ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​កាន់​អំណាច​ព្រមាន​ប្រើ​ច្បាប់​ដែល​ទើប​ធ្វើ​វិសោធនកម្ម​លើក​ទី​២​លើ​បក្ស​ប្រឆាំង


ស្លាកសញ្ញា​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ស្រុកបារាយណ៍ ខេត្ត​កំពង់ធំ។ (ស៊ុន ណារិន/VOA)
ស្លាកសញ្ញា​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ស្រុកបារាយណ៍ ខេត្ត​កំពង់ធំ។ (ស៊ុន ណារិន/VOA)

ខណៈ​ដែល​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​កំណត់​មិន​ឲ្យ​គណបក្ស​នយោបាយ​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ដែល​មាន​ទោស ​នឹង​ត្រូវ​ចូល​ជា​ធរមាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​វាយ​ប្រហារ និង​រិះ​គន់​គណបក្ស​កាន់​អំណាច។ ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ បញ្ចេញ​ប្រតិកម្ម​ដោយ​ព្រមាន​ថា ​គណបក្ស​ប្រឆាំង​នឹង​ត្រូវ​ប្រឈម​មុខ​ច្បាប់ ប្រសិនបើ​គណបក្ស​នេះ មិន​មា​ន​វិធានការ​ណាមួយ​លើ​លោក សម រង្ស៊ី ទេ​នោះ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច ​ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា​គណបក្ស​ប្រឆាំង​នេះ ​នឹង​ត្រូវ​ប្រឈម​មុខ​ច្បាប់ នៅ​ពេល​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចូល​ជាធរមាន​នៅ​ដើម​សប្ដាហ៍​ក្រោយ ប្រសិនបើ​គណបក្ស​នេះ​នៅ​តែ​បន្ត​ឲ្យ​លោក សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បន្ត​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម ដើម្បី​កេង​ចំណេញ​នយោបាយ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់អំណាច។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ចេញ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ថា​ជា​ការ​ថ្លែង​បំផ្លើស​ខុស​ពី​ការពិត បន្ទាប់ពី​វិទ្យុ​ព្រះ​សង្ឃ​ឯករាជ្យ​ដកស្រង់​សម្ដី​របស់​លោក សម រង្ស៊ី ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដដែល​ថា «មាន​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រជាជន​ច្រើន ​ចង់​រួបរួម​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ​ តែ​មិន​ហ៊ាន​មក​ព្រោះ​មេដឹកនាំ​បក្ស​នេះ​គំរាម»។

សេចក្ដី​ថ្លែងការណ៍​នោះ ​បាន​ព្រមាន​ពី​ការ​ទទួល​ខុសត្រូវ​របស់​គណបក្ស​នយោបាយ ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក សម រង្ស៊ី ថា​ ត្រូវ​ហ៊ាន​ប្រឈម​នឹង​ផល​វិបាក​ នៅ​ពេល​ដែល​វិសោធន​កម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន។

សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ដើម្បី​រក្សា​សិទ្ធិ កាតព្វកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​នយោបាយ ​ស្រប​តាម​គោលការណ៍​នីតិរដ្ឋ ក្រោយ​ពេល​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន និង​មាន​ប្រសិទ្ធភាព​អនុវត្ត នោះ​គណបក្ស​នយោបាយ​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ទណ្ឌិត សម រង្ស៊ី ត្រូវ​ហ៊ាន​ប្រឈម​នឹង​ផលវិបាក​នៃ​ការ​បណ្ដោយ​ឲ្យ​គ​ណបក្ស​ខ្លួន​ជាប់​ទាក់ទង​នឹង​ទណ្ឌិត​ខុស​នឹង​គតិ​ច្បាប់»។

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​/ VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​/ VOA)

ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់អំណាច​បាន​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចំនួន​ពីរ​លើក ទៅ​តាម​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បន្ទាប់ពី​លោក​មិន​ពេញ​ចិត្ត​នឹង​សកម្មភាព​ផ្សេងៗ​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម រិះគន់​រដ្ឋាភិបាល​ និង​ឃោសនា​ឲ្យ​ប្រជា​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់ VOA នា​រសៀល​ថ្ងៃសុក្រ​នេះ​ថា គណបក្ស​នយោបាយ​ទាំង​អស់​នឹង​ត្រូវ​ទទួល​ខុសត្រូវ​មុខ​ច្បាប់ ប្រសិនបើ​ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ទណ្ឌិត។ លោក​បន្ត​ថា វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​នឹង​ចូល​ជា​ធរមាន​នា​ដើម​សប្ដាហ៍​ក្រោយ​នេះ នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​គណបក្ស​ប្រឆាំង​ដែល​សម្ងំ​ស្ងៀម បណ្ដោយ​ឲ្យ​លោក សម រង្ស៊ី ថ្លែង​គ្រប់​បែបយ៉ាង ​ក្នុង​គោលបំណងធ្វើឲ្យ​គណបក្ស​ប្រឆាំង​ទទួល​បាន​ផល​ចំណេញ​ផ្នែក​នយោបាយ។

លោក សុខ ឥសាន បន្ថែម​ថា គណបក្ស​ប្រឆាំង​អាច​នឹង​គេច​ផុត​ពី​ការ​ទទួល​ខុសត្រូវ​មុខ​ច្បាប់ ប្រសិនបើ​ពួកគេ​ចេញ​សេចក្ដី​ថ្លែងការណ៍​មិន​ទទួល​ស្គាល់​រៀងរាល់​ការ​ថ្លែង​របស់​លោក សម រង្ស៊ី។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​សិន​ណា​ជា​គណបក្ស​ហ្នឹង​នៅ​តែ​សម្ងំ​ទទួល​យក​ការ​ឃោសនា​របស់ សម រង្ស៊ី ទោះបី សម រង្ស៊ី និយាយ​យ៉ាងម៉េច សម រង្ស៊ី និយាយ​មក គណបក្ស​ធ្វើ​សេចក្ដី​ថ្លែងការណ៍​បដិសេធ និយាយ​មក​ធ្វើ​សេចក្ដី​ថ្លែងការណ៍​បដិសេធ អា​ហ្នឹង​មិន​អី​ទេ»។

ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​មួយ​ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ ​បាន​កំណត់​ថា​ មេដឹកនាំ​គណបក្ស​នយោបាយ​ត្រូវ​តែ​ជា​ជន​គ្មាន​ទោស​ពៃរ៍។​ វិសោធនកម្ម​នា​ពេល​នោះ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​រចនា​សម្ព័ន្ធ​ដឹក​នាំ​របស់​គណបក្ស​ជំទាស់​ ​និង​បង្ខំ​ឲ្យ​លោក ​សម រង្ស៊ី​ ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ជំទាស់។

វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​២​ ដែល​បាន​ស្នើ​កាលពី​ដើម​ខែ​កក្កដា​កន្លង​ទៅ​នេះ​បាន​កំណត់​ថា​ ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ​នឹង​ត្រូវ​រំលាយ​ចោល​ ប្រសិន​បើ​មាន​ទំនាក់​ទំនង​ជាមួយ​បុគ្គល​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​មជ្ឈិម​ ឬ​បទ​ឧក្រិដ្ឋ​ណា​មួយ។

VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក សម រង្ស៊ី តាម​រយៈ​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល តែ​រហូត​មកដល់​ល្ងាច​ថ្ងៃសុក្រ​នេះ មិនទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​នៅ​ឡើយ។​

ខណៈ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​លើក​ទី២ កំពុង​ត្រូវ​បាន​បញ្ជូន​ពី​ស្ថាប័ន​នីតិ​បញ្ញត្តិ​ពី​មួយ ទៅ​មួយ​យ៉ាង​ឆាប់​រហ័ស ​និង​រង់ចាំ​តែ​ការ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ការ​ប្រញាប់ នា​ពេល​ឆាប់ៗ​ខាងមុខ គេ​នៅ​តែ​ឃើញ​លោក​ សម រង្ស៊ី បន្ត​បង្ហោះ​សារ​ផ្សេងៗ​លើ​បណ្ដាញ​សង្គម​របស់​លោក ដោយ​មាន​ទាំង​ការ​រិះគន់ ​វាយប្រហារ​ លោក ហ៊ុន សែន ព្រមទាំង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង មិន​លោះ​ថ្ងៃ។

