មន្ត្រីគណបក្សជំទាស់និងមន្ត្រីសង្គមស៊ីវិល បានរិះគន់បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចំពោះការលុបចោលលិខិតកម្មសិទ្ធិដីធ្លីខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដោយនិយាយថា ចំណាត់ការនោះជាការបង្ហាញឲ្យឃើញពីការរង់ចាំតែបញ្ជារបស់បុគ្គលម្នាក់។
ក្រុមមេដឹកនាំគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៉ីបានអះអាងថាការប្រកាសរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែនដើម្បីធ្វើមោឃភាពប័ណ្ណកម្មសិទ្ធិដីធ្លីខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិដែលចេញឲ្យដោយមន្ត្រីមូលដ្ឋាននានា នឹងធ្វើឲ្យមានភាពច្របូកច្របល់ និងបង្ហាញពីការដឹកនាំប្រទេសពឹងអាងលើអំណាចបុគ្គលម្នាក់ជាជាងច្បាប់។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានអះអាងថា បញ្ហាដីធ្លីនៅកម្ពុជាឈានដល់អនាធិបតេយ្យហើយ។ ប្រជាពលរដ្ឋតិចតួចណាស់ដែលមានលុយធ្វើប្លង់កម្មសិទ្ធិរឹងក្រោយពីសង្រ្គាម។ លោកបន្ថែមថា ការប្រកាសរបស់ លោក ហ៊ុន សែន ជាជាងដោះស្រាយតាមច្បាប់នឹងក្លាយជាឧបសគ្គនៅថ្នាក់ក្រោមឬមូលដ្នាន។
«កាដឹកនាំសព្វថ្ងៃ វាធ្វើឲ្យសង្គមយើងវាអានាធិបតេយ្យ វាច្របូកច្របល់។ វាមិនដឹងចាប់ក្បាលចាប់កន្ទុយទេ បើសិនធ្វើតាមតែបញ្ជា តាមតែមាត់របស់នាយករដ្ឋមន្ត្រីភ្ញាក់រលឹកនឹកឃើញម្តងធ្វើ ហើយស្រែកទៅ ហើយបាត់ចោលទៅវិញ ហើយទុកឲ្យអ្នកខាងក្រោមរត់តាម។ គេរត់មិនទាន់ដែរ»។
លោកអះអាងថាលោកមិនជឿថារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនអាចដោះស្រាយបញ្ហាដីធ្លីបានទេ ព្រោះបញ្ហាដែលអាជ្ញាធរថ្នាក់មូលដ្នានផ្តល់កម្មសិទ្ធិជាថ្នូរនឹងសំណូកមិនត្រឹមត្រូវឬមិនផ្តល់ឲ្យពេលគ្មានសំណូកហ្នឹងវាកើតជាហូរហែយូរមកហើយ ឈានដល់អនាធិបតេយ្យ។
លោក កឹម សុខា បានអះអាងថា ភាពចន្លោះប្រហោងនៃច្បាប់ភូមិបាលនិងការបែងចែកអំណាចដល់ថ្នាក់មូលដ្នានមិនច្បាស់លាស់ធ្វើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានច្របូកច្របល់ស្រឡាំងកាំង មិនដឹងនិយាយឬធ្វើការដោះស្រាយយ៉ាងម៉េចពេលនាយករដ្ឋមន្ត្រីប្រកាសលុបចោលកម្មសិទ្ធិដីធ្លីដែលខុសច្បាប់ ដែលបានចេញដោយអាជ្ញាធរមូលដ្នានកន្លងមកហើយនោះ។
«ម្នាក់ៗគាំងហើយ។ ប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងដោយសារអាជ្ញាធរជាអាជ្ញាធរខ្សែបក្ស ជាងអាជ្ញាធររដ្ឋ អញ្ចឹងគាត់ខ្លាចរអាមេបក្ស ថ្នាក់ដឹកនាំខាងលើហ្នឹង ថ្នាក់ដឹកនាំគណបក្សកាន់អំណាចហ្នឹង អញ្ចឹងគាត់អត់ហ៊ានប្រកែកទេ។ គេប្រាប់ឆ្វេងទៅឆ្វេង គេប្រាប់ស្តាំទៅស្តាំទោះជាខុស ទោះជាត្រូវក៏ដោយ។ អញ្ចឹងហើយប្រជាពលរដ្ឋក៏លោកខ្វល់ដែរខ្ញុំមើលទៅ។ បញ្ហាម្នាក់ៗដេកចាំមើលគេអនុវត្តរបៀបម៉េច?»
