បណ្តាញឃ្លាំមើលប្រតិបត្តិការក្រោមទឹក ដែលត្រូវបានគេរៀបចំជាគម្រោងដំបូងគេបង្អស់នៅក្នុងសមុទ្រចិនខាងត្បូង នឹងពង្រឹងបន្ថែមលើការទាមទារអធិបតេយ្យភាពរបស់ចិននៅតំបន់សមុទ្រមានជម្លោះនេះ។ បណ្តាញនេះ ក៏នឹងផ្តល់ព័ត៌មានសំខាន់ៗដល់ប្រទេសចិនចំពោះការរុករកប្រេង រ៉ែវត្ថុធាតុដើម និងលទ្ធភាពបម្រើការសម្រាប់ផ្នែកយោធា។
សារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត Global Times ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិននៅចុងខែកុម្ភៈថា វិទ្យាស្ថានសូរសាស្ត្រនៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន និងសាកលវិទ្យាល័យ Tongji នៅក្នុងក្រុង Shanghai នឹងបង្កើត «បណ្តាញឃ្លាំមើលរយៈពេលវែង» មួយដើម្បីតាមដានសកម្មភាពនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ ក្រោយសេចក្តីប្រកាសព័ត៌មាននេះ វិទ្យាស្ថាននេះមិនអាចទាក់ទងបានដើម្បីធ្វើការបកស្រាយបន្ថែមនោះទេ។
បណ្តាញព័ត៌មានចិនស្តីអំពីសមុទ្រ China Oceanic Information Network របស់រដ្ឋាភិបាលចិនបានស្រង់សម្តីរបស់បញ្ញវន្តមួយរូបនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ ដោយបាននិយាយថា បណ្តាញនេះនឹងផ្តល់ព័ត៌មានពីបាតសមុទ្រ «ដោយផ្ទាល់» និងជួយរុករកធាតុគីមី រូបវិទ្យា និងជីវសាស្ត្រ «សម្រាប់តម្រូវការនៃប្រើប្រាស់ចម្រុះដ៏ទូលំទូលាយ»។
អ្នកជំនាញនិយាយថា បណ្តាញឃ្លាំមើលនេះនឹងក្រើនរំឭកភាគីប្រទេសដែលមានជម្លោះនៅតំបន់សមុទ្រចិនខាងត្បូងទាំង៥ រួមទាំងសហរដ្ឋអាមេរិកផងដែរ អំពីទំហំនៃការគ្រប់គ្រងរបស់ចិននៅតំបន់នេះ។
ក្រុមអ្នកវិភាគរំពឹងថា បណ្តាញនេះនឹងក្លាយទៅជាបណ្តាញឃ្លាំមើលប្រតិបត្តិការក្រោមទឹក ដែលមានបណ្តាញខ្សែកាបជាច្រើនដែលត្រូវបានបញ្ជូនភ្ជាប់ទៅប្រទេសចិនវិញ។ បណ្តាញនេះអាចប្រមូលទិន្នន័យសម្រាប់ការស៊ើបការណ៍យោធា ការរុករករ៉ែនៅបាតសមុទ្រ ឬការបូមយកប្រេងនៅបាតសមុទ្រ។
លោក Collin Koh ដែលជាអ្នកស្រាវជ្រាវអំពីបញ្ហាសន្តិសុខសមុទ្រនៅសាកលវិទ្យាល័យ Nanyang Technological University នៅប្រទេសសិង្ហបុរី បាននិយាយថា៖
«វាជាវិធីមួយសម្រាប់ពួកគេ ក្នុងការពង្រីកការគ្រប់គ្រងរបស់ខ្លួន និងដើម្បីបង្ហាញពីអំណាចរបស់ពួកគេទៅលើតំបន់នោះ»។ លោកគិតថា នឹងមានបាតុកម្មកើតមាននៅក្នុងប្រទេសដទៃ។
លោកបាននិយាយបន្ថែមទៀតថា៖
«ប្រសិនបើអ្នកក្រឡេកមើលប្រទេសទាមទារតំបន់មានជម្លោះនេះនៅអាស៊ីអាគ្នេយ៍ ខ្ញុំគិតថា អ្វីដែលយើងរំពឹងឃើញនោះគឺ សេចក្តីថ្លែងការណ៍ការទូត។ ជាឧទាហរណ៍ នឹងមានក្រសួងការបរទេសណាមួយចេញសេចក្តីថ្លែងការណ៍រិះគន់លើបញ្ហានេះ»។
ការទាមទារកាន់តែខ្លាំងជាងមុន
លោក Euan Graham ប្រធានផ្នែកសន្តិសុខអន្តរជាតិនៅវិទ្យាស្ថាន Lowy សម្រាប់គោលនយោបាយអន្តរជាតិនៅក្នុងក្រុងស៊ីដនី បាននិយាយថា បណ្តាញឃ្លាំមើលនេះនឹងធ្វើឲ្យវត្តមានចិននៅក្នុងសមុទ្រមានមូលដ្ឋានផ្លូវច្បាប់ខ្លាំងជាមុន នៅក្រោមច្បាប់អន្តរជាតិ។ កាលពីខែកក្កដាឆ្នាំមុន តុលាការអាជ្ញាកណ្តាលអន្តរជាតិបានសម្រេចថា មូលដ្ឋានប្រវត្តិសាស្ត្ររបស់ចិនក្នុងការទាមទារតំបន់សមុទ្រនោះមិនត្រឹមត្រូវតាមច្បាប់នោះទេ។
យោងតាមអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ រដ្ឋនៅជាប់ឆ្នេរមានសិទ្ធិគ្រប់គ្រងការស្រាវជ្រាវបែបវិទ្យាសាស្ត្រលើផ្ទៃសមុទ្រទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយ៣៧០គ.ម ប៉ុន្តែជារឿយៗ ត្រូវផ្តល់ការអនុញ្ញាតឲ្យមានការធ្វើដំណើរចេញចូលដល់រដ្ឋផ្សេងទៀត ក្នុងគោលបំណងសិក្សាស្រាវជ្រាវបែបសន្តិភាព។
លោក Graham បាននិយាយថា៖ «ប្រសិនបើប្រតិបត្តិការបែបវិទ្យាសាស្ត្រកើតឡើង ការណ៍នេះនឹងផ្តល់ភាពស្របច្បាប់ដ៏សំខាន់មួយដល់ប្រទេសចិន។ រឿងទាំងនេះអាចកើតឡើងក្នុងពេលតែមួយ នៅក្នុងស្ថានភាពមិនច្បាស់លាស់រវាងវិទ្យាសាស្រ្តផ្នែកមហាសមុទ្រ និងវិទ្យាសាស្ត្រផ្នែកយោធា»។
លោកបន្ថែមថា ចិនអាចនឹងប្រគល់ទិន្នន័យដែលខ្លួនទទួលបានទៅឲ្យយោធា។
ក្នុងចំណោមកោះចំនួន២០កាន់កាប់ដោយចិននៅក្នុងប្រជុំកោះ Paracel ដែលមានជម្លោះជាមួយវៀតណាម កោះចំនួន៣មានផែបំពាក់ទៅដោយនាវាចម្បាំង កោះចំនួន៤មានផែតូចៗ ហើយផែទី៥កំពុងត្រូវបានគេសាងសង់ នេះបើយោងតាមគម្រោងមួយក្រោមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយមួយរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ។ មជ្ឈមណ្ឌលស្រាវជ្រាវនេះក៏បានបញ្ជាក់ថា កោះ៦ផ្សេងទៀតអាចធ្វើចរាចរណ៍ឧទ្ធម្ភាគចក្របាន។
វិទ្យាសាស្ត្រពិត
ប៉ុន្តែ ប្រព័ន្ធឃ្លាំមើលនៅក្រោមសមុទ្រនេះមិនបានចាប់ផ្តើមឡើងក្នុងនាមជាគម្រោងយោធានោះទេ។ ការពិភាក្សាជាច្រើនបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១១ ហើយបានទាក់ទាញក្រុមបុគ្គលសំខាន់ៗ និងមានអំណាចពីរដ្ឋបាលចិនគ្រប់គ្រងលើបញ្ហារញ្ជួយដី ក៏ដូចជាក្រុមហ៊ុនបូមប្រេងនៅនាយសមុទ្រ ដែលមានឈ្មោះថា CNOOC Group ផងដែរ។
លោកស្រី Yun Sun ដែលជាសហការីជាន់ខ្ពស់នៃកម្មវិធីអាស៊ីខាងកើតនៅមជ្ឈមណ្ឌលវិភាគ Stimson មានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា «វាទំនងដូចជាគម្រោងវិទ្យាសាស្ត្រពិត ជាជាងគម្រោងវិទ្យាសាស្ត្រសង្គម។ លោកស្រីបានបន្ថែមថា គម្រោងនេះទទួលបានថវិកា ហើយការសិក្សាពីភាពទៅរួចនៃគម្រោងនេះក៏ត្រូវបានគេសិក្សារួចហើយដែរ។
លោកស្រី Yun Sun ថា៖ «ខ្ញុំគិតថា សមាសភាពយោធាគឺជាផ្នែកមួយនៃគម្រោងនេះ ប៉ុន្តែសមាសភាពស៊ីវិលក៏គេមិនអាចអើពើផងដែរ នៅក្នុងគម្រោងនេះ។ យ៉ាងហោចណាស់ ប្រសិនបើប្រព័ន្ធនេះត្រូវបានបង្កើតឡើង នោះវានឹងជួយប្រទេសចិនក្នុងការប្រមូលព័ត៌មានទាំងយោធា ទាំងស៊ីវិល (ក្នុងសមុទ្រ)»។
ការបោះពុម្ពផ្សាយកាលពីខែមិថុនា ឆ្នាំ២០១៦ របស់សារព័ត៌មាន Wenhui Daily ដែលមានមូលដ្ឋាននៅក្នុងក្រុង Shanghai បានដកស្រង់សម្តីអ្នកជំនាញចិន ដោយបាននិយាយថា ប្រទេសចិនត្រូវការបណ្តាញស្រាវជ្រាវក្រោមទឹក ដើម្បីប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ។ សារព័ត៌មាននេះបានលើកឡើងថា គម្រោង Northeast Pacific Time-Series Undersea Networked Experiments របស់កាណាដា និងគម្រោង National Science Foundation's Ocean Observatories Initiative របស់សហរដ្ឋអាមេរិក គឺជាដៃគូរបស់ខ្លួន។
