ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​ប្រឹង​ឃោសនា​នៅ​ខេត្ត​ព្រៃវែង​ទប់ទល់​នឹង​គណបក្ស​ប្រឆាំង


យុទ្ធនាការ​​ឃោសនា​​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
យុទ្ធនាការ​​ឃោសនា​​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ខេត្តព្រៃវែង៖ លោក​ព្រំ សុខា​ អនុ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ព្រៃវែង ​បាន​រំពឹង​ទុក​រួច​ជា​ស្រេច​ពី​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​នៅ​ពេល​ដែល​យុទ្ធនាការ​បោះ​ឆ្នោត​រយៈ​ពេល​៣០​ថ្ងៃ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​បាន​ស្រែកសួរ​សកម្មជន​គណបក្ស​ថា ​តើ​ជ័យ​ជំនះ​បាន​ទៅ​លើ​គណបក្ស​មួយ​ណា​ ហើយ​សកម្ម​ជន​ទាំង​នោះ​បាន​ស្រែក​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​ លេខ​រៀង​ទី​៤​នឹង​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ខេត្តព្រៃវែង។​

ឈរ​នៅ​លើ​រថយន្ត​ ​ លោក​ព្រំ​ សុខា​ ពាក់អាវ​ស​ និង​មួក​ពណ៌​ស​ ដែល​មាន​រូប​សញ្ញា​ទេវតា​បាចផ្កា​ ដែល​ជា​និមិត្ត​សញ្ញា​នៃ​គណបក្ស​កាន់​អំណាច​ បាន​កាន់​ក្បាល​ម៉េ​ក្រូ​ចំនួន​ពីរ​និយាយ​ម្តង​ងាក​ទៅ​ឆ្វេង​ ម្តង​ងាក​ទៅ​ស្តាំ​ មក​ងាក​ទៅ​ខាង​ក្រោយ​ខ្នង​ដើម្បី​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​ដែល​រោម​ជុំ​ជិត​នៅ​លើ​ដង​ផ្លូវ​ដ៏​សំខាន់​ក្នុង​ស្រុក​បាភ្នំ​ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​ក្រុង​ព្រៃវែង។​

លោក​សួរ​ថា៖​ «​តើ​នៅ​ស្រុក​បាភ្នំ​មាន​វត្ត​ប៉ុន្មាន​? ​មាន​វត្ត​ចំនួន​៤០​ ដែល​ក្នុង​ជំនាន់​ខ្មែរក្រហម​ វត្ត​ទាំង​អស់​នេះ​ត្រូវ​បាន​កំទេច​ខ្ទេច​ខ្ទីរ។​ ការ​បង្កើត​ការងារ​ជូន​បង​ប្អូន​ទាំងអស់​គឺ​ជា​ការ​បង្កើត​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។​ ពី​មុន​យើង​ព្យួរ​ដោយ​គោ​ ដោយ​ក្របី​ ឥឡូវនេះ​យើង​ព្យួរ​ដោយ​គោ​យន្ត។​ ដោយ​សារ​ជីវភាព​មាន​ការ​រីក​ចម្រើននេះ​ កូនចៅ​យើង​ប្រាកដ​ជា​មាន​អនាគត​រុងរឿង»។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម
យោង​តាម​លោក​ព្រំ​ សុខា​ឲ្យ​ដឹង​ថា​ អ្នកគាំទ្រ​និង​សកម្មជន​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មក​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​នៅ​ទឹក​ផ្តាច់​ព្រ័ត្ត​នេះ​មាន​ចំនួន​ជាង​មួយ​ម៉ឺន​នាក់។​

ក្រុម​សកម្មជន​ភាគច្រើន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ។​ ចាប់​តាំងពី​ព្រឹក​ព្រលឹម​ពួក​គេ​ដែល​ខ្លះ​មាន​បិទ​សញ្ញា​លេខ​បួន​ជាប់​នឹង​ថ្ពាល់​ទាំង​សងខាង​ ខ្លះ​បិទ​រូប​សញ្ញា​ទេវតា​បាចផ្កា​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​ជា​ជួរ​យ៉ាង​វែង​ដែល​ធ្វើ​ឲ្យ​ចរាចរណ៍​កក​ស្ទះ​មួយ​រយៈ។​ ពួក​គេ​ពាក់អាវ​និង​មួក​គណបក្ស​ប្រៀប​បាន​ជា​ឯក​សណ្ឋាន​តែ​មួយ។​