ក្នុងពេលលោកចុះត្រួតពិនិត្យការដ្ឋានវារីអគ្គសនីតាតៃ ខេត្តពោធិ៍សាត់ កាលពីដើមសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសជាសាធារណៈពីបទបញ្ជារបស់លោកចំពោះការលុបចោលលិខិតកម្មសិទ្ធិដីធ្លីខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដោយសារតែលោកមើលឃើញថាមានអ្នកមានអំណាចនិងអ្នកមានមិនមែនប្រជាជន បានដើរចាប់ដីយ៉ាងច្រើន ដែលអាចអន្តរាយដល់តំបន់ការពារធម្មជាតិឬក្លាយជាទីរហោឋាន។
«មោឃភាពទៅ។ នរណាជួនកាលលេងកាន់កាប់ម្ភៃ សាមសិបហិកតា។ មើល! ដកចោល! គ្រវាត់ចោលទៅ! អ្នកដែលនេះហ្នឹង(អ្នកប្រព្រឹត្ត) កុំទៅប្តឹងតវ៉ាអី។ យកល្អទៅដុតចោលទៅ កុំឲ្យលោកហ៊ុន សែនដឹង។ គាត់ដឹងក្រែងលោអាចអស់ផ្កាយទៀត»។
លោកពុំបានបញ្ចេញឈ្មោះមន្ត្រីណាខ្លះដែលបានប្រព្រឹត្តទេ តែថ្លែងថាលោកបានចេញសារាចរនិងបានប្រាប់យូរហើយ។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៉ី និងជាអ្នកនាំពាក្យបាន អះអាងថា ការយកសម្តីរបស់បុគ្គលហើយមិនអនុវត្តច្បាប់ នឹងនាំឲ្យប៉ះទង្គិចដល់ពលរដ្ឋផងនិងអ្នកវិនិយោគផង។ លោក យឹម សុវណ្ណ បន្ថែមថា ចំណាត់ការលើ បញ្ហាដីធ្លីនេះគួរផ្តល់ការជឿជាក់ដល់ប្រជាពលរដ្ឋ។
«ហើយបើសិនជាគេមានប័ណ្ណកម្មសិទ្ធិហើយ ដែលយើងទទួលស្គាល់ដោយរដ្ឋាភិបាលហើយយើងមិនអាចយកពាក្យសម្តីមួយម៉ាត់ពីរម៉ាត់ទៅថា អ្ហេ!ត្រូវតែរំលាយកម្មសិទ្ធិចោលអញ្ចឹង អាហ្នឹងវាធ្វើឲ្យមានអស្ថេរភាព វាធ្វើឲ្យបាត់ការជឿទុកចិត្ត បាត់ភាពកក់ក្តៅទៅលើប្រព័ន្ធគ្រប់គ្រងបច្ចុប្បន្នហ្នឹងហើយ។ ហើយជាពិសេសគឺទឹកចិត្តអ្នកវិនិយោគទុនតែម្តង»។
លោក យឹម សុវណ្ណ បានអះអាងថាមានដីជាង៧លានហិកតាដែលរដ្ឋាភិបាល អនុញ្ញាតឲ្យក្លាយជាដីសម្បទានឯកជន ដោយរកចំណូលបានប្រមាណ១០លាន ដុល្លារតែប៉ុណ្ណោះ ដែលលោកចាត់ទុកថាគួរបានច្រើនជាងនេះ ហើយធ្វើឲ្យមានការរីកចម្រើនដល់ប្រទេស។
«ចំណូលនេះតិចតួចណាស់បើប្រៀបធៀបទៅនឹងផលវិបាកនៃការរំលោភសិទ្ធិមនុស្សនៃប្រជាពលរដ្ឋដែលបាត់បង់ដីធ្លី។ គួរណាស់តែទុកដីទាំងអស់ហ្នឹង ដីកសិកម្មដែលអាចធ្វើស្រែចម្ការហ្នឹងទុកជូនប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋធ្វើស្រែចម្ការទៅក៏វាបាន ជាជាងឲ្យក្រុមហ៊ុនឯកជនហើយបានផលចូលក្នុងថវិកាជាតិតែបន្តិចបន្តួច»។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកថាការប្រកាស មោឃភាពលិខិតកាន់កាប់ដីធ្លីដែលគេចាត់ទុកថាខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ដែលលិខិតស្នាមនោះចេញឲ្យដោយអាជ្ញាធរនោះជារឿងដែលឆ្លុះបញ្ចាំងឲ្យឃើញពីភាពខ្វះខាតក្នុងការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា។
«តែម្នាក់ៗរាល់ថ្ងៃនេះអត់យកចិត្តទុកដាក់លើច្បាប់ទេ គឺចាំស្តាប់តែនាយករដ្ឋមន្ត្រី។ អាហ្នឹងខ្ញុំមើលទៅប្រទេសយើងអត់មាននីតិរដ្ឋទេបែបហ្នឹង។ ហើយប្រទេសដែលអត់មាននីតិរដ្ឋច្របូកច្របល់ដូចរាល់ថ្ងៃអញ្ចឹង។ ហើយអាជ្ញាធរគាត់អត់ដឹងពេលណាត្រូវធ្វើអីទេ គាត់មានច្បាប់ក៏ដោយគាត់អត់ដឹងពេលណាត្រូវអនុវត្តច្បាប់ ពេលណាត្រូវអត់ ត្រូវស្តាប់តាមច្បាប់ទេបាទ»។
លោកថ្លែងថាបញ្ហាដីធ្លីនៅទូទាំងប្រទេស បញ្ហាបិទខារ៉ាអូខេ បញ្ហាឡូតិ៍នេសាទ និងបញ្ហាផ្សេងៗជាច្រើនទៀតគឺស្ងប់ស្ងាត់តែមួយភ្លែតពេលចេញសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រី។
«យើងគ្រប់គ្រងប្រទេសបែបហ្នឹងមិនមែនជាការគ្រប់គ្រងប្រទេសដ៏រីកចម្រើនទេ។មិនអាចរីកចម្រើនធំដុំទេព្រោះអីវាអត់មានជាប្រព័ន្ធ អត់មានជានីតិរដ្ឋ ហើយមនុស្សអត់ស្មើភាពគ្នាទេ។ អ្នកជិតស្និទ្ធទៅអ្នកដែលមានអំណាច អ្នកហ្នឹងហាក់ដូចជាមានផលប្រយោជន៍ក្នុងសង្គមបែបហ្នឹងបាទ»។
លោក អ៊ូ វីរៈ អះអាងបន្ថែមទៀតថា ការធ្វើច្បាប់ ឬមានច្បាប់ដើម្បីឲ្យមន្ត្រីទាំងអស់អនុវត្ត ប្រសើរជាជាងរង់ចាំស្តាប់បទបញ្ជាឬសេចក្តីប្រកាសឬបញ្ជាពីនាយករដ្ឋមន្ត្រី៕