និងផ្នែកមួយនៃសមុទ្រ Bering ជាប់រដ្ឋ Alaskaផងដែរ។
សេចក្តីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ថាប្រកាសនេះការពារដែនទឹកទំហំជាង ២៥៣ លានហិកតា។
លោក Biden បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយសារតែវិបត្តិអាកាសធាតុបន្តគំរាមកំហែងសហគមន៍នានានៅទូទាំងប្រទេសហើយយើងកំពុងប្តូរទៅជាប្រទេសប្រើប្រាស់ថាមពលស្អាត ឥឡូវនេះដល់ពេលដែលត្រូវការពារតំបន់មាត់សមុទ្រទាំងនេះទុកឲ្យកូនចៅយើងជំនាន់ក្រោយហើយ»។
លោក Biden បានបន្ថែមថា៖ «ដើម្បីឲ្យមានតុល្យភាពនៃការប្រើប្រាស់និងអត្ថប្រយោជន៍ជាច្រើននៃមហាសមុទ្ររបស់អាមេរិក សម្រាប់ខ្ញុំ វាច្បាស់ណាស់ដែលថាសក្តានុពលឥន្ធនៈផូស៊ីលតិចតួចក្នុងតំបន់ដែលខ្ញុំដកចេញទាំងនេះមិនស្មើនឹងហានិភ័យផ្នែកបរិស្ថាន សុខភាពសាធារណៈ និងសេដ្ឋកិច្ចដែលបានមកពីការជួលនិងខួងរកប្រេងថ្មីនោះទេ»។
បម្រាមនេះមិនបានបញ្ជាក់កាលបរិច្ឆេទកំណត់ទេនិងអាចធ្វើឲ្យលោក Trump ពិបាកលុបចេញវិញតាមផ្លូវច្បាប់និងផ្លូវនយោបាយ។
លោក Biden ដាក់បម្រាមនេះក្រោមច្បាប់ឆ្នាំ ១៩៥៣ ស្តីពីដែនដីតំបន់ខ្ពង់រាបបាតសមុទ្រខាងក្រៅ ដែលផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលសហព័ន្ធក្នុងការគ្រប់គ្រងលើការទាញយកធនធានឆ្ងាយពីច្រាំងសមុទ្រ៕
រដ្ឋធានីវ៉ាស៊ីនតោន —
វេទិកាបញ្ចេញមតិ