ការ​បន្ត​បង្ហោះ​សារ​វាយ​ប្រហារ​រដ្ឋាភិបាល កើតឡើង​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​សម្រុក​ផ្លាស់ប្ដូរ​ស្លាក​គណបក្ស​ដែល​មាន​រូប​លោក កឹម សុខា និង​លោក សម ​រង្ស៊ី ឈរ​កាន់​ដៃ​គ្នា។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ប្រឆាំង ប្រាប់ ​VOA ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អនុវត្ត​ទៅ​តាមច្បាប់​គ្រប់​បែបយ៉ាង​ បើ​ទោះ​បី​ជា​គណបក្ស​បាន​ដឹង​អំពី​គោលបំណង​នៃ​វិសោធន​កម្មច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ថា​ មាន​បំណង​សំដៅ​តែ​លើ​គណបក្ស​ប្រឆាំង​ក៏​ដោយ។

លោក​បញ្ជាក់​ថា៖​ «គណបក្ស​យើង​ក៏​យើង​ត្រៀម​ខ្លួន​ដែរ ត្រៀមខ្លួន​នឹង​ធ្វើ​អ្វីៗ​មិន​ឲ្យ​គេ​យក​លេស​បាន​ទេ រឿង​ទាំងឡាយ​នោះ ព្រោះ​ធម្មតា​មនុស្ស​ម្នាក់ៗ​គេ​ដឹង ហើយ​ខ្ញុំ​ក៏​ជឿជាក់​ថា អតីត​លោក​ប្រធាន​របស់​ខ្ញុំ​ក៏​គាត់​យល់​ដែរ​រឿង​អញ្ចឹងៗ គាត់​មិនមែន​ធ្វើ​ឲ្យ​គេ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ»។

ការ​បង្កើត​ និង​ការ​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទាំង​ពីរ​លើក​យ៉ាង​តក់ក្រហល់​ដូច​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ជា​ចេតនា​ផ្ដាច់​លោក ​សម រង្ស៊ី​ ចេញ​ពី​នយោបាយ​កម្ពុជា​ ​និង​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ ចាន់ វិបុល​ ​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​ ​និង​អភិបាល​កិច្ច​លើក​ឡើង​ថា សេចក្ដី​ថ្លែងការណ៍ និង​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ដែល​បាន​ព្រមាន​ពី​ទំនាក់​ទំនង​របស់​គណបក្ស​នយោបាយ​ជាមួយ​ទណ្ឌិត គឺ​បង្ហាញ​ថា កម្ពុជា​មាន​ការប្រើប្រាស់​អំណាច​ច្រើន​ជាង​គោល​ការណ៍​ច្បាប់។​

លោក​បញ្ជាក់​ថា៖ «បើ​យើង​និយាយ​ពី​ប្រទេស​ដែល​ប្រកាន់​នីតិរដ្ឋ​ពិត​ប្រាកដ គឺជា​តួនាទី​ហើយ​របស់​ស្ថាប័ន​រដ្ឋ ជាពិសេស​គឺជា​តួនាទី​របស់​សភា​ហ្នឹង​ហើយ​ជា​អ្នក​ផ្សព្វផ្សាយ​ទូទៅ ហើយ​តុលាការ​ហ្នឹង​ហើយដែល​ជា​អ្នក​ឃ្លាំមើល​ការ​អនុវត្ត​ច្បាប់។ ប្រសិនបើ​យើង​មើល​ក្រៅ​ពី​ស្ថាប័ន​ទាំងអស់​នេះ ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ ហាក់​ដូចជា​ការ​បង្ហាញ​ពី​អំណាច ជាជាង​គោលការណ៍​ច្បាប់។ តែ​ជា​ទូទៅ​មិន​ជា​ការ​ចម្លែក​ទេ​ក្នុង​ស្ថានភាព​សង្គម​របស់​យើង​នា​ពេល​បច្ចុប្បន្ន»។

កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​និង​នៅ​ថ្ងៃ​សុក្រ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ចំនួន​១៩​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ភ្ជាប់​នឹង​ការ​វិភាគ​មាត្រា​នីមួយៗ​នៃ​សេចក្ដី​ព្រាង​ច្បាប់​វិសោធនកម្ម​ស្ដីពី​គណបក្ស​នយោបាយ​នោះ។ ​ពួក​គេ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា ​វិសោធនកម្ម​នេះ​«នឹង​រឹត​បន្តឹង​យ៉ាង​អយុត្តិធម៌​» បន្ថែម​ទៀត​លើ​សេរីភាព​ជួបជុំ​ ​និង​សេរីភាព​បញ្ចេញ​មតិ ហើយ​វា«ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ និង​ច្បាប់​អន្តរជាតិ​មួយ​ចំនួន»៕

XS
SM
MD
LG