ពលរដ្ឋនៅក្នុងសហគមន៍ខ្មែរក្នុងរដ្ឋមិនីសូតានឹងរួមគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃសៅរ៍ទី១៨ ខែមេសា ឆ្នាំ ២០២០ តាមប្រព័ន្ធ អនឡាញ ដើម្បីធ្វើឲ្យមានសេចក្តីសង្ឃឹមឡើងវិញ ក្នុងពេលដែលជំងឺកូវីដ ១៩ កំពុងឆ្លងរីករាលដាល ហើយធ្វើឲ្យមានការបារម្ភ តប់ប្រមល់ មួហ្មងក្នុងចិត្តដោយសារការងារ ជីវភាព អាយុជីវិត និងខកខានដល់ការប្រារព្ធពិធីចូលឆ្នាំខ្មែរដោយផ្ទាល់ដូចសព្វមួយដងនៅតាមវត្តអារាមនានា ក្នុងប្រទេសអាមេរិក កម្ពុជា និង ក្នុងពិភពលោក។
កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរតាមប្រព័ន្ធអនឡាញ ត្រូវរៀបចំដោយអង្គការ IKARE ក្នុងរដ្ឋ មិនីសូតា ដែលគ្រប់គ្រងសារ:មន្ទីរមរតកជាតិខ្មែរ (National Khmer Legacy Museum) ហើយនឹងមានការចូលរួមបើកកម្មវិធី និងស្វាគមន៍ ដោយព្រះសង្ឃព្រះពុទ្ធសាសនានិង គ្រូគង្វាលនៃព្រះវិហារគ្រិស្តបរិស័ទ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង១០:៣០ នាទីយប់ ម៉ោងនៅក្នុងរដ្ឋមិនីសូតា ឬត្រូវនឹងម៉ោង ១០ យប់ដល់ម៉ោង១០:៣០នាទីព្រឹក ម៉ោងនៅក្នុងប្រទេសកម្ពុជា។
លោក សេក កុសល ប្រធានអង្គការ IKARE ជាអ្នកផ្តួចផ្តើមគំនិតនៃការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ អនឡាញ ជាមួយសហគមន៍ខ្មែរក្នុងរដ្ឋមិនីសូតានិងរដ្ឋផ្សេងឬនៅក្នុងប្រទេសជាច្រើននោះ បានថ្លែងប្រាប់ VOA តាមទូរសព្ទថា៖
«យើងទាំងអស់គ្នាដឹងហើយ ឮហើយថា វីរុសកូរ៉ូណាហ្នឹងធ្វើឲ្យយើង បងប្អូនខ្មែរយើងទាំងក្នុងនិងក្រៅប្រទេស ខ្លះពិបាកចិត្ត ខ្លះទៅធ្វើការមិនបាន ធ្វើអីមិនបាន ដូច្នេះអ្នកខ្លះទៅព្រួយបារម្ភ រហូតទាល់តែឈឺទៀត មិនមែនឈឺពីរោគកូរ៉ូណា តែឈឺពីការគិតអំពីមេរោគហ្នឹង។ ដូច្នេះយើងចង់បង្កើតកម្មវិធីហ្នឹងដើម្បីទី១ ផ្តល់ក្តីសង្ឃឹមទៅគាត់ ហើយទី២ យើងចង់ទាញឳកាសនេះដើម្បីឲ្យបងប្អូនខ្មែរយើង មិនមែននៅតែរដ្ឋមួយទេ គឺយើងដឹងហើយនៅសហរដ្ឋអាមេរិកមាន ៥០ រដ្ឋ ហើយរដ្ឋខ្លះមាន ៣ ទៅ៤ សហគមន៍អីចឹងទៅ ឬក៏១០សហគមន៍ អីចឹងឳកាសនេះ គឺយើងអាចទាញពលរដ្ឋខ្មែរនៅប្រទេស អូស្ត្រាលី ប្រទេសខ្មែរ អាមេរិក នៅអឺរ៉ុប នៅ នូវែលហ្សឺឡង់ កាណាដា ទាំងអស់ហ្នឹងដើម្បីឲ្យយើងមានវត្តមានជាមួយគ្នា មុនគេ ហើយលើកដំបូងទៀត»។
