ប្រជាជនមួយចំនួនបានរិះគន់ការរាប់ចំនួនភ្ញៀវដើរលេងកម្សាន្តក្នុងពេលចូលឆ្នាំខ្មែរ ខណៈក្រសួងទេសចរណ៍អះអាងថា អ្នកធ្វើដំណើរកម្សាន្តក្នុងរយៈពេល៤ថ្ងៃមានជាង២០លាននាក់នៅទូទាំងប្រទេស ដែលលើសពីចំនួនប្រជាជនកម្ពុជាសរុប។
មន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍អះអាងថា ចំនួនអ្នកដើរលេងកម្សាន្តជាង២០លាននាក់នេះជាចំនួនដងនៃមនុស្សម្នាក់ៗ ដោយសារតែពួកគេបានធ្វើដំណើរច្រើនកន្លែងនាពេលនោះមិនមែនជាចំនួនមនុស្សដែលអ្នកខ្លះលើកឡើងថាលើសចំនួនពលរដ្ឋសរុបរបស់កម្ពុជាដែលមានជាង១៦លាននាក់នោះទេ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក្រ្ត ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនភ្ញៀវទេសចរដែលក្រសួងបានផ្សាយកាលពីថ្ងៃពុធ មានចំនួនជាង២១លាននាក់នោះ មិនមែនជាចំនួនប្រជាជនសរុបក្នុងទូទាំងប្រទេសកម្ពុជានោះទេ។ លោកថា មនុស្សទាំង២១លាននាក់នោះមិនមែនជាមនុស្សផ្សេងគ្នាទេ ប៉ុន្តែគឺជាការរាប់ចំនួនដង ដោយអ្នកខ្លះអាចរាប់បានច្រើនដង ព្រោះបានដើរលេងច្រើនកន្លែងក្នុងរយៈពេលមួយថ្ងៃ។
លោកប្រាប់វីអូអេថា៖ «ចង់បញ្ជាក់ថា ២១លាននាក់ហ្នឹងគឺមិនមែនមនុស្ស២១លានផ្សេងៗគ្នាទេ គឺមនុស្សដដែលៗដែលគាត់ដើរវិលជុំចុះឡើងៗពីកន្លែងមួយទៅកន្លែងមួយ។ ឧទាហរណ៍ថា មួយក្រុមមានគ្នា៥នាក់ គាត់ទៅលេងកម្សាន្តនៅគោលដៅណាមួយ បើគាត់ជាទេសចរ គាត់ចេញពីខេត្តមួយទៅខេត្តមួយ អ៊ីចឹង ឧទាហរណ៍ថា បើគាត់ស្នាក់នៅកំពតមួយយប់ អ៊ីចឹង៥នាក់គិតមួយ។ហើយ ស្អែកឡើង គាត់ទៅគេងនៅខេត្តព្រះសីហនុមួយយប់ទៀត គេគិត៥នាក់ទៀត»។
អ្នកនាំពាក្យរូបនេះបញ្ជាក់អំពីវិធីសាស្រ្តក្នុងការគណនាចំនួនភ្ញៀវទេសចរថា ក្រសួងមិនអាចទៅរាប់ចំនួនមនុស្សទាំងអស់ដោយមាត់ទទេបាននោះទេ ដូច្នេះក្រសួងមានវិធីសាស្រ្តច្បាស់លាស់ ដោយទីមួយគឺរាប់តាមចំនួនជាក់ស្តែងទៅតាមចំនួនភ្ញៀវដែលធ្វើដំណើរទៅតាមខេត្ត ភ្ញៀវមកស្នាក់នៅ ឬដើរលេងតាមសណ្ឋាគារ ឬរមណីយដ្ឋាននីមួយៗ។
ចំណែកវិធីសាស្រ្តមួយទៀត លោកថា៖ «គេគិតផ្ទៃក្រឡាដែលអាចផ្ទុកចំនួនមនុស្សនៅកន្លែងនោះបានប៉ុន្មាន អ៊ីចឹងឧទាហរណ៍ថា រៀបចំប្រគំតន្រ្តីមួយផ្ទៃក្រឡាមនុស្សមកឈរមើល មកអង្គុយមើល មកអីហ្នឹងជាទូទៅគេគិតជាមធ្យម បើមនុស្សច្រើនគេគិត៤នាក់ ប៉ុន្តែបើសិនជាមនុស្សតិចគេគិត២ទៅ៣នាក់ទៅតាមជាក់ស្តែងអ៊ីចឹង ទៅ»។
អ្នកនាំពាក្យរូបនេះក៏សំណូមពរឱ្យសាធារណជនឈប់មានការយល់ច្រឡំ និងវែកញែកពីបញ្ហានេះតទៅទៀត ព្រោះក្រសួងមានវិធីសាស្រ្តច្បាស់លាស់ក្នុងការគណនាចំនួនអ្នកដើរលេងកម្សាន្តនៅទូទាំងប្រទេស។
បើតាមក្រសួងទេសចរណ៍ ស្ថិតិប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរលេងកម្សាន្តនៅទូទាំងប្រទេសអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០២៤ សរុបប្រមាណ២១លាន៧០ម៉ឺននាក់ ក្នុងនោះមានទេសចរបរទេសប្រមាណ១១ម៉ឺននាក់។ ខេត្តកំពង់ចាមទទួលបានចំណាត់ថ្នាក់លេខមួយដែលមានភ្ញៀវទេសចររហូតដល់ទៅជាង៥លាននាក់។
