ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​បង្ហាញ​ហេតុផល​អវិជ្ជមាន​នៃ​ការ​គំរាម​របស់​សភា​ស.រ.អា.​​កាត់​ជំនួយ​សម្រាប់​​កម្ពុជា


លោកស្រី ​Shihoko ​Goto​ ជា​អ្នក​ស្រាវ​ជ្រាវ​អំពី​នយោបាយ​តំបន់​អាស៊ី​នៃ​មជ្ឈមណ្ឌល​ Wilson Center​ ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន
លោកស្រី ​Shihoko ​Goto​ ជា​អ្នក​ស្រាវ​ជ្រាវ​អំពី​នយោបាយ​តំបន់​អាស៊ី​នៃ​មជ្ឈមណ្ឌល​ Wilson Center​ ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន
ក្រុម​អ្នក​វិភាគ​នៅ​ស.រ.អា.​បង្ហាញ​ឲ្យដឹង​ពីផល​ប៉ះពាល់​ជា​អវិជ្ជមាន​មួយ​ចំនួន​ពីការ​គំរាម​របស់​សភា​ស.រ.អា.​ដែល​ប៉ុនប៉ង​កាត់​ជំនួយ​សម្រាប់កម្ពុជា​ដែល​ត្រូវ​ចោទ​ប្រកាន់​ថា ​មិន​កែទម្រង់​ប្រទេស​តាម​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​និង​កែ​ទម្រង់​ការ​បោះឆ្នោត​ឲ្យ​សេរី ​និង​យុត្តិធម៌​ ត្រឹមត្រូវ។​ លោក​សុខ ខេមរា​នៃ​វីអូអេរាយ​ការណ៍​ថា ​ប្រទេស​កម្ពុជា​គួរ​ត្រូវ​គិត​ពី​ផល​ប្រយោជន៍​ជាតិ​វែង​ឆ្ងាយ​របស់​ខ្លួន​ចំពោះ​វិធាន​ការណ៍​កាត់​ជំនួយ​ស.រ.អា.​នេះ​ ដោយ​មិន​ត្រូវ​ពឹង​អាងលើ​ប្រទេស​ចិន​តែ​មួយ​ទេ។​

នៅ​ពេល​សមាជិក​សភា​ស.រ.អា.​ច្រើន​ឡើងៗ​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​កាត់​ជំនួយ​សម្រាប់​ប្រទេស​កម្ពុជា​ ដោយសារ​កម្ពុជា​គ្មាន​ការ​កែទម្រង់​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​បោះឆ្នោត​ត្រឹមត្រូវ​នោះ​ ក្រុម​អ្នក​វិភាគ​បញ្ហា​គោល​នយោបាយ​របស់​ស.រ.អា.​មួយ​ចំនួន​ព្រមាន​ថា ​ប្រទេស​កម្ពុជា​មិន​អាច​ពឹងលើ​ប្រទេស​ចិន​តែមួយ​ ហើយ​ព្រងើយ​កន្តើយ​ពី​ការ​កែ​ទម្រង់ប្រទេស​ទៅ​តាម​ស.រ.អា. ​និង​សហគមន៍​អន្តរជាតិ​តម្រូវ​ឡើយ​ បើ​ពុំដូច្នោះ​ទេ​ ពួក​គេ​អះអាង​ថា​ នឹង​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ។​

លោកស្រី ​Shihoko ​Goto​ ជា​អ្នក​ស្រាវ​ជ្រាវ​អំពី​នយោបាយ​តំបន់​អាស៊ី​នៃ​មជ្ឈមណ្ឌល​ Wilson Center​ ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​បាន​ថ្លែង​ថា​ ភាព​ចាំ​ចាច់​របស់​កម្ពុជា​គឺ​ការ​បោះឆ្នោត​អាច​ទទួល​យក​បាន​ពី​អន្តរជាតិ​ ដោយសារ​ប្រទេស​នេះ​ត្រូវ​ការ​ទំនាក់​ទំនង​ជា​អន្តរជាតិ​ មិនមែន​ចិនតែ​មួយ​ទេ។