ព្រះតេជគុណឥទ្ធិមុនី ម៉ឹង សាង ព្រះគ្រូចៅអធិការវត្ត មុនីសុតារាម និង ជាប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក មានថេរដីកាប្រាប់ VOA ព្រះតេជគុណនឹងនិមន្តចូលរួមកម្មវិធីនេះ ជាមួយនឹងការទទួលភារ:ស្វាគមន៍ពុទ្ធបរិស័ទ្ធបើកកម្មវិធីដែលជាកិច្ចសម្តែងនូវការអបអរសាទរ ហើយនឹងប្រសិទ្ធពរ ឬសូត្រធម៌ជន្តោដើម្បីអបអរក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំជូត២០២០នេះ។
«ចម្រើនពរ ក្នុងការចូលរួមពិធីបុណ្យចូលឆ្នាំតាមអនឡាញ ដែលយើងបានផ្សាយរូបភាពតាមអនឡាញហ្នឹង យើងគិតថាមិនមានពុទ្ធបរិស័ទអីចូលរួមច្រើនមែន តែមានសហគមន៍បរិស័ទយើង ទាំងពុទ្ធសាសនិក ទាំងគ្រិស្តបរិស័ទ បានចូលរួម បានឃើញមួយចំនួន ហើយក្នុងនាមយើងជាព្រះពុទ្ធសាសនា យើងសម្តែងនូវការត្រេកអរ អនុមោទនា ប្រសិទ្ធពរជ័យដល់បរិស័ទ ដល់ប្រជាពលរដ្ឋយើងគ្រប់ទិសទីទាំងអស់ ដើម្បីឲ្យបានបញ្ជាក់ថាជាពិធីមួយដែលយើងមិនអាចប្រារព្ធបានដោយមានបញ្ហាវីរុសកូរ៉ូណា ក៏ប៉ុន្តែយើងសម្តែងនូវទឹកចិត្ត ការស្មោះស្ម័គ្រគោរពប្រពៃណីរបស់យើងទាំងអស់គ្នា»។
ព្រះតេជគុណ បានបន្ថែមសេចក្តីថាពលរដ្ឋខ្មែរអាចព្យាយាមបំពេញកុសលធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា ហើយមិនធ្វើដំណើរទៅជួបជុំនៅទីណាដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺ កូវីដ១៩។
លោក សួស សុខឿត គ្រូគង្វាលនៃព្រះវិហារខ្មែរណាសារីន ហៅថា The Cambodian Church of Nazarene នៅក្នុងក្រុង Minneapolis រដ្ឋMinnesota បានថ្លែងថា លោកនឹងចូលរួមក្នុងកម្មវិធីចូលឆ្នាំតាមប្រព័ន្ធ អនឡាញដែលរៀបចំដោយអង្គការ IKARE ដែលបានស្នើលោកឲ្យជួយស្វាគមន៍ភ្ញៀវតាមអនឡាញផងដែរ។
«គាត់សុំឲ្យខ្ញុំស្វាគមន៍ដល់បងប្អូនទាំងអស់គ្នាដែលមកចូលរួមក្នុងកម្មវិធីហ្នឹងគ្រប់កន្លែង ឬនៅស្រុកខ្មែរ នៅអាមេរិក នៅបារាំងឬនៅកាណាដាឬនៅកន្លែងណាក្តីជុំវិញពិភពលោក។ គោលដៅរបស់ខ្ញុំគឺស្វាគមន៍បងប្អូនទាំងអស់គ្នា ខ្ញុំអត់មានចូលរួមក្នុងកម្មវិធីដូចជាចម្រៀង ដូចជាអីទេ តែស្វាគមន៍ ហើយខ្ញុំនឹងនិយាយខ្លីអំពីអ្វីដែលខ្ញុំចង់លើកទឹកចិត្តបងប្អូនយើងនៅតែបន្តការរស់នៅដោយក្តីសង្ឈឹម ទោះបីជាយើងទាំងអស់គ្នាកំពុងជួបប្រទះនូវការលំបាកជាពិសេសកូវីដ១៩ នេះក៏ដោយ តែយើងនៅតែមានសង្ឃឹមក្នុងព្រះ។ ព្រះអាចធ្វើឲ្យការទាំងអស់នេះបាត់បង់ទៅ និយាយឲ្យចំទៅខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនថែរក្សាខ្លួនឯងឲ្យបានល្អ ហើយថែរក្សាគ្នាទៅវិញទៅមកជាបុគ្គល ជាគ្រួសារ ជាសង្គមរបស់យើង លើកទឹកចិត្តឲ្យរាប់អានគ្នា ដោយគ្មានការប្រកាន់ ហើយនេះជាគោលដៅសំខាន់»។
ទាំងវត្តពុទ្ធសាសនានិងព្រះវិហារគ្រិស្តសាសនិក ក្នុងរដ្ឋមិនីសូតាក៏ដូចជារដ្ឋឬប្រទេសដ៏ទៃទៀតបានបិទទ្វារមួយរយ: ហើយជួបប្រជុំតាមប្រព័ន្ធអនឡាញ តាមការណែនាំរបស់អាជ្ញាធររដ្ឋ និង រដ្ឋាភិបាលសហព័ន្ធដែលហាមប្រាមមិនឲ្យមានការជួបប្រជុំគ្នា និងរក្សាគម្លាតសង្គមឲ្យបានឆ្ងាយពីគ្នាដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា ឬ ជំងឺ កូវីដ ១៩ ដែលធ្វើឲ្យមនុស្សរាប់លាននាក់ក្នុងប្រទេសអាមេរិក បាត់បង់ការងារធ្វើ បាត់បង់មុខជំនួញ ការព្រួយបារម្ភពីសុខភាពនិងអាយុជីវិត ហើយនឹងអនាគត។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ចេញថវិការជាង២លាន លានដុល្លារសហរដ្ឋអាមេរិក ដោយមានការគាំទ្រពីសភាចម្រុះគណបក្ស ដើម្បីផ្តល់ជូនពលរដ្ឋអាមេរិកាំងម្នាក់ៗទទួលបាន១២០០ ដុល្លារសម្រាប់មនុស្សពេញវ័យ ហើយក្មេងៗក្រោមអាយុ១៧ ឆ្នាំទទួលបានម្នាក់៥០០ដុល្លារ ជាការចំណាយតែម្តង។ ដោយឡែកអ្នកមានសិទ្ធិរស់នៅស្របច្បាប់ ដែលមាន Green Card ក៏បានទទួលប្រាក់ជំនួយសេដ្ឋកិច្ចពីរដ្ឋាភិបាលអាមេរិកផងដែរ។ ក្រៅពីនោះនិងជួយដល់ក្រុមហ៊ុនជំនួញជាច្រើនដើម្បីទ្រទ្រង់សេដ្ឋកិច្ចកុំឲ្យធ្លាក់ចុះ។ កញ្ចប់ថវិកាជាជំនួយសេដ្ឋកិច្ចបន្តបន្ទាប់ទៀតស្ថិតនៅក្នុងការពិភាក្សាគ្នា ក្នុងពេលដែលវីរុសកូរ៉ូណាកំពុងរាលដាលខ្លាំងនៅសហរដ្ឋអាមេរិកនិងសកល ហើយគាំងដំណើរសេដ្ឋកិច្ចស្ទើរតែទាំងស្រុងនោះ។
