ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា​រក​ឃើញ​សាកសព​ពីរ​នាក់​របស់​អ្នក​បើក​ឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់


រូបភាព​បង្ហាញ​ឧទ្ធម្ភាគចក្រ​ដែល​បាន​ធ្លាក់​និង​រកឃើញ កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / ក្រសួងព័ត៌មាន)
រូបភាព​បង្ហាញ​ឧទ្ធម្ភាគចក្រ​ដែល​បាន​ធ្លាក់​និង​រកឃើញ កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / ក្រសួងព័ត៌មាន)

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ កម្លាំង​រុករក​បាន​រក​ឃើញ​សាកសព​ម្នាក់​ទៀត​របស់​អ្នក​បើក​ឧទ្ធម្ភាគ​ចក្រ​ដែល​បាន​ធ្លាក់​ក្នុង​ព្រៃ​ក្រាស់ ​ក្នុង​ឃុំ​ថ្មដា​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់ ​ក្រោយ​ពី​ប្រតិបត្តិ​ការ​ស្វែង​រក​រយៈ​ពេល​ជាង​ពីរសប្តាហ៍​មក​ហើយ។​

កាល​ពី​ថ្ងៃ​ចន្ទ​ ក្រុម​រុករក​និង​ជួយ​សង្រ្គោះ​បាន​ប្រទះ​ឃើញ​ទីតាំង​ព្រៃ​ដែល​ឧទ្ធម្ភាគ​ចក្រ​ធ្លាក់​តាំង​ពី​ថ្ងៃ​ទី ​១២​ ខែ​កក្កដា ​ឆ្នាំ​ ២០២៤ ​ដែល​ស្ថិត​នៅ​តំបន់​យ៉ាវ​យ៉ៃ ​ក្បែរ​ភ្នំ​ខ្មោច ​ឃុំ​ថ្មដា ​ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់។​

ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ការពារ​ជាតិ​នា​ថ្ងៃ​អង្គារ​នេះ​ឱ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​អង្គារ​ ក្រុម​ការងារ​រុករក ​និង​សង្រ្គោះ​របស់​ក្រសួង​ការពារ​ជាតិ​បាន​រក​ឃើញ​សាកសព​របស់​អាកាស​យានិក​ទីពីរ​ គឺ​លោក​ ស៊ុន ផល្លា ​ដែល​ស្ថិត​នៅ​ចម្ងាយ ​២១០ ​ម៉ែត្រ​ពី​ឧទ្ធម្ភាគ​ចក្រ​ដែល​បាន​ធ្លាក់។​

ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា ​ភ្លាមៗ​ពេល​រក​ឃើញ ​ក្រុម​ការងារ​រុករក​ និង​សង្គ្រោះ​មិន​ទាន់​អាច​បញ្ជូន​សាក​សព​តាម​ឧទ្ធម្ភាគ​ចក្រ​មក​កាន់​ទី​បញ្ជាការ​បាន​ទេ​ ​ដោយ​សារ​មេឃ​កំពុង​ភ្លៀង​ខ្លាំង​នៅ​តំបន់​នោះ។​

កាល​ពី​ថ្ងៃ​ចន្ទ ​កម្លាំង​ជំនាញ​រក​ឃើញ​ទីតាំង​ដែល​ឧទ្ធម្ភាគ​ចក្រ​ធ្លាក់ ​និង​សាក​សព​អាកាស​យានិក​ម្នាក់​ឈ្មោះ​ ខេង ឆៃ​យុទ្ធ ​ដែល​អង្គុយ​ជាប់​ក្នុង​កៅអី​របស់​ឧទ្ធម្ភាគ​ចក្រ។​

