ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជនកម្ពុជា​ឈ្នះ​អាសនៈសភា​ទាំង​១២៥


គណបក្ស​ប្រជាជន​កម្ពុជា​ថា​ខ្លួនឈ្នះ​បាន​ ១២៥ កៅអី​ក្រោយ​លទ្ធផលបឋមនៃការ​បោះឆ្នោតថ្នាក់​ជាតិ​ចជ្រើសតាំងតំណាងរាស្រ្ត​​អណត្តិ​ទី ៦ ឆ្នាំ២០១៨។ ​(ខាន់​ សុគុមនោ​​ និង​ អូន ឆេងប៉រ/ VOA)
គណបក្ស​ប្រជាជន​កម្ពុជា​ថា​ខ្លួនឈ្នះ​បាន​ ១២៥ កៅអី​ក្រោយ​លទ្ធផលបឋមនៃការ​បោះឆ្នោតថ្នាក់​ជាតិ​ចជ្រើសតាំងតំណាងរាស្រ្ត​​អណត្តិ​ទី ៦ ឆ្នាំ២០១៨។ ​(ខាន់​ សុគុមនោ​​ និង​ អូន ឆេងប៉រ/ VOA)

តួលេខផ្លូវការរបស់​គ.ជ.ប ​បង្ហាញថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​ទទួលបាន​សំឡេង​គាំទ្រ​ចំនួន​ជាង​៤,៨៨លានសំឡេង ​ពីក្នុងចំណោម​សន្លឹកឆ្នោត​បានការចំនួន​៦,៣៦លានសន្លឹក។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​អាសនៈ​សភា​ជាតិ​ទាំង​១២៥​ នៅក្នុង​ការ​បោះឆ្នោត​ជាតិ​កាលពី​ថ្ងៃទី​២៩​ ខែកក្កដា។ នេះ​បើតាម​ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ នៅ​ថ្ងៃពុធ​នេះ។

លទ្ធផល​នេះ​នឹង​ធ្វើ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បន្ត​កាន់​អំណាច​រយៈពេល​៥ឆ្នាំទៀត​ ដោយ​គណបក្ស​តែមួយ ដូច​មុន​ពេល​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​១៩៩១។

គណបក្ស​នយោបាយ​ចំនួន​១៩ទៀត ដែល​បាន​ចូល​រួម​ប្រកួត ​បាន​ទទួល​សំឡេង​គាំទ្រ​តិច​តួច​ប៉ុណ្ណោះ​ ដែល​មិន​គ្រប់​ចំនួន​មួយ​អាសនៈ​ទេ​ ក្នុង​ខណៈ​ពេល​ដែល​សន្លឹកឆ្នោត​មិន​បាន​ការ​មាន​រហូត​ដល់​ជិត​៦០ម៉ឺនសន្លឹក ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​លើ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ និង​ការ​បិទ​សិទ្ធិ​អតីត​គណបក្ស​ប្រឆាំង​ដ៏ធំ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ឱ្យ​ចូលរួម​ប្រកួត។

តួលេខ​ផ្លូវការ​របស់​ គ.ជ.ប ​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​ជាង​៤,៨៨លាន ​ពី​ក្នុង​ចំណោម​សន្លឹក​ឆ្នោត​បាន​ការ​ចំនួន​៦,៣៦​លាន។ គ.ជ.ប បាន​បញ្ជាក់​ថា​ អ្នក​ចេញ​មក​បោះឆ្នោត​មាន​ចំនួន​ជិត​៧លាននាក់ ​ដែល​ត្រូវ​ជា​ជាង៨៣ភាគរយ នៃ​ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់។

ចំនួនអាសនៈរបស់គណបក្សប្រជាជនកម្ពុជា ១៩៩៣-២០១៨
ចំនួនអាសនៈរបស់គណបក្សប្រជាជនកម្ពុជា ១៩៩៣-២០១៨

លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​ភ្លាមៗ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ​ដោយ​ចាត់​ទុក​ថា​ លទ្ធផល​នេះ​គឺ​បង្ហាញ​ថា​ពលរដ្ឋ​កម្ពុជា​«មាន​ជំនឿ​ទុក​ចិត្ត​ឥត​ងាក​រេ​លើ​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​គណបក្ស​ប្រជាជន‍» ដែល​មាន​រូប​លោក​ជា​នាយក​រដ្ឋ​មន្ត្រី។

លោក​ហ៊ុន សែន ​ក៏បាន​ថ្លែង​អំណរគុណ​គណបក្ស​នយោបាយ​ទាំង​១៩​ទៀត ​ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង​នៅក្នុង​ការ​បោះឆ្នោត​នេះ​ ដែល​លោក​ចាត់​ទុក​ថា​ធ្វើ​ឡើង​«តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ ​ដោយ​ស្មើ​ភាព​ សេរី ​ត្រឹមត្រូវ​ និង​យុត្តិធម៌‍»។ ​លោក​ក៏​បាន​ប្រកាស​ជាថ្មី​ថា​ រាជរដ្ឋាភិបាល​អាណត្តិទី៦ ថ្មី​នឹង​ត្រូវ​បាន​រៀបចំ​បង្កើត​នៅ​សប្តាហ៍​ទី១​នៃ​ខែកញ្ញា​ខាងមុខ​នេះ។

បើ​តាម​ការ​ប្រកាស​របស់​លោក​ហ៊ុន សែន ​កន្លង​មក​ គឺ​រដ្ឋសភា​អាណត្តិ​ទី៦​ ​នឹង​បើក​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ចំណែកឯ​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ត្រូវ​បង្កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​នោះ។

លោក​អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រាប់ VOA ​ថា ​លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​ទេ​ ចំពោះ​លទ្ធផល​នេះ៖

«ពីព្រោះ​យើង​ដឹង​មុន​តាំងពីមុន​ ការ​រៀបចំ​ការ​បោះឆ្នោត​ម្ល៉េះ ព្រោះ​យើង​ដឹង​ថា​ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ​ ហើយ​គណបក្ស​កាន់អំណាច​របស់​លោក​ ហ៊ុន សែន ​ហ្នឹង​នឹង​ទទួល​បាន​អាសនៈ​ទាំង​អស់។ អីចឹង​អ្វីៗ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ធ្វើ​ គឺ​គ្រាន់តែ​ជា​នីតិវិធីទេ​ គឺ​នីតិវិធី​បង្គ្រប់​កិច្ច​តែប៉ុណ្ណឹង។ ប៉ុន្តែអ្វី​ដែល​សំខាន់​គឺ​សហគមន៍​អន្តរជាតិ​ប្រទេស​លោក​ខាង​លិច​គេ​ មិន​ទទួល​យក​លទ្ធផល​ឆ្នោត​នោះទេ។ វា​អត់​អី​ដែល​គេ​ត្រូវ​ចាប់​អារម្មណ៍​ទេ។ មានតែ​គេ​បន្ត​ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ ធ្វើ​ម៉េច​ឱ្យ​របប​លោក​ ហ៊ុន សែន ​វិល​មក​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ‍»។​

គណបក្ស​សង្គ្រោះជាតិ​ធ្លាប់​បាន​ប្រកាស​ថា ​ចំនួន​អ្នក​ដែល​ចេញ​មក​បោះឆ្នោត​គឺ​មិន​ច្រើន​ដូច​ការប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទេ។

ភ្លាមៗ​ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​ឆ្នោត​ទូរទស្សន៍ជាតិ​កម្ពុជា​ បាន​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ប្រកាស​ទទួល​យក​លទ្ធផល​ឆ្នោត​និង​ថ្កោលទោស​អ្នក ​ដែល​ហ៊ាន​រិះគន់​ដំណើរ​ការបោះឆ្នោត។

សហគមន៍​អន្តរជាតិ​ដែល​មាន​សហរដ្ឋ​អាមេរិក​នាំមុខ​បាន​ព្រមាន​ពី​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ចំពោះ​បុគ្គល​លើ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​ពួកគេ​ចោទ​ថា​ បាន​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​ និង​រំលោភ​សិទ្ធិមនុស្ស៕

XS
SM
MD
LG