ក្រុមអ្នកសិក្សាគោលនយោបាយ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានសន្និដ្ឋានថា ប្រទេសចិនជិតបញ្ចប់ការសាងសង់កោះសិប្បនិម្មិតចំនួន៣នៅតំបន់សមុទ្រចិនខាងត្បូង ហើយការណ៍នេះអាចឲ្យប្រទេសចិនដាក់យន្តហោះចម្បាំង និងអាវុធយោធាផ្សេងៗនៅលើកោះទាំងនោះក្នុងពេលណាក៏បាន។
មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រ (CSIS) បានវិភាគទៅលើរូបភាពថតដោយផ្កាយរណប ហើយបានរកឃើញថា ការសាងសង់ចំណតយន្តហោះ ទីតាំងប្រព័ន្ធរ៉ាដា ឃ្លាំងគ្រាប់មីស៊ីលសម្រាប់បាញ់កម្ទេចគោលដៅនៅអាកាស និងផ្លូវយន្តហោះរបស់ប្រទេសចិនបានសម្រេច ឬជិតបានសម្រេចហើយ។
លោក Gregory Poling អ្នកជំនាញខាងតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល CSIS បានប្រាប់ VOA ថា៖ «ប្រទេសនីមួយៗក្នុងតំបន់នេះ គួរតែបារម្ភយ៉ាងខ្លាំងចំពោះការសាងសង់នេះ»។
លោក Poling បានបន្តថា៖ «ប្រសិនបើអ្នកជាអ្នកនេសាទ ឆ្មាំសមុទ្រ ហើយមានកប៉ាល់រុករកប្រេង និងឧស្ម័ននៅតំបន់អាស៊ីអាគ្នេយ៍ នោះវាមានន័យថា ប្រទេសចិនមានសមត្ថភាព និងមានបំណងឃ្លាំមើលរាល់សកម្មភាពរបស់អ្នកនៅសមុទ្រចិនខាងត្បូង ហើយអាចធ្វើអន្តរាគមន៍នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាដែលចិនអាចធ្វើបាន»។
លោក Poling បាននិយាយថា ការវិវត្តជាបន្តបន្ទាប់នេះគួរតែជា «ក្តីព្រួយបារម្ភធំមួយ» សម្រាប់មហាអំណាចនៅលើពិភពលោក ដូចជាសហរដ្ឋអាមេរិក ប្រទេសជប៉ុន អូស្ត្រាលី ឥណ្ឌា និងប្រទេសនៅទ្វីបអឺរ៉ុប ដោយសារការទាមទាររបស់ចិន ដែលមានតាំងពីយូរយារមកហើយ និងការប្តេជ្ញាចិត្តរបស់ប្រទេសនេះក្នុងការការពារតំបន់នេះដោយកម្លាំងយោធា ប្រសិនបើចាំបាច់។
ការរកឃើញទាំងនេះពិតជាគាំទ្រការអះអាងនេះ ដែលរៀបរាប់ថា ការសាងសង់របស់ប្រទេសចិននៅលើកោះទាំងនោះ គឺធ្វើឡើងដើម្បីពង្រឹងការទាមទាររបស់ចិន ទៅលើតំបន់មួយភាគធំនៃតំបន់សមុទ្រចិនខាងត្បូង។
ប្រទេសចិនបានសាងសង់កោះសិប្បនិម្មិតចំនួនប្រាំពីរនៅក្នុងសមុទ្រចិនខាងត្បូង ដែលការណ៍នេះបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីប្រទេសដទៃទៀត។
របាយការណ៍នេះ បានលើកឡើងថា ការសាងសង់កោះសិប្បនិម្មិតធំជាងគេបង្អស់ចំនួនបីរបស់ចិន បានចប់សព្វគ្រប់ ដែលរួមមានកោះ Fiery Cross កោះ Subi និងតំបន់ថ្មប៉ប្រះទឹក Mischief ដែលកោះទាំងអស់នេះសុទ្ធតែជាផ្នែកនៃប្រជុំកោះ Spratly។ ចិនបានទាមទារមួយភាគធំ ឬមួយផ្នែកនៃប្រជុំកោះទាំងនេះ ដែលត្រូវបានទាមទារកាន់កាប់ដោយប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាម។
ចិនការពារជំហររបស់ខ្លួន
ក្រសួងការបរទេសចិន បាននិយាយកាលពីចុងខែមីនាថា ពួកគេមិនដឹងច្បាស់ពីការរកឃើញរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវនៃមជ្ឈមណ្ឌលគោលនយោបាយនេះទេ ប៉ុន្តែនៅតែរក្សាជំហរថា ប្រទេសចិនមានសិទ្ធិក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារប្រទេសនៅក្នុងទឹកដីរបស់ចិន។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Hua Chunying និយាយថា៖ «ខ្ញុំគិតថា នេះជាបញ្ហាមួយនៅក្នុងបរិបទអធិបតេយ្យភាពប្រទេសចិន ហើយវាជាសិទ្ធិការពារខ្លួនដែលអនុញ្ញាតដោយច្បាប់អន្តរជាតិដល់ប្រទេសដែលមានអធិបតេយ្យភាព»។
