ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សង្គម​ស៊ីវិល​នឹង​ពិភាក្សា​ពី​វិធី​ការពារ​ការ​បញ្ចេញ​មតិ​តាម​បណ្តាញ​អ៊ីនធឺណិត


រូបឯកសារ៖ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បើក​មើល​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៤។
រូបឯកសារ៖ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បើក​មើល​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៤។

វេទិកា​អ៊ីនធឺណិត​បើក​ទូលាយ ឆ្នាំ​២០១៩ (Open Cyber Talk) គឺជា​ការចូលរួម​ពី​យុវជន អ្នក​ប្រើប្រាស់​អ៊ីធឺណិត ​សកម្មជន​លើ​បណ្តាញ​សង្គម អ្នក​អនុវត្ត​ច្បាប់ អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​សិទ្ធិ​មនុស្ស ដើម្បី​ជជែក​ពិភាក្សា​អំពី​ឱកាស​ និង​ហានិភ័យ​ចំពោះ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​សម័យ​ថ្មី។

ក្រុម​សង្គម​ស៊ីវិល​ធ្វើការ​លើក​ស្ទួយ​សេរីភាពបញ្ចេញ​មតិ​នៅ​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ (Open Cyber Talk) ជា​លើក​ទី​៥ ​ដើម្បី​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​យល់​ដឹង​អំពី​ការ​ការពារ​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត។

ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ​គឺជា​វេទិកា​ដែល​រៀប​ចំ​ឡើង​ប្រចាំ​ឆ្នាំ ​ចាប់​តាំងពី​ឆ្នាំ​២០១៥មក។ ក្នុង​ឆ្នាំ​២០១៩​នេះ ​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ​ដែលនឹង​ប្រព្រឹត្ត​ទៅនៅព្រឹក​ថ្ងៃទី ១៧ ខែ​មីនា ​នឹង​ពិភាក្សា​លើ​ប្រធាន​បទ​ធំ​ស្តីពី «ឱកាស ​និង​ហានិភ័យ​ចំពោះ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​សម័យ​ថ្មី»។

លោក ស ម៉ូរី អនុ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា ប្រាប់ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​ និង​កំពុង​រងនូវ​ហានិភ័យ​ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​បញ្ចេញ​មតិ​ និង​រិះគន់​ពី​អំពើ​ពុក​រលួយ អភិបាល​កិច្ច បញ្ហា​ដីធ្លី​ និង​ការបាត់​បង់​ធនធាន​ធម្មជាតិ​ជាដើម។

លោក​បន្ត​ថា ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ក្នុង​ឆ្នាំ​២០១៩​នេះ នឹងផ្តោត​សំខាន់​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព ​និង​ការ​ចូលរួម​អភិវឌ្ឍន៍​សង្គម​នៅ​ក្នុង​ប្រទេស។

លោក​បញ្ជាក់​ថា៖ «ហានិភ័យ​ក្នុង​ការ​លួច​ទិន្នន័យ លួច account (គណនី) ហានិភ័យ​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​អី​ជាដើម ព្រោះ​អ្នក​ខ្លះ​គាត់​ធ្វើការ​បញ្ចេញ​មតិ​ទៅ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទល្មើស​ញុះញង់ បទល្មើស​បរិហារ​កេរ្តិ៍​អី​ជាដើម ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​ដោយសារ​ការ​ប្រើប្រាស់​អ៊ីនធឺណិត។ អញ្ចឹង​ហើយ​គោល​បំណង​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ យើង​ចង់​អប់រំ​អ្នក​ចូលរួម​ឲ្យ​គាត់​ដឹង​បន្ថែម​ទៀត​ថា តើ​គាត់​អាច​ប្រើប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្នឹង​ក្នុង​មធ្យោបាយ​ណាមួយ​មាន​ប្រសិទ្ធភាព ជៀស​ផុត​ពី​ហានិភ័យ​ពី​ការ​ចោទ​ប្រកាន់​ផ្លូវ​ច្បាប់​អី​ជាដើម»។

ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយនោះ​ ក៏​នឹង​មាន​ការ​ពិភាក្សា​លើប្រធាន​បទ​ក្រុម​តូចៗចំនួន​៥​ រួមមាន​ ការ​ការពារ​ទិន្នន័យ សុវត្ថិភាព និង​ឯកជន​ភាព​នៅ​លើ​អ៊ីនធឺណិត ព័ត៌មាន​មិន​ពិត ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ដើម្បី​លើក​កម្ពស់​អភិបាលកិច្ច​ល្អ និង​យុត្តិធម៌​សង្គម ការរើសអើង​មក​លើ​ស្រ្តី និង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​លើ​អនឡាញ និង​គ្លីនិក​សុវត្ថិភាព​ឌីជីថល ដែល​ជា​កន្លែង​សម្រាប់​ដោះស្រាយ​បញ្ហា​ជាប់​គាំង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក​ ស ម៉ូរី បន្ថែម​ថា ​អ្នក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ដដែលនោះ​ ក៏​នឹង​ទទួល​បាន​ចំណេះ​ដឹង​អំពី​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ និង​ការ​ប្រឹក្សាផ្លូវ​ច្បាប់​ ដើម្បីការពារ​ខ្លួន ជៀសវាង​នូវ​ហានិភ័យ​ផ្សេងៗ។

