កំណត់និពន្ធ៖ លោក Sorpong Peou គឺជាអ្នកប្រាជ្ញ និងសាស្ត្រាចារ្យខ្មែរសញ្ជាតិកាណាដា នៃសាកលវិទ្យាល័យ Ryerson University នៅទីក្រុង Toronto ប្រទេសកាណាដា។ មុនមករស់នៅប្រទេសកាណាដា លោកសាស្ត្រាចារ្យបានឆ្លងកាត់របបខ្មែរក្រហម។ លោកសាស្ត្រាចារ្យ Sorpong Peou បានស្រាវជ្រាវ និងនិពន្ធសៀវភៅជាច្រើនដែលផ្តោតលើសន្តិភាព និងសន្តិសុខ ជាពិសេសគឺដំណើរកសាងសន្តិភាពនៅកម្ពុជាក្នុងអំឡុងដើមទសវត្សរ៍១៩៩០ និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកសាស្ត្រាចារ្យយល់ថា សព្វថ្ងៃនេះប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍធម្មតាដែលរងកត្តាប្រឈមខាងសង្គម សេដ្ឋកិច្ច និងនយោបាយ។ ក៏ប៉ុន្តែ លោកសាស្ត្រាចារ្យកត់សម្គាល់ថា វប្បធម៌ចងពារគ្នាក្រោយរបបខ្មែរក្រហម និងនយោបាយបែបស្លាប់រស់នៅកម្ពុជាដែលមេដឹកនាំនយោបាយ និងអ្នកមានអំណាចបានអនុវត្ត គឺជាកត្តារារាំងដ៏«ធំ»ដល់កម្ពុជា ក្នុងការសម្រេចបានលទ្ធិប្រជាធិបតេយ្យសេរីនិយមដ៏ពេញលេញ និងសេរីភាពខាងសេដ្ឋកិច្ច និងសង្គម។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយនាង ទែន សុខស្រីនិត នៃ VOA នៅរដ្ឋធានីវ៉ាស៊ីនតោន លោកសាស្ត្រាចារ្យ Sorpong Peou នៅប្រទេសកាណាដា បានឲ្យដឹងថា ដើម្បីជម្នះកត្តាប្រឈមនេះបាន លុះត្រាតែមេដឹកនាំនយោបាយជាន់ខ្ពស់ ទាំងគណបក្សកាន់អំណាច និងគណបក្សជំទាស់ និងអ្នកមានអំណាចនៅកម្ពុជាមានឆន្ទៈនយោបាយខ្ពស់ក្នុងការធ្វើកិច្ចការនេះ។
តើលោកបានភៀសខ្លួនពីរបបខ្មែរក្រហមនៅកម្ពុជាដោយរបៀបណា?
សាស្ត្រាចារ្យ Sorpong៖ ខ្ញុំបានរស់នៅក្រោមរបបខ្មែរក្រហមរហូតដល់របបនេះបានដួលរលំទៅ ដោយសារការឈ្លានពានរបស់កងទ័ពវៀតណាមនៅចុងឆ្នាំ១៩៧៨។ ខ្ញុំបានចាកចេញពីប្រទេសកម្ពុជាឆ្នាំ១៩៧៩ ហើយខ្ញុំបានចាកចេញពីកម្ពុជាតែម្នាក់ឯង ហើយបានភៀសខ្លួនទៅព្រំដែនខ្មែរថៃ ដើម្បីសន្តិសុខ។ ខ្ញុំត្រូវតែចាកចេញតែម្នាក់ឯង។ ម្តាយ និងបងប្អូនរបស់ខ្ញុំប្រាំមួយនាក់នៅប្រទេសកម្ពុជានៅឡើយ។ ខ្ញុំបានរស់នៅជំរំផ្សេងៗគ្នានៅប្រទេសថៃ។ ខ្ញុំបានរស់នៅជំរំខាវអ៊ីដាងជាច្រើនខែ មុនពេលខ្ញុំចាកចេញទៅរស់នៅជំរំកាំពុត។ បន្ទាប់មក ខ្ញុំបានទៅរស់នៅជំរំអន្តរកាលជនភៀសខ្លួនមួយទៀត មុនពេលខ្ញុំធ្វើដំណើរមករស់នៅប្រទេសកាណាដានៅឆ្នាំ១៩៨២។
ដូចនេះ ខ្ញុំបានមកដល់ប្រទេសកាណាដានៅឆ្នាំ១៩៨២ ក្រោយពីបានរស់នៅក្នុងជំរំចំនួន៣នៅប្រទេសថៃ។ នេះគឺជាបទពិសោធន៍ដ៏មានន័យមួយសម្រាប់ខ្ញុំ ដែលបានឆ្លងកាត់បទពិសោធន៍រស់នៅទាំងអស់នេះ។ ខ្ញុំបានចាំថា នៅពេលដែលយន្តហោះចាប់ផ្តើមហោះឡើង ខ្ញុំមានអារម្មណ៍ធូរស្បើយក្នុងចិត្តយ៉ាងខ្លាំង ដោយខ្ញុំយល់ថា ខ្ញុំបានរួចផុតពីការយល់សុបន្តិដ៏អាក្រក់មួយនេះ។
ក្នុងរបបខ្មែរក្រហម គ្រួសាររបស់ខ្ញុំ បានរស់នៅក្នុងភូមិមួយ តែប្អូនប្រុស និងប្អូនស្រីរបស់ខ្ញុំគឺជាកងចល័តយុវជនរស់នៅបែកគ្នា។ ខ្ញុំរស់នៅក្នុងភូមិជាមួយម្តាយខ្ញុំ ប៉ុន្តែនៅផ្ទះខុសគ្នា។ ក្រោយរបបខ្មែរក្រហមបានដួលរលំទៅ បងប្អូនខ្ញុំបានវិលត្រឡប់មករស់នៅក្នុងភូមិវិញ។ យើងក៏បានជួបជុំគ្នាបានប៉ុន្មានសប្តាហ៍ មុនខ្ញុំបានភៀសខ្លួនមករស់នៅជំរំ។
តើមានអ្វីកើតឡើង ក្រោយពេលដែលលោកបានមករស់នៅប្រទេសកាណាដា?
សាស្ត្រាចារ្យ Sorpong៖ យន្តហោះខ្ញុំបានចុះចតនៅទីក្រុង Montreal ហើយពីរបីថ្ងៃក្រោយមក ខ្ញុំបានទៅរស់នៅទីក្រុង Ottawa។ សព្វថ្ងៃនេះ ម្តាយខ្ញុំ និងបងប្អូនខ្ញុំកំពុងរស់នៅទីក្រុង Ottawa។ ជាងមួយឆ្នាំក្រោយពីខ្ញុំបានរស់នៅក្រុង Ottawa ខ្ញុំក៏បានសម្រេចចិត្តចូលរៀននៅមហាវិទ្យាល័យ Waterloo ខាងផ្នែកវិទ្យាសាស្ត្រនយោបាយ និងការសិក្សាអំពីសន្តិភាព និងជម្លោះ។ ខ្ញុំបានរៀននៅទីនោះរយៈពេល៤ឆ្នាំ ហើយខ្ញុំក៏បានផ្លាស់ទៅរស់នៅ Toronto ហើយបានបន្តរៀនថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ York University។
លោកសាស្ត្រាចារ្យយល់ឃើញយ៉ាងដូចម្តេចពីស្ថានភាព និងកត្តាប្រឈមនៅប្រទេសកម្ពុជា ក្រោយរបបខ្មែរក្រហមបានដួលរលំទៅ?