កម្មវិធីចូលឆ្នាំខ្មែរតាមអនឡាញ នឹងផ្តល់ការអនុញាតឲ្យក្រុមវាគ្មិននានានិងពលរដ្ឋខ្មែរក្នុងប្រទេសកម្ពុជា អាមេរិក និង ក្នុងពិភពលោក បានចូលរួមនឹងមានការតភ្ចាប់ជាមួយគេហទំព័រហ្វេប៊ុករបស់អង្គការ IKARE តាមអាសយដ្ឋាន IKARE នេះ ដែលមានរូបសញ្ញាបេះដូងក្រហមមួយ។ បើតាមកម្មវិធីនិងការឲ្យដឹងរបស់ក្រុមអ្នករៀបចំ បានបញ្ជាក់ថា ក្រុមអ្នកសិល្ប: តារាចម្រៀងល្បីៗ ក្រុមអ្នកមានមុខមាត់នៅក្នុងសហគមន៍ខ្មែរនៅអាមេរិក កម្ពុជា ប្រទេសជាច្រើនទៀត ដែលត្រូវចូលរួមតាមប្រព័ន្ធ អនឡាញ លើគេហទំព័រហ្វេសប៊ុករបស់អង្គការ IKARE។
ក្រុមវាគ្មិនទាំងឡាយនឹងធ្វើអត្ថាធិប្បាយ អំពីជីវិត ការប្រឈមនានា ការតស៊ូក្នុងជីវភាព បង្ហាញពីចំណេះដឹង ទេពកោសល្យ ផ្សេងៗ និង រឿងរ៉ាវនានាដើម្បីលើកទឹកចិត្តពលរដ្ឋខ្មែរ និង អប់រំ អ្នកទស្សនាកម្មវិធីនេះ បន្ថែមពីលើចម្រៀង របាំ និង ល្បែងប្រជាប្រិយជាដើមនោះ។
លោក ខាន់យ៉ា ប្រាជ្ញ ជាគ្រូបង្ហាត់ ក្បាច់គុណល្បុក្កតោខ្មែរ ជាង៣០ឆ្នាំ នៅក្នុងទីក្រុង San Franciscoរដ្ឋកាលីហ្វ័រញ៉ា ដែលមានសិស្សគុណជាង១០០០នាក់បានថ្លែងថា លោកចង់បង្ហាញក្បាច់គុណល្បុក្កតោដែលជារបស់ខ្មែរ ក្នុងពេលចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរតាមអនឡាញ ដើម្បីឲ្យខ្មែរនៅលើពិភពលោកបានដឹងថាខ្មែរយើងមានក្បាច់គុណរបស់ខ្លួនដែរ។
«ខ្ញុំនៅតែមានចិត្តស្រឡាញ់ជាតិខ្មែរ ចង់ជួយឲ្យខ្មែរយើងបានដឹងថាយើងមានរបស់សំខាន់មួយដែលផ្តល់ទៅឲ្យកូនខ្មែរៗជំនាន់ក្រោយឲ្យដឹងថាមិនមែនខ្មែរយើងនៅស្រុកអាមេរិកឬក៏នៅស្រុកឆ្ងាយៗពីស្រុកខ្មែរហ្នឹង អត់មានចេះអីច្រើននោះទេ។ ខ្ញុំចង់ឲ្យដឹងជាពិសេសហ្នឹង គឺថាឲ្យជុំគ្នាគឺថាយើងមកពីស្រុកខ្មែរមកគឺថាយើងត្រូវឲ្យជុំគ្នា (រួមសាមគ្គីគ្នា) ខ្មែរមិនសូវមានច្រើនទេ ត្រូវឲ្យស្គាល់គ្នា ស្រឡាញ់គ្នា ជាពិសេសវប្បធម៌ (Culture) ខ្មែរយើង ហើយជាពិសេសនៅក្នុងពេលខ្មែរយើង នៅឃុំខ្លួនឯងក្នុងផ្ទះ មិនបានទៅជួបជុំគ្នាហើយយើងត្រូវប្រយ័ត្ន ប្រាប់កូនខ្មែរយើងឲ្យប្រយ័ត្នខ្លួនឲ្យមែនទែនព្រោះរោគនេះមិនមែនជារោគធម្មតាដូចជំនាន់ខ្មែរក្រហមទេ ខ្មែរក្រហមយើងឃើញ យើងដឹងភ្លាមៗថាស្លាប់ថ្ងៃណា តែរោគនេះអត់បានទេ ជាឃាតករលាក់មុខ (silent killer) យើងត្រូវប្រយ័ត្ន»។
លោក ខាន់យ៉ា ប្រាជ្ញ (Kenya Prach) ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបងបានអះអាងថាលោកនឹងសម្តែងក្បាច់គុណល្បុក្កតោខ្មែរក្នុងពេលចូលរួមចូលឆ្នាំខ្មែរអនឡាញ។ បច្ចុប្បន្នលោកបង្ហាត់សិស្សជិត២០០នាក់ជាប្រចាំ តែពេលនេះត្រូវសម្រាកដោយសារតែមានការរាត ត្បាតជាសកលនៃជំងឺកូវីដ១៩។
លោក ឈាន ស្រេង ង៉ីវ ពលរដ្ឋខ្មែររស់នៅក្នុងរដ្ឋមិនីសូតា បានអះអាងថាលោកនឹងចូលរួមក្នុងនាមជាអ្នកសម្របសម្រួលមួយផ្នែកចំពោះតារាចម្រៀងល្បីៗ១ចំនួនដែលត្រូវចូលរួមតាមអនឡាញពីប្រទេសកម្ពុជានិង ខ្មែរសូរិន។
«នៅក្នុងអង្គការ IKARE ហ្នឹង ខ្ញុំទទួលខាងសិល្ប: ជា sponsor តារាពន្លកថ្មី ហើយពួកខ្ញុំហ្នឹងគឺមានបីចំណុច គឺ រក្សា ការពារ ហើយនឹងលើកដម្កើងអ្នកពន្លកថ្មី ដែលពួកខ្ញុំចង់បានឲ្យខ្មែរយើងក្នុងពិភពលោកស្គាល់គ្រប់គ្នា អីចឹងបានជាខ្ញុំស្រាវជ្រាវអ្នកមានសមត្ថភាពយកមកចូលរួមហ្នឹង»។
លោក ឈាន ស្រេង ង៉ីវ បានបន្តថាតារាដែលលោកទទួលទាំងអស់មានដូចជា តារាចម្រៀងខ្មែរ សូរិន Jane Saijai តារាចម្រៀខ្មែរលោក Vy Chivoan លោកSan Phanith កញ្ញា Chanlai Vorleak ហើយនឹងលោក Sal Chansy។ លោកថាក្នុងពេលបុណ្យចូលឆ្នាំខ្មែរតាមអនឡាញនេះ លោកទទួលតារាមួយចំនួនដើម្បីរៀបចំឲ្យពួកគាត់ចូលរួមតាម អនឡាញ នៅពេលក្រុមរបស់លោក នឹងទទួលតារាល្បីល្បាញជាច្រើនទៀតក្នុងកម្មវិធីមុនលោក។
នាង សេប៊ួ ស៊ុកសូវ៉ាង កូនកាត់ខ្មែរ ថៃ ខេត្ត Boriram ហើយបច្ចុប្បន្នគឺជាអ្នកជំនួញខាងកែសម្ភស្ស នៅក្នុងទីក្រុង San Diego រដ្ឋ កាលីហ្វ័រញ៉ា បានថ្លែងថា នាងនឹងចូលរួមក្នុងកម្មវិធីចូលឆ្នាំប្រពៃណីខ្មែរតាម អនឡាញ របស់អង្គការIKARE ដើម្បីលើកទឹកចិត្តដល់និស្សិតដែលត្រូវប្តូរទម្លាប់ពីរៀននៅសាលាមករៀននៅផ្ទះតាមអនឡាញ និង លើកទឹកចិត្តដល់អ្នកដែលបាក់ ទឹកចិត្តដោយសារវីរុសកូរ៉ូណាពីការធ្វើការនៅការិយាល័យមកធ្វើការនៅផ្ទះតាមអនឡាញ។