អភិបាល​ស្រុក​វាល​វែង ​លោក​ ធាង ឡេង ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​ គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​កើត​ឡើង​នៅ​តំបន់​យ៉ាវ​យ៉ៃ​ ក្បែរ​ភ្នំ​ខ្មោច​ ស្ថិត​នៅ​ក្នុង​ឃុំ​ថ្ម​ដា ​ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សាត់។ ​ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​លម្អិត​ពី​ស្ថាន​ភាព​ទីតាំង​ភូមិ​សាស្ត្រ​ដែល​ឧទ្ធម្ភាគ​ចក្រ​យោធា​ធ្លាក់​នោះ​ទេ។​ លោក​បន្ត​ថា​ ការងារ​ប្រតិបត្តិការ​ស្វែង​រក​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​អ្នក​ជំនាញ​បរិស្ថាន ​និង​ខាង​យោធា​ជំនាញ។​

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ ​លោក ​ឥត សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិការ​កង​យោធពល​ខេមរ​ភូមិន្ទ ​ថ្លែង​ថា​ ប្រតិបត្តិ​ការ​រុក​រក​និង​សង្គ្រោះ​ត្រូវ​ការ​ពេល​យូរ​ដោយ​សារ​បញ្ហា​អាកាស​ធាតុ​ គឺ​ភ្លៀង​រហូត​ដែល​បង្ក​ជា​ការ​លំបាក​សម្រាប់​ការ​ស្វែង​រក​ឧទ្ធម្ភាគ​ចក្រ​និង​សាកសព។​

លោក​ថ្លែង​តាម​បណ្តាញ​សារ​ព័ត៌មាន​ Freshnews ​ថា៖​ «បង​ប្អូន​នៅ​ទី​នេះ​អាច​ធ្វើ​ជា​សាក្សី ​ហើយ​អាច​ដឹង​បាន​ថា​ តាំង​ពី​ថ្ងៃ ​១៣ ​មក ​គឺ​ភ្លៀង​រហូត​អត់​មាន​ថ្ងៃ​ស្រាក​ទេ។ ​ទើប​តែ​ថ្ងៃ​ទី​ ២៨​ ថ្ងៃ​ទី​ ២៩ ​នេះ​រាំង​ពីរ​ថ្ងៃ​ហ្នឹង​ ដែល​ផ្តល់​ឱកាស​ល្អ​ដល់​កម្លាំង​រុករក​របស់​យើង»។​

លោក​បន្ថែម​ថា​ ព្រៃ​ដែល​ឧទ្ធម្ភាគ​ចក្រ​ធ្លាក់​នេះ​មិន​មាន​អ្នក​ណា​ម្នាក់​ធ្លាប់​បាន​ទៅ​ដល់​នោះ​ទេ ​ដោយ​សារ​តែ​ព្រៃ​ខ្ពស់ៗ ​និង​ក្រាស់ ​មិន​អាច​ដើរ​បាន​ ហើយ​កម្លាំង​ថ្មើរ​ជើង​ត្រូវ​ត្បុល​ព្រៃ​ផង ​និង​បង្ហោះ​ដ្រូន​ផង។​ លោក​ឱ្យ​ដឹង​ទៀត​ថា​ ​តំបន់​ភ្នំ​យ៉ាវយ៉ៃ​មាន​កម្ពស់​ជាង​ ១២៤០ ​ម៉ែត្រ ​ហើយ​ស្ថាន​ភាព​ភ្នំ​មាន​លក្ខណៈ​ចោទ​ខ្លាំង ​និង​សម្បូរ​ល្បាក់។​

