ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កាតា​និង​ក្រុម​ហាម៉ាស់​ថា កិច្ចព្រមព្រៀងគ្នា​ត្រូវបាន​សម្រេច​ដើម្បី​ពន្យារ​​បទឈប់បាញ់​គ្នានៅតំបន់ហ្កាហ្សា​រយៈពេល​ពីរថ្ងៃទៀត​


រូប​ថត​ចំណា​ខ្មាំង​ត្រូវបាន​បង្ហាញនៅលើ​កញ្ចក់​ធំមួយនៅទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល
រូប​ថត​ចំណា​ខ្មាំង​ត្រូវបាន​បង្ហាញនៅលើ​កញ្ចក់​ធំមួយនៅទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល

ប្រទេស​កាតា​ដែល​ជា​អ្នក​សម្របសម្រួល​ក្នុង​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ថា កិច្ច​ព្រមព្រៀង​មួយ​ត្រូវបាន​សម្រេច​បាន​ដើម្បី​ពន្យារ​បទឈប់​បាញ់គ្នានៅ​តំបន់​ហ្កាហ្សា (Gaza) ​រយៈពេល​ពីរ​ថ្ងៃ​ទៀត ដោយ​បន្ត​ផ្អាក​ការ​ប្រយុទ្ធគ្នា​ដែល​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ ៧សប្តាហ៍​មក​នេះ ដែល​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ និង​បង្ក​ការ​បំ​ផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ជនជាតិ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេសកាតា​ម្នាក់​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម X ថា៖ «កិច្ច​ព្រមព្រៀង​គ្នា​មួយ​ត្រូវបាន​សម្រេច​ដើម្បី​ពន្យារ​ពេល​សម្រាប់​កិច្ចការ​មនុស្សធម៌​រយៈពេល​ពីរ​ថ្ងៃ​ទៀត​នៅ​តំបន់​ហ្កាហ្សា»។

ក្រុម​ហាម៉ាស់​ក៏​បាន​និយាយ​ថា ខ្លួន​បាន​យល់ព្រម​ជាមួយ​ប្រទេស​កាតា​និង​ប្រទេស​អេហ្ស៊ីប ឱ្យ​មាន​ការ​ពន្យារពេល​ពីរ​ថ្ងៃ​ទៀត​លើ​កិច្ច​ឈប់​បាញ់គ្នា​។ ប្រទេស​កាតា​និង​អេហ្ស៊ីប​កំពុង​សម្របសម្រួល​ការ​ចរចា​គ្នា​ដោយ​ប្រយោល​រវាង​ភាគី​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់។

មិន​ទាន់​មាន​ការ​លើក​ឡើង​អំពី​កិច្ច​ព្រមព្រៀង​នេះ​នៅឡើយ​ទេ​ពី​ប្រទេស​អ៊ីស្រាអែល ក៏ប៉ុន្តែមន្ត្រី​សេតវិមានរបស់​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា​ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​សម្រេច​។ ​

នៅក្នុង​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​ហាម៉ាស់​ម្នាក់​បាន​ថ្លែង​ថា៖ «កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​សម្រេច​ជាមួយ​នឹង​បងប្អូន[របស់យើង]​នៅ​កាតានិង​អេហ្ស៊ីប ដើម្បី​ពន្យារបទឈប់បាញ់​ជាបណ្តោះអាសន្ន​សម្រាប់​កិច្ចការ​មនុស្សធម៌​រយៈពេល​ពីរ​ថ្ងៃទៀត ដោយ​មាន​លក្ខខណ្ឌ​ដដែលដូច​កិច្ច​ព្រមព្រៀងគ្នា​លើក​មុន»។ ​

ការ​ថ្លែងទាំងនេះមិនបាន​បញ្ជាក់​អំពី​ចំនួន​ចំណាប់​ខ្មាំង​ដែល​នឹង​ត្រូវបាន​ដោះ​លែង​នោះ​ទេ ក៏​ប៉ុន្តែ​មុនការ​ប្រកាស​ទាំង​នេះ ប្រធាន​នាយកដ្ឋា​នព័ត៌មានជាតិ​អេហ្ស៊ីបលោក Diaa Rashwan បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​គ្នា​ដើម្បីពន្យារ​បទ​ឈប់​បាញ់នោះ​រួមមាន​ការ​ដោះលែង​ចំណាប់​ខ្មាំង​ជនជាតិ​អ៊ីស្រាអែល ២០នាក់​ ក្នុង​ចំណោម​ចំណាប់ខ្មាំង​ដែល​ក្រុម​ហាម៉ាស់​បាន​ចាប់ខ្លួន​ពី​ភាគខាង​ត្បូង​អ៊ីស្រាអែល​ កាលពី​ថ្ងៃទី៧ ខែតុលា។ លោក​ថ្លែង​បន្ថែម​ថា ជាការ​ដោះដូរ អ៊ីស្រាអែល​ដោះលែង​អ្នក​ទោស​ជនជាតិ​ប៉ាឡេស្ទីន​ ៦០នាក់ ដែលអ៊ីស្រាអែល​បាន​ឃុំខ្លួន។

កិច្ច​ឈប់​បាញ់គ្នា​ដំបូង​នឹង​ត្រូវបាន​ផុត​កំណត់​នៅ​យប់​ថ្ងៃចន្ទ៕

XS
SM
MD
LG