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានលើកឡើងជាសំណួរដោយក្នុងនោះរួមមាន«តើក្រសួងគណនាបែបណា ទើបឃើញចំនួនសរុបនេះដោយប្រជាជនសរុបមានត្រឹមតែ១៦លាននាក់ជាង តែហេតុអ្វីបានជារកឃើញដល់ទៅ២១លាននាក់ជាង» ។ អ្នកខ្លះលើកឡើងថា«មិនជឿទាល់តែសោះថា ខេត្តកំពង់ចាមមានភ្ញៀវទេសចរដល់៥លាននាក់ជាង ខណៈពេលផ្លូវកំពុងតែជួសជុល»។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា ប្រាប់វីអូអេថា ក្រសួង ឬស្ថាប័ននីមួយៗមានវិធីសាស្ត្រច្បាស់លាស់ក្នុងការគណនាចំនួនភ្ញៀវដែលធ្វើដំណើរកម្សាន្តផ្អែកតាមទីកន្លែង និងស្ថានភាពជាក់ស្តែង។ លោកបន្ថែមថា សម្រាប់ខេត្តព្រះសីហនុ ក៏ដូចគ្នានឹងមន្ទីរទេសចរណ៍តាមខេត្តដទៃដែរ គឺធ្វើការគណនាតាមការរាប់ដោយប្រើទិន្នន័យដែលទទួលបានពីសណ្ឋាគារ ការលក់សំបុត្រនានាចូលទស្សនាតាមរមណីយដ្ឋាននីមួយៗ និងការប៉ាន់ប្រមាណទៅតាមទំហំដោយគិតជា ម៉ែត្រការ៉េនៃចំនួនប្រជាពលរដ្ឋដែលប្រមូលផ្តុំគ្នានៅតាមឆ្នេរសមុទ្រ។
លោកថ្លែងថា៖ «យើងមានមន្ត្រីរបស់យើងប្រចាំការនៅតាមរមណីយដ្ឋានហ្នឹងដើម្បីយើងយកតួលេខពីភ្ញៀវដែលគាត់ចូលរួមដើរកម្សាន្ត អ៊ីចឹងគេមានតួលេខរបស់គេ។ យើងមិនអាចកែរបស់គេទេហើយក្រៅពីហ្នឹងគឺភ្ញៀវដែលយើងហៅការគណនាលក្ខណៈប៉ាន់ប្រមាណ (Estimate)ទៅតាមទំហំឬក៏ម៉ែត្រការ៉េឧទាហរណ៍ថា ភ្ញៀវនៅឆ្នេរគាត់អង្គុយលេងកម្សាន្តពេញ អ៊ីចឹងយើងយកតែប៉ុន្មានម៉ែត្រការ៉េដែលយើងអាចយកភ្ញៀវបាន»។
លោកបន្ថែមថា ការបូកសរុបតួលេខនេះមិនមែនជាការបូកសរុបចំនួនមនុស្សទាំងស្រុងនោះទេ ផ្ទុយទៅវិញវាគឺជាការបូកសរុបចំនួនដងនៃការដើរកម្សន្តរបស់ប្រជាពលរដ្ឋ។
លោក សាន់ ម៉ាឡា ដែលជាសកម្មជនព្រៃឈើមួយរូប បានបង្ហាញចម្ងល់របស់លោកនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយក្រសួងទេសចរណ៍បានចេញផ្សាយទិន្នន័យនៃចំនួនភ្ញៀវដើរលេងកម្សាន្ត។ លោកសរសេរថា៖ «ចូលឆ្នាំប៉ុន្មានថ្ងៃនេះ ឃើញគេផ្សាយថា កម្ពុជាទទួលបានភ្ញៀវជាតិ២១លាននាក់។ តើគេរាប់យ៉ាងម៉េចទៅ បើពលរដ្ឋសរុបមានតែ១៧លាននាក់ហ្នឹង»។
លោកប្រាប់វីអូអេបន្ថែមថា៖ «យើងតែងតែមានការងឿងឆ្ងល់ ដោយសារអាជ្ញាធររដ្ឋគាត់បង្ហាញតែតួលេខ ក៏ប៉ុន្តែមិនបានបញ្ជាក់ឱ្យបានច្បាស់លាស់អំពីវិធីសាស្រ្តនៃការរាប់ ឬក៏វិធីសាស្រ្តប្រើប្រាស់ក្នុងការវាស់ស្ទង់ចំនួនភ្ញៀវទេសចរ នេះជាហេតុធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគាត់តែងតែមានការងឿងឆ្ងល់ហើយមិនយល់ច្បាស់អំពីចំនួនភ្ញៀវទេសចរនេះ»។
លោកបន្ថែមថា ក្រសួងទេសចរណ៍គួរតែបកស្រាយជាសាធារណៈអំពីរបៀបនៃការគណនាចំនួនដើម្បីកុំឱ្យប្រជាពលរដ្ឋមានចម្ងល់តទៅទៀត៕
វេទិកាបញ្ចេញមតិ