ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​កាន់​អំណាច​ជឿ​ថា​ នឹងឈ្នះ​ការ​បោះឆ្នោត

  • សុខ ខេមរា

គណ​បក្ស​កាន់អំណាច​​គឺគណ​បក្ស​ប្រជាជន​កម្ពុជា​ធ្វើ​យុទ្ធនាការ​សម្បូរបែប។​
ក្រុមមន្ត្រី​គណបក្ស​គ្រប់គ្រង​ប្រទេស​មាន​ជំនឿថា​ នឹងឈ្នះ​ការបោះឆ្នោត​ខាងមុខ។​ ពីរដ្ឋធានី​វ៉ាស៊ីនតោន​ លោក​សុខ ខេមរា​នៃ​វីអូអេ​ ដែល​បាន​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​រាយ​ការណ៍​ថា​ ក្រុមមន្ត្រី​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​អះអាង​ថា​ គណបក្ស​ពួកគេ​បាន​ធ្វើការ​អភិវឌ្ឍ​ប្រទេស​គ្រប់វិស័យ​ បាន​ធានា​ស្ថិរភាព​ នាំមក​នូវ​សន្តិភាព​ និង​មាន​នយោបាយត្រឹមត្រូវ​ផ្សេងៗ​ទៀត​ដែលអាច​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​អ្នក​បោះឆ្នោត​នៅ​តែ​ទុកចិត្ត​និង​បោះឆ្នោត​ជូន។​

នៅពេល​ការ​បោះឆ្នោត​ជាតិ​ជ្រើសរើស​តំណាង​រាស្ត្រ​កាន់តែ​ខិតជិត​មកដល់​ ក្រុម​មន្ត្រី​គណបក្ស​គ្រប់គ្រង​ប្រទេស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា ​ពួក​គេ​មាន​ជំនឿ​មាំ​ថា​ នឹង​បាន​ទទួល​ជ័យជំនះ​ពីការ​បោះឆ្នោត​ខាង​មុខនេះ​ ទោះបី​ជា​មេដឹក​នាំ​គណបក្ស​ជំទាស់​គឺ​លោក​ សម រង្ស៉ី​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ក្តី។​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​យុទ្ធនាការ​ជាមួយ​នឹង​កម្មវិធី​នយោបាយ​ សំខាន់ៗ​របស់​ខ្លួន​ជាច្រើន ​ជាពិសេស​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដូចជា​ផ្លូវ ស្ពាន​ សាលារៀន​ វត្ត​អារាម​ក៏​ដូច​ជា​ការ​រក្សា​បាន​សន្តិភាព​របស់​ប្រទេសក្រោយ​ពី​សង្គ្រាម​ជា​ច្រើន​ទសវត្សរ៍។​ នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វីអូអេ​ផ្នែក​ខេមរភាសា​ជា​បន្ត​បន្ទាប់​ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ​ស្នាដៃ​និង​សមិទ្ធិផល​ទាំងនេះ​អាច​នឹងគ្រប់​គ្រាន់​សម្រាប់​ជោគ​ជ័យ​ក្នុងពេល​បោះ​ឆ្នោត។​

លោក​ហ៊ុន ណេង​ បងប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ និង​ជា​អភិបាល​ខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​ លោក​សង្ឃឹម​ថា​ គណបក្ស​ប្រជាជន​ត្រូវតែ​ឈ្នះឆ្នោត​ ព្រោះ​គណបក្ស​ប្រជាជន​ធ្វើកិច្ចការ​ល្អជា​ច្រើន។​