អ្នកស្រី​និយាយថា៖ «តែសម្រាប់​រយៈពេល​វែងវិញ​ វាជា​រឿង​ផល​ប្រយោជន៍​ចំពោះ​កម្ពុជា​ ខ្លួន​ឯង​ដែល​ត្រូវមាន​ការ​គាំទ្រ​ហិរញ្ញ​វត្ថុ​ក្រៅ​ពី​ប្រទេស​ចិន​ ​ពង្រីក​មូលដ្ឋាន​សេដ្ឋ​កិច្ច​របស់ខ្លួន​លើស​ពីការ​នាំចេញ​ធនធាន​ និង​ផលិតផល​វាយន​ភ័ណ្ឌ​ដែរ។ ​ដើម្បី​ទទួលបាន​ការគាំទ្រ​ចម្រុះ​ដល់កម្ពុជា​នេះ​ កម្ពុជា​ត្រូវតែ​ធ្វើយ៉ាង​ណាឲ្យ​សហគមន៍​អន្តរ​ជាតិ​ទទួល​យក​បាន​ ហើយស្វែង​រកការ​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច​ប្រកួត​ប្រជែង​មួយ។​ ការ​រៀបចំ​ការ​បោះឆ្នោត​ឲ្យមាន​លក្ខណៈ​សេរី ​និង​យុត្តិធម៌​គឺជា​ជំហ៊ាន​មួយឆ្ពោះ​ទៅកាន់​ការ​សម្រេច​គោល​បំណង​រយៈពេល​វែង»។

អ្នក​ស្រី​បាន​បង្ហាញ​ថា​ ក្រុង​វ៉ាស៊ីនតោន​ ដែលចង់​បង្កើន​ឥទ្ធិពល​ក្នុងតំបន់​អាស៊ី ​និង​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​អាស៊ីនោះ​ បាន​ពិចារណា​អំពី​តួនាទី​របស់​ចិន​ចំពោះ​កម្ពុជា ​នៅពេល​មាន​វិធាន​ការ​ណា​មួយ​ចំពោះ​កម្ពុជា​នេះ។​

អ្នកស្រី​បន្ត​ថា៖ ​«មើល​ពីទិដ្ឋភាព​ដ៏ធំ​នៃ​តុល្យភាព​ស.រ.អា.​ចំពោះ​តំបន់​អាស៊ី​ នយោបាយ​ចិន​ចំពោះ​កម្ពុជា​ពិតជា​ការ​គិតគូរ​របស់​អ្នក​តាក់តែង​គោល​នយោ​បាយ​ស.រ.អា.​មែន​ នៅ​ពេល​ដែល​គេ​ស្ទាបស្ទង់​ ឬ​វាយ​តម្លៃ​គោល​នយោ​បាយ​ទៅ​អនាគត​ចំពោះ​ប្រទេស​នេះ។​ ប៉ុន្តែ​វាជា​រឿង​ងាយ​ពេក​ក្នុង​ការ​វាយ​តម្លៃ​ថា​ ស.រ.អា.​អាច​បាត់​បង់​ប្រយោជន៍​ច្រើន​ក្នុងការ​ចាត់​វិធាន​ការ​តាម​គោល​នយោបាយ​ជា​សំខាន់​របស់​ស.រ.អា. ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា។​ គ្មាន​ការ​សង្ស័យ​ទេ​ថា ​ការ​បន្តផ្តល់​ជំនួយ​របស់​ចិន​សម្រាប់​កម្ពុជា​នៅដើរ​តួនាទី​សំខាន់​ដើម្បីធានា​ដល់​ការ​រស់រាន​នៃ​របប​គ្រប់គ្រង​បច្ចុប្បន្ន»។

ប្រទេស​ចិនជា​ប្រទេស​ផ្តល់​ជំនួយ​ធំ​ជាង​គេ​សម្រាប់កម្ពុជា​ ហើយ​គ្មាន​លក្ខខណ្ឌ​ដូច​ប្រទេស​លោក​ខាងលិច​ទេ។ ​ប្រទេស​លោក​ខាងលិច​និង​សហគមន៍​អន្តរជាតិ​ផ្តល់​ជំនួយ​ភាគ​ច្រើន​ភ្ជាប់​លក្ខខណ្ឌ​ជាមួយ​នឹង​ ប្រជា​ធិតេយ្យ ​សិទ្ធិមនុស្ស។​ ហើយ​ចុងក្រោយ​នេះ​ ជា​ឧទាហរណ៍​គឺ ស.រ.អា.​បាន​ភ្ជាប់​លក្ខខណ្ឌ​ទៅនឹង​ការ​បោះឆ្នោត ​យុត្តិធម៌​ ត្រឹមត្រូវ​ មាន​ការ​ចូលរួម​ពី​លោក​សម ​រង្ស៉ី​ ជាដៃ​គូ​ប្រជែង​ដ៏​សំខាន់​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​ ដែល​កាន់​អំណាច​៣០​ឆ្នាំ។​