សាស្ត្រាចារ្យ Sorpong៖ តាមការយល់ឃើញរបស់ខ្ញុំ មានការផ្លាស់ប្តូរវិជ្ជមានច្រើននៅកម្ពុជា។ ក្រោយពេលដែលខ្ញុំបានមករស់នៅប្រទេសកាណាដានៅឆ្នាំ១៩៨២មក ខ្ញុំក៏បានធ្វើដំណើរទៅកម្ពុជានៅឆ្នាំ១៩៩២ នៅពេលដែលអង្គការសហប្រជាជាតិបានដាក់បេសកកម្មរក្សាសន្តិភាពទៅកម្ពុជា។ ខ្ញុំបានទៅកម្ពុជាដើម្បីតាមដានដំណើរការបេសកកម្មសន្តិភាពនេះ ដែលជាផ្នែកមួយនៃការសិក្សាស្រាវជ្រាវរបស់ខ្ញុំ ដើម្បីស្វែងយល់ពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅពេលនោះ។ អង្គការសហប្រជាជាតិបាននាំឲ្យមានសន្តិភាពទៅប្រទេសកម្ពុជានៅពេលនោះ។
ពេលនោះគឺជាឆ្នាំដ៏លំបាកនៅកម្ពុជា បើទោះបីជា១០ឆ្នាំបានកន្លងទៅក៏ដោយ។ ខ្ញុំបានសម្គាល់ឃើញថា ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជាមិនទាន់វិលត្រឡប់ទៅរកភាពប្រក្រតីវិញនៅឡើយទេ ហើយសន្តិសុខខាងនយោបាយក៏នៅមានស្ថានភាពមិនល្អនៅឡើយ។ ជម្លោះ និងអំពើហិង្សាខាងនយោបាយ នៅតែបន្តកើតឡើង។ ខ្ញុំបានធ្វើដំណើរចុះឡើងប្រទេសកម្ពុជាជាបន្តបន្ទាប់ ដើម្បីការស្រាវជ្រាវរបស់ខ្ញុំ។ ខ្ញុំអាចនិយាយបានថា ការរំលំរលាយរបស់ខ្មែរក្រហមនៅឆ្នាំ១៩៩៨ គឺជាហេតុផលចម្បងសម្រាប់កម្ពុជាសាទរសន្តិភាពបាន។ សម្រាប់ខ្ញុំ នោះគឺជាការវិវត្តន៍វិជ្ជមានដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្របច្ចុប្បន្នភាពរបស់កម្ពុជា។ ចាប់តាំងពីពេលនោះមក ខ្ញុំបានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាយ៉ាងតិចក្នុងមួយឆ្នាំម្តង ហើយឥឡូវនេះកម្ពុជាមានសន្តិភាព មិនមានជម្លោះប្រដាប់អាវុធទៀតឡើយ។ ហើយខ្ញុំយល់ថា នេះគឺជាការវិវត្តន៍វិជ្ជមានដ៏ធំមួយ។
សព្វថ្ងៃនេះ កម្ពុជាបានក្លាយជាប្រទេសកំពុងអភិវឌ្ឍធម្មតាមួយ បើទោះបីជាកម្ពុជាកំពុងរងកត្តាប្រឈមខាងនយោបាយ សង្គម និងសេដ្ឋកិច្ចជាច្រើនក្តី។ សរុបមក កម្ពុជាមានសក្តានុពលច្រើន។ តែកត្តាប្រឈមមួយទៀតដែលយើងគួរកត់សម្គាល់នោះគឺថា សន្តិភាពមាន តែសន្តិភាពនោះមិនមានស្ថានភាពដ៏រឹងមាំនោះទេ។ សន្តិភាពដ៏រឹងមាំ មានន័យថា ប្រទេសមួយមិនអាចប្រឈមនឹងឱកាសនៃការកកើតឡើងនៃជម្លោះប្រដាប់អាវុធ និងអំពើហិង្សាខាងនយោបាយទេ។ សន្តិភាពដ៏រឹងមាំនេះ កើតឡើង នៅពេលដែលប្រទេសនោះមានលទ្ធិប្រជាធិបតេយ្យប្រកបដោយស្ថិរភាព ដែលជំរុញឲ្យមានការប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសន្តិភាព ហើយគណបក្សជំទាស់មានឱកាសឈ្នះការបោះឆ្នោត ហើយជាពិសេសគឺការតម្រូវឲ្យមានការផ្ទេរអំណាចនយោបាយដោយសន្តិភាព។
ក៏ប៉ុន្តែ កម្ពុជាមិនទាន់ដើរដល់ដំណាក់កាលនោះទេ។ សរុបមក កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍធម្មតាមួយ ដោយប្រឈមនឹងបញ្ហាសង្គម និងបញ្ហាសេដ្ឋកិច្ចច្រើន រួមទាំងភាពក្រីក្រ។ កម្រិតការអប់រំនៅកម្ពុជាក៏នៅតែជាបញ្ហា តែការអភិវឌ្ឍខាងហេដ្ឋារចនាសម្ព័ន្ធមានដំណើរការល្អ។ ខ្ញុំសូមកោតសរសើរចំពោះសមិទ្ធិផលដែលកំពុងកើតមានឡើងនៅកម្ពុជា ក៏ប៉ុន្តែ កម្ពុជាត្រូវធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយទៅមុខទៀត។
តើលោកយល់ថា កិច្ចការអ្វីខ្លះដែលកម្ពុជាចាំបាច់ត្រូវធ្វើដើម្បីសម្រេចបាន«សន្តិភាពដ៏រឹងមាំ»បាន?
សាស្ត្រាចារ្យ Sorpong៖ នេះគឺជាសំណួរដ៏លំបាកមួយ ពីព្រោះខ្ញុំយល់ថា គ្មាននរណាម្នាក់អាចយល់ច្បាស់ពីបញ្ហានេះបានទេ។ ក៏ប៉ុន្តែ អ្វីដែលខ្ញុំអាចនិយាយបាននោះគឺថា ដំណើរការលទ្ធិប្រជាធិបតេយ្យដើរតួនាទីយ៉ាងសំខាន់ ហើយវាគឺជាដំណើរការដ៏យូរអង្វែងមួយ ហើយនឹងជួបកត្តាប្រឈមជាច្រើនមុននឹងសម្រេចបានលទ្ធិប្រជាធិបតេយ្យដ៏ពេញលេញមួយ។ វាមិនមែនជាកិច្ចការដ៏ស្រួលនោះទេ។ គ្មាននរណាម្នាក់រំពឹងថា កម្ពុជានឹងក្លាយជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យប្រកបដោយស្ថិរភាព និងសេរីភាពដ៏ពេញលេញមួយក្នុងរយៈពេលមួយប៉ប្រិចភ្នែក ឬក្នុងរយៈពេលពីរបីទសវត្សរ៍នោះទេ។ ដំណើរការនេះត្រូវការរយៈពេលយូរជាងនេះ។
ក៏ប៉ុន្តែ ស្របពេលជាមួយគ្នានោះ កម្ពុជាអាចសម្រេចបានកិច្ចការដ៏ល្អប្រសើរច្រើនជាងនេះ។ នៅកម្ពុជា ដំណើរការលទ្ធិប្រជាធិបតេយ្យបានចាប់ផ្តើមឡើង នៅពេលដែលអង្គការសហប្រជាជាតិបានរៀបចំការបោះឆ្នោតនៅឆ្នាំ១៩៩៣។ តែដំណើរការនេះបានជួបបញ្ហានៅក្នុងអំឡុងពាក់កណ្តាលទសវត្សរ៍១៩៩០។ មានការតតាំងគ្នាដោយហិង្សារវាងគណបក្សកាន់អំណាចនៅពេលនោះ គឺក្នុងឆ្នាំ១៩៩៧។ តាមការយល់ឃើញរបស់ខ្ញុំ ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានជាប់គាំង ហើយមិនបានធ្វើការវិវត្តន៍ដ៏ពិតប្រាកដនោះទេ។ ជាក់ស្តែង ប្រទេសកម្ពុជា និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានជាប់ក្នុងរបបផ្តាច់ការមួយ។ តាមរយៈការស្រាវជ្រាវរបស់ខ្ញុំ ខ្ញុំបានបកស្រាយអំពីដំណើរការបោះឆ្នោត និងប្រព័ន្ធបោះឆ្នោតនៅកម្ពុជាថា ត្រូវបានគ្រប់គ្រងដោយគណបក្សមានអំណាចតែមួយ ដែលបានគ្រប់គ្រងរាល់ដំណើរការនយោបាយទាំងអស់។ ហើយខ្ញុំបានរកឃើញតាមរយៈការស្រាវជ្រាវរបស់ខ្ញុំថា អ្វីដែលយើងបានឃើញនៅកម្ពុជាគឺថា ដំណើរការលទ្ធិប្រជាធិបតេយ្យត្រូវបានបង្រ្កាប។ ដូចនេះ ទស្សនៈវិស័យសម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យ ឬក៏ការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺមានក្តីសង្ឃឹមតិចណាស់។
ខ្ញុំមិនគិតថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានឹងត្រូវបានពង្រឹងក្នុងពេលឆាប់ៗនេះទេ។ មូលហេតុដ៏ធំមួយគឺថា គណបក្សនយោបាយដែលគ្រប់គ្រងរាល់ដំណើរការនយោបាយទាំងអស់ ហើយបើនិយាយឲ្យយុត្តិធម៌សម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ ប្រទេសកម្ពុជាកំពុងតែជាប់គាំងក្នុងប្រព័ន្ធមួយ ដែលខ្ញុំយល់ថា ជានយោបាយបែបស្លាប់រស់ ពីព្រោះថា នៅកម្ពុជាមានការយល់ឃើញថា បើអ្នកឈ្នះ វាជារឿងល្អ។ បើអ្នកចាញ់ វាមិនមែនជារឿងល្អនោះទេ។ នេះគឺជានយោបាយបែបស្លាប់រស់។ គ្រប់គណបក្សនយោបាយ ជាពិសេសគណបក្សនយោបាយធំៗកំពុងតស៊ូដណ្តើមអំណាចដើម្បីរស់ ដោយសារតែ បើអ្នកចាញ់ នោះអ្នកនឹងមានបញ្ហា។ ក៏ប៉ុន្តែ នយោបាយបែបស្លាប់រស់ដ៏រាំរៃនេះទំនងជាមិនសាបសូន្យនាពេលឆាប់ៗនេះទេ បើសិនជាគ្មានឆន្ទៈនយោបាយដ៏ធំពីគណបក្សកាន់អំណាច និងពីគណបក្សនយោបាយធំៗមួយចំនួនទៀត ដើម្បីដោះស្រាយបញ្ហាតាមវិធីសាស្ត្រនយោបាយការទូតនោះ។
តើលោកយល់យ៉ាងណាអំពីអំណាចពលរដ្ឋក្នុងការនាំឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានជុំវិញដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា?
សាស្ត្រាចារ្យ Sorpong៖ អំណាចពលរដ្ឋគឺជាកត្តាសំខាន់មួយនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ នៅក្នុងដំណាក់កាលដំបូងនៃដំណើរការនេះ អំណាចពលរដ្ឋមិនសូវមានសារៈសំខាន់ណាស់ណាទេ នេះបើតាមការយល់ឃើញរបស់ខ្ញុំ។ នៅចុងបញ្ចប់ ក្រុមអ្នកមានអំណាចវិញទេ ដែលមានឥទ្ធិពលដ៏ធំបំផុតក្នុងជីវិតនយោបាយកម្ពុជា។ លុះត្រាតែលទ្ធិប្រជាធិបតេយ្យមានស្ថានភាពរឹងមាំជាងនេះ ឬមានច្រើនជាងនេះ បើមិនដូច្នោះទេតួនាទីរបស់សង្គមស៊ីវិលនឹងនៅតែខ្សោយ ហើយនឹងមិនអាចជំរុញឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យដើរទៅមុខបានឡើយ។ ដូច្នេះ កម្ពុជានៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃដំណើរការលទ្ធិប្រជាធិបតេយ្យ ហើយវាអាស្រ័យលើអ្នកមានអំណាចនៅកម្ពុជាទាំងអស់ រួមទាំងគណបក្សជំទាស់ ក្នុងការចាប់ផ្តើមរៀបចំគម្រោងការ ឬទស្សនៈវិស័យមួយ ដែលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរទៅមុខ។
ក៏ប៉ុន្តែ នេះមិនមែនមានន័យថា ពលរដ្ឋសាមញ្ញធម្មតាមិនអាចធ្វើអ្វីបាននោះទេ។ ដូចដែលអ្នកដឹងហើយថា ពលរដ្ឋវ័យក្មេងរបស់កម្ពុជាជាច្រើនកំពុងតែស្វះស្វែងរកចំណេះវិជ្ជា។ ពួកគេចង់បានជីវិតដ៏ប្រសើរមួយ។ ពួកគេខិតខំប្រឹងប្រែង។ ពួកគេកំពុងតែខំដើរទៅមុខ ហើយនេះគឺជារឿងដ៏ល្អមួយ។ ក៏ប៉ុន្តែ រាល់ចលនាសង្គម និងកិច្ចខិតខំប្រឹងប្រែងដែលកើតមានឡើងក្នុងសង្គម អាចនឹងត្រូវបានរារាំង និងទប់ស្កាត់បានយ៉ាងស្រួល បើសិនជាក្រុមអ្នកមានអំណាចខាងនយោបាយមិនយល់ស្របគ្នាលើមាគ៌ាដែលកម្ពុជាគួរតែដើរទៅមុខ។ ខ្ញុំនៅតែមិនទាន់ឃើញមានមាគ៌ាណាមួយនៅឡើយមកទល់ពេលនេះ។
រីឯនីតិរដ្ឋគឺជាស្នូលនៃរាល់ដំណើរការទាំងអស់នៅកម្ពុជា ទាំងការវិវត្តន៍ខាងនយោបាយ និងទាំងការអភិវឌ្ឍខាងសេដ្ឋកិច្ច។ ក៏ប៉ុន្តែ នីតិរដ្ឋនៅកម្ពុជាមិនទាន់មានពេញលេញនៅឡើយទេ។ ច្បាស់ណាស់ កម្ពុជាគឺជាប្រទេសមួយ ដែលរដ្ឋាភិបាលជាអ្នកព្រាងច្បាប់ និងតាក់តែងច្បាប់។ ក៏ប៉ុន្តែ បើសិនច្បាប់មិនត្រូវបានអនុវត្តដោយត្រឹមត្រូវ និងយុត្តិធម៌ នោះនីតិរដ្ឋនេះនៅតែត្រូវការឆន្ទៈនយោបាយដដែល។
អ្នកអាចមានច្បាប់ និងគំនិតច្រើន ក៏ប៉ុន្តែបើសិនជាច្បាប់ និងគំនិតទាំងនោះមិនត្រូវបានយកទៅអនុវត្តទេ នោះវាមិនមានការផ្លាស់ប្តូរអ្វីឡើយ។ អ្នកអាចមានរដ្ឋធម្មនុញ្ញដ៏ល្អមួយ តែបើសិនជាគ្មានឆន្ទៈនយោបាយទេ នោះរដ្ឋធម្មនុញ្ញនោះមិនមានប្រយោជន៍អ្វីនោះទេ។
សព្វថ្ងៃនេះ ជាងពាក់កណ្តាលនៃប្រជាពលរដ្ឋកម្ពុជាមានវ័យកណ្តាល ហើយពួកគេភាគច្រើនភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈបណ្តាញសង្គម។ ក្នុងបរិបថនេះ តើលោកយល់ថា បណ្តាញសង្គមអាចដើរតួនាទីអ្វីដែរឬទេក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា?
សាស្ត្រាចារ្យ Sorpong៖ បណ្តាញសង្គមគឺជាការអភិវឌ្ឍដ៏ល្អមួយ។ ក៏ប៉ុន្តែ ស្របពេលជាមួយគ្នានេះ ខ្ញុំមិនយល់ថា បណ្តាញសង្គមអាចប្រែក្លាយរបបនយោបាយបានច្រើនណាស់ណាទេ។ ផ្ទុយទៅវិញ បណ្តាញសង្គមអាចក្លាយជាឧបករណ៍របស់អ្នកមានអំណាចនយោបាយទៅវិញទេ បើសិនជាពួកគេជ្រើសរើសប្រើប្រាស់ និងគ្រប់គ្រងបណ្តាញសង្គមនេះ។
បើសិនជាគ្មានឆន្ទៈនយោបាយ និងការសម្របសម្រួលពីក្រុមអ្នកមានអំណាចខាងនយោបាយទេ នោះបណ្តាញសង្គមនៅតែមានវត្តមាននៅកម្ពុជា តែវានឹងមិនមានឥទ្ធិពលអ្វីធំដុំលើដំណើរការលទ្ធិប្រជាធិបតេយ្យនោះទេ។ ឧទាហរណ៍ ដូចនៅប្រទេសចិនអញ្ចឹង។ បណ្តាញសង្គមអាចដើរតួនាទីខ្លះ តែស្របពេលជាមួយគ្នានោះ វាក៏អាចត្រូវបានបង្ក្រាប ឬគាបសង្កត់បានដែរ។ ដូច្នេះ ខ្ញុំមិនយល់ថា នៅដំណាក់កាលនយោបាយនេះ កម្ពុជាអាចប្រើប្រាស់បណ្តាញសង្គមជាមធ្យោបាយមួយក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបានទេ៕