លោក ​ឥត សារ៉ាត់ ​សន្និដ្ឋាន​ថា​ អាកាស​យានិក​ទីពីរ​ គឺ​លោក ​ស៊ុន ផល្លា ​នៅ​រស់ ​បន្ទាប់​ពី​ឧទ្ធម្ភាគ​ចក្រ​ធ្លាក់ ​ហើយ​លោក​បាន​យក​អាវ​របស់​ខ្លួន​គ្រប​លើ​សាក​សព​អាកាស​យានិក​ដែល​ស្លាប់ ​និង​យក​បំណែក​យន្តហោះ​មក​គ្រប​ដើម្បី​ជ្រក។​ លោក​សន្និដ្ឋាន​ថា​ លោក ​ស៊ុន ផល្លា ​អាច​ចេញ​ក្រៅ​ឧទ្ធម្ភាគ​ចក្រ​ដើម្បី​រក​ជំនួយ​ ប៉ុន្តែ​ដោយ​សារ​តែ​កត្តា​ធាតុ​អាកាស ​និង​ការ​អត់​អាហារ​បណ្តាល​ឱ្យ​លោក​ស្លាប់។ ​យ៉ាង​ណា​ក៏​ដោយ ​លោក ​ឥត សារ៉ាត់​ មិន​អាច​សន្មត់​បាន​ទេ​ថា​ លោក​ ស៊ុន ផល្លា ​អាច​ស្លាប់​ដោយ​សារ​តែ​ការ​អត់​អាហារ​ របួស ​ឬ​ដោយ​សារ​តែ​លោត​ចេញ​ពី​យន្តហោះ។​

លោក​បន្ថែម​ថា៖​ «សព​នេះ​យើង​នឹង​ខិត​ខំ​យក​មក​ ហើយ​បញ្ជូន​ទៅ​ភ្នំពេញ​ភ្លាម។ ​ហើយ​ទៅ​ភ្នំពេញ ​យើង​នឹង​រៀបចំ​ពិធី​មួយ​នៅ​ក្នុង​កន្លែង​បញ្ជា​ការដ្ឋាន​ទ័ព​អាកាស ​ដើម្បី​ឱ្យ​ប្រារព្ធ​ពិធី​ឱ្យ​បាន​ស័ក្តិ​សម​ទៅ​នឹង​កិត្តិយស ​និង​វីរភាព»។​

បើ​តាម​លិខិត​ស្តីពី​ផែន​ការ​ហោះហើរ​របស់​កងទ័ព​ជើង​អាកាស​ដែល​វីអូអេ​ទទួល​បាន ​មន្រ្តី​យោធា​ពីរ​នាក់ ​គឺ​លោក ​ស៊ុន ផល្លា ​ប្រធាន​ក្រុម ​និង​លោក ​ខេង ឆៃយុទ្ធ ​អាកាស​យានិក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ហ្វឹកហ្វឺន​ផ្លូវ​ឆ្ងាយ ​ដោយ​ហោះ​ចេញ​នៅ​ម៉ោង​ ១១ ​ព្រឹក ​ថ្ងៃ​ទី​ ១២ ​ខែ​កក្កដា ​និង​ត្រូវ​ត្រឡប់​មក​វិញ ​នៅ​ម៉ោង​ ២ ​រសៀល​ថ្ងៃ​ដដែល។​

គួរ​បញ្ជាក់​ថា​ ឧទ្ធម្ភាគ​ចក្រ​ដែល​ធ្លាក់​នោះ​ជា​ប្រភេទ​ឧទ្ធម្ភាគ​ចក្រ​ Z-9 ​ដែល​ផលិត​នៅ​ប្រទេស​ចិន។ ​កម្ពុជា​បាន​ទិញ​ឧទ្ធម្ភាគ​ចក្រ​ប្រភេទ​ Z-9 ​ចំនួន ​១២ ​គ្រឿង ​កាល​ពី​ឆ្នាំ​ ២០១៣។ ​កាល​ពី​ឆ្នាំ​ ២០១៤ ​ឧទ្ធម្ភាគ​ចក្រ​ប្រភេទ​ Z-9​ នេះ​ក៏​ធ្លាប់​បាន​ធ្លាក់​ម្តង​ហើយ​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ​ ដែល​កាល​នោះ​បណ្តាល​ឱ្យ​មនុស្ស​ ៤ ​នាក់​ស្លាប់ ​និង​ម្នាក់​រង​របួស​ធ្ងន់៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG