ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា ខ្លួន​ឈ្នះ​អាសនៈ​ទាំង​អស់​នៃ​រដ្ឋសភា


លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមការបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​ឈ្នះ​អាសនៈ​រដ្ឋសភា​ទាំង ១២៥ អាសនៈ នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដែល​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​អ្នក​រិះគន់​ថា​គ្មាន​ភាព​សេរី និង​យុត្តិធម៌ ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​បំផុត​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម។

លោក សុខ ឥសាន្ត អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters តាម​ទូរស័ព្ទ​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​សំឡេង​ឆ្នោត​ចំនួន ៧៧,៥ ភាគរយ និង​ទទួល​បាន​អាសនៈ​ទាំង​អស់​នៃ​រដ្ឋ​សភា‍។ ចំណែក​ឯ​គណបក្ស​ផ្សេងៗ​ទៀត មិន​ទទួល​បាន​អាសនៈ​ណា​មួយ​នោះ​ទេ‍»។

តួលេខ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​បង្ហាញ​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ សន្លឹក​ឆ្នោត​ប្រហែល ៨,៤ ភាគរយ គឺ​ជា​សន្លឹក​ឆ្នោត​មិន​បាន​ការ។ ចំណែក​ឯ​សន្លឹក​ឆ្នោត​មិន​បាន​ការ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៣ វិញ គឺ​មាន​ចំនួន​តែ ១,៦ ភាគរយ តែ​ប៉ុណ្ណោះ។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បាន​និយាយ​ថា៖ «នេះ​គឺ​ជា​ការ​បោះ​ឆ្នោត​ជំទាស់​ទៅ​នឹង​ការ​បោះ​ឆ្នោត​លើក​នេះ និង​ជា​ការ​ប្រឆាំង​ចំពោះ​ការ​បង្ខិតបង្ខំ​ខុស​ច្បាប់​ឲ្យ​អ្នក​បោះ​ឆ្នោត​ចេញ​ទៅ​បោះ​ឆ្នោត‍»។

លោកស្រី មួរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា៖ «យើង​ខ្ញុំ​សូម​សរសើរ​ភាព​ក្លាហាន​របស់​អ្នក​បោះ​ឆ្នោត​ទាំង​អស់ ដែល​ចេញ​មក​បង្ហាញ​សារ​ដ៏​មុតមាំ​របស់​ខ្លួន ដោយ​ការ​គូស​សន្លឹក​ឆ្នោត​របស់​ពួកគេ​ឲ្យ​ខូច ដើម្បី​ជា​វិធី​មួយ​បង្ហាញ​ពី​ការ​ប្រឆាំង​ទៅ​នឹង​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​នេះ ហើយ​យើង​ខ្ញុំ​ក៏​សូម​សរសើរ​ផង​ដែរ​ដល់​អ្នក​ដែល​នៅ​ផ្ទះ​មិន​ចេញ​ទៅ​បោះ​ឆ្នោត‍»៕

XS
SM
MD
LG