អង្គការសង្គមស៊ីវិលនិងសហគមន៍មានទំនាស់ដីធ្លីសរុប៤៨ អំពាវនាវឱ្យសាលាឧទ្ធរណ៍បដិសេធសេចក្ដីសម្រេចរបស់តុលាការខេត្តកោះកុង ដែលបានផ្ដន្ទាទោសសកម្មជនការពារបរិស្ថានចំនួន៣នាក់ឱ្យជាប់ពន្ធនាគារចំនួន១៨ខែនិងពិន័យជាប្រាក់ជាង១០០លានរៀល។
ការអំពាវនាវនេះធ្វើឡើងស្របពេលដែលសាលាឧទ្ធរណ៍គ្រោងបើកសវនាការនៅថ្ងៃទី៣១ ខែមករា ពាក់ព័ន្ធនឹងបណ្ដឹងរបស់សកម្មជនការពារបរិស្ថានទាំង៣នាក់ ជំទាស់នឹងការសម្រេចរបស់តុលាការខេត្តកោះកុង។
កាលពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៦ សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន៣នាក់គឺលោកលោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង ត្រូវបានតុលាការខេត្តកោះកុងផ្ដន្ទាទោសដាក់ពន្ធនាគារ១៨ខែ តែតម្រឹមទោសមកត្រឹម១០ខែនិង១៥ថ្ងៃ ជារយៈពេលដែលពួកគេពួកគេបានជាប់ឃុំគិតត្រឹមថ្ងៃកាត់ទោស។ តុលាការក៏បានពិន័យពួកគេជាប្រាក់២លានរៀល (៥០០ដុល្លារ) និងត្រូវសងសំណងខូចខាត១០០លានរៀល (២៥០០០ដុល្លារ)ទៅឲ្យក្រុមហ៊ុន Direct Access ដែលបានប្ដឹងពួកគេ។
អ្នកទាំង៣ រងការចោទថា ជាអ្នកផ្ដើមគំនិតក្នុងបទល្មើស «គំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ» តាមមាត្រា២៨ និងមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ ដោយសារពួកគេបានចូលរួមធ្វើសកម្មភាពទប់ស្កាត់ការបូមខ្សាច់របស់ក្រុមហ៊ុន Direct Access និងក្រុមហ៊ុន International Rainbow Company។
ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់អង្គការសមាគម និងសហគមន៍មានទំនាស់ដីធ្លីសរុប៤៨ស្ថាប័ន ចេញផ្សាយកាលពីថ្ងៃអាទិត្យ ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងថា ការសម្រេចរបស់តុលាការខេត្តកោះកុងធ្វើឡើងដោយពុំមានភស្តុតាងដែលស្របតាមបទដ្ឋាននៃភស្តុតាងចាំបាច់សម្រាប់ធ្វើការចោទប្រកាន់នោះទេ។ លើសពីនេះ សង្គមស៊ីវិលក៏បានចាត់ទុកបទចោទលើអ្នកទាំង៣ថាមានចរិតលក្ខណៈនយោបាយនិងគួរត្រូវបានបដិសេធចោល។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាដែលបានចូលរួមចេញសេចក្ដីថ្លែងការណ៍ប្រាប់ VOA នាល្ងាចថ្ងៃអាទិត្យថា រដ្ឋាភិបាលបានអះអាងពីឆន្ទៈក្នុងការអភិរក្សនិងការពារធនធានធម្មជាតិតាមរយៈការបង្កើតគោលនយោបាយនានា។ លោកបន្តថា រដ្ឋាភិបាលគួរលើកទឹកចិត្តដល់សកម្មជនទាំង៣ដែលលោកថាជាអ្នកការពារធនធានធម្មជាតិជាជាងត្រូវរងការយាយីតាមផ្លូវច្បាប់។
