ពួកមន្ត្រីនៅក្នុងតំបន់ Mykolaivនៃប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយកាំជ្រួចមីស៊ីលមួយគ្រាប់បានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ម្នាក់ដែរហើយនិងធ្វើឱ្យ១៦នាក់ទៀតរងរបួស។
លោក Vitaliy Kimអភិបាលតំបន់ Mykolaivបាននិយាយតាមសារលើតេឡេក្រាមថា ការវាយប្រហារនោះបានធ្វើឱ្យខូចខាតទីកន្លែងហេដ្ឋារចនាសម្ពន្ធ ភោជនីយដ្ឋាននិងតំបន់លក់ដូរនិងអគារពួកអ្នកស្រុករស់នៅ។
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថាការវាយប្រហាររយៈពេលមួយយប់របស់រុស្ស៊ីរួមទាំងកាំជ្រួចមីស៊ីល៩គ្រាប់និងដ្រូនចំនួន១៧គ្រឿង ដោយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានកម្ទេចដ្រូន១២គ្រឿងក្នុងចំណោមដ្រូន១៧គ្រឿងនោះ។
កងទ័ពការពារដែនអាកាសអ៊ុយក្រែនបាននិយាយថាការបាញ់ស្ទាក់ដ្រូនបានធ្វើឡើងនៅពីលើតំបន់ Cherkasy, Chernihiv, Kirovohrad, Kyiv, Mykolaiv, Odesa និងPoltava។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថាខ្លួនបានកម្ទេចដ្រូនអ៊ុយក្រែននៅពីលើតំបន់ Belgorod, KurskនិងTula។
លោក Vyacheslav Gladkovអភិបាលតំបន់Belgorodបាននិយាយថាគ្រឿងផ្ទុះដែលទម្លាក់មកពីដ្រូនមួយគ្រឿងបានត្រូវចំអគារអ្នកស្រុករស់នៅហើយបានធ្វើឱ្យមនុស្សម្នាក់រងរបួស។
អគ្គលេខាធិការអង្គការអូតង់បាននិយាយកាលពីថ្ងៃចន្ទថាសម្ព័ន្ធមិត្ត នឹងបន្តគាំទ្រអ៊ុយក្រែន ថ្វីបើមានការគំរាមកំហែងពីរុស្ស៊ីក៏ដោយ។
ថ្លែងនៅឯបេសកកម្មអ៊ុយក្រែនរបស់អង្គការអូតង់ក្នុងទីក្រុង Wiesbadenប្រទេសអាល្លឺម៉ង់ លោក Mark Rutteបាននិយាយថាសារសម្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គឺថា៖ «យើងនឹងបន្ត គឺថា យើងនឹងធ្វើអ្វីៗដែលជាការចាំបាច់ដើម្បីធ្វើឱ្យប្រាកដថាលោក Putinនឹងមិនធ្វើអ្វីតាមដែលលោកចង់ឡើយ។ គឺថាអ៊ុយក្រែន នឹងឈ្នះ»។
លោក Ruttបាននិយាយទៀតថា សម្ព័ន្ធមិត្តអូតង់ជា «សម្ពន្ធភាពយោធាដ៏ខ្លាំងបង្អស់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោកដែលបម្រើមនុស្ស១ពាន់លាននាក់។ យើងប្រុងប្រៀបខ្លួនដើម្បីប្រឈមការគំរាមកំហែងណាមួយ។ យើង នឹងមិនរងការបំភិតបំភ័យដោយសត្រូវរបស់យើងទេ»៕
វេទិកាបញ្ចេញមតិ