លោក​និយាយថា៖​ «ទី១ ​ធំ​គឺគេ​មិនភ្លេច​ទេ​ការ​រស់ឡើង​វិញ​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត។​ ទី២​គេ​ទប់ស្កាត់​មិនឲ្យ​របប​ប៉ុល ពត​វិល​ត្រឡប់​មក​វិញ​ ជា​នយោបាយ​ឈ្មះៗ។​ ទី៣ ​គេ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើគ្រប់​វិស័យ​ មាន​ស្ថិរភាព​នយោបាយ​ មាន​សន្តិសុខ​សង្គម ​សណ្តាប់​ធ្នាប់ល្អ ​អត់មាន​អី​ទៀត​ទេ​ គិតតែ​ខំ​អភិវឌ្ឍ​ប្រទេស​ជាតិ។​ រឿង​ហ្នឹង​ជា​ចំណុច​សំខាន់។​ តើ​នរណា​ រត់​ទៅ​ចូលព្រៃ​ទៀត?​ តើនរណា​រត់ទៅ​ចូល​សង្គ្រាម​ទម្លាក់​គ្រាប់បែក​ឲ្យ​អាមេរិកាំង​ទម្លាក់​គ្រាប់បែក​ទៀត?​ គេ​គិត​តែ​ខំ​អភិវឌ្ឍ​ប្រទេស​ជាតិ​បានល្អ​ប្រសើរ​តែ​ប៉ុណ្ណឹង»។​

គណបក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះជាតិ​បាន​ស្វាគមន៍​ការ​វិល​ត្រឡប់​មក កម្ពុជា​វិញ​របស់​លោក​សម រង្ស៉ី​ បន្ទាប់ពី​បាន​និរទេស​ខ្លួន​ជាង​បី​ឆ្នាំ។​ គណបក្ស​ជំទាស់​មួយនេះ​បានធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​បញ្ហា​ពុករលួយ ​និង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្នាន។​

លោក​ហ៊ុន ណេង​បាន​អះអាង​ថា​ យុទ្ធសាស្ត្រ​ឃោសនា​របស់​គណបក្ស​ជំទាស់​មិនមាន​ប្រសិទ្ធិភាព​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​រចនា​សម្ព័ន្ធ​រឹងមាំនោះ​ទេ។​
លោក​និយាយថា៖​ «រីឯ​គណបក្ស​ប្រឆាំង​ជារឿង​ធម្មតា​តែមក​គឺ​លើក​តែ​ពី​រឿង​ប៉ុណ្ណឹង​គឺ​ពុករលួយ​ ផ្តាច់ការ​ តែ​ប៉ុណ្ណឹង។ ​(គណបក្ស​ប្រឆាំង)​ ប្រទេស​ណា​ក៏​លើកតែ​ប៉ុណ្ណឹង! ​ឮទេ? ឃើញ​ហើយ​ប្រទេស​ណា​នោះគឺលើកតែ​ប៉ុណ្ណឹង។​ ប៉ុន្តែ​រឿង​អី​ដែល​ប្រជាជន​គេ​នៅ​តែ​បោះឆ្នោត​ឲ្យ​ (គណបក្ស​ប្រជាជន​ដដែល)​ វា​មូលហេតុ​អី? ​អាហ្នឹង​ទៅ​សួរ​ប្រជាជន​ខ្លួន​ឯង​ទៅ»។​

គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​ឆ្នោត​៩០​អាសនៈ​ក្នុង​សភា​ដែល​មាន​អាសនៈ​សរុប​១២៣​កាលពី​ការ​បោះឆ្នោត​ឆ្នាំ​២០០៨។​ អាសនៈ​នេះ​បាន​ធ្វើ​ឲ្យ​មាន​សំឡេងច្រើន​លើស​លុប​ក្នុង​រដ្ឋសភា​ ដែល​គណបក្ស​ជំទាស់​គឺ​គណបក្ស​សម រង្ស៉ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​រួមគ្នា​មាន​តែ​២៩​អាសនៈ។​

ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​អះអាង​ថា ​ពួកគេ​ក៏​មាន​ឱកាស​ឈ្នះ​អាសនៈ​ច្រើន​ក្នុង​សភា​ ដែល​ចេញ​ពីការ​បោះឆ្នោត​ថ្ងៃអាទិត្យ​ខាងមុខ​នេះ​ដែរ​ ហើយ​យ៉ាងហោច​ណាស់​ក៏ទំនង​ជាមាន​សំឡេងគ្រប់គ្រាន់​សម្រាប់​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ដែរ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ជា ចំរើន ​សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​កណ្តាល​ បាន​អះអាង​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​នឹង​បន្ត​ឈ្នះ​សំឡេង​ច្រើន​លើស​លុប​ ដោយសារ​ថា​ មួយ​ផ្នែក​គឺ​ប្រជា​ប្រិយភាព​របស់​គណបក្ស​នៅឯ​ទីជនបទ​ និង​អ្នក​បោះឆ្នោត​ជាទូទៅ។​

លោក​និយាយ​ថា៖ ​«ខ្ញុំយល់​ថា​ នេះ​មិនមាន​អីជា​បញ្ហា​ចោទ​ទេ។​ គណបក្ស​កាន់​អំណាច​មាន​ប្រព័ន្ធ​ឃោសនា​ និង​ការ​រក​សំឡេងឆ្នោត​ទៅ​ដល់​ថ្នាក់​មូលដ្ឋាន​តាម​វិធី​ផ្សេងៗ​គ្នា​ទាំង​អស់»។​

លោក​បាន​អះអាង​ថា​ ការ​វិលត្រឡប់​មក​វិញ​របស់​លោក​សម រង្ស៉ី​មិនមែន​ជា​ការ​គំរាម​ទេ​ តែ​ជាការ​ដែល​បញ្ឈប់​ការ​រិះគន់​ខ្លះ​មក​លើ​គណបក្ស​គ្រប់គ្រង​ប្រទេស​វិញ​ទេ។​
ក្រុមអ្នក​សង្កេត​ការណ៍​បោះឆ្នោត​ មន្ត្រី​សិទ្ធិ​មនុស្ស​ និង​ក្រុម​អ្នក​សង្កេត​ការណ៍​នយោបាយ ​បាន​និយាយ​ថា​ ការ​បោះឆ្នោត​ឆ្នាំ​នេះ​អាច​នឹង​បាត់បង់​ភាព​ស្រប​ច្បាប់ ​ប្រសិន​បើ​មេ​ដឹកនាំ​គណបក្ស​ជំទាស់​មិន​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​ពេញ​លេញ​ក្នុងការ​បោះឆ្នោត។​ លោក​សម ​រង្ស៉ី​បានវិល​ត្រឡប់​មកវិញ​ តែ​តាម​ច្បាប់​បោះឆ្នោត​បច្ចុប្បន្ន​ លោកមិន​អាចមាន​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​ទេ។​

លោក​ជា ចំរើន​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៉ី​បាន​វិល ត្រឡប់​មក​វិញ។​ លោក​និយាយ​ថា៖​ «ចំពោះ​ខ្ញុំ​ផ្ទាល់​យល់ឃើញ​ថា​ ការ​លើកលែង​ទោស​តាម​សំណើ​របស់​សម្តេច​តេជោ​ហ៊ុន សែន​ដើម្បី​ឲ្យ​ឯក​ឧត្តម​សម រង្ស៉ី​ចូល​ស្រុក​នេះ​គឺ​សំដៅ​ធ្វើឲ្យ​មាន​ការ​រីក​ចម្រើនប្រជា​ធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ សំខាន់​ជាង​ហ្នឹង​ទៀត​គឺ​បង្ហាញ​អំពី​ភាព​ជានា​នឹង​គ្នា​ក្នុង​ការ​សាមគ្គី​ផ្ទៃក្នុង​និង​ក្រៅ​ប្រទេស​ហ្នឹង​ ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ដើម្បីឲ្យ​ប្រទេស​យើង​នេះ​ទទួល​ស្គាល់​ដោយ​ពិភព​លោក​ទាំង​មូល»។​

សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​ម៉ុង ឫទ្ធី ​ជាអ្នក​វិនិយោគ​ដ៏​ធំ​ផ្នែក​កសិកម្ម​និង​វិស័យ​ផ្សេងទៀត។​ លោក​បាន​អះអាង​ថា​គណបក្ស​ជំទាស់​មិនអាច​ប្រកួត​ប្រជែង​នឹង​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​ទេ​ ហើយ​មិន​សម​ដឹក​នាំ​រដ្ឋាភិបាល​នៅ​ឡើយ​ដែរ។ ​លោក​បាន​និយាយ​ឌឺដង​ថា ​សូម្បីតែ​ដឹកនាំ​ក្រុម​ហ៊ុន​ម៉ុងឫទ្ធី​របស់​លោក​ក៏​គណបក្ស​ជំទាស់​មិន​អាច​គ្រប់គ្រង​និង​ធ្វើ​បាន​ផង។ ​លោក​ថ្លែង​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ដឹកនាំ​ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើនសេដ្ឋ​កិច្ច​និង​មាន​គោល​នយោបាយ​សំខាន់ៗ​ដ៏ទៃ​ទៀត​សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច។​

លោក​ថ្លែងថា៖ ​«អញ្ចឹង​ខ្ញុំមើល​ថា​ កំណើន​នេះ ​វា​បាន​មកពី​វិស័យ​កសិកម្ម​ផង​ ហើយ​នឹង​វិស័យ​កាត់ដេរ​មួយ​ចំនួន​ផង។ ​ហើយ​ខ្ញុំ​ឃើញ​ថា​ ទោះបី​ជា​ជិត​បោះឆ្នោត​ក៏ដោយ​ ក៏​ការ​សាងសង់​ ការ​អភិវឌ្ឍ​នានា​ទាំងអស់​គឺ​អត់មាន​ ឃើញ​ឈប់​ទេ​គឺ​នៅតែ​ដំណើរ​ការ​ធម្មតា»។​

សមាជិក​សភាម្នាក់​ទៀត​គឺ​លោក​ជាម យៀប​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​បេក្ខជន​នៅ​មណ្ឌល​ព្រៃវែង។​ លោក​ថ្លែងថា​សមិទ្ធិ​ផល​ជា​ច្រើន​របស់​គណបក្ស​ប្រជាជន​បាន​ផ្តល់​ឲ្យមក​វិញ​នូវ​ជោគជ័យ​រាល់​ការ​បោះឆ្នោត។​

លោក​ថ្លែងថា៖​ «ក្នុងការ​បោះឆ្នោត​សកល​ក្តី​ អសកល​ក្តី​ គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ទទួល​បាន​ជោគជ័យ​ភ្លូកទឹក​ភ្លូក​ដី។​

ការ​បោះឆ្នោត​ជ្រើស​រើស​សភា​ក្តី​ ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ក្រុង​ ស្រុក​ខណ្ឌ​ ឃុំ​សង្កាត់​ក្តី​គឺ​ថា ​បាន​ទទួល​ជោគជ័យ​ជានិច្ច​កាល​ អត់​ដែល​បាន​ចាញ់​នរណា​ទេ»។​

លោក​ជាម យៀប​បានអះអាង​បន្ថែម​ថា៖ ​«យើង​អត់មាន​ព្រួយ​បារម្ភ​ជាមួយ​នរណា ​អត់​ឈឺ​ក្បាល​ជាមួយ​គណបក្ស​ប្រឆាំង ​ឬមួយ​ក៏​ជាមួយ​សហគមន៍​អន្តរជាតិ​ ឬ​នរណា​ដែល​ចង់​បំផ្លិច​បំផ្លាញ​ឬចង់​ផ្តួល​រំលំ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ»។​

លោក​បាន​សង្កត់ធ្ងន់​ថា​ ការកាត់​បន្ថយ​ភាពក្រីក្រ ​ការ​ធ្វើឲ្យ​មាន​កំណើន​ សេដ្ឋ​កិច្ច​ ហេដ្ឋា​រចនា​សម័ន្ធ​ បញ្ហា​ដីធ្លី ​បញ្ហា​ស្ថិរភាព​ បញ្ហា​សន្តិភាព​និង​បញ្ហាផ្សេងៗ​ទៀត​ ស្ថិត​នៅ​ក្នុង​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់។​

លោក​បកស្រាយ​ថា៖ ​«អញ្ចឹង​ទេ​ គណបក្ស​នេះ​នឹង​បន្ត​យុទ្ធសាស្ត្រ​ចតុកោណ​ជំហ៊ាន​ទី៣​ដែល​សម្តេច​អគ្គសេនា​បតីតេជោ​ហ៊ុន សែន​ជាទីគោរព​ស្នេហា​របស់​យើង​ខ្ញុំ​ ដែល​បាន​រៀបចំ​រួចរាល់​អស់​ហើយ។ ​បើ​សិន​ជា​គណបក្ស​នេះ​នឹង​ឈ្នះ​ឆ្នោត​នៅ​អាណតិ​ទី៥​ ក៏ដូចជា​អាណតិ​បន្ត​ទៅទៀត​ នឹង​បន្តគោល​នយោបាយ​នេះ»។​

លោក​ឧបនាយក​រដ្ឋមន្ត្រី​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ឈរ​ឈ្មោះ​នៅ​មណ្ឌល​សៀមរាប។ ​លោក​បាន​អះអាង​ថា ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កើតឡើង​ដោយសារ​សន្តិភាព​ដែល​គណបក្ស​នេះ​បាន​រក្សា​សម្រាប់​ប្រទេស។​

លោក​និយាយ​ថា៖​ «រឿង​ទាំងអស់​គឺ​ត្រូវតែ​ធ្វើ។ ​តែអ្វី​ដែល​សំខាន់​ជាង​គេ​បំផុត​នោះ​គឺយើង​ធានា​ដាច់ខាត​ថា​ ត្រូវ​តែពង្រឹង​ឲ្យ​បាន​នូវ​សន្តិភាព​ដ៏ពេញ​លេញ​មួយ​ដើម្បី​យើង​មាន​ឱកាស​ក្នុងការ​ធ្វើការ​អភិវឌ្ឍ។​ នេះ​គឺជា​បញ្ហា​ស្នូល​បំផុត»។​

គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​រង​នូវ​ការ​រិះគន់​ចំពោះ​បញ្ហា​ដោះស្រាយ​រឿង​ជម្លោះ​ដីធ្លី ​ជាពិសេស​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដែល​មាន​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ត្រូវ​គេ​បណ្តេញ​ចេញ​ពីលំនៅ​ដ្ឋាន​របស់​ពួក​គេ។​ បញ្ហានេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ និង​បាតុកម្ម​ដែល​ពេល​ខ្លះ​មាន​អំពើ​ហិង្សា​កើត​ឡើង​ផង​ដែរ។​

ក៏​ប៉ុន្តែ​លោក​ងួន ញ៉ិល​ជាអនុប្រធាន​ទី១​នៃ​រដ្ឋសភា​ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​ និង​ឈរ​ឈ្មោះ​នៅ​ខេត្ត​កំពង់ធំ។​ លោក​បាន​អះអាង​ថា​ ការ​រិះគន់​ទាំង​នេះ​មិន​ប៉ះពាល់​ដល់​គណបក្ស​របស់​លោក​ដែល​បាន​បម្រើ​ប្រទេស ជួយ​ដោះ​ស្រាយ​បញ្ហា​ទាំងនេះ​ និង​បន្តដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជា​ពលរដ្ឋ​នោះ​ទេ។​

លោក​និយាយ​ថា៖​ «អ្នក​បោះឆ្នោត​គួរ​តែ​បោះឆ្នោត​ជូន​អ្នក​ដែល​ធ្វើការ​ដើម្បីបុព្វហេតុ​ប្រជាជន​ ផល​ប្រយោជន៍​ប្រជាជន​ និង​ប្រទេស​ជាតិ។​ វា​ច្បាស់​លាស់​ហើយ​ប្រជាជន​ ប្រជាជាតិ​ចង់​បាន​នូវអ្វី​ដែល​សន្តិភាព​ ហើយ​នឹង​ការ ​អភិវឌ្ឍ ​ហើយ​មិនចង់​បាន​អ្វី​ក្រៅ​តែ​ពី​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​នោះ​ទេ»។​

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​នៅថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​ខាង​មុខ។​ គណបក្ស​ចំនួន​៨​បាន​ចូលរួម​ប្រកួត​ប្រជែង​យក​ជ័យ​ជំនះ​ក្នុង​ការ​បោះឆ្នោត​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មីមួយ​ដឹកនាំ​ប្រទេស។​ ប្រជា​ពលរដ្ឋ​ជាង​៩លាន​៦​សែន​នាក់មាន​សិទ្ធិ​បោះឆ្នោត។​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ជា​ឯកតោ​ភាគី​ថា​ ខ្លួន​មាន​សមាជិក​ដល់​ទៅ​ជាង​៥​លាន​៧​សែននាក់​ដែល​ក្រុម​មន្ត្រី​គណបក្ស​អះអាង​ថា​ អាច​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​រក្សា​ជោគជ័យ​របស់​ខ្លួន​បាន៕
XS
SM
MD
LG