ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ទិញ​ទំនិញ​តាម​អនឡាញ​​នៅ​ថ្ងៃ​ Cyber Monday ទាក់​ទាញ​ខ្លាំង​ ស្រប​ពេល​អតិផរណា​​ខ្ពស់


បុរស​​ម្នាក់​​យួរ Playstation 5 នៅ​ហាង​ទំនិញ Best Buy ក្នុង​ថ្ងៃ Black Friday នៅ​ទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋ​អាមេរិក ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
បុរស​​ម្នាក់​​យួរ Playstation 5 នៅ​ហាង​ទំនិញ Best Buy ក្នុង​ថ្ងៃ Black Friday នៅ​ទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋ​អាមេរិក ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ដែលមនុស្ស​ម្នា​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ឥវ៉ាន់ចំ​ថ្ងៃ​បញ្ចុះ​តម្លៃ​ពិសេស​ដែល​គេ​ស្គាល់​ថា​ជា​ ​«Black Friday» នោះ​ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញក្រុមអ្នក​ទិញ​ទំនិញ​ជា​ពលរដ្ឋ​អាមេរិកាំង​ជា​ច្រើន​នាក់ ​បាន​នាំគ្នា​ងាក​មករក​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អនឡាញ​វិញ​ ដែល​គេស្គាល់​ថា​ជា​ Cyber Monday ​ដែល​មាន​ការ​ចុះ​ថ្លៃ​ជា​ពិសេស ​សម្រាប់​ទំនិញ​និង​របស់របរផ្សេងៗ ដែល​បាន​ឡើង​ថ្លៃ​ខ្ពស់ក្នុង​ពេល​កន្លង​ទៅ​ដោយ​សារ​អតិផរណា​នោះ​។​ នេះបើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AP។ ​

ការ​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ត្រូវ​គេ​រំពឹង​ថា នឹង​នៅ​ជា​ថ្ងៃទិញ​ទំនិញ​តាម​អនឡាញ​ដ៏​ធំបំផុត​មួយនៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ដែលការ​លក់ទំនិញសរុប​នៅ​ថ្ងៃ​នោះ​អាច​មានទឹកប្រាក់​ទាំង​អស់​ប្រមាណ​១១​,៦​ពាន់​លាន​ដុល្លារ​អាមេរិក។​ នេះ​បើតាមការ​វិភាគ​របស់ក្រុមហ៊ុនAdobe ដែល​តាមដានការលក់​តាម​ប្រព័ន្ធអនឡាញនៃ​ហាង​ទំនិញ​ជាង៨៥ ក្នុង​ចំណោមហាង​លក់​ទំនិញ​ដែល​ល្បីៗ​ចំនួន​១០០​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​ ​ ការ​ព្យាករណ៍​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​កើន​ឡើង​នៃ​ការ​ចំណាយ​របស់​អ្នក​ទិញដែល​ឡើង​ពី​ចំនួន១០,៧​ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​គេ​បាន​ចំណាយ​កាល​ពី​ឆ្នាំ​ទៅ។​ ​

អ្នកទិញ​ទំនិញ​បាន​ចំណាយ​ប្រាក់​ប្រមាណ​៩,១២​ពាន់​លាន​ដុល្លារ ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អនឡាញ​កាល​ពី​ថ្ងៃ Black Friday ដែល​កើន​ចំនួន​ប្រមាណ​២,៣%​ លើស​ពី​ឆ្នាំ​ទៅ។​ នេះ​បើតាមក្រុមហ៊ុន Adobe។ សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អនឡាញ​ បាន​បន្ត​មមាញឹក​នៅ​ចុងសប្តាហ៍​កន្លងទៅ​នេះ​ ជា​មួយ​នឹងទឹក​ប្រាក់​លក់​តាម​ប្រព័ន្ធអនឡាញមាន​ចំនួន​សរុប​ប្រមាណ៩,៥៥​ពាន់​លាន​ដុល្លារ​អាមេរិក។ ​

ក្រុមហ៊ុន​ Salesforce ដែល​តាម​ដាន​ការ​ចំណាយរបស់ក្រុមអ្នកទិញ​ផង​ដែរ​នោះនិយាយ​ថា​ ការ​ប៉ាន់ប្រមាណរបស់​គេបង្ហាញ​ថា​ ការ​លក់​តាម​ប្រព័ន្ធអនឡាញនៅ​ក្នុង​សហរដ្ឋអាមេរិក​ ​មាន​ទឹកប្រាក់​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ​កាល​ពី​ថ្ងៃ​សុក្រ​កន្លងទៅ​ ហើយមាន​ទឹកប្រាក់​ប្រមាណ​១៧,​២ពាន់​លាន​ដុល្លារ​កាល​ពី​ចុងស​ប្តាហ៍​នេះ ដោយ​ក្នុង​នោះ​ការ​បញ្ចុះ​តម្លៃលើ​ទំនិញ​គឺ​ប្រមាណ​ ៣០%។ ទំនិញ​ជា​គ្រឿង​អេឡិចត្រូនិក​ សម្លៀកបំពាក់ ​ប្រដាប់ក្មេង​លេង​ របស់របរសុខភាព​ និង​គ្រឿងសំអាង ​ស្ថិត​ក្នុង​ចំណោម​ទំនិញ​នានា​ ដែលលក់​ដាច់​ខ្លាំង។​ ​នេះ​បើតាម​ការ​ប៉ាន់ស្មាន​របស់​ក្រុម​ហ៊ុនទាំងពីរ​ខាង​លើ៕

XS
SM
MD
LG