ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​​ថា​ប្រទេស​គុយបា​ចាក់វ៉ាក់សំាង​កុមារ​អាយុ​ពីរ​ឆ្នាំ


រូប​ឯកសារ៖ បុរស​ម្នាក់​ពរ​កូន​ស្រី​អាយុ​៣​ឆ្នាំ​​ដែល​កំពុង​ទទួល​ការ​ចាក់​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ១៩​ផលិត​នៅ​ប្រទេស​គុយបា នៅ​រដ្ឋធានី​ឡាហាវ៉ាន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១។
រូប​ឯកសារ៖ បុរស​ម្នាក់​ពរ​កូន​ស្រី​អាយុ​៣​ឆ្នាំ​​ដែល​កំពុង​ទទួល​ការ​ចាក់​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ១៩​ផលិត​នៅ​ប្រទេស​គុយបា នៅ​រដ្ឋធានី​ឡាហាវ៉ាន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១។

ប្រទេស​គុយបា​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ខ្លួន​បាន​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ចាប់​ពី​អាយុ​២​ឆ្នាំដោយ​ប្រើ​វ៉ាក់សំាង​ដែល​ខ្លួន​បាន​បង្កើត​ឡើង​ហើយ​ដែល​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ (WHO)​ នៅ​ឡើយ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​ថា​គោលដៅ​នៃ​យុទ្ធនាការ​នេះ​គឺចាក់វ៉ាក់សាំង​យ៉ាង​ហោច​ណាស់ ឱ្យ​បាន​៩០%​នៃ​ប្រជាជន​សរុប។ ប្រជាជន​ប្រហែល​ពាក់​កណ្តាល​បាន​ចាក់វ៉ាក់សំាង​ដូស​ទីមួយ​ហើយ​ប្រហែល​មួយ​ភាគបីបាន​ចាក់​ពីរ​ដូស។​ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​គុយបា។​

ប្រទេស​គុយបា​បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ជា​មធ្យម​ប្រហែល​៧​ពាន់ករណី​ក្នុង​មួយ​ថ្ងៃ​ក្នុង​រយៈ​ពេល​៧​ថ្ងៃ​ចុង​ក្រោយ​នេះ។ ​នេះបើ​យោង​តាម​ទិន្នន័យ​ពី​សាកល​វិទ្យាល័យ​ Johns Hopkins របស់​សហរដ្ឋ​អាមេរិក។ ដោយ​មាន​ប្រជាជន​ជាង​១១​លាន​នាក់​ប្រទេស​គុយបា​មាន​អត្រាឆ្លង​ខ្ពស់​បំផុតនៅ​លើ​ពិភពលោក។​

ប្រទេស​នេះចង់​ឲ្យ​កុមារៗ​ត្រឡប់​ចូល​ថ្នាក់​រៀន​វិញ។​តាម​ផ្ទះ​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​នេះមិន​មាន​អ៊ីនធឺណិត​ទេហើយ​ដោយ​សាលារៀន​បាន​បិទ​តាំងពី​ខែ​មីនា​ឆ្នាំ​២០២០​មកកុមារ​ភាគ​ច្រើន​រៀន​តាម​រយៈ​មើល​កម្មវិធី​ទូរទស្សន៍។​

ប្រទេស​នេះ​ក៏​មាន​បំណង​ចង់ចាប់ផ្តើម​ឧស្សាហកម្ម​ទេសចរណ៍​របស់​ខ្លួន​ផង​ដែរ។​យោង​តាម​សារព័ត៌មាន ​The Associated Press ​នៅឆ្នាំ​២០១៩​ ប្រទេស​គុយបា​មានចំណូល​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ​៤,១​ពាន់លាន​ដុល្លារ ​ឬ​ប្រហែល​១០%​នៃ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប។​

ប្រទេស​គុយបា​បាន​បង្កើត​វ៉ាក់សាំង​ចំនួន​ពីរ។​ កុមារ​អាយុ​ពី ​២ ​ទៅ ​១៨​ឆ្នាំ​នឹង​ទទួល​បាន​វ៉ាក់សំាង​Soberana-2​ ចំណែក​មនុស្ស​ពេញវ័យ​ទទួល​បាន​វ៉ាក់សាំង​ Abdala។ ​វ៉ាក់សាំង​ទាំងពីរ​ត្រូវបាន​អនុម័ត​ដោយ​និយតករ​ក្នុងស្រុកប៉ុន្តែ​មិន​បាន​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​ពី​ស្ថាប័ន​អន្តរជាតិ​ឡើយ។

ប្រទេស​ផ្សេងៗ​ទៀតរួម​មាន​ប្រទេស​ចិន ​វ៉េណេស៊ុយអេឡា ​និង​អេមីរ៉ាតអារ៉ាប់រួម​បាន​ប្រកាស​ថា​ពួក​គេ​នឹង​ចាក់​វ៉ាក់សំាង​ដល់​កុមារ​ប៉ុន្តែ​គុយបា​ជា​ប្រទេស​ដែល​បាន​ធ្វើរឿង​នេះ​ដំបូង​គេ​បំផុត។​

នាយក​អង្គការ​សុខភាពពិភពលោកបាន​ព្រមាន​កាលពី​ថ្ងៃច័ន្ទ​ថា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង ជំងឺ​កូវីដ១៩​ នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ៕​

(ព័ត៌មាន​ខ្លះដកស្រង់​ពី​The Associated Press ​និង​Reuters)

វីដេអូថ្មីៗបំផុត

XS
SM
MD
LG