«ខ្ញុំយល់ថាវាសំខាន់មែនទែនព្រោះថាមានប្អូនៗច្រើននាក់គឺធ្លាប់ទៅរៀនជាមួយគ្រូ ដូច្នេះមាន ប្អូនៗច្រើនណាស់ដែលចាប់ផ្តើមរៀនតាម អនឡាញ។ អ្នកខ្លះបានរៀនតាម អនឡាញពីផ្ទះរួចហើយ គឺ ងាយហើយ តែមានប្អូនៗថ្មីៗដែលត្រូវចាប់ផ្តើម ត្រូវតែផ្លាស់ប្តូរមករៀន និងសិក្សានៅផ្ទះអីចឹងណា ហើយមួយទៀតគឺអ្នកកំពុងជួបបញ្ហាបាក់ទឹកចិត្តដោយសារស្ថានការណ៍វីរុសកូរ៉ូណា ឬ ជំងឺកូវីដ១៩ ជាច្រើននាក់ ដែលត្រូវផ្លាស់ប្តូរមកធ្វើការតាម អនឡាញ កាន់តែច្រើនឡើងដែលត្រូវសម្របខ្លួនមកធ្វើការងារសព្វថ្ងៃតាមអនឡាញអីចឹងដែរ។ សម្រាប់អ្នកខ្លាច ហើយមានអារម្មណ៍ អត់ជឿជាក់ជាមួយការងារតាមអនឡាញ មកផ្សព្វផ្សាយ និងបង្ហោះតាមអនឡាញ មកចាប់ផ្តើមធ្វើតាមអនឡាញ គឺខ្ញុំចង់លើកទឹកចិត្ត មានកម្លាំងចិត្ត ហើយអត់ខ្លាចនឹងធ្វើអ្វីថ្មី»។
នាងបានបន្ថែមថា ពេលនេះការសម្របខ្លួនធ្វើការ ធ្វើជំនួញ ធ្វើទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភក្តិតាមអនឡាញគឺជារឿងសំខាន់ ដែលនាងចាត់ទុកថាវាជារឿងសោកស្តាយបើគ្មានការធ្វើបុណ្យចូលឆ្នាំខ្មែរតាមអនឡាញក្នុងពេលវីរុសកូរ៉ូណា បានរារាំងមិនឲ្យមានការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរដោយផ្ទាល់នោះ។
លោកស្រី កង ដាលានា រស់នៅក្នុងទីក្រុង Minneapolis រដ្ឋ មិនីសូតា មានស្រុកកំណើតនៅរាជធានីភ្នំពេញ បានថ្លែងប្រាប់ VOA ថា លោកស្រីនឹងចូលរួមក្នុងពិធីបុណ្យចូលឆ្នាំខ្មែរតាមប្រព័ន្ធអនឡាញរបស់អង្គការ IKARE ដែរ ហើយនឹងទទួលបន្ទុកផ្នែកល្បែងប្រជាប្រិយដែលត្រូវលេងនៅក្នុងពេលបុណ្យចូលឆ្នាំខ្មែរដែលជាប្រពៃណី និងវប្បធម៌ខ្មែរតាមអនឡាញ។ ល្បែងប្រជាប្រិយទាំងនោះរួមមានដូចជា ចោលឈួង ទាញព្រាត់ បោះអង្គុញ លាក់កន្សែង រាំ ជាដើម ដែលត្រូវបង្ហាញនិងសម្តែង ដែលលោកស្រីចាត់ទុកថាជាវារឿងដ៏សំខាន់។
«វាមានអត្ថប្រយោជន៍ក្នុងការបង្ហាញពីអត្តសញ្ញាណខ្មែរយើងឲ្យគេស្គាល់ ហើយនឹងការបង្ហាញឲ្យមានការយល់ដឹងកាន់តែទូលំទូលាយ ហើយនឹងស្គាល់ពីខ្មែរកាន់តែច្បាស់»។
