ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលីស​ដាណឺម៉ាក​ចាប់​ខ្លួន​បុរស​២នាក់​សង្ស័យ​ថា​បាន​ជួយ​ខ្មាន់​កាំ​ភ្លើង


ផ្លាក​ដែល​សរសេរ​អក្សរ​ថា «មិន​ខ្លាច» ត្រូវ​បាន​ដាក់​ក្បែរ​ក្លឹប​វប្បធម៌​មួយ​ដែល​មនុស្ស​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ទីក្រុង​កូប៉ិនហាក (Copenhagen) ប្រទេស​ដាណឺម៉ាក កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
ផ្លាក​ដែល​សរសេរ​អក្សរ​ថា «មិន​ខ្លាច» ត្រូវ​បាន​ដាក់​ក្បែរ​ក្លឹប​វប្បធម៌​មួយ​ដែល​មនុស្ស​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ទីក្រុង​កូប៉ិនហាក (Copenhagen) ប្រទេស​ដាណឺម៉ាក កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ប៉ូលីស​ដាណឺម៉ាក​និយាយ​ថា​ ពួកគេ​បាន​ចាប់​ខ្លួន​បុរស​២​នាក់​ដោយ​សង្ស័យ​ថា​បាន​ជួយ​ជន​ប្រដាប់​អាវុធ​ម្នាក់ ដែល​បាន​សម្លាប់​មនុស្ស​២​នាក់​នៅ​ក្នុង​ការ​បាញ់ដាច់​ដោយ​ឡែក​ពីរ​ផ្សេង​គ្នា​ក្នុង​ទីក្រុង​កូប៉ិនហាក (Copenhagen) កាល​ពី​ថ្ងៃ​សៅរ៍។

​ប៉ូលីស​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​បុរស​ទាំង​២​នាក់​នោះ​ត្រូវ​បាន​សង្ស័យ​ថា​បាន​ជួយ​ជន​ប្រដាប់​អាវុធ​អាយុ​២២​ឆ្នាំ​ម្នាក់ ដែល​គេ​ចោទ​ថា​បាន​ធ្វើ​ការ​បាញ់​ប្រហារ​នៅ​វេទិកា​ស្តី​ពី​សេរីភាព​នស​ការ​បញ្ចេញ​មតិ​ និង​នៅ​ព្រះវិហារ​សាសនា​ដ៏​សំខាន់​មួយ​ក្នុង​ទីក្រុង​កូប៉ិនហាក។

នាយករដ្ឋមន្ត្រី​ដាណឺម៉ាក Helle Thorning-Schmidt បាន​ហៅ​ការ​បាញ់​ទាំង​២​នោះ​ថា​ជា​ «សកម្មភាព​ភេរវកម្ម​ដ៏​ឥត​អៀន​ខ្មាស​ប្រឆាំង​នឹង​ប្រទេស​ដាណឺម៉ាក»។

ប៉ូលិស​បាន​បាញ់​សម្លាប់​ជន​ប្រដាប់​អាវុធ​ដែល​មាន​ដើម​កំណើត​ក្នុង​ប្រទេស​ ដាណឺម៉ាក​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ក្រោយ​ពី​ជន​នោះ​បាន​បាញ់​ប្រហារ​លើ​ប៉ូលីស​ នៅ​ក្បែរ​ស្ថានីយ​រថភ្លើង​មួយ។​ ប្រវត្តិ​ឧក្រិដ្ឋកម្ម​របស់​បុរស​នេះ​មាន​រួម​មាន​ទាំង​អំពើ​ហិង្សា​និង​បទ​ល្មើស​ទាក់​ទង​នឹង​អាវុធ​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​ប៉ូលីស។

ប្រធាន​ស៊ើប​ការ​សម្ងាត់​នៃ​ប្រទេស​ដាណឺម៉ាក​ លោក​ Jens Madsen បាន​ថ្លែង​ថា ក្រុម​អ្នក​ស៊ើប​អង្កេត​ជឿ​ជាក់​ថា​ជន​ប្រដាប់​អាវុធ​នោះ​បាន​ទទួល​ការ​ជំរុញ​ទឹក​ចិត្ត​ពី​ក្រុម​អ៊ីស្លាម​និយម​ជ្រុល។

នៅ​ក្នុង​ការ​វាយ​ប្រហារ​លើក​ទី​មួយ​ បុរស​ប្រដាប់​អាវុធ​ម្នាក់​បាន​ប្រើប្រាស់​កាំ​ភ្លើង​ស្វ័យ​ប្រវត្តិ​មួយ​ដើម​ ដើម្បី​សម្លាប់​មនុស្ស​ម្នាក់​និង​ធ្វើ​ឲ្យ​របួស​មន្ត្រី​ប៉ូលីស​៣​នាក់ នៅ​ហាង​កាហ្វេ​មួយ។​ បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដាណឺម៉ាក​រាយការណ៍​ពី​អត្តសញ្ញាណ​ជន​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​នោះ​ជា​ផលិតករ​ភាពយន្ត អាយុ​៥៥​ឆ្នាំ ឈ្មោះ Finn Norgaard។

ការជួប​ប្រជុំ​គ្នា​អំពី​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ មាន​ការ​ចូលរួម​របស់​អ្នក​គូរ​គំនូរ​ថ្លុក​កំប្លែង​ជនជាតិ​ស៊ុយអែត លោក Lars Vilks ដ៏​ល្បី​ឈ្មោះ​ក្នុង​ការ​គូរ​គំនូរ​ ដែល​នាំ​ឲ្យ​មាន​ភាពចម្រូង​ចម្រាស់​ រួម​មាន​ទាំង​រូប​ថ្លុក​កំប្លែង​ព្យាការី​ Muhammad​កាល​ពី​ឆ្នាំ​២០០៧​ ដែល​នាំ​ឲ្យ​មាន​ការគំរាម​កំហែង​លើ​រូប​លោក។ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ប្រទេស​ដាណឺម៉ាក​ លោក​ Francois Zimeray ​ក៏​បាន​ចូលរួម​ក្នុង​ការ​ជួប​ពិភាក្សា​នោះ​ដែរ។​ អ្នក​ទាំង​ពីរ​មិន​បានរង​របួស​ក្នុង​ការ​បាញ់​នោះ​ទេ៕

XS
SM
MD
LG