«ក្រុមយុវជន៣នាក់ហ្នឹងគួរណាស់ត្រូវបានលើកទឹកចិត្តដោយរដ្ឋាភិបាល ត្រូវបានលើកទឹកចិត្តរដ្ឋទាំងមូល ដើម្បីធ្វើម៉េចឱ្យពួកគេអាចបន្តការងាររបស់ពួកគេក្នុងការការពារផលប្រយោជន៍ជាតិ»។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូនៅខេត្តកោះកុង ដែលបានតាមដានករណីនេះប្រាប់ VOA ថា តាមការស៊ើបអង្កេតរបស់សង្គមស៊ីវិល សកម្មជនបរិស្ថានទាំង៣នាក់ពុំបានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់នោះទេ។ លោកថា សេចក្ដីសម្រេចរបស់តុលាការខេត្តកោះកុងមានលក្ខណៈធ្ងន់ធ្ងរនិងជាការគំរាមកំហែងលើសកម្មជនការពារបរិស្ថាន ដែលនេះផ្ទុយនឹងការអំពាវនាវរបស់រដ្ឋាភិបាលឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងកិច្ចការពារបរិស្ថាន។
«សេចក្ដីសម្រេចរបស់សាលាដំបូងខេត្តកោះកុង គេដាក់ទម្ងន់សកម្មជនស្ម័គ្រចិត្តដែលផុលផុស ដែលសកម្មក្នុងការការពារបរិស្ថានហ្នឹង ដូចជាបង្កើតឱ្យមានករណីគំរាមកំហែងផង បំបាក់ស្មារតីគាត់ផង គឺចង់និយាយថា មិនចង់ឱ្យយុវជនឬក៏អ្នកដទៃទៀតចូលរួមក្នុងការការពារធនធានធម្មជាតិ»។
សកម្មជនទាំងបីបានចាកចេញពីប្រទេសកម្ពុជាកាលពីសប្ដាហ៍មុនដោយសារបារម្ភពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។
សកម្មជនម្នាក់គឺលោក សាន់ ម៉ាឡា ប្រាប់VOA កាលពីសប្ដាហ៍មុនថា រូបលោក និងសកម្មជនទាំងពីរនាក់ផ្សេងទៀតចាកចេញពីប្រទេសកម្ពុជា ដោយសារបារម្ភថាអាចនឹងត្រូវចាប់ឃុំខ្លួនក្នុងពន្ធនាគារជាថ្មី ប្រសិនបើពួកគេទៅចូលរួមការកាត់ក្តីនោះ។ លោកបញ្ជាក់បន្តថា ការចាប់ខ្លួននេះ អាចនឹងត្រូវបានធ្វើឡើងតាមបណ្តឹងរបស់ព្រះរាជអាជ្ញារងមួយរូបដែលបានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ក្នុងពេលស្របគ្នាជាមួយបណ្តឹងរបស់សកម្មជនទាំងបីរូបដែលប្តឹងទាមទារឲ្យសាលាឧទ្ធរណ៍ទម្លាក់ចោលសាលក្រមរបស់តុលាការខេត្តកោះកុង។
លោកស្រី សាម សុគន្ធា មេធាវីការពារក្តីឱ្យសកម្មជនការពារបរិស្ថានទាំងបីនាក់នេះប្រាប់VOA លោកស្រីនៅមិនទាន់ទទួលបានដំណឹងផ្លូវការពីការចាកចេញទៅក្រៅប្រទេសរបស់កូនក្ដីរបស់លោកស្រីនោះទេ។ លោកស្រីបន្តថា លោកស្រីនឹងពិភាក្សាជាមួយមេធាវីម្នាក់ទៀតដែលការពារក្ដីឱ្យអ្នកទាំង៣ថានឹងចូលរួមសវនាការឬយ៉ាងណា។
លោកស្រី សាម សុគន្ធា បន្តថា លោកស្រីសង្ឃឹមថា សាលាឧទ្ធរណ៍នឹងទម្លាក់បទចោទលើកូនក្ដីរបស់លោកស្រី ដោយសារចម្លើយរបស់សាក្សីនិងការអះអាងរបស់អ្នកទាំង៣នាពេលកន្លងមក បង្ហាញថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍បាននៅឡើយទេកាលពីល្ងាចថ្ងៃអាទិត្យ។
តុលាការខេត្តកោះកុង បានសម្រេចឃុំខ្លួនសកម្មជននៃចលនាមាតាធម្មជាតិទាំងបីនាក់ បន្ទាប់ពីពួកគេបើកយុទ្ធនាការកាលពីខែកក្កដាឆ្នាំ២០១៥ ដើម្បីបណ្ដេញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនពីរគឺក្រុមហ៊ុន Direct Access និង International Rainbow Company ដែលបានដំណើរការបូមខ្សាច់ជាច្រើនខែ នៅមុនយុទ្ធនាការនោះចាប់ផ្ដើមឡើងនៅក្នុងតំបន់ជីផាត់ និងព្រែកអណ្ដូងទឹក ដែលស្ថិតនៅក្នុងស្រុកថ្មបាំង និងស្រុកបុទុមសាគរ ខេត្តកោះកុង៕