ពួក​គេ​បាន​បំបែក​ជា​ក្បួន​ហែ​តូចៗ​ទៅ​តាម​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ព្រៃវែង​នេះ​ បន្ទាប់​ពី​ជួប​ជុំ​គ្នា​រយៈ​ពេល​ខ្លី។​

លោក​ព្រំ​ សុខា​ បាន​អធិប្បាយ​ដោយ​វាយ​ប្រហារ​មិន​បញ្ចេញ​ឈ្មោះ​ចំៗ​ទៅ​លើ​គោល​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម​ រង្ស៊ី​ និង​លោក​កឹម​ សុខា។​

លោក​និយាយ​ថា៖ ​«មិន​ដូច​ការ​ជេរ​ប្រមាថ​របស់​គណបក្ស​ដទៃ​ដែល​ចង់​ដណ្តើម​ជ័យ​ជំនះ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។​ គេ​បាន​ជេរ​ប្រមាថ​យើង។​ គេ​បាន​លួង​លោម​ប្រជា​ពលរដ្ឋ​អំពី​ការងារ​ អំពី​ប្រាក់​បៀវត្ស​ អំពី​ប្រាក់​ឧបត្ថម្ភ​ចាស់ៗ​ អំពី​ថ្លៃ​កសិផល។​ តែ​តាម​ការណ៍​ពិត ​រឿង​ទាំង​អស់នេះ​ អំពី​ការងារ​ អំពី​ថ្លៃ​កសិផល​ អំពី​ប្រាក់បៀវត្ស​ អំពី​ការ​ថែទាំ​ ការ​ឧបត្ថម្ភ​ចាស់​ជរា​ យើង​បាន​ធ្វើ​ជាង​៣០​ឆ្នាំ​មក​ហើយ»។​

នៅ​ក្នុងថ្ងៃនេះ​ដែរ​ លោក​ស​ ខេង​ ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ព្រៃវែង​នេះ​បាន​ដឹកនាំ​ក្បួន​ដង្ហែ​ទៅ​តាម​តំបន់​មួយ​ចំនួន​នៃ​ស្រុក​បាភ្នំ​ ហើយ​លោក​បាន​ឈរ​ស្វាគមន៍​ក្រុម​ប្រជា​ពលរដ្ឋ​ពីលើ​រថយន្ត​ទំនើប​បើក​ដំបូល។ លោក​បាន​និយាយ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​របស់​លោក​នៅ​ពេល​រថយន្ត​កំពុង​ធ្វើ​ដំណើរ​ថា​ គណបក្ស​របស់​លោក​ឈ្នះ​ហើយ។​

ខេត្ត​ព្រៃវែង​មាន​កៅអី​តំណាង​រាស្ត្រ​ចំនួន​១១​អាសនៈ ​និង​មាន​គណបក្ស​ចំនួន​ប្រាំពីរ​ចូល​ប្រកួត​ប្រជែង​ដណ្តើម​យក​សំឡេងឆ្នោត។​ ក៏​ប៉ុន្តែ​មាន​តែ​គណបក្ស​តែ​ពីរ​ប៉ុណ្ណោះ​បង្ហាញ​ពី​សក្តានុពល​យ៉ាង​ប្រទាញ​ប្រទង់​គ្នា​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា។​

ណបក្ស​ចំនួន​ប្រាំ​ផ្សេង​ទៀត ​ដូច​ជា​គណបក្ស​ហ៊្វុនស៊ីនប៉ិច គណបក្ស​ខ្មែរ​ឈប់​ក្រ​ គណបក្ស​សញ្ជាតិ​កម្ពុជា​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ និង​គណបក្ស​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ ​ធ្វើការ​ឃោសនា​ជា​ទូទៅ​ក្នុង​ទ្រង់ទ្រាយ​តូចៗ៕
XS
SM
MD
LG