លោកស្រី​ Shihoko Goto​ បាន​បន្ថែម​ថា​ លោកសម រង្ស៉ី​មិនអាច​គ្មាន​វត្តមានក្នុង​ការ​បោះឆ្នោត​បាន​ទេ ​ចំពោះ​ការ​បោះឆ្នោត​មួយ​ដែល​អាច​ទទួល​ស្គាល់​ជា​អន្តរជាតិ។

អ្នកស្រី​និយាយ​ថា៖ ​«ការ​លើក​លែង​ទោស​ដល់​លោក​សម រង្ស៉ី​ពិតជា​ជំហាន​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ត្រឹមត្រូវ​មួយ។​ តែ​វា​មិន​គ្រប់គ្រាន់​ទេ។​ សុវត្ថិភាព​នៃការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៉ី​ទៅកាន់​ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវតែ​មាន​ការ​ធានា​ហើយនឹង​ការ​ចូលរួម​ដោយ​ពេញលេញ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ផង​ដែរ។​ រដ្ឋាភិបាល​ត្រូវរក្សា​ការ​សន្យា​របស់ខ្លួន​ដែល​ថា​ ធ្វើឲ្យ​ប្រាកដ​ប្រជា​ក្នុង​ការ​ធានា​ថា​ ការបោះ​ឆ្នោត​ត្រូវមាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌»។​

អ្នកស្រី​លើក​ឡើង​ដូច្នេះ​គឺ​ដោយសារ​ថា​ ក្រុម​មេដឹកនាំ​ជំទាស់​នៅ​មិនទាន់​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ ភាពមិន​ប្រក្រតី ​រឿងចុះ​ឈ្មោះ​បោះ​ឆ្នោត​និង​បញ្ជី​ឈ្មោះ​ប៉ោង​ ​ការ​ទិញ​ទឹកចិត្ត ​ការ​ប្រើ​ប្រាស់​ធនធាន​ និង​ប្រព័ន្ធ​ឃោសនា​មិន​ស្មើភាព​គ្នា​ ការ​រិតត្បិត​ក្រុម​ជំទាស់​ក្នុង​សកម្មភាព​នយោ​បាយ​ជាដើម។​

មេដឹកនាំ​គណបក្ស​ជំទាស់​គឺលោក​សម រង្ស៉ី​ ទើប​ត្រូវ​បាន​លើកលែង​ទោស​នៅ​នាទី​ចុងក្រោយ ​ក្រោយ​ពី​បាន​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ជាង​៣ឆ្នាំ​ដោយសារ​តែ​មាន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដាក់​ទោស​លោក​រឿង​បញ្ហា​ព្រំដែន​កាល​ពីឆ្នាំ​២០០៩។ លោក​ត្រូវ​វិល​ចូលក្នុង​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ខាង​មុខ។​

លោក​បណ្ឌិត​ចន ស៊ីយ៉ូស៊ីយ៉ារី ​(John Ciorciari)​ សាស្ត្រាចារ្យ​ផ្នែក​គោល​នយោបាយ​សាធារណៈ ​ Gerald Ford​ School ​of Public Policy ​នៃ​សាកល​វិទ្យាល័យ​ University ​of Michigan ​បាន​ថ្លែង​ថា ​ប្រសិន​បើការ​បោះ​ឆ្នោត​នេះ​មិនយុត្តិធម៌​ ដោយ​មានការ​គំរាម​កំហែង​ ឬ​ក្លែងបន្លំ​នោះ​ ​នោះ​ការកាត់​ជំនួយ​អាច​នឹង​កើត​មាន​ឡើង។​ តែ​លោក​ថា​ ការ​គម្រាម​របស់​សមាជិក​សភា​ និង​ព្រឹទ្ធ​សភាចង់​កាត់​ជំនួយ​គឺ​ជា​ជំហ៊ាន​ម៉ឺងម៉ាត់​មួយ ។​