ដោយសារតែវីរុសកូរ៉ូណា លោកស្រី បានបញ្ជាក់ថា ការលេងល្បែងប្រជាប្រិយតាមអនឡាញដែលជាការសម្តែងពីចម្ងាយចេញពីប្រទេសកម្ពុជាមកនោះ មិនមានមនុស្សជាក្រុមច្រើនទេ ប្រហែលជាមានគ្នាតែ១០នាក់ប៉ុណ្ណឹង។
វីរុសកូរ៉ណាដែលផ្ទុះឡើងដំបូងក្នុងទីក្រុង វូហាន ប្រទេសចិនបានឆ្លងរីករាលដាលជាសាកល ដោយបានធ្វើឲ្យមនុស្ស ជិត២ លាននាក់ធ្លាក់ខ្លួនឈឺ ស្លាប់ជាង១ សែននាក់ ដោយឡែកនៅប្រទេសអាមរិក មានមនុស្សចំនួន ប្រមាណ៦សែននាក់ឈឺ និង ស្លាប់ ជាង២ម៉ឺននាក់។
សហរដ្ឋអាមេរិក និង ប្រទេសជាច្រើន បានដាក់ប្រទេសក្នុងភាពអាសន្ន និងប្រកាសបិទការធ្វើដំណើរ ការជួបប្រជុំដោយក្រុមមនុស្សច្រើន បិទការិយាល័យធ្វើការ បិទសាលារៀន សណ្ឋាគារ ភោជនីយ៍ដ្ឋាន កាស៊ីណូ ការិយាល័យជំនួញដែលមិនចាំបាច់ ព្រះវិហារ និងបិទវត្តអារាមមួយរយ:ពេល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។
កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅប្រទេសអាមេរិកត្រូវផ្អាកឬលើកពេលដូចជានៅក្នុងប្រទេសកម្ពុជា និង ប្រទេសជាច្រើនទៀតដែរ ក្រៅពីការជូនពរតាមអនឡាញ ការប្រារព្ធពិធីបុណ្យតាម អនឡាញនោះ។
លោក សេក កុសល នៃអង្គការ IKARE ក្នុងរដ្ឋមិនីសូតា បានអះអាងថា ទោះជាមានជំងឺកូវីដ ១៩ រាលដាលក្តីតែពលរដ្ឋកម្ពុជាមិនខកខានក្នុងការប្រារព្វកម្មវិធីចូលឆ្នាំប្រពៃណីខ្មែរ ដែលជាទំនៀមទម្លាប់ជាយូរលង់ណាស់មកហើយនោះទេ ដើម្បីកុំឲ្យមានជាទម្លាប់នៃការខកខានដូចក្នុងសម័យខ្មែរក្រហម។
«កាលពីឆ្នាំ១៩៧៥ យើងបានបាត់បង់ការចូលឆ្នាំសំខាន់ ហើយប្រទេសយើងក៏មានបញ្ហា មានសង្គ្រាម មានរបបប្រល័យពូជសាសន៍នៅជុំវិញប្រទេសជាតិយើង ដូច្នេះនៅឆ្នាំ២០២០នេះយើងអត់ចង់ឲ្យបងប្អូនខ្មែរយើងបាត់បង់ឳកាសចូលឆ្នាំជាមួយគ្នាម្តងទៀតទេ»។
តាមរយ:ការចូលឆ្នាំតាម អនឡាញនេះ ពលរដ្ឋអាចចូលរួមជាមួយគ្នា ស្តាប់ផង សួរសំណួរ ផ្តល់ចម្លើយ ឈ្នះរង្វាន់ពិសេស ដែលអង្គការ IKARE ភ្ជាប់ខ្មែរនៅលើពិភពលោក តាមអាសយដ្ឋាន ហ្វេសប៊ុក IKAREឲ្យបានចូលរួមបុណ្យចូលឆ្នាំខ្មែរ កម្សាន្តសប្បាយ ជាមួយនឹងប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ខ្មែរ៕