ពីមុនមក ចិនធ្លាប់បានបដិសេធការអះអាងរបស់សហរដ្ឋអាមេរិកដែលថា ចិនកំពុងប្រែក្លាយតំបន់សមុទ្រចិនខាងត្បូងទៅជាតំបន់យោធា បើទោះបីជានាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានមានប្រសាសន៍នៅខែមីនាថា ភស្តុភារដែលត្រូវបានបំពាក់នៅលើកោះទាំងនោះ គឺដើម្បីរក្សា «សេរីភាព និងស្ថិរភាពនាវាចរណ៍» ក៏ដោយ។
រដ្ឋាភិបាលចិនបាននិយាយថា កោះទាំងនោះត្រូវបានបង្កើតឡើងក្នុងគោលបំណងស៊ីវិល ជាពិសេសគឺដើម្បីការពារនាវា ដែលដឹកជញ្ជូនទំនិញក្នុងតម្លៃប្រមាណ ៥លានលានដុល្លារ តាមផ្លូវទឹកជារៀងរាល់ឆ្នាំ។
រដ្ឋាភិបាលចិនបានធានាជាថ្មីថា ចិននឹងមិនបង្កជាឧបសគ្គដល់ការធ្វើចរាចរណ៍របស់កប៉ាល់ ឬយន្តហោះនៅតំបន់នោះទេ ទោះបីជានៅតែមានចម្ងល់ថា តើនាវា និងយន្តហោះទាំងនោះ នឹងរាប់បញ្ចូលទាំងនាវាយោធា និងយន្តហោះយោធាដែរឬទេ។
រដ្ឋាភិបាលចិនមិនបានបញ្ជាក់ថា តើពួកគេមានគម្រោងប្រកាសតំបន់ការពារដែនអាកាស (Air Defense Identification Zone/ADIZ) ទៅលើតំបន់សមុទ្រចិនខាងត្បូង ដូចដែលចិនធ្លាប់បានប្រកាសនៅតំបន់សមុទ្រចិនខាងកើត ឬយ៉ាងណានោះទេ។
បើមានការប្រកាសបែបនេះ នោះនឹងតម្រូវឲ្យអ្នកបើកបរយន្តហោះបញ្ជាក់ពីភិនភាគយន្តហោះរបស់ខ្លួន និងបង្ហាញគម្រោងហោះហើរទៅកាន់អ្នកគ្រប់គ្រងចរាចរណ៍អាកាសរបស់ប្រទេសចិន និងអនុវត្តតាមការណែនាំរបស់ពួកគេ។
លោក Poling និយាយថា៖ «ប្រទេសចិន បាននិយាយដដែលៗថា ពួកគេនឹងធ្វើបែបនេះ នៅពេលវេលាត្រឹមត្រូវ។ ប្រព័ន្ធរ៉ាដា និងអំណាចផ្លូវអាកាសទាំងនេះ មានន័យថា ប្រទេសចិននឹងព្យាយាមអនុវត្តគម្រោង ADIZ ដូច្នេះប្រទេសចិនបានបោះជំហានដ៏ធំមួយ»។
លោក Poling និយាយថា ផលវិបាកក្នុងរយៈពេលវែងដែលអាចនឹងកើតឡើងពីការតម្លើងឃ្លាំងមីស៊ីល ប្រព័ន្ធរ៉ាដា និងភស្តុភារផ្សេងៗនៅលើកោះទាំងនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំង។
លោកបានលើកឡើងថា៖ «មិនយូរមិនឆាប់ ពួកយើងនឹងឃើញវត្តមានរបស់កងទ័ពជើងទឹក ទ័ពអាកាស ឆ្មាំសមុទ្រ និងយោធាប៉ារ៉ារបស់ប្រទេសចិនគ្រប់ពេលវេលា គឺ២៤ម៉ោងក្នុងមួយថ្ងៃ និងប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ពាសពេញផ្នែកខាងត្បូងនៃតំបន់សមុទ្រចិនខាងត្បូងជាលើកដំបូងបង្អស់»។
លោក Poling បានព្យាករណ៍ថា ប្រជាជនពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រជាជន ដែលទាញប្រយោជន៍ពីសមុទ្រចិនខាងត្បូង នឹងចាប់ផ្តើមទទួលរង «សម្ពាធឥតឈប់ឈរ» ដែលប្រជាជនវៀតណាមបានទ្រាំទ្រអស់រាប់ទសវត្សរ៍មកហើយក្នុងជម្លោះជាមួយប្រទេសចិនពាក់ព័ន្ធនឹងតំបន់ប្រជុំកោះ Paracel។
លោក Poling បាននិយាយទៀតថា៖ «ការតតាំងគ្នាជាមួយកម្លាំងយោធាចិន នឹងកើតឡើងកាន់តែញឹកញាប់ ហើយនេះមានន័យថា វិបត្តិជាបន្ទាប់នឹងកើតឡើងជាមិនខាន គ្រាន់តែមិនដឹងថានៅ«ពេលណា»៕
ប្រែសម្រួលដោយ វិញ សុជាតា