បណ្តាញឃ្លាំមើលក្រោមសមុទ្រនេះមានសន្ទុះគាំទ្រកាន់តែខ្លាំងឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ នៅពេលដែលក្រុមមន្ត្រីចិនបានអនុម័តច្បាប់រុករករ៉ែនៅបាតសមុទ្រទឹកជ្រៅ។
លោក Fabrizio Bozzato ដែលជាអ្នកស្រាវជ្រាវជំនាញកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់ បាននិយាយថា៖
«ការសាងសង់បណ្តាញនេះគួរតែត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការរុករកនៅបាតសមុទ្រជ្រៅឲ្យកាន់តែទូលំទូលាយ និងជាយុទ្ធសាស្ត្រអភិវឌ្ឍ។ ដូច្នេះ យើងអាចនិយាយថា បានបណ្តាញនេះនឹងក្លាយជាកម្មវិធីស្នូលនៃកម្មវិធីនៅបាតសមុទ្ររបស់ចិន»។
លោកបានបន្ថែមថា៖ «សារនេះគឺថា ចិន និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន មិនមែននៅតែលើដី និងកម្រិតត្រឹមមហាកំផែងនោះទេ ប៉ុន្តែកំពុងបោះជំហានទៅក្នុងតំបន់សមុទ្ររបស់ចិនផងដែរ»។
ចិនបានទាមទារប្រមាណជា៩៥ ភាគរយនៃដែនសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកមានទំហំ៣,៥លានគ.មការេ ដោយលាតសន្ធឹងចាប់ពីភាគនិរតីនៃកោះតៃវ៉ាន់ ទៅដល់ប្រទេសសិង្ហបុរី។ ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ វៀតណាម និងហ្វីលីពីន បានទាមទារកាន់កាប់ផ្នែកណាមួយ ឬផ្នែកទាំងមូលនៃដែនសមុទ្រទាមទាររបស់ចិន ថាជារបស់ខ្លួន។ ពួកគេចង់បានសមុទ្រនេះ ដោយសារធនធានជលផល ផ្លូវនាវាចម្បាំង និងលទ្ធភាពក្នុងការបូមប្រេងនៅក្រោមសមុទ្រ។
សហរដ្ឋអាមេរិកមិនមានការទាមទារអ្វីនោះទេ ប៉ុន្តែសហរដ្ឋអាមេរិកមាននាវា ដែលត្រូវឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយបានទទូចឲ្យមានសេរីភាពនាវាចរណ៍។ ចាប់តាំងពីឆ្នាំ២០១០ ចិនបានដាក់យោធានៅតំបន់សមុទ្រនោះ ដោយបានបង្កើតឲ្យមានការប្រុងប្រយ័ត្នពីសំណាក់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន និងការភ័យខ្លាចនៅក្នុងទីក្រុងប៉េកាំង ដែលថា រដ្ឋាភិបាលអាមេរិកចង់ទប់ស្កាត់ការពង្រីកអំណាចរបស់ចិន។
ការចាប់បំពេញដីតាមប្រជុំកូនកោះតូចៗ ការសាងសង់ប៉ុស្តិ៍យោធា និងការបើកនាវាចិនកាត់តំបន់មានជម្លោះកាលពីជាងកន្លះទសវត្សរ៍មុន បានបង្កឲ្យមានការខឹងសម្បារពីប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលពាក់ព័ន្ធនឹងតំបន់សមុទ្រមានជម្លោះនេះ។
នៅក្នុងសមុទ្រចិនខាងកើតឯណោះវិញ រដ្ឋាភិបាលក្រុងប៉េកាំងក៏មានជម្លោះជាមួយនឹងរដ្ឋាភិបាលក្រុងតូក្យូ អំពីប្រជុំកោះដែលមិនមានមនុស្សនៅ ដែលរដ្ឋាភិបាលក្រុងតូក្យូបានប្រកាសកាលពីដើមខែមីនាថា ខ្លួនបានកំណត់ឃើញយន្តហោះចម្បាំងចិននៅក្បែរតំបន់នោះ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