លោក​និយាយថា៖​ «យុទ្ធសាស្ត្រ​របស់រដ្ឋបាល​លោក​អូបាម៉ា​ចំពោះ​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​កំពុង​រង​សម្ពាធ​ខ្លាំង​ឡើងៗ។​ រយៈ​ពេល​ជាច្រើន​ឆ្នាំ​ សមាជិក​និង​បុគ្គលិក​សំខាន់ៗ​របស់​សភា​អាមេរិកាំង​ចង់ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមម្ត្រី​ហ៊ុន សែន ​ហើយ​សំណើរបស់​សមាជិក​សភា​ភាគ​ច្រើន​នៃ​គណបក្ស​សាធារណៈ​រដ្ឋ​ដែល​ចង់កាត់​ជំនួយ​នព​មិន​មែន​ជា​ការ​គំរាម​ឥត​ប្រយោជន៍​ទេ។​ ប្រសិន​បើការ​បោះឆ្នោត​មិន​សេរី​យុត្តិ​ធម៌​ដោយ​មាន​ភស្តុតាង​បញ្ជាក់​ ឬ​មាន​ការគម្រាម​កំហែង​ផង​នោះ​ នោះ​អ្នក​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ទំនង​ជា​ជំរុញច្បាប់​នោះ។​ ហើយ ​ប្រសិន​បើ​គេអាច​ទាក់ទាញ​បាន​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាធិតេយ្យ​មួយ​ចំនួន​តូច​ដែល​ខ្វល់ខ្វាយ​ពី​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ ពេល​នោះ​ពួក​គេ​អាច​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​កាត់​ជំនួយ។ ​ហើយ​ព្រឹទ្ធ​សភា​បាន​ធ្វើ​កិច្ចការ​នេះ​កាល​ពីអតីត​កាល»។​

ស.រ.អា.​បាន​កាត់​ជំនួយ​កាល​ពីឆ្នាំ​១៩៩៧ ​ក្រោយពី​មាន​អំពើ​រដ្ឋប្រហារ​មួយ​ដែលរំលំ​ព្រះ​អង្គម្ចាស់​នរោត្តម​រណ​ឫទ្ធិ​នៃ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច​ ដែល​នៅ​ពេល​នោះ​ជា​នាយក​រដ្ឋមន្ត្រីទី១។​ តែ​នៅឆ្នាំ​២០០៧ ​ស.រ.អា.​បាន​បញ្ចប់​ទណ្ឌកម្ម​ ហើយ​បាន​ផ្តល់​ជំនួយ​ឡើង​វិញ។​

តែសមាជិក​សភា​ស.រ.អា.​បានបើក​សវនាការ​សួរ​ដេញ​ដោល​មួយ​ថ្ងៃ​កាល​ពី​ថ្ងៃ​ទី៨​ ខែ​កក្កដា​ឆ្នាំ​២០១៣​ នៅ​ឯ​អគារ​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ និយាយ​អំពី​វិបត្តិ​សង្គម​ និង​វិបត្តិ​នយោបាយ​ដែល​កំពុង​លេច​ឡើង​ក្នុង​ប្រទេស​កម្ពុជា។ ​ក្រុម​សមាជិក​សភា​ទាំង​នោះ​បាន​ជំរុញ​ថា​ រដ្ឋាភិបាល​ ស.រ.អា.​ត្រូវតែ​ចាត់​វិធានការ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត​ចំពោះ ​ប្រទេសកម្ពុជា​ដែល​មាន​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិប​តេយ្យ​ដ៏​ធ្ងន់ធ្ងរ​ ហើយ​នឹង​មិន​បាន​រៀបចំ​ការ​បោះឆ្នោ​តមួយមាន​លក្ខណៈ​សេរី ​និង​យុត្តិធម៌​ត្រឹមត្រូវ។​

