ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន (Tran Thanh Man) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលបួនថ្ងៃ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋសភាជាតិកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃចន្ទនេះបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ជិន ថាញ់មិន មកកាន់ប្រទេសកម្ពុជា នឹងចាប់ផ្តើមពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។
សេចក្តីជូនដំណឹងនោះបន្ថែមក្នុងន័យដើមថា៖ «ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងពីរជាស្នូល»។
សេចក្តីជូនដំណឹងដដែលបន្ថែមថា ក្នុងអំឡុងទស្សនកិច្ច លោក ជិន ថាញ់មិន នឹងមានជំនួបចរចាទ្វេភាគី ជាមួយប្រធានរដ្ឋសភាកម្ពុជា ដោយនឹងមានការសម្ពោធអគាររដ្ឋបាលរដ្ឋសភាកម្ពុជាថ្មី ដែលជាអំណោយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម។
លោក ជិន ថាញ់មិន និងគណៈប្រតិភូវៀតណាមក៏គ្រោងចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមួយចំនួន។
អ្នកតាមដានភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី លើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម បង្ហាញអំពីទំនាក់ទំនងស្អិតរមួតរវាងស្ថាប័នរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសទាំងពីរ។ លោកថា ទស្សនកិច្ចនេះក៏ឆ្លុះបញ្ចាំងពីសារសំខាន់នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងការធ្វើការងារ និងអនុម័តច្បាប់របស់ប្រទេសទាំងពីរ និងជាពហុភាគីក្នុងតំបន់អាស៊ាន។
លោកបន្ថែមថា៖ «កិច្ចសហប្រតិបត្តិការទ្វេរភាគីជារឿងមួយ ការជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគីដែលធ្វើយ៉ាងណា ដើម្បីធ្វើម៉េចឱ្យមានការស្នើច្បាប់ និងអនុម័តច្បាប់ឱ្យស្របទៅនឹងគោលដៅនៃការធ្វើសមាហរណកម្មនីតិបញ្ញត្តិរបស់អាស៊ានឱ្យមានដំណើរការដោយរលូន ហើយកុំឱ្យមានការអនុវត្តផ្ទុយពីគ្នា»។
នេះជាដំណើរទស្សនកិច្ចកម្ពុជាជាលើកដំបូងរបស់លោក ជិន ថាញ់មិន ក្នុងតំណែងជាប្រធានសភាវៀតណាម បន្ទាប់ពីលោកត្រូវបានសភាវៀតណាមបោះឆ្នោតឱ្យធ្វើជាប្រធានកាលពីខែឧសភាកន្លងទៅ។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក ជិន ថាញ់មិន នឹងចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) និងពិធីបើកសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី ១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាជាតិកម្ពុជា៕
វេទិកាបញ្ចេញមតិ