ពួកមន្រ្តីយោធាហ្វីលីពីននិយាយថា ជនសកម្មប្រយុទ្ធកំពូលម្នាក់របស់ក្រុមរដ្ឋឥស្លាមត្រូវបានគេជឿជាក់ថា បានត្រូវសម្លាប់ដោយកងទ័ពរដ្ឋាភិបាលដែលបានរំដោះទីក្រុងម៉ារ៉ាវីភាគខាងត្បូងកាលពីដើមសប្តាហ៍នេះ។
Mahmud Ahmad កើតនៅប្រទេសម៉ាឡេស៊ីបានស្ថិតក្នុងចំណោមពួកជនសកម្មប្រយុទ្ធ២០នាក់ដែលត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាកាលពីព្រឹកថ្ងៃចន្ទ។អ្នកនាំពាក្យយោធាហ្វីលីពីននិយាយថា ខ្លួនមានទំនុកចិត្តថា Ahmad បានត្រូវកងទ័ពសម្លាប់ដោយផ្អែកលើព័ត៌មានដែលផ្តល់ដោយចំណាប់ខ្មាំង២នាក់ដែលត្រូវបានជួយសង្គ្រោះបន្ទាប់ពីការប្រយុទ្ធគ្នា។ ការស្លាប់របស់ជននោះមិនត្រូវបានបញ្ជាក់រហូតទាល់សាកសពរបស់ជននោះបានត្រូវគេរកឃើញហើយការធ្វើកោសិកា DNA បានត្រូវធ្វើឡើង។
Ahmad ជាសហការីដ៏ជិតស្និទ្ធរបស់ Isnilon Hapilon ដែលជាមេដឹកនាំរបស់ក្រុមរដ្ឋឥស្លាមក្នុងតំបន់អាស៊ីអាគ្នេយ៍រហូតដល់សប្តាហ៍នេះ នៅពេលដែលជននោះហើយនឹងOmarkhayam Mauteឥស្សរជនដ៏សំខាន់ម្នាក់ទៀតរបស់ក្រុមរដ្ឋឥស្លាមបានត្រូវសម្លាប់នៅក្នុងកិច្ចប្រតិបត្តិការនៅក្នុងតំបន់។ Ahmad ត្រូវបានគេជឿជាក់ថា បានផ្តល់លុយហើយនឹងពួកអ្នកប្រយុទ្ធដើម្បីលើកទឹកចិត្តការកាន់កាប់ទីក្រុងម៉ារ៉ាវីរបស់ក្រុមនោះដែលជាទីក្រុងមួយស្ថិតនៅកោះមីនដាណាវភាគខាងត្បូងដែលគ្រប់គ្រងដោយអ្នកកាន់សាសនាឥស្លាម២សែននាក់។
ពួកអ្នកជំនាញនិយាយថា Ahmad ទំនងជាជំនួសកន្លែងរបស់ Hapilon ជាមេដឹក នាំដ៏សំខាន់របស់ក្រុមរដ្ឋឥស្លាមនៅក្នុងតំបន់នោះ។
មនុស្សជាង១ពាន់នាក់បានត្រូវសម្លាប់នៅទីក្រុងម៉ារ៉ាវីចាប់តាំងពីថ្ងៃទី២៣ ខែឧសភាមក នៅពេលដែលកងកម្លាំងសន្តិសុខហ្វីលីពីនបានចាប់ផ្តើមបេសកកម្មចាប់ខ្លួន Hapilon។ការវាយឆ្មក់បានទទួលបរាជ័យបន្ទាប់ពីពួកជនសកម្មប្រយុទ្ធបានវាយសង្គ្រប់ទីក្រុងនោះហើយបានដុតផ្ទះសម្បែង វិហារគ្រឹស្តសាសនាហើយនឹងចាប់មនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំង។ ផ្នែកភាគច្រើននៃទីក្រុងម៉ារ៉ាវីបានត្រូវកំទិចដោយការវាយប្រហារតាមអាកាសដែលមានគោលបំណងបញ្ចប់ការឡោមព័ទ្ធនោះ៕