សមាជិក​សភា​អាមេរិកាំង​ម្នាក់គឺ​លោក ​Steve Chabot ​នៃ​គណបក្ស​សាធារណ​រដ្ឋ​មកពី​រដ្ឋ ​អូហាយូ​ និង​ជា​ប្រធាន​អនុ​គណៈ​កម្មាធិការ​អាស៊ី​ និងប៉ាស៊ីហ្វ៊ិក​នៃ​គណៈ​កម្មាធិការ​ការ​បរទេស​បាន​បើក​កិច្ច​ពិភាក្សា​ដោយ​ហៅ​ការ​ដឹកនាំ​របស់​លោកហ៊ុន សែន​ថា​ ជា​របៀប​ផ្តាច់ការ​ ពុករលួយ​ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​គ្មាន​សេរីភាព​ពេញលេញ​ក្នុងរយៈ​ពេល​៣០​ឆ្នាំ​មក​នេះ។ លោក​បាន​ប្តេជ្ញា​ថា ​នឹង​ជំរុញ​ឲ្យរដ្ឋាភិបាល​ស.រ.អា.​ឲ្យ​ផ្លាស់ប្តូរ​គោល​ជំហរ​ជាមួយ​នឹង​ការ​កៀង​គរ​សមាជិកសភា​ដទៃ​ទៀត​ដើម្បី​ធ្វើច្បាប់​កាត់បន្ថយ​ជំនួយ​សម្រាប់​កម្ពុជា​និង​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​លោកបារ៉ាក់ អូបាម៉ា​ឲ្យមាន​ការ​កែប្រែ​គោល​នយោបាយ​ថ្មីរបស់​ស.រ.អា.​ចំពោះ​ប្រទេស​កម្ពុជា។​

លោក​ចន ស៊ីយ៉ូស៊ីយ៉ារី​បាន​បន្ថែម​ថា ​ទាំង​រដ្ឋាភិបាល​និង​ពលរដ្ឋ​អាចមាន​ការ​ខ្វល់​ចំពោះ​ការ​គម្រាម​កាត់​ជំនួយ​ស.រ.អា.។​

​លោក​និយាយ​ថា​៖​ «ខ្ញុំមាន​ជំនឿ​ថា ​រដ្ឋាភិបាល​ពិតជា​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​គម្រាម​កាត់​ជំនួយ​របស់​ស.រ.អា.។​ រដ្ឋាភិបាល​ច្រើន​ រួម​ទាំង​កម្ពុជា​ ច្រានចោល​ការ​គម្រាម​នានា​របស់​លោក​ខាងលិច​ដែល​ប្រកាសបន្ថយ​ជំនួយ ​ដោយ​និយាយ​ថា​ ពួកគេ​នឹង​ងាក​បែរ​ទៅ​រក​ប្រទេស​ចិន។​ តែកម្រ​មាន​ប្រទេស​កំពុង​អភិវឌ្ឍន៍​តូចៗ​ណា​ពឹង​ផ្អែក​លើ​មហា​អំណាច​បរទេស​តែ​មួយ​ណាស់​ រួមទាំង​ប្រទេស​ចិន​ផង។​ គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ឈ្នះ​ការ​បោះឆ្នោត​ តែ​គណបក្ស​នេះ​ក៏​ពិត​ជា​មិន​ចង់​ឲ្យប​ាត់​ជំនួយ ស.រ.អា.​ដែរ​ក្នុង​ដំណើរ​ការ​នេះ»។​

លោក ​ចន ស៊ីយ៉ូស៊ីយ៉ារី​ បញ្ជាក់​បន្ថែម​ថា៖​«ការ​ផ្អាក​ជំនួយ​ស.រ.អា.​អាច​មាន​ន័យ​ថា ​ជា​ការ​បាត់បង់​កម្ម​វិធី​សង្គម​សំខាន់ៗ​ ហើយ​ជា​ការ​បញ្ជូន​សញ្ញា​ថា ​រដ្ឋាភិបាលប្រទេស​នោះ​និង​ទំនាក់​ទំនង​ជាមួយ​ដៃ​គូ​ពាណិជ្ជកម្ម​ធំៗ​កំពុង​ធ្លាក់​ចុះ​ដុនដាប។ រឿង​នេះ​មិន​អាច​ជួយ​បាន​ទេ​ នៅ​ពេល​កម្ពុជា​ព្យាយាម​ទាក់ទាញ​វិនិយោគ​ទុន​ឯកជន​ ហើយនឹង​ការ​គាំទ្រ​ពី​ប្រទេស​ផ្តល់​ជំនួយ​នានា»។​