លោក​បញ្ជាក់​ថា៖ «គាត់​នឹង​ដឹង​អំពី​វិធីសាស្រ្ត​ក្នុង​ការ​ការពារ​ទិន្នន័យ ដឹង​ពី​វិធីសាស្រ្ត​ក្នុង​ការ​ការពារ​គណនី​ហ្វេសប៊ុក​របស់​គាត់ អ៊ីមែល​របស់​គាត់​ត្រូវ​ធ្វើ​ម៉េច​ដើម្បីមាន​សុវត្ថិភាព។ មួយ​ទៀត​យើង​ក៏​មាន​កន្លែង​មួយ​ដែល​គេ​ហៅថា​ ឌីជីថល​ ស៊ីឃ្យូរីធី គ្លីនិក។ អញ្ចឹង​នៅ​ថ្ងៃ​ហ្នឹង​បើ​សិន​មាន​អ្នកណា​មាន​បញ្ហា​ផ្នែក​បច្ចេកវិទ្យា គាត់​បាន​ភ្លេច Password (លេខ​សម្ងាត់) គាត់​ត្រូវ​បាន​គេ​លួច Account (គណនី) ហើយ​គាត់​ចង់​ឲ្យ​អ្នកជំនាញ​ជួយ​យក​គណនី​ហ្វេសប៊ុក​របស់​គាត់​មកវិញ យក Gmail របស់​គាត់​មក​វិញ គាត់​អាច​ពឹងពាក់​អ្នក​ជំនាញ​ក្នុង​ការ​ជួយ​បាន »។

វេទិកា​នេះ​រៀបចំ​ដោយស្ថាប័ន​ចំនួន​៧ រួមមាន បណ្តាញ​យុវជន​កម្ពុជា (CYN) អង្គការ​គណៈ​កម្មា​ធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) អង្គការ​សង់ត្រាល់ (CENTRAL) ​សមាគម​ធាងត្នោត (STT) មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា (CCHR) និង​អង្គការ​ក្លាហាន ដែល​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ជា​៣០០​នាក់។

ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក អ៊ីនធឺណិត​ ជាពិសេស​បណ្តាញ​ទំនាក់​ទំនង​សង្គម​ចាប់​ផ្តើម​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​កម្ពុជា។

ប្រជាពលរដ្ឋ​មួយ​ចំនួនបានប្រើប្រាស់​បណ្តាញ​សង្គមដ៏ពេញ​និយម​នេះ​សម្រាប់​ចែក​រំលែក និង​ទទួល​បាន​ព័ត៌មាន ​ហើយ​ខ្លះ​ក៏បានប្រើ​សម្រាប់​ធ្វើ​ជំនួញ និង​ខ្លះ​ទៀតប្រើ​សម្រាប់​បញ្ចេញ​មតិ​ជាដើម។

ទន្ទឹម​នឹង​នោះ គេ​ឃើញ​ថា អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​មួយ​ចំនួន​ក៏បាន​ប្រើ​បណ្តាញ​ទំនើប​មួយ​នេះ​ទៅ​ប្រព្រឹត្ត​បទ​ល្មើស និង​ខ្លះ​ទៀតក៏​ត្រូវ​បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ ដូច​យ៉ាង បទ​ជេរ​ប្រមាថ​ ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​នេះ។

វេទិកា​អ៊ីនធឺណិត​បើក​ទូលាយ ឆ្នាំ​២០១៩ (Open Cyber Talk) គឺជា​ការចូលរួម​ពី​យុវជន អ្នក​ប្រើប្រាស់​អ៊ីធឺណិត ​សកម្មជន​លើ​បណ្តាញ​សង្គម អ្នក​អនុវត្ត​ច្បាប់ អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​សិទ្ធិ​មនុស្ស ដើម្បី​ជជែក​ពិភាក្សា​អំពី​ឱកាស​ និង​ហានិភ័យ​ចំពោះ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​សម័យ​ថ្មី។

វេទិកា​នេះ​ក៏​ជួយ​ឲ្យ​ពួកគាត់​ចេះ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ឲ្យ​មាន​សុវត្ថិភាព និង​ប្រសិទ្ធ​ភាព​ជាងមុន​ និង​ការ​ប្រើប្រាស់​មាតិកា​លើ​ប្រព័ន្ធ​ឌីជីថល​សម្រាប់​លើក​កម្ពស់​ផល​ប្រយោជន៍​សាធារណៈ ស្តីពី​សិទ្ធិ​មនុស្ស និង​យុត្តិធម៌​សង្គម​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG