ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​បី​នាក់​គេច​ចេញ​ពី​កម្ពុជា


សកម្ម​ជន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​​​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ឈរនៅមុខ​ពន្ធនាគារ​ខេត្តកោះកុង​ នៅថ្ងៃ​ទី​ ១​ ខែកក្កដា​ ឆ្នាំ​ ២០១៦។​ (ផ្តល់ជូន​ដោយ ​Licadho)
សកម្ម​ជន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​​​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ឈរនៅមុខ​ពន្ធនាគារ​ខេត្តកោះកុង​ នៅថ្ងៃ​ទី​ ១​ ខែកក្កដា​ ឆ្នាំ​ ២០១៦។​ (ផ្តល់ជូន​ដោយ ​Licadho)

សកម្មជន​ការពារ​បរិស្ថាន​បី​រូប​នោះ​​របស់​ចលនា​មាតា​ធម្មជាតិ​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ដោយ​បារម្ភ​អំពី​បញ្ហា​​សន្តិសុខ​​ផ្ទាល់​ខ្លួន​ ខណៈ​ដែល​សាលា​ឧទ្ធរណ៍​គ្រោង​បើក​សវនការ​លើ​បណ្តឹង​ជំទាស់​របស់​ពួកគេ​ ពាក់​ព័ន្ធ​នឹង​ការ​ផ្តន្ទា​ទោស​របស់​តុលាការ​ខេត្ត​កោះ​កុង​ ក្នុង​សំណុំ​រឿង​ទប់​ស្កាត់​ការ​បូម​ខ្សាច់។​ នេះ​​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​​សកម្មជន​ការពារ​បរិស្ថាន​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​បី​នាក់ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង។​

នៅ​សល់​តែ​ជាងមួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​កាត់​ក្តី​បណ្តឹង​ជំទាស់​របស់​សកម្មជន​ការពារ​បរិស្ថាន​បី​រូប​របស់​ចលនា​មាតា​ធម្មជាតិ​ក្នុង​សំណុំរឿង​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នៅ​ក្នុង​ខេត្តកោះកុង។​ មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​នេះ​ បាន​ឲ្យ​ដឹង​ថា​ សកម្មជន​ទាំង​បី​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួនរបស់​ពួក​គេ។​

សកម្មជន​ការពារ​បរិស្ថាន​បី​រូប​នោះរបស់​ចលនា​មាតា​ធម្មជាតិ​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ដោយ​បារម្ភ​អំពី​បញ្ហាសន្តិសុខផ្ទាល់​ខ្លួន​ ខណៈ​ដែល​សាលា​ឧទ្ធរណ៍​គ្រោង​បើក​សវនការ​លើ​បណ្តឹង​ជំទាស់​របស់​ពួកគេ​ ពាក់​ព័ន្ធ​នឹង​ការ​ផ្តន្ទា​ទោស​របស់​តុលាការ​ខេត្ត​កោះ​កុង​ ក្នុង​សំណុំ​រឿង​ទប់​ស្កាត់​ការ​បូម​ខ្សាច់។​ នេះបើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពីសកម្មជន​ការពារ​បរិស្ថាន​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​បី​នាក់ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង។​

សាលា​ឧទ្ធរណ៍​ បាន​កោះ​ហៅ​ក្រុម​មេធាវី​ការពារ​ក្តី​ សកម្មជន​ទាំង​បី​រូបដែល​រួមមាន​ លោក​ សាន់​ ម៉ាឡា​ លោក​ទ្រី​ សុវិគា​ និង ​លោក​ ស៊ីម​ សំណាង​ ឲ្យ​ចូលរួម​សវានាការ​ដែល​នឹង​ធ្វើ​ឡើង​ នៅ​ថ្ងៃទី ៣១​ ខែ​ មករា​ ឆ្នាំ​ ២០១៧។​

លោក​ សាន់​ ម៉ាឡា​ ប្រាប់​ VOA ​តាម​ការ​សន្ទនា​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ នៅ​ថ្ងៃ​អង្គារ​នេះថា​ ក្រុម​សកម្មជន​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ជាច្រើនថ្ងៃ​មក​ហើយ​ ហើយ​បដិសេធមិន​ចូល​រួមការ​ជំនុំជម្រះ​ក្តី​នៅ​សាលាឧទ្ធរណ៍។​ លោក​និយាយ​ថា​ រូប​លោក​ និង​សកម្មជន​ទាំង​ពីរ​នាក់​ផ្សេងទៀត​អាច​នឹង​ត្រូវចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជា​ថ្មី​ ប្រសិន​បើពួក​គេ​ទៅ​ចូលរួម​ការ​កាត់​ក្តីនោះ។​

​លោក​បញ្ជាក់​បន្ត​ថា ការ​ចាប់​ខ្លួន​នេះ​ អាច​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ តាម​បណ្តឹង​របស់​ព្រះរាជ​អាជ្ញារង​មួយ​រូប​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍​ ​ក្នុង​ពេលស្រប​គ្នា​ជាមួយ​បណ្តឹង​របស់​សកម្មជន​ទាំង​បីរូប​ដែល​ប្តឹងទាមទារ​ឲ្យ​សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​សាល​ក្រម​របស់​តុលាការ​ខេត្ត​កោះកុង។

លោក​ សាន់​ ម៉ាឡា ថ្លែង​ថា៖ «បណ្តឹង​របស់​យើង​ប្រហែល​ជា​មិន​អាច​យក​ឈ្នះ​បណ្តឹង​របស់​ព្រះ​រាជ​អាជ្ញា​ ហើយ​ក៏​ប្រហែល​ជា​មាន​ផែនការ​ ក្នុង​ការ​នាំខ្លួន​ពួក​យើង​ទៅ​កាន់​ពន្ធនាគារ​ម្តង​ទៀត​ អញ្ចឹង​ហើយ​ បានជា​យើង​សម្រេច​ចិត្ត​ថា​ ប្រហែល​ជា​ នឹង​មិន​ចូលរួម​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី៣១​ ហ្នឹង​ទេ»។

លោក​ សាន់​ ម៉ាឡា បន្ថែម​ថា​ រូប​លោក​ និង​សកម្មជន​ពីរ​រូប​ផ្សេង​ទៀត​ កំពុង​ស្ថិត​ក្នុង​ទី​សុវត្ថិភាព​មួយ​ នៅ​ក្រៅ​ប្រទេស​កម្ពុជា។

«ឥឡូវ​ហ្នឹង​ ខ្ញុំ​មក​ដល់​កន្លែង​ដែល​មាន​សុវត្ថិភាព​ ក៏​ប៉ុន្តែ​មិន​ទាន់​អាច​ជម្រាប​បាន​ថា​ ស្ថិត​នៅ​ក្នុង​ប្រទេស​ណាមួយ»។​

​សកម្មជន​ការពារ​បរិស្ថាន​ទាំង​បី​រូប​ ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ កាត់​ទោសឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ខែ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៦ ពី​បទ​ «គំរាមកំហែង​ និង​ធ្វើ​ឲ្យ​ខូចខាត»។​ ប៉ុន្តែដោយសារ​ពួកគេ​បាន​ស្ថិត​ក្នុង​ពន្ធនាគារ​ចំនួន​១០​ខែ​និង​១៥​ថ្ងៃ​ហើយ​នោះ​ តុលាការ​បាន​សម្រេច​ព្យួរ​ទោស​ដែល​នៅ​សេស​សល់​ ហើយ​ដោះ​លែង​ពួក​ឲ្យ​មាន​សេរីភាព​វិញ។​ ​

តុលាការ​ខេត្ត​កោះកុង​ ​បាន​តម្រូវ​ឲ្យ​សកម្មជន​ទាំង​បី​នាក់​សង​ជំងឺ​ចិត្ត​ទៅ​ក្រុមហ៊ុន​ Direct Access​ ចំនួន​ ១០០ ​លាន​រៀល​ (ឬ​ប្រមាណ​ជា​២៥.០០០​ដុល្លារ)​ និង​២​លាន​រៀល (ឬ​ប្រមាណ​៥០០​ដុល្លារ)​ ទៀត​ត្រូវ​ចូល​បង់​ចូល​ទៅ​ក្នុង​ថវិកា​ជាតិ។​

លោក​ អ៊ិន​ គង់ជិត​ មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​នៅ​ខេត្ត​កោះកុង​ ប្រាប់​ VOA ថា​ សកម្មជន​ទាំង​បី​រូបបាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​សកម្មជន​ម្នាក់​ក្នុង​ចំណោម​សកម្មជន​ទាំង​បី​រូប​ គឺ​លោក​ សាន់​ ម៉ាឡា​ កាន់​តែ​សកម្ម​ក្នុង​ការ​ទប់​ស្កាត់​ ​សកម្មភាព​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ការ​ការពារ​ព្រៃ​កោងកាង​ និង​ការ​អធិប្បាយ​នានា​លើ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​កាន់​ប្រទេស​សិង្ហបូរី។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នោះ​បញ្ជាក់​ថា៖​ «រឿង​ទាំង​អស់​នេះ​ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ មិន​សប្បាយ​ចិត្ត​ អញ្ចឹង​ប្រហែល​ជា​គាត់​បាន​ទទួល​សារ​អ្វី​មួយ​ ហើយ​ ហើយ​គាត់​គិត​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ប្រហែល​ជា​អត់​មាន​សុវត្ថិភាព​ ចំពោះ​សកម្ម​ជន​ដែល​លេច​ធ្លោ​ អញ្ចឹង​គាត់​ត្រូវ​តែ​ទៅ​រក​ទីកន្លែង​ ដែល​មាន​សុវត្ថិភាព​បណ្តោះ​អាសន្ន​សិន​បាទ»។​

លោក​ អ៊ិន​ គង់ជិត​ បាន​បន្ថែម​ថា​ ការ​ប្តឹង​ជំទាស់​សាល​ក្រម​សម្រេច​ដោយ​តុលាការ​ខេត្ត​កោះកុង​ របស់​សកម្មជន​ទាំង​បី​ ធ្វើ​ឡើង​ ​ដោយ​សារ​ពួក​គេមិន​មាន​លទ្ធភាព​សង​ប្រាក់​ទៅ​ក្រុមហ៊ុន។​ លោក​មិន​អាច​ផ្តល់​សេចក្តី​អធិប្បាយ​ លើ​បណ្តឹង​របស់​លោក​ អ៊ីវ​ ត្រាយ​ ព្រះរាជ​អាជ្ញារង​នៃ​តុលាការខេត្តកោះកុង​ ​ដែល​បាន​ដាក់​ទៅ​សាលា​ឧទ្ធរណ៍​បាន​នោះ​ទេ។​

លោក​ អ៊ីវ​ ត្រាយ​ ព្រះរាជ​អាជ្ញារង​នៃតុលាការ​ខេត្ត​កោះកុង​ ប្រាប់​ VOA​ ថា ​សកម្មជន​ការពារ​បរិស្ថាន បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ តែ​លោក​មិន​ធ្វើ​ការ​អធិប្បាយ​លើ​បណ្តឹង​របស់​លោក​ទៅ​កាន់​សាលា​ឧទ្ធរណ៍​នោះ​ឡើយ។​

«ខ្ញុំ​ដូច​អត់​ចាំ​ទេ​ ប៉ុន្តែ​ដឹង​ថា​មាន​ប្តឹង​ឧទ្ធរណ៍​ រឿង​ហ្នឹង»។

VOA​ មិន​ទាន់​អាច​ទាក់​ទង​ លោក​ ទូច​ ថារិទ្ធ​ អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​បាន​ទេ​នៅ​ថ្ងៃ​អង្គារ នេះ ដោយ​ទូរស័ព្ទ​លោក​ រោទិ៍​តែ​គ្មាន​អ្នក​ទទួល។

អ្នកស្រី​ សាម​ សុគន្ធា​ មេធាវី​ការពារ​ក្តី​សកម្មជន​ការពារ​បរិស្ថាន​ទាំង​បី​នាក់​នេះ​ មាន​ប្រសាសន៍ថា​ អ្នក​ស្រី​នឹង​ពិចារណា​ ក្នុង​ការ​ចូលរួម​សវនាការ​ នា​ពេល​ខាង​មុខ។​ អ្នក​ស្រី​ សុំ​មិន​ធ្វើ​ការអធិប្បាយអំពី​ការ​ចេញ​ទៅ​ក្រៅប្រទេស​របស់​សកម្មជន​ការពារ​បរិស្ថាន​ទាំង​បី​នាក់​នេះ។

អ្នកស្រី​ថ្លែង​ប្រាប់ VOA ថា៖​ «អត់​ទាន់​ដឹង​ថា​ យ៉ាង​ម៉េច​ទេ​ ដោយ​សារ​ខ្ញុំ​រវល់​ច្រើន​ដែរ​ ចាំ​មើល​សិន​ព្រោះ​នៅ​ពេល​ច្រើន​ដែរ»។​

តុលាការ​ខេត្តកោះកុង​ បានសម្រេច​ឃុំ​ខ្លួន​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំង​បី​នាក់ បន្ទាប់​ពី​ពួកគេបើក​យុទ្ធនាការ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៥ ដើម្បី​បណ្ដេញ​សាឡង់​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ពីរ​គឺ​ក្រុមហ៊ុន​ Direct​ Access​ និង​ International Rainbow ​Company ​ដែល​បាន​ដំណើរការ​បូម​ខ្សាច់ជា​ច្រើន​ខែ​ នៅ​មុន​យុទ្ធនាការ​នោះ​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​តំបន់​ជីផាត់ ​និង​ព្រែក​អណ្ដូង​ទឹក​ ដែល​ស្ថិតនៅ​ក្នុង​ស្រុក​ថ្ម​បាំង​ និង​ស្រុក​បុទុមសាគរ​ ខេត្ត​កោះ​កុង៕​

XS
SM
MD
LG