ទោះជា​យ៉ាងណា​ក៏​ដោយ ​បើ​សភា​ស.រ.អា.​កាត់​ជំនួយ​សម្រាប់​កម្ពុជា​មែន ​វា​ក៏​អាច​ប៉ះពាល់ខ្លះ​ដល់​នយោបាយ​របស់​រដ្ឋបាល​លោក​អូបាម៉ា​ផង​ដែរ​ចំពោះ​ការ​ងាក​បែរ​នយោបាយ​របស់​ខ្លួន​ដើម្បី​ទៅ​ពង្រឹង​ឥទ្ធិពល​នយោបាយ​សេដ្ឋ​កិច្ច​ក្នុង​តំបន់​អាស៊ី​ដែល​ស្ថិតក្រោម​ឥទ្ធិពល​ចិន​ជា​យូរ​មក​ហើយ​នោះ។​

ក៏ប៉ុន្តែ​លោកចន សីហ្វតុន​ នាយក​ផ្នែក​តស៊ូមតិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​យូមែន រ៉ៃវ៉ច​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​ លោក​ជា​អ្នក​ជំរុញឲ្យ​មានការ​សើរើ​គោល​នយោបាយ​របស់​ស.រ.អា.​ថ្មី​សម្រាប់​កម្ពុជា​ទាក់ទង​នឹង​ការកាត់​ជំនួយ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជាវិជ្ជមាន​សម្រាប់​កម្ពុជា។ ​លោក​បាន​អះអាង​ថា​ក្រុម​មន្ត្រី​អាមេរិកាំង​ជាច្រើន​ក្នុង​ស្ថាប័ន​និតិបញ្ញតិ ​នីតិ​ប្រតិបត្តិ​ មិន​រីករាយ​នឹង​ស្ថាន​ការណ៍​កម្ពុជា​ដែល​គ្មាន​ការ​កែ​ទម្រង់​ជាច្រើន​ទសវត្សរ៍​នោះទេ។​

លោក​និយាយថា៖ ​«សមាជិក​សភា​ភាគច្រើននិង​មន្ត្រី​ក្រសួង​ការ​បរទេស​ភាគ​ច្រើន​ ហើយ​គ្រប់គ្នា​ក្នុង​សេតវិមាន ​មាន​ការ​ធុញទ្រាន់​នឹង​ស្ថាន​ការណ៍​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​គិត​ថា ​ជារឿង​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​នូវ​គោល​នយោ​បាយ​ថ្មី។ ​ការ​ស្នើ​ជា​ចម្បង​នៅ​លើតុ​នោះ​គឺ​ការ​កាត់​ជំនួយ​ ជំនួយ​យោធា​ កាត់​ការ​ខ្ចីបុល​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​និង​កន្លែង​ផ្សេងៗ​ទៀត»។​

លោក​ថ្លែង​ទៀត​ថា៖ ​«ដូច្នេះជាការ​សំខាន់​នោះ​គឺ​មាន​ការ​សម្រេច​ចិត្ត​រួច​ហើយ។ រដ្ឋាភិបាលស.រ.អា.​ចង់​ធ្វើ​នយោបាយ​ថ្មី​ចំពោះ​កម្ពុជា។​ ល្មម​ដល់​ពេល​ដូរ​នយោបាយ​ហើយ​គឺ២១ឆ្នាំ។​ ២១ឆ្នាំ​អង្គុយចាំ​មើល​លោកហ៊ុន សែន​បង្កើន​អំណាច​ ដូច្នេះ​វាបង្ហាញ​ថា ​នយោបាយ​នេះ​បរាជ័យ។​ ​ហើយ​ចាំបាច់​ត្រូវធ្វើ​នយោបាយ​ថ្មី»។​

ពិតហើយថា​ សំណើ​របស់​សភា​មិន​មាន​លទ្ធផល​ភ្លាមៗ​ទេ។ ​តែ​មន្ត្រី​សេតវិមាន​ដែល​អម​ដំណើរ​លោក​ប្រធានាធិតី​បារ៉ាក់​ អូបាម៉ា​ទៅកាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​ទៅ​ធ្លាប់​បាន​ព្រមាន​ថា ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​ លោក​អូបាម៉ាធ្លាប់​បាន​ប្រាប់​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ធ្វើ​ការ​កែ​ទម្រង់​សិទ្ធិ​មនុស្ស​និង​ប្រជាធិតេយ្យ​ជាដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG