ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ប្តេជ្ញា​ស្ដារ​សេដ្ឋកិច្ច «សម្រាប់​ពលរដ្ឋ​អាមេរិកាំង​គ្រប់រូប»


លោក Joe Biden ដែល​គេ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក ចាកចេញ​ពី​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់ពី​ណែនាំ​ជា​សាធារណៈ​នូវ​មន្ត្រី​សេដ្ឋកិច្ច​កំពូលៗ​របស់​លោក ដែល​បាន​ធ្វើឡើង​នៅ​ក្រុង Wilmington រដ្ឋ Delaware កាលពី​ថ្ងៃអង្គារទី១ ខែធ្នូ ឆ្នាំ២០២០។

លោក Joe Biden ដែល​គេ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក បាន​ប្ដេជ្ញា​កាល​ពី​ថ្ងៃ​អង្គារ​ថា​ នឹង​កសាង «សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ថ្មី​មួយ ដែល​ដំណើរការ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប» នៅ​ពេល​លោក​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​២០ ខែ​មករា​ខាង​មុខ។ លោក​ថ្លែង​ដូច្នេះ​ នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

លោក Biden បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង Wilmington រដ្ឋ Delaware នៅ​ពេល​ដែល​លោក​ណែនាំ​ជា​សាធារណៈ​នូវ​ទីប្រឹក្សា​សេដ្ឋកិច្ច​សំខាន់ៗ​របស់​លោក​ថា៖ «ខ្ញុំ​ដឹង​ថា​នេះ​ជា​ពេល​វេលា​ដ៏​លំបាក ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា ជំនួយ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ»។

លោក Biden បាន​ជំរុញ​សភា​ឲ្យ «អនុម័ត​កញ្ចប់​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច» នៅ​ក្នុង​ខែ​ធ្នូ​នេះ មុន​ពេល​សមាជិក​សភា​ជាប់​ឆ្នោត​ថ្មី​ចូល​កាន់​តំណែង​នៅ​ខែ​មករា​ខាង​មុខ។

ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា កញ្ចប់​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​ថ្មី​នេះ «ទំនង​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​តែ​ប៉ុណ្ណោះ» ហើយ​លោក​បាន​សន្យា​ថា ​នឹង​ដាក់​សំណើ​ចំណាយ​ថ្មី នៅ​ពេល​លោក​ចាប់ផ្ដើម​កាន់​តំណែង​ជា​ប្រធានាធិបតី។

ដោយសារ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ថ្មី រាប់​សិប​ម៉ឺន​ករណី​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក លោក Biden បាន​និយាយ​ថា ផល​សេដ្ឋកិច្ច​ដែល​ពលរដ្ឋ​ទទួល​បាន​មិន​ស្មើ​ភាព​គ្នា​ទេ ដែល​វា​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​សេដ្ឋវិទូ​ហៅ​ថា​ ជា​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ដែល​មាន​រាង​ដូច​អក្សរ K។

លោក Biden បាន​និយាយ​ថា «សម្រាប់​អ្នក​នៅ​ចំណុច​កំពូល ការងារ​បាន​ត្រឡប់​មក​វិញ ហើយ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​កើនឡើង។ ប៉ុន្តែ​សម្រាប់​អ្នក​នៅ​ចំណុច​កណ្ដាល និង​ចំណុច​ខាង​ក្រោម​វិញ គឺ​វា​ផ្ទុយ​ពី​នេះ។ ពួកគេ​ប្រវេប្រវា​រក​វិធី​បង់​ថ្លៃ​ចំណាយ និង​រក​ម្ហូប​អាហារ​សម្រាប់​បរិភោគ»។

លោក Biden បាន​បន្ថែម​ថា ក្រុម​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក «នឹង​បង្កើត​ឲ្យ​មាន​ការ​ងើប​ឡើង​វិញ​[នៃ​សេដ្ឋកិច្ច] សម្រាប់​ពលរដ្ឋ​ទាំង​អស់​គ្នា និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ដំណើរការ​ទៅ​មុខ​ម្ដង​ទៀត»៕